ការកសាងនគរនៅនូកាលីដូនៀ
ពួកយុវមជ្ឈិមវ័យ នៅ នូកាលីដូនៀ និងជុំវិញពិភពលោកកំពុងឆ្លើយតបចំពោះការហៅឲ្យបម្រើ និងធ្វើជាអ្នកដឹកនាំនៅក្នុងសាសនាចក្រ ។
« ឱកាសដើម្បីបម្រើគឺជាពរជ័យដ៏មហិមាមួយនៃសមាជិកភាពក្នុងសាសនាចក្រនេះ » ។១ ក្នុងនាមជាយុវមជ្ឈឹមវ័យ ការបម្រើនៅក្នុងសាសនាចក្រអាចជាឱកាសដ៏រីករាយមួយសម្រាប់ការរីកចម្រើន ភាពជាអ្នកដឹកនាំ និងពង្រឹងសាច់ដុំខាងវិញ្ញាណរបស់អ្នក ។ ប៉ុន្តែ ដោយសារតែការទទួលខុសត្រូវផ្សេងៗទៀត ក្នុងភាពជាមជ្ឈឹមវ័យ ការបម្រើនៅពេលខ្លះអាចជាឧបសគ្គ — ជាពិសេសគឺនៅក្នុងតំបន់ដែលសាសនាចក្រនៅតូចនៅឡើយ ។ ឧទាហរណ៍ តើអ្នកធ្វើអ្វីខ្លះ នៅពេលអ្នកត្រូវបានហៅឲ្យធ្វើជាប្រធានយុវនារីប្រចាំស្តេក អ្នកកំពុងព្យាយាមបម្រើបេសកកម្មខណៈដែលកំពុងតែរៀននៅមហាវិទ្យាល័យផងដែរ ហើយព្យាយាមសម្របសម្រួលថ្នាក់វិទ្យាស្ថាន ហើយជាពិសេសនោះ អ្នកមានអាយុតែ ២១ ឆ្នាំប៉ុណ្ណោះ ?
ចំពោះតំបន់ជាច្រើននៃសាសនាចក្រ នេះមិនមែនជាស្ថានភាពធម្មតានោះទេ ។ នៅក្នុង នូកាលីដូនៀ ជាទឹកដីតូចមួយនៃប្រទេសបារាំង ដែលមានសមាជិកប្រមាណ ២,៤០០ នាក់ សមាជិកជាយុវមជ្ឈឹមវ័យគឺភាគច្រើនត្រូវបានផ្តល់នូវការទទួលខុសត្រូវធំៗនៅក្នុងការកសាងនគររបស់ព្រះ ។ ប្រធាន រ័សុល អិម ណិលសុន នៅគ្រាមួយបានមានប្រសាសន៍ថា ៖ « អ្នកគឺជាអនាគតអ្នកដឹកនាំនៃសាសនាចក្ររបស់ព្រះអម្ចាស់ ! តើអ្នករួចរាល់ដើម្បីគ្រងភាពជាអ្នកដឹកនាំនេះហើយឬនៅ ? »២ ចេញពីភាពចាំបាច់ និងចេញពីសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះអម្ចាស់ នោះយុវមជ្ឈឹមវ័យនៅជុំវិញពិភពលោកគឺត្រៀមខ្លួនជាស្រេចដើម្បីបម្រើ និងដឹកនាំក្នុងសាសនាចក្រ ។
នៅក្នុងការបម្រើរបស់ទ្រង់ចំពោះមនុស្សទូទៅ
សម្រាប់យុវមជ្ឈឹមវ័យជាច្រើននៅ នូកាលីដូនៀ បេសកកម្មរបស់ពួកគេជួយពួកគេរៀបចំខ្លួនសម្រាប់ការបម្រើនៅក្នុងសាសនាចក្រអស់មួយជីវិត ។ សៃយ៉ូឡែន ( សៃយ៉ូ ) យូលីវាកា បានទទួលការហៅឲ្យបម្រើជាទីប្រឹក្សាទីពីរនៅក្នុងគណៈប៊ីស្សពតែបីសប្តាហ៍បន្ទាប់ពីត្រូវបានដោះលេងពីការបម្រើបេសកកម្មពេញម៉ោងវិញ ។ សៃយ៉ូ និយាយថា « ខ្ញុំទើបតែបញ្ចប់បេសកកម្មរបស់ខ្ញុំ » ។ « ខ្ញុំបាននឿយហត់ ហើយឥឡូវនេះខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងសម្រាក » ។ ប៉ុន្តែ គាត់នៅតែទទួលយកការហៅនេះ ។ « ខ្ញុំដឹងថា ខ្ញុំនឹងទៅដែលទ្រង់ចង់ឲ្យខ្ញុំទៅ ។ ខ្ញុំនៅក្នុងការបម្រើរបស់ទ្រង់ — មិនមែនតែសម្រាប់តែពីរឆ្នាំនោះទេ ប៉ុន្តែអស់មួយជីវិត » ។
ចាប់តាំងពីគាត់បានបម្រើនៅក្នុងគណៈប៊ីស្សពមក សៃយ៉ូ ឥឡូវនេះ បានរៀបការ មានកូនម្នាក់ ហើយបានប្តូរទៅរស់នៅក្នុងវួដផ្សេងទៀត ។ ប៉ុន្តែ គាត់បន្តបម្រើ ហើយបំពេញការហៅរបស់គាត់ក្នុងសាសនាចក្រ ។
អែលឌើរ អ៊ល ស៊ី ធីងហ្គី ជាអ្នកកាន់សិទ្ធិអំណាចទូទៅនៃពួកចិតសិបនាក់ដែលបានចូលនិវត្តន៍ បានប្រាប់យុវមជ្ឈឹមវ័យថា ៖ « ការបម្រើនៅក្នុងសាសនាចក្រ គឺជាពរជ័យដ៏អស្ចារ្យមួយដែលអ្នកអាចរីករាយនៅក្នុងជីវិតរបស់អ្នក ។ អ្នកអាចមានអ្វីៗជាច្រើនដើម្បីបរិច្ចាគចំពោះវួដ ឬសាខាដែលអ្នករស់នៅ ។ ទេពកោសល្យ និងជំនាញរបស់អ្នក គឺ ចាំបាច់ក្នុងការជួយឲ្យមានការរីកលូតលាស់របស់សាសនាចក្រ » ។៣ សៃយ៉ូ មិនមែនជាយុវមជ្ឈឹមវ័យដែលនៅលើកោះតែម្នាក់ទេ ដែលជំនាញរបស់គាត់ត្រូវបានដាក់ដើម្បីប្រើប្រាស់ក្នុងការជួយសាសនាចក្រឲ្យរីកលូតលាស់នោះ — យុវមជ្ឈឹមវ័យផ្សេងទៀតបម្រើស្ទើរតែគ្រប់លទ្ធភាពនៅក្នុងវួដ ឬស្តេក ។ សៃយ៉ូ បាននិយាយថា « យើងព្យាយាមនាំមកវិញនូវអ្វីៗដែលយើងបានរៀននៅក្នុងបេសកកម្មរបស់យើង ដើម្បីពង្រឹងស្តេក និងវួដរបស់យើង » ។ ពួកយុវមជ្ឈឹមវ័យទាំងនេះ បានពលិកម្មជាច្រើន ដើម្បីពង្រឹងនគរនេះនៅលើមាតុភូមិរបស់ពួកគេ ប៉ុន្តែ ដូចជាពាក្យសំដីរបស់សៃយ៉ូ ថា « អ្វីដែលយើងពលិកម្មភាគច្រើនគឺពេលវេលារបស់យើង » ។
យុវម្ឈឹមវ័យមួយចំនួនបម្រើការហៅពីរ ឬបីឯណោះ ។ កាលដែលមនុស្សជាច្រើនស្មុគស្មាញ ដើម្បីធ្វើឲ្យមានតុល្យភាពនៃតម្រូវការនៃភាពជាយុវមជ្ឈឹមវ័យជាមួយនឹងទំនួលខុសត្រូវខាងសាសនាចក្ររបស់ពួកគេ សៃយ៉ូ និយាយថា « នោះអាចជាពរជ័យចំពោះពួកគេ ប៉ុន្តែវាក៏អាចជាបន្ទុកផងដែរ » ។ « វាលំបាកដើម្បីធ្វើអ្វីៗក្នុងពេលតែមួយ » ។ ប៉ុន្តែ សៃយ៉ូ បានរកឃើញថា នៅពេលដែលគាត់ដាក់ព្រះអម្ចាស់ជាមុន នោះអ្វីៗផ្សេងទៀត និងងាយស្រួលដើម្បីសម្រេចបាន ។ គាត់និយាយថា « ព្រះអម្ចាស់បានជួយអ្វីៗគ្រប់យ៉ាង — ទាំងសាលារៀន ទាំងរកប្រពន្ធឲ្យ — វាបានធ្លាក់ទៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ » ។
អនាគតនៃសាសនាចក្រ
ព្យាការី និងពួកសាវក មានទស្សនៈដ៏រឹងមាំអំពីសមត្ថភាព និងការបម្រើ ដែលយុវមជ្ឈឹមវ័យអាចផ្តល់ឲ្យនៅក្នុងសាសនាចក្រ ៖ « យើងត្រូវការបេះដូង និងព្រលឹងរបស់អ្នកទាំងមូល ។ យើងត្រូវការយុវមជ្ឈឹមវ័យក្លៀវក្លា ចេះគិតគូរ មានក្ដីមេត្តាករុណា ជាអ្នកដែលចេះពីរបៀបស្ដាប់ និងឆ្លើយតបចំពោះការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ » ។៤
ពួកយុវមជ្ឈិមវ័យនៅ នូកាលីដូនៀ និងជុំវិញពិភពលោក គឺកំពុងឆ្លើយតបនឹងការហៅរបស់ព្យាការី ។ ពួកគេដឹងថាខ្លួនគេ គឺជាអនាគតរបស់សាសនាចក្រ ហើយពួកគេត្រូវការជ្រើសរើសបម្រើតាមរបៀបដែលពួកគេអាចធ្វើបាន ។ ពួកគេបានលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការហៅបម្រើរបស់ពួកគេ ។ ពួកគេធ្វើការជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ពួកគេចែកចាយដំណឹងល្អ ហើយអញ្ជើញមិត្តភក្តិរបស់ពួកគេមកសាសនាចក្រ ។ ពួកគេផ្តល់ដំបូន្មានដល់យុវវ័យនៅក្នុងវួដរបស់ពួកគេ និងជំរុញចិត្តពួកគេឲ្យបម្រើបេសកកម្ម ។ ពួកគេធ្វើដំណើរផ្លូវឆ្ងាយដើម្បីចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេបង្រៀនអ្នកដែលមិនមែនជាសមាជិកសាសនាចក្រនៅក្នុងគ្រួសាររបស់ពួកគេ ។ ហើយកិច្ចខិតខំទាំងនេះគឺកំពុងសាងសង់នគរ ។
សៃយ៉ូ ដឹងថា នៅពេលដល់វេលាដើម្បីបម្រើព្រះអម្ចាស់ « យើងគឺជាឧបករណ៍របស់ទ្រង់ ។ » នៅក្នុងពេលទាំងនេះនៃការរីកលូតលាស់របស់សាសនាចក្រ ព្រះអម្ចាស់នឹងអំពាវនាវដល់ពួកបរិសុទ្ធគ្រប់វ័យទាំងអស់ គ្រប់ទីកន្លែងទាំងអស់ ឲ្យទទួលយកការទទួលខុសត្រូវដើម្បីកសាង និងពង្រឹងនគររបស់ទ្រង់ ។ តើយើងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយនឹងការហៅនោះដែរឬទេ ?