ប៊ឺកលីនដ៍ ហ្គនណាសុន
ទីក្រុងអានេស៊ីសឡា ប្រទេសអ៊ីស្លង់
ប៊ឺកលីនដ៍ ( ខាងឆ្វេង ) ជាមួយប្អូនស្រីនាង អេលីន ( ខាងស្ដាំ ) ពេលប៊ឺកលីនដ៍ស្ថិតនៅក្នុងការធ្លាក់ទឹកចិត្តដ៏ខ្លាំងបំផុតដែលនាងមិនធ្លាប់ជួបប្រទះ នាងបានមានអារម្មណ៍ថា នាងមិនអាចបន្តទៀតបានទេ ។ ដោយការបង្ហើបប្រាប់អំពីការលំបាករបស់នាងដល់គ្រួសារ និងមិត្តភក្ដិ នាងបានរកឃើញការព្យាបាលខាងវិញ្ញាណ និងខាងអារម្មណ៍ តាមរយៈឧបករណ៍ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យ ។
មីនឌី សេលូ ជាងថតរូប
ខ្ញុំបានប្រឈមនឹងការធ្លាក់ទឹកចិត្តតាំងពីខ្ញុំមានអាយុ ១៣ ឆ្នាំ ។ មានម្ដង ស្ថានភាពនានាវាអាក្រក់ណាស់រហូតដល់ខ្ញុំបានព្យាយាមសម្លាប់ខ្លួន ។ ខ្ញុំបានមានអារម្មណ៍ថាអស់សង្ឃឹមនៅពេលនោះ ។ ខ្ញុំបានគិតថា « ខ្ញុំនឹងមិនដែលមានភាពរីករាយឡើយ ។ ខ្ញុំនឹងមិនដែលធ្វើអ្វីបានសម្រេចឡើយ » ។
មានគ្រាមួយដែលខ្ញុំបានគិតថា ការចាកចេញពីព្រះវិហារគឺជាចម្លើយចំពោះបញ្ហារបស់ខ្ញុំ ព្រោះខ្ញុំបានមានអារម្មណ៍អស់សង្ឃឹមនឹងអ្វីៗគ្រប់យ៉ាង ។ វាងាយស្រួលណាស់ដើម្បីធ្វើអ្វីដែលអ្នកមិនត្រូវធ្វើនៅក្នុងប្រទេសអ៊ីស្លង់ ។ សាសនាចក្រនៅទីនេះតូចណាស់ ។ មានតែខ្ញុំ និងបងប្អូនខ្ញុំប៉ុណ្ណោះនៅក្នុងថ្នាក់នៅសាសនាចក្ររបស់យើង ពេលយើងកំពុងធំឡើង ។ ខ្ញុំបានមានអារម្មណ៍ឯកោ ហើយអស់មួយរយៈខ្ញុំមិនចូលចិត្តទៅព្រះវិហារនោះទេ ។
មនុស្សភាគច្រើននៅប្រទេសអ៊ីស្លង់ច្រានសាសនាចោល ។ មនុស្សចាប់ផ្ដើមផឹកគ្រឿងស្រវឹងតាំងពីនៅក្មេង ។ ខ្ញុំបានធ្វើដូច្នោះដែរ ហើយបានអសកម្មអស់មួយគ្រានៅក្នុងជីវិតខ្ញុំ ។ ខ្ញុំមិនមានមោទនភាពនឹងការណ៍នោះទេ ប៉ុន្តែវាជាផ្នែកមួយនៃបទពិសោធន៍របស់ខ្ញុំ ហើយខ្ញុំបានរៀនពីវា ។ ខ្ញុំបានសិក្សាសុន្ទរកថារបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយចូលចិត្តអ្វីដែលលោកបានមានប្រសាសន៍ ៖ « អតីតកាលគឺដើម្បីរៀនពីវា ប៉ុន្តែមិនមែនរស់នៅក្នុងវានោះទេ ។… ហើយនៅពេលយើងបានរៀននូវអ្វីដែលយើងចាំបាច់ត្រូវរៀន … នោះយើងសម្លឹងមើលទៅមុខ ហើយចងចាំថា សេចក្ដីជំនឿគឺតែងតែចង្អុលទៅរកអនាគតកាល » ។១
