តើអតីកាលរបស់អ្នករារាំងអ្នកឬ ?
ព្រះអង្គសង្រ្គោះបានបង់ថ្លៃរួចទៅហើយ ។ សូមចាប់ព្រះហស្តរបស់ទ្រង់ ហើយបន្តទៅមុខទៀត ។
មុននេះបន្តិច ប៊ីស្សពរបស់ខ្ញុំ បានអញ្ជើញវួដរបស់យើងឲ្យគិតអំពីភាពទន់ខ្សោយ ឬអំពើបាបដែលយើងអាចប្រៀបធៀបថា ដាក់នៅលើតុសាក្រាម៉ង់សម្រាប់ថ្វាយព្រះយេស៊ូវ គ្រីស្ទ យកចេញទៅ ។ មានអំពើបាបដែលខ្ញុំបានផ្ទុកនៅក្នុងខ្លួនខ្ញុំ នៅពេញមួយជីវិតយុវមជ្ឈឹមវ័យរបស់ខ្ញុំ ដែលខ្ញុំបានព្យាយាមច្បាំង ប៉ុន្តែ មិនអាចយកឈ្នះបានតាមរយៈការធិស្ឋាន ឬអំណាចរបស់ខ្ញុំផ្ទាល់នោះទេ ។ ទោះបីជា ខ្ញុំមានការរីកលូតលាស់ពេញមួយឆ្នាំក្តី ខ្ញុំដឹងថា ខ្ញុំ ចាំបាច់ត្រូវតែយកឈ្នះវាដើម្បីរីកចម្រើនទៅមុខ ។
នៅថ្ងៃអាទិត្យ បន្ទាប់ពីការសំណូមពរដែលប៊ីស្សពបានដាក់មក ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងទុកអំពើបាបរបស់ខ្ញុំនៅលើតុសាក្រាម៉ង់ រួចធ្វើជាអ្នកតំណាងព្រះអង្គសង្រ្គោះ និងការពលិកម្មដ៏ធួនរបស់ទ្រង់ ។ នៅពេលខ្ញុំរៀបចំខ្លួនដើម្បីទទួលទានសាក្រាម៉ង់ នោះខ្ញុំចងចាំថា ក្រណាត់ដែលគ្របលើសាក្រាម៉ង់នោះគឺតំណាងឲ្យសម្លៀកបំពាក់ការបញ្ចុះ ហើយនំបុ័ង និងទឹកតំណាងឲ្យរូបកាយ និងព្រះលោហិតរបស់ទ្រង់ ។
ដោយមានដួងចិត្តស្មោះត្រង់ និងមានគោលបំណងពេញលេញ ខ្ញុំបានរំឭកសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ហើយពោលពាក្យអធិស្ឋាននៅក្នុងចិត្តខ្ញុំ ដោយទូលទៅកាន់ព្រះវរបិតាសួគ៌សូមជំនួយ និងធ្វើការប្តេជ្ញាចិត្តដើម្បីបោះបង់អំពើបាបនេះចោល ។ បន្ទាប់មក មានអ្វីមួយបានកើតឡើង ដែលខ្ញុំមិនដែលរំពឹងទុក ៖ បំណងប្រព្រឹត្តិអំពើបាបរបស់ខ្ញុំបានបោះបង់ចោល ។ ខ្ញុំបានព្យាយាមធ្វើដូចនេះពីរបីដង ហើយរឿងដូចគ្នាបានកើតឡើងជាមួយអំពើបាបផ្សេងទៀត ។ តើវាល្អពេកដើម្បីជឿថាជាការពិតឬ ?
