របៀបដែលយុវមជ្ឈិមវ័យកំពុងធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើង
យុវមជ្ឈិមវ័យតែងតែមានតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។
មិនថាអ្នកឮការអញ្ជើញដោយថ្នាក់ដឹកនាំសាសនាចក្រម្នាក់ឲ្យចូលរួមនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើង ឬឲ្យជួយប្រមូលវង្សអ៊ីស្រាអែលក្ដី តើអ្នកធ្លាប់គិតទេថា « តើខ្ញុំអាចធ្វើអ្វីបានខ្លះ ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ » « ខ្ញុំក្មេងពេក » « ខ្ញុំមិនទាន់រៀបការផង » ឬ « ខ្ញុំមិនចេះគ្រប់គ្រាន់ ។ តើភាពខុសគ្នាអ្វីខ្លះដែលខ្ញុំអាចធ្វើបានទៅ ? »
យើងម្នាក់ៗមានគំនិតប្រភេទនោះម្ដងម្កាល ។ ប៉ុន្តែសូមកុំបណ្ដោយឲ្យការសង្ស័យលើខ្លួនឯងនោះមានឥទ្ធិពលមកលើអ្នក កាលដែលអ្នកអានប្រយោគមួយចំនួនបន្ទាប់នេះ ៖
-
យ៉ូសែប ស៊្មីធ មានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះពេលលោកបានចាប់ផ្ដើមបកប្រែព្រះគម្ពីរមរមន ។
-
អូលីវើរ ខៅឌើរី មានអាយុតែ ២២ ឆ្នាំ ហើយ យ៉ូហាន វិតមើរ មានអាយុ ២៦ ឆ្នាំ ( ហើយទាំងពីរនាក់គឺនៅលីវ ! ) ពេលពួកលោកបានចាប់ផ្ដើមធ្វើជាអ្នកសរសេររបស់យ៉ូសែប ។
-
នៅក្នុងឆ្នាំ ១៨៣៥ ពេលដែលកូរ៉ុមនៃពួកសាវកដប់ពីរនាក់លើកដំបូងត្រូវបានហៅ ពួកលោកមានអាយុចាប់ពី ២៣ ទៅ ៣៥ ឆ្នាំ ។
-
ពួកបរិសុទ្ធពីជំនាន់ដំបូងជាច្រើនដែលបានចូលរួមសាសនាចក្រ ហើយបានចែកចាយដំណឹងល្អ គឺជាយុវមជ្ឈិមវ័យ ។
ដោយគិតពីអ្វីគ្រប់យ៉ាង ព្រះបានធ្វើកិច្ចការតាមរយៈយុវមជ្ឈិមវ័យនៅក្នុងជំនាន់ដំបូងៗនៃការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ជាមនុស្សដូចជាអ្នកអញ្ចឹង ។
សូមគិតពីរឿងនោះ ។
សាសនាចក្រនឹងមិនបានរីករាលដាលទៅទូទាំងផែនដីនៅសព្វថ្ងៃនេះទេ ប្រសិនបើគ្រប់គ្នាគិតថា ពួកគេពុំអាចធ្វើឲ្យមានភាពខុសគ្នានោះ ។ ហើយអ្នក—មែនហើយ អ្នក !—ជាផ្នែកនៃជំនាន់ដ៏ជម្រើសដើម្បីបន្តការស្ដារឡើងវិញ និងដឹកនាំសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះ ។
អ្នកត្រូវបានបញ្ជូនមកទីនេះ ។ ពេលនេះ ។ ឥឡូវនេះ ។
ពេលនិយាយអំពីជំនាន់របស់យើង ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « អ្នកកំពុងតែរស់នៅក្នុង ‹ ម៉ោងទីដប់មួយ › ។ ព្រះអម្ចាស់បានប្រកាសថា នេះគឺជាពេលចុងក្រោយ ដែលទ្រង់នឹងត្រាស់ហៅពួកធ្វើការនៅក្នុងចម្ការទំពាំងបាយទ្រង់ ឲ្យប្រមូលអ្នកត្រូវបានជ្រើសតាំងពីទិសទាំងបួននៃផែនដី ។ ( សូមមើល គ. និង ស. ៣៣:៣–៦ ) ។ ហើយ អ្នកត្រូវបានបញ្ជូនឲ្យមករួមចំណែកក្នុងការប្រមូលផ្ដុំនេះ » ។១