ថ្ងៃមួយ ពេលខ្ញុំកំពុងលំបាកខ្លាំង ខ្ញុំបានអានពរជ័យលោកអយ្យកោរបស់ខ្ញុំ ។ ពេលខ្ញុំអានវា ខ្ញុំបានដឹងថា ខ្ញុំពិតជាមានអនាគតមួយ ។ ព្រះមានផែនការមួយសម្រាប់ខ្ញុំ ហើយទ្រង់ពិតជាស្រឡាញ់ខ្ញុំ ។ ការទៅព្រះវិហារ ការទទួលទានសាក្រាម៉ង់ ការអានព្រះគម្ពីរ និងការអធិដ្ឋាន បាននាំពន្លឺ និងសុភមង្គលជាច្រើនមកក្នុងជីវិតខ្ញុំ ។ ភ្លាមៗនោះខ្ញុំបានដឹងថា « វាពិតជាជួយខ្ញុំមែន » ។ ពេលនោះហើយដែលខ្ញុំបានដឹងថា ខ្ញុំតែងតែចង់បានដំណឹងល្អក្នុងជីវិតខ្ញុំជានិច្ច ។ បន្ទាប់ពីអ្វីៗដែលខ្ញុំបានឆ្លងកាត់ ខ្ញុំដឹងថា ដំណឹងល្អបានសង្គ្រោះជីវិតខ្ញុំ ហើយខ្ញុំសប្បាយចិត្តណាស់អំពីការណ៍នោះ ។
ការនិយាយអំពីការធ្លាក់ទឹកចិត្តរបស់ខ្ញុំជាមួយគ្រួសារ និងមិត្តភក្ដិខ្ញុំបានជួយខ្ញុំយ៉ាងច្រើន ។ វាក៏នាំទៅរកជំនួយបន្ថែមទៀតផងដែរ ។ ខ្ញុំមិនចង់ញ៉ាំថ្នាំ ឬទទួលការព្យាបាលឡើយ ។ ខ្ញុំបានបន្តប្រាប់ខ្លួនឯងថា « ខ្ញុំមានព្រះ » ។ ប៉ុន្តែព្រះប្រទានឧបករណ៍ជាច្រើនផ្សេងទៀត ដូចជាថ្នាំ និងការព្យាបាល សម្រាប់យើងដើម្បីប្រើប្រាស់ជាការបន្ថែមដល់ការណ៍ខាងវិញ្ញាណ ។
ពេលខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីររបស់ខ្ញុំកាន់តែច្រើនជារៀងរាល់ថ្ងៃ និងការកាន់តែខិតទៅជិតព្រះតាមរយៈការអធិស្ឋាន នោះខ្ញុំបានទទួលពរជ័យ និងវិវរណៈជាច្រើនថា គោលបំណងរបស់ខ្ញុំគឺដើម្បីជួយអ្នកដទៃទៀត ។ ខ្ញុំមានអារម្មណ៍ថា ពួកយើងជាច្រើនប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ហើយយើងព្យាយាមលាក់វា ។ ការធ្លាក់ទឹកចិត្ត និងការលំបាករបស់ខ្ញុំ បានបង្រៀនខ្ញុំថា វាល្អជាងដើម្បីបើកចំហរ ហើយភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ។ ថ្មីៗនេះ មិត្តរបស់ខ្ញុំបានបង្ហើបប្រាប់ដល់ខ្ញុំអំពីការលំបាករបស់នាងជាមួយនឹងការធ្លាក់ទឹកចិត្ត ។ យើងបាននិយាយអំពីវា ហើយយើងពិតជាបានយល់គ្នាទៅវិញទៅមក ។
យើងមិនតែងតែកត់សម្គាល់ពីការលំបាកដែលអ្នកផ្សេងទៀតកំពុងជួបប្រទះឡើយ ប៉ុន្តែពេលខ្លះយើងគ្រាន់តែដើរជុំវិញ ហើយមើលទៅមនុស្សផ្សេងទៀត ហើយដឹងថា ព្រះស្គាល់យើងម្នាក់ៗ ។ ទ្រង់ស្រឡាញ់យើង ហើយដឹងយ៉ាងប្រាកដពីអ្វីដែលយើងទាំងអស់គ្នាកំពុងហែលឆ្លង ។ ហើយយើងអាចជួយគ្នាទៅវិញទៅមក ។
តាមរយៈការលំបាកជាមួយនឹងការធ្លាក់ទឹកចិត្តរបស់ខ្ញុំ ខ្ញុំបានរៀនដើម្បីសួរថា « តើខ្ញុំអាចរៀនអ្វីខ្លះពីការសាកល្បងនេះ ? » ជំនួសឲ្យ « តើហេតុអ្វីខ្ញុំមានការសាកល្បងនេះ ? » ខ្ញុំស្រឡាញ់ អេធើរ ១២:២៧ ដែលវាបានថ្លែងថា អ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែប្រសិនបើយើងមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ខនេះតែងតែជាការលួងលោមមួយដល់ខ្ញុំ ។