ធ្វើឲ្យឆន្ទៈរបស់ខ្ញុំដូចជាទ្រង់
នៅសប្តាហ៍បន្ទាប់ ខ្ញុំបានដឹងថាតើអំពើបាបអ្វីដែលខ្ញុំចង់បោះបង់ចោលនៅលើតុសាក្រាម៉ង់ ប៉ុន្តែ ខ្ញុំមិនទាន់មានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ដើម្បីបោះបង់វាចោលនោះទេ ។ មើលត្រឡប់ក្រោយវិញ ខ្ញុំដឹងថា ដួងចិត្តរបស់ខ្ញុំមិននៅកន្លែងដែលខ្ញុំត្រូវនៅនោះទេ ។ ខ្ញុំមិនស្មោះសគ្រប់គ្រាន់ដើម្បីប្តេជ្ញាចិត្តធ្វើការផ្លាស់ប្តូរនោះទេ ។ ប៉ុន្តែ ខ្ញុំបានដឹងថាតើអំពើបាបវាធ្វើឲ្យព្រះវរបិតាសួគ៌ឈឺចាប់ប៉ុណ្ណា ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវធ្វើឲ្យឆន្ទៈរបស់ខ្ញុំដូចជាទ្រង់ ហើយផ្តោតជីវិតខ្ញុំសំខាន់នៅជុំវិញទ្រង់ ដើម្បីមានសេរីភាព ។ ដូច្នេះ ខ្ញុំក៏ធ្វើអស់ពីលទ្ធភាពរបស់ខ្ញុំដើម្បីធ្វើឲ្យវាក្លាយជាការពិត ។
ខ្ញុំបានជៀសវាងរាល់ការល្បួងទាំងអស់ដែលអាចដឹកនាំទៅរកអំពើបាប ។ ខ្ញុំបានផ្លាស់ប្តូររបៀបដែលខ្ញុំអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយសញ្ជឹងគិតយ៉ាងពិតប្រាកដ និងអនុវត្តតាមបទគម្ពីរនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំបានផ្តោតយកចិត្តទុកដាក់ទៅលើការស្មោះសនៅក្នុងការតាំងចិត្តធ្វើការផ្លាស់ប្តូរ ហើយខ្ញុំស្វែងរកជារៀងរាល់ថ្ងៃ ដើម្បីធ្វើតាមព្រះទ័យរបស់ទ្រង់លើឆន្ទៈរបស់ខ្ញុំ ។ ខ្ញុំបានដាក់ទ្រង់ជាមុន ពីព្រោះខ្ញុំបានដឹងថា ខ្ញុំមិនអាចបោះបង់ចោលអំពើបាបនេះ ដោយគ្មានព្រះចេស្តានៃដង្វាយធួនរបស់ព្រះអង្គសង្រ្គោះបានឡើយ ។ តាមរយៈការដាក់ទ្រង់ជាមុន ខ្ញុំអាចយកឈ្នះលើអំពើបាបនេះនៅលើតុនៃសាក្រាម៉ង់ ។ នៅទីបំផុត ខ្ញុំបានរួចផុតពីអ្វីមួយដែលបានអូសទាញខ្ញុំអស់ជាច្រើនឆ្នាំ ។
តាមរយៈដំណើរការនេះ ខ្ញុំបានខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។ ខ្ញុំបានស្រម៉ៃមើលថាតើពួកទ្រង់ទតមើលមកខ្ញុំអស់រយៈពេលប៉ុន្មានឆ្នាំមកនេះដោយអំណត់ និងសេចក្តីស្រឡាញ់ — ដោយការដឹងថា នៅទីបំផុត ខ្ញុំអាចបោះបង់ចោលនូវអំពើបាបដែលរារាំងដល់ដំណើរការរីកចម្រើនខាងវិញ្ញាណរបស់ខ្ញុំ ។ ហើយនៅពេលខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបោះបង់វាចោល នោះព្រះយេស៊ូវ គ្រីស្ទ នឹងគង់នៅទីនោះដើម្បីលើកខ្ញុំឡើង — ចាប់ដៃខ្ញុំ ហើយផ្តល់ការអភ័យទោស និងកម្លាំងដល់ខ្ញុំ ។ ទ្រង់បានផ្តល់ផ្លូវដល់ខ្ញុំដើម្បីបានរួចផុតពីអំពើបាបតាមរយៈដង្វាយធួនរបស់ទ្រង់ ។ ទ្រង់បានបង់ថ្លៃចំពោះភាពទន់ខ្សោយ កំហុស និងអំពើបាបរបស់ខ្ញុំ ។ ខ្ញុំគ្រាន់តែត្រូវទុកចិត្តទៅលើទ្រង់ប៉ុណ្ណោះ ។