សូមគិតអំពីកម្លាំងនៃពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ៦៥០០០ នាក់ ដែលកំពុងចែកចាយដំណឹងល្អអស់ពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ នៅទូទាំងពិភពលោក ។ សូមគិតអំពីយុវមជ្ឈិមវ័យទាំងអស់ដែលកំពុងធ្វើសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ កំពុងទាញយកផលពីពរជ័យបព្វជិតភាព និងព្រះវិហារបរិសុទ្ធ និងកំពុងធ្វើសេចក្ដីសញ្ញាដោយស្មោះត្រង់ ដើម្បីពង្រឹងក្រុមគ្រួសាររបស់ពួកគេ និងដើម្បីស្ថាបនានគររបស់ព្រះនៅលើផែនដីនេះ ។ សូមគិតអំពីយុវមជ្ឈិមវ័យដែលកំពុងបម្រើជាថ្នាក់ដឹកនាំនៅជុំវិញពិភពលោក ។ សូមគិតអំពីពួកអ្នកដែលកំពុងតែឆ្ពោះទៅមុខដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ថ្វីបើពួកគេប្រឈមនឹងការលំបាកក្ដី ។ យុវមជ្ឈិមវ័យតែងតែជាផ្នែកដ៏ចាំបាច់មួយនៃការស្ដារឡើងវិញតាំងពីដំបូងមក ។ ហើយការស្ដារឡើងវិញដែលកំពុងកើតឡើងនេះ គឺជាផ្នែកដ៏ចាំបាច់មួយនៃជីវិតរបស់សមាជិកសាសនាចក្រជាយុវមជ្ឈិមវ័យរាប់មិនអស់ ។
អត្ថន័យនៃការស្តារឡើងវិញចំពោះខ្ញុំ
សម្រាប់ពួកយើងជាច្រើន ការចូលរួមរបស់យើងនៅក្នុងការស្ដារឡើងវិញផ្ដើមចេញពីអ្វីដែលបានបង្រៀនយើង ។ សម្រាប់ វេននេឡា វ៉ាកាប៉ាលលី ជាអ្នកប្រែចិត្តជឿយុវមជ្ឈិមវ័យម្នាក់មកពី អែនដ្រា ប្រាដេស ប្រទេសឥណ្ឌា « ការស្ដារឡើងវិញគឺអំពីការស្វែងរកវិវរណៈ ។ យ៉ូសែប ស៊្មីធ បានស្វែងរកវិវរណៈនៅក្នុងព្រៃ ។ លោកបានប្រឹក្សាជាមួយនឹងព្រះ លោកបានរងចាំចម្លើយ ហើយលោកបានអត់ធ្មត់ ។ នោះជាអ្វីដែលខ្ញុំចូលចិត្ត » ។ វេននេឡាពន្យល់ថា « មុនពេលដែលខ្ញុំបានឮពីការស្ដារឡើងវិញ ខ្ញុំពុំបានដឹងច្រើនពីការស្វែងរកវិវរណៈឡើយ ។ អ្វីមួយដែលអស្ចារ្យបំផុតដែលធ្វើឲ្យខ្ញុំស្ងើច នោះគឺរបៀបដែលលោកបានចំណាយពេលដើម្បីទទួលបានវិវរណៈពីព្រះ ។ នោះជាអ្វីដែលខ្ញុំបានរៀនចេញពីការស្ដារឡើងវិញ ។
