ការរកឃើញអំណរនៅក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់
ក្នុងនាមជាយុវមជ្ឈឹមវ័យ ជីវិតគឺមានការមមាញឹកណាស់ ។ មានអ្វីៗជាច្រើនដែលយើងត្រូវធ្វើ ៖ ការទទួលការអប់រំ ស្វែងរកដៃគូដ៏នៅអស់កល្បជានិច្ចរបស់យើង សម្រេចចិត្តជ្រើសរើសយកអាជីពការងារណាមួយ ចាប់ផ្តើមមានក្រុមគ្រួសារ ។ ហើយនៅលើផ្លូវនៃអ្វីៗដែលល្អទាំងនោះ យើងក៏ត្រូវបានលើកទឹកចិត្តដើម្បី « ត្រូវបានគេរកឃើញកំពុងធ្វើកិច្ចការរបស់ព្រះអម្ចាស់ » ។១
« វាគឺជាគ្រាសម្រាប់យើងទាំងអស់គ្នាឲ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់យើងនៅក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ។ នៅពេលយើងធ្វើឲ្យកិច្ចការផ្សព្វផ្សាយរបស់សមាជិក … កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និងការបង្រៀនដំណឹងល្អ ក្លាយទៅជាទម្លាប់មួយនៃជីវិតរបស់យើង នោះយើងនឹងទទួលបាននូវសេចក្ដីអំណរដ៏អស្ចារ្យ ហើយទទួលបាននូវអំណោយទានខាងវិញ្ញាណ ដែលយើងត្រូវការដើម្បីពង្រឹងដល់សាសនាចក្រ » ។២
ពួកគាត់ គឺជាយុវមជ្ឈឹមវ័យពីរបីនាក់ដែលរកឃើញអំណរនៅក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។
ពង្សប្រវត្តិ ៖ ចាប់ផ្តើមធ្វើវាឥឡូវនេះទៅ
អីធូមីលេង ធីលីបឺ មកពី ម៉ាស៊ឺរ៉ូ ឡេសូថូ និយាយថា « ការស្តារឡើងវិញបានធ្វើអ្វីៗជាច្រើនចំពោះខ្ញុំដោយផ្ទាល់ ពីព្រោះខ្ញុំចាប់ផ្តើមដឹងថា ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ៍ ។ ខ្ញុំអាចជួបជីដូនជីតា និងបុព្វការីជនរបស់ខ្ញុំដែលបានចែកឋានទៅ ។ ហេតុនេះហើយទើបខ្ញុំស្រឡាញ់កិច្ចការពង្សប្រវត្តិខ្លាំងណាស់ ។ ពីព្រោះខ្ញុំជាជំនាន់ទីមួយដែលចូលក្នុងសាសនាចក្រ ខ្ញុំត្រូវធ្វើកិច្ចការជាច្រើនសម្រាប់ពួកគាត់ » ។
អីធូមីលីង ដឹងតាមរយៈបទពិសោធន៍ថាការតាមដានកំណត់ត្រា និងព័ត៌មានគឺជាឧបសគ្គ ប៉ុន្តែនាងលើកទឹកចិត្តយុវមជ្ឈឹមវ័យដទៃទៀតឲ្យធ្វើកិច្ចការពង្សប្រវត្តិរបស់ពួកគេ ៖ « ចាប់ផ្តើមធ្វើវាឥឡូវនេះទៅ … ពង្សប្រវត្តិធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានអំណរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន » ។ វាក៏អាចធ្វើដូចគ្នាសម្រាប់អ្នកដែរ ។
ការងារបម្រើ ៖ ធ្វើជាដៃល្អ
លូស៊ី ហ្វឺកឺសុន មកពីរដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ចែកចាយអំពីរបៀបដែលការងារបម្រើបានជួយនាងនៅក្នុងសប្តាហ៍នៃស្ថានភាពអាក្រក់បំផុតក្នុងជីវិតនាង — ប៉ុន្តែ តាមរបៀបដែលបានរំពឹងទុកមួយ ។ វាគឺជាសប្តាហ៍ដែលត្រូវប្រឡងបញ្ចប់ការសិក្សានៅឯសាលារៀន គឺជាសប្តាហ៍ដែលត្រូវធ្វើការងារជាច្រើន ហើយសង្សាររបស់នាងបានសូមបែកពីនាង ។ ហើយបន្ទាប់មកនាងនិយាយថា « ខ្ញុំបានភ្លេច ប៉ុន្តែដៃគូធ្វើការងារបម្រើរបស់ខ្ញុំ ហើយខ្ញុំបានដាក់ផែនការធ្វើនំជូនបងស្រីដែលយើងត្រូវចាត់ឲ្យទៅធ្វើការងារបម្រើ » ។