យើងទាំងអស់គ្នាបានជ្រើសរើសដើម្បីមកផែនដីនេះ ។ យើងបានដឹងថា យើងនឹងរងទុក្ខឆ្លងកាត់ការសាកល្បងទាំងឡាយ ។ ហើយនិយាយតាមត្រង់ទៅ នោះជាអ្វីដែលធ្វើឲ្យជីវិតនេះអស្ចារ្យ ។ ដោយសារយើងដឹងថា មានរឿងល្អៗនៅពេលខាងមុខ ។ យើងដឹងថា ប្រសិនបើយើងធ្វើតាមព្រះអង្គសង្គ្រោះនៅគ្រប់គ្រាលំបាកទាំងអស់ នោះយើងអាចមានជីវិតដ៏នៅអស់កល្បជានិច្ច និងអស់ទាំងពរជ័យទាំងនោះដែលកំពុងរង់ចាំយើង ។
ខ្ញុំពិតជាបានកត់សម្គាល់ពីរបៀបដែលខ្ញុំបានផ្លាស់ប្ដូរតាមរយៈការធ្លាក់ទឹកចិត្តរបស់ខ្ញុំ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺពិត ដួងចិត្តខ្ញុំបានផ្លាស់ប្ដូរ ហើយខ្ញុំកាន់តែមានកម្លាំងរឹងមាំឡើយ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សម្នាក់ផ្សេងពីមុន ។ មនុស្សម្នាកត់សម្គាល់ ហើយនិយាយថា « អ្នកបានផ្លាស់ប្ដូរហើយ » ។ ក្មេងស្រីម្នាក់នៅសាលាថែមទាំងបាននិយាយថា « ខ្ញុំឃើញភាពខុសគ្នា និងពន្លឺមួយនៅក្នុងអ្នក » ។ វាចម្លែក ដោយសារនាងមិនមែនជាសមាជិកសាសនាចក្រនោះទេ ហើយយើងមិនសូវដែលនិយាយគ្នាផងពីមុនមក ។
ពេលខ្ញុំស្ថិតនៅក្នុងការបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្ញុំ មនុស្សម្នាបានប្រាប់ខ្ញុំថា « វានឹងបានប្រសើរឡើង » ។ ខ្ញុំធុញទ្រាន់នឹងឮពាក្យទាំងនោះណាស់ ប៉ុន្តែវាពិតមែនទោះវាស្ដាប់ទៅដូចជាចម្លែកក្ដី ។
ប៉ុន្តែអ្នកត្រូវតែចង់បានប្រសើរឡើង ។ ខ្ញុំបានរៀនថា អ្នកមិនអាចរំពឹងឲ្យវាបានប្រសើរឡើងដោយមិនចាំបាច់ធ្វើអ្វីនោះឡើយ ។ អ្នកត្រូវតែចង់បានភាពរីករាយ ហើយជឿថា អ្នកមានសក្ដានុពល និងមានអនាគតមួយ ។ វាសំខាន់ដែលត្រូវចងចាំថា មានមនុស្សជាច្រើនស្រឡាញ់អ្នក រួមទាំងព្រះវរបិតាសួគ៌របស់អ្នក ។ ពួកគេទាំងអស់គ្នានៅទីនោះដើម្បីជួយអ្នក ។
ខ្ញុំមិនដែលបានគិតថា ខ្ញុំនឹងបានរីករាយដូចដែលខ្ញុំរីករាយឥឡូវនេះនោះទេ ។ ថ្ងៃខ្លះ ខ្ញុំនៅតែលំបាក ប៉ុន្តែជាមួយនឹងឧបករណ៍នានាដែលព្រះវរបិតាសួគ៌បានប្រទានដល់ខ្ញុំ នោះខ្ញុំអាចដោះស្រាយវាបាន ។ ឥឡូវនេះ ពេលខ្ញុំមានអារម្មណ៍ថាខ្លួនឯងរអិលចូលក្នុងការធ្លាក់ទឹកចិត្ត ខ្ញុំប្រាប់ខ្លួនឯងថា មានអ្នកស្រឡាញ់ខ្ញុំ ខ្ញុំមានមនុស្សដើម្បីនិយាយជាមួយ ហើយអ្វីៗនឹងបានប្រសើរឡើង ។