អិមម៉ា និង យ៉ាកុប រ៉ូបឺតស៍ ជាគូស្វាមីភរិយាវ័យក្មេងមកពី យូថាហ៍ ស.រ.អា យល់ស្របថា ការស្ដារឡើងវិញគឺអំពី « វិវរណៈដែលកំពុងតែបន្ត »—សម្រាប់យើងផ្ទាល់ និងសម្រាប់ពិភពលោក—« ថាយើងមានព្យាការីម្នាក់ ជាអ្នកនាំពាក្យពីព្រះនៅលើផែនដីនេះ ដោយប្រាកដថា មិនថាមានឧបសគ្គអ្វីក៏ដោយដែលមានក្នុងពិភពលោកនេះ យើងមានមនុស្សម្នាក់ដែលធ្វើកិច្ចការ និងអធិស្ឋាន និងសន្ទនាជាមួយព្រះ ដើម្បីធ្វើឲ្យប្រាកដថា យើងរៀបចំ ហើយអាចប្រឈមនឹងឧបសគ្គអ្វីក៏ដោយដែលមានកាលដែលពិភពលោកនេះផ្លាស់ប្ដូរ » ។
យ៉ាកុបនិយាយថា « ចំណេះដឹងជាច្រើនដែលមកជាមួយនឹងការស្ដារឡើងវិញ ធ្វើឲ្យជីវិតខ្ញុំកាន់តែងាយស្រួល និងមិនសូវតានតឹង » ។ ទាំងអស់វាភ្ជាប់មកជាមួយភាពប្រាកដប្រជា « ថាមានព្រះមួយអង្គ ដែលស្រឡាញ់យើង និងមើលថែយើង » អិមម៉ានិយាយ ។ « ព្រះរាជបំណងរបស់ទ្រង់គឺសុភមង្គលរបស់យើង ។ ក្នុងនាមជាយុវមជ្ឈិមវ័យ យើងអាចទុកចិត្តលើទ្រង់ទាំងស្រុង និងធ្វើតាមទ្រង់ ដោយសារយើងដឹងពីគោលដៅរបស់ទ្រង់គឺជាសុភមង្គលរបស់យើង ។ យើងដឹងថា យើងជាតួអង្គអស់កល្បជានិច្ច ហើយការណ៍នោះផ្ដល់ក្ដីសង្ឃឹម និងសេចក្ដីជំនឿជាច្រើនដល់ខ្ញុំ ថាអ្វីក៏ដោយដែលខ្ញុំធ្វើឥឡូវនេះ និងកំហុសណាក៏ដោយដែលខ្ញុំធ្វើឥឡូវនេះ ខ្ញុំនៅតែអាចប្រែចិត្ត ហើយខ្ញុំមានពេលវេលានេះដើម្បីលូតលាស់ និងរៀនសូត្រ » ។
ការធានាអះអាងប្រភេទនោះក៏ជួយដល់ រ៉ាម៉ូណា ម៉ូរីស ផងដែរ ជាយុវមជ្ឈិមវ័យម្នាក់មកពីបាបាដូស ពេលនាងបានរៀនអំពីការស្ដារឡើងវិញជាលើកដំបូង ។ ក្នុងចំណោមទីបន្ទាល់ផ្សេងៗទៀត នាងបានទទួលទីបន្ទាល់មួយថា « ព្រះវរបិតាសួគ៌គង់នៅទីនោះសម្រាប់យើង ។ ការស្ដារឡើងវិញនាំភាពសុខសាន្តដល់ពួកអ្នកដែលសង្ស័យពីជីវិតពួកគេ និងសង្ស័យផែនការរបស់ព្រះសម្រាប់ពួកគេ » ។
ប៉ុន្តែ ទោះបីជាការយល់ពីការស្ដារឡើងវិញបាននាំមកនូវភាពច្បាស់លាស់ដល់ជីវិតនាងក្ដី ក៏នាងទទួលស្គាល់ផងដែរថា « ការរស់នៅឆ្ងាយពីការិយាល័យកណ្ដាលរបស់សាសនាចក្រ វាពិបាកនឹងភ្ជាប់ទំនាក់ទំនងទៅនឹងដំណឹងល្អ ប៉ុន្តែដោយសារខ្ញុំមានទីបន្ទាល់ដ៏រឹងមាំមួយអំពីដំណឹងល្អដែលបានស្ដារឡើងវិញ នោះខ្ញុំដឹងថា ទោះខ្ញុំនៅឆ្ងាយយ៉ាងណា ក៏ខ្ញុំនៅតែអាចមានអារម្មណ៍ថាជាផ្នែកមួយនៃការស្ដារឡើងវិញ ថាខ្ញុំមិនឯកោទេ » ។
ហើយនាងមិនឯកោទេ ។ យុវមជ្ឈិមវ័យនៅជុំវិញពិភពលោកកំពុងចូលរួមនៅក្នុងការស្ដារឡើងវិញ តាមរយៈការបម្រើក្នុងព្រះវិហារបរិសុទ្ធ ពង្សប្រវត្តិ និងកិច្ចការផ្សព្វផ្សាយសាសនា ។ ជាមួយនឹងការយល់អំពីវិវរណៈផ្ទាល់ខ្លួនដែលយើងទទួលបានពីការរៀនសូត្រអំពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ និងការស្ដារឡើងវិញ នោះយើងទាំងអស់គ្នាអាចបន្តស្វែងរក ដើម្បីស្គាល់ព្រះឆន្ទះរបស់ព្រះ ហើយផ្នែកណាដែលយើងអាចធ្វើនៅក្នុងការស្ដារឡើងវិញដែលកំពុងកើតឡើងនេះ ។