នៅពេលពួកគេធ្វើនំជាមួយគ្នា ដៃគូធ្វើការងារបម្រើរបស់លូស៊ី បានស្តាប់ លើកទឹកចិត្ត និងផ្តល់ការទូន្មាន ។ លូស៊ី បានគិតថា « ការធ្វើ និងជូននំ គឺមិនមែនជាអ្វីមួយដែលសំខាន់ខ្លាំងនោះទេ ឬ ធ្វើឲ្យមានការខុសប្លែកនោះដែរ » ។ « ប៉ុន្តែ បន្ទាប់ពីដៃគូរបស់ខ្ញុំបានដាក់ខ្ញុំចុះនៅផ្ទះ ខ្ញុំដឹងថា នោះគឺជាអ្វីដែលខ្ញុំត្រូវការពិតប្រាកដដើម្បីមានអារម្មណ៍ល្អឡើងវិញ ហើយនោះជាអ្វីដែលព្រះបញ្ជូនមនុស្សផ្សេងទៀតឲ្យធ្វើជាព្រះហស្តរបស់ទ្រង់ ។ អ្វីដែលល្អសម្រាប់ខ្ញុំនោះគឺជាជំនួយមកពីដៃគូធ្វើការងារបម្រើរបស់ខ្ញុំ ជំនួសឲ្យបងស្រីដែលយើងចាត់ទៅធ្វើការងារបម្រើទៅវិញទេ ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ដែលគាត់បានជួយខ្ញុំមានអារម្មណ៍ថាខ្ញុំមិននៅឯកោទេ ហើយថាមានគេស្រឡាញ់ខ្ញុំដែរ » ។
កិច្ចការផ្សព្វផ្សាយសាសនា ៖ រស់នៅដើម្បីធ្វើជាគំរូ
អ្នកពុំចាំបាច់ធ្វើជាអ្នកផ្សព្វផ្សាយសាសនាដើម្បីផ្សព្វផ្សាយដំណឹងល្អនោះទេ ។ វេនីឡា វ៉ាកាប៉ាលី មកពី អាន់ឌ្រា ប្រ៉ាដែស ប្រទេសឥណ្ឌា បានពន្យល់ថា « នៅពេលខ្ញុំជិះឡានក្រុង នៅពេលខ្ញុំជិះរថភ្លើង ខ្ញុំបានបើកព្រះគម្ពីរមរមន ហើយបានអានវា ។ ហើយមនុស្សជាច្រើនសួរអំពីរឿងនោះ ។ »
អាស្លី ដៀលីន មកពីរដ្ឋយូថាហ៍ សហរដ្ឋអាមេរិក បានចែកចាយថា ៖ « មិនមែនថា ខ្ញុំមិនបម្រើបេសកកម្ម នោះខ្ញុំមិនមែនជាអ្នកផ្សព្វផ្សាយសាសនានោះទេ ។ ជំនួសឲ្យការចាកចេញពីក្រុមគ្រួសារខ្ញុំទៅបម្រើព្រះអម្ចាស់ នោះខ្ញុំបម្រើព្រះអម្ចាស់ជាមួយក្រុមគ្រួសារខ្ញុំ ។ ខ្ញុំបម្រើអ្នកដទៃ ហើយខ្ញុំរស់ធ្វើជាគំរូនៃសិស្សរបស់ព្រះយេស៊ូវ គ្រីស្ទ » ។
ភាពជាឪពុកម្តាយ ៖ បង្រៀនកូនចៅពីដំណឹងល្អ
អ៊ិងគ្រិដ ដឺ បាស្ទីអាន់ អូតីស្ស មកពី វែរ៉ាគ្រូស ប្រទេសម៉ិចស៊ីកូ អាយុ ២៦ ឆ្នាំជាម្តាយដែលមានកូនបីនាក់ ។ នាងបានពន្យល់ថា « ក្នុងនាមជាឪពុកម្តាយដែលមានកូនតូចៗ មានថ្ងៃខ្លះដែលយើងព្រួយបារម្ភ ជាមួយនឹងការងារ ក៏ដូចជាមើលថែដល់កូនៗផងដែរ ។ ទោះជាយ៉ាងណាក្តី យើងមានអារម្មណ៍ថា មានការទទួលខុសត្រូវដ៏ធំដើម្បីបង្រៀនដំណឹងល្អដល់កូនៗរបស់យើង ដើម្បីពួកគេដឹងថា ពួកគេគឺជាកូនរបស់ព្រះ ។
« កាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាម្តាយមួយរូប គឺដើម្បីជួយពួកគេដឹងសម្រាប់ខ្លួនពួកគេថា ព្រះវរបិតាសួគ៌របស់យើងមានផែនការនៃសុភមង្គលសម្រាប់ពួកគេ » ។
ទោះបីជាអ្នកមិនទាន់ធ្វើជាឪពុកម្តាយនៅឡើយ អ្នកក៏អាចចាប់ផ្តើមជួយបង្រៀនកុមារផងដែរ ។ អ៊ិងគ្រិដ និយាយថា « វាសំខាន់ណាស់ដែលកុមារត្រូវដឹងអំពីគោលការណ៍ និងគោលលទ្ធិទាំងនេះ ដែលយើងអាចធ្វើក្នុងនាមជាយុវមជ្ឈឹមវ័យនៅលីវ ឬ មជ្ឈឹមវ័យដែលបានរៀបការរួច ក្នុងការហៅបម្រើនៅក្នុងថ្នាក់អង្គការបឋមសិក្សា ឬថ្នាក់ទារកដ្ឋាន » ។
យើងជាយុវមជ្ឈឹមវ័យដែលមានការមមាញឹក ប៉ុន្តែ មិនថាកាលៈទេសៈនោះបែបណាទេ អ្នកអាចរកឃើញវិធីងាយៗនៃការធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅគ្រប់កន្លែងនៃជីវិតអ្នក — ទាំងធំ និងតូច ។