អ្នកអាចបន្តទៅមុខបាន
នៅអំឡុងពេលនេះ ខ្ញុំបានអានប្រសាសន៍មួយចំនួនរបស់ អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨ – ២០១៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដែលផ្តល់ការជំរុញចិត្តបន្តិចបន្តួចដែលខ្ញុំត្រូវការ ៖ « ប្រសិនបើជីវិតរបស់អ្នកកំពុងច្របូកច្របល់ ហើយអ្នកមានអារម្មណ៍មិនស្រណុកចិត្ត និងមិនស័ក្តិសម … សូមកុំបារម្ភឡើយ ។ ទ្រង់បានជ្រាបដឹងអំពីអ្វីៗទាំងអស់នោះហើយ ។ ទ្រង់កំពុងរង់ចាំអ្នកឲ្យលុតជង្គង់ចុះ ដោយរាបសារ ហើយបោះជំហានពីរបីជំហានដំបូង ។ អធិស្ឋានទូលសូមភាពរឹងមាំ ។ … សូមអធិស្ឋានឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះនឹងចាក់បំពេញនៅក្នុងដួងចិត្តរបស់អ្នក » ។១
នៅពេលយើងច្រៀងបទ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើងដែលខ្ញុំចូលចិត្ត ) នៅសប្តាហ៍ក្រោយ ពាក្យពេចន៍នីមួយៗមានអារម្មណ៍ថាជាការពិត ខ្ញុំពិតជាឆ្ងល់ — ដោយភ្ងាក់ផ្អើលថាអ្វីៗដែលខ្ញុំបានតស៊ូជាមួយអស់រយៈពេលជាងមួយទស្សវត្សត្រូវបានដកយកចេញពីខ្ញុំ ។ ដោយភ្ញាក់ផ្អើលដែលតាមរយៈពិភព្រះចេស្ដានៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ខ្ញុំអាចឆ្ពោះទៅមុខបាន ។ ថាទ្រង់អាចព្យាបាលអំពើបាប និងរបួសទាំងអស់ ហើយពុំបន្សល់ទុកនូវស្នាមនៅសេសសល់ឡើយ ។ ដែលខ្ញុំមិនចាំបាច់ត្រូវចងចាំពីអតីតកាលរបស់ខ្ញុំឡើយ ។
ខ្ញុំនៅមានរឿងច្រើនដើម្បីរៀន និងយកឈ្នះ ប៉ុន្តែ ជីវិតរបស់ខ្ញុំគឺស្ថិតនៅលើដំណើររីកចម្រើនដ៏វិជ្ជមានមួយ ។ ខ្ញុំមានអារម្មណ៍ថា កាន់តែមានអំណរ និងសេចក្តីសុខសាន្ត ។ ខ្ញុំកាន់តែបង្ហាញអំណរគុណ ។ ខ្ញុំកាន់តែខិតជិត និងពង្រឹងទីបន្ទាល់របស់ខ្ញុំពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះ ។ ជារៀងរាល់ថ្ងៃ ខ្ញុំបានជ្រើសរើសដើម្បីព្យាយាមម្តងទៀត ខ្ញុំបានបោះជំហានមួយជំហានទៅកាន់តែជិតពួកទ្រង់ និងធ្វើជាបុគ្គលដែលពួកទ្រង់ជ្រាបដឹងថា ខ្ញុំអាចប្រែក្លាយ ។