យុវមជ្ឈិមវ័យដឹកនាំសាសនាចក្រ
យើងអាចជាយុវមជ្ឈិមវ័យ ប៉ុន្តែយើងអាចជាថ្នាក់ដឹកនាំនៅក្នុងសាសនាចក្រឥឡូវនេះ ។ ថ្វីបើជាសមាជិកសាសនាចក្រតែម្នាក់ឯងនៅក្នុងគ្រួសារនាង ក៏ចាំងកា តូរូនី មកពី ហ្គៃអូ ហុងគ្រី ត្រូវបានពង្រឹងដោយការចូលរួមរបស់មិត្តយុវមជ្ឈិមវ័យរបស់នាង នៅក្នុងទិដ្ឋភាពផ្សេងៗទៀតនៃការស្ដារឡើងវិញ ៖ « មិត្តភក្ដិខ្ញុំមួយចំនួនបានទៅបម្រើបេសកកម្ម ហើយវាជារឿងអស្ចារ្យណាស់ដែលឃើញការរីកចម្រើនរបស់ពួកគេ ហើយពេលពួកគេត្រឡប់មកវិញ ពួកគេរីកចម្រើនខ្លាំងណាស់តាមរយៈបទពិសោធន៍ទាំងអស់របស់ពួកគេ ។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់យើងទាំងអស់គ្នា ។ ហើយវាតែងតែអស្ចារ្យជានិច្ចដែលឃើញមិត្តភក្ដិយុវមជ្ឈិមវ័យនៅលីវរបស់ខ្ញុំបម្រើនៅក្នុងការហៅបម្រើរបស់ពួកគេ ហើយពេលខ្លះសូម្បីតែជាឱកាសដែលពួកគេបង្កើតឡើងដោយខ្លួនពួកគេផ្ទាល់ ដូចជាការស្ម័គ្រចិត្តធ្វើជាទីប្រឹក្សាក្នុងសន្និសីទ ដ.ក.យ ( ដើម្បីកម្លាំងយុវវ័យ ) ។ ខ្ញុំមានអារម្មណ៍ដូចជា ការស្ដារឡើងវិញមិនមែនតែងតែអំពីការបង្រៀនមនុស្សអំពីដំណឹងល្អនោះទេ—វាគឺអំពីការពង្រឹងសមាជិកដែលយើងមាន » ។
យុវមជ្ឈិមវ័យនៅក្នុងប្រទេសហុងគ្រីយល់ថា ពួកគេគឺជាអនាគតថ្នាក់ដឹកនាំរបស់សាសនាចក្រនេះ ។ ចាំងការសារភាពថា « គេត្រូវការយើង ហើយយើងត្រូវមានសមត្ថភាពដើម្បីសម្រេចកិច្ចការនោះ ដែលពេលខ្លះវាលើសលប់ » ។ « ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការ ហើយយើងជាផ្នែករបស់កិច្ចការនោះ ។ ពេលខ្លះយើងគិតថា ‹ តើខ្ញុំត្រូវធ្វើកិច្ចការនេះដូចម្ដេចទៅ ? › ប៉ុន្តែវាអស្ចារ្យដែលឃើញថា ថ្នាក់ដឹកនាំរបស់យើងមានទំនុកចិត្តយ៉ាងខ្លាំងមកលើយើង ។ វាជម្រុញចិត្តសម្រាប់អស់ អ្នកដែលពិតជាស្រឡាញ់សាសនាចក្រ ហើយមានទីបន្ទាល់រឹងមាំ ដោយសារយើងដឹងថា ថ្ងៃមួយយើងនឹងមានទំនួលខុសត្រូវ ។ យើងត្រូវតែទទួលខុសត្រូវសម្រាប់ការរីកចម្រើនខាងវិញ្ញាណរបស់យើង » ។
សន និង ស្ទេហ្វានី យ៉ូសែប មកពីអូស្ត្រាលីភាគខាងលិច ចូលរួមនៅក្នុងការស្ដារឡើងវិញ ដោយការណែនាំយុវវ័យនៅក្នុងវួដរបស់ពួកគេ ។ ស្ទេហ្វានីនិយាយថា « សម្រាប់ខ្ញុំ ការចូលរួមនៅក្នុងការស្ដារឡើងវិញ គឺការជួយដល់ជំនាន់អនាគតឲ្យយល់ថាដំណឹងល្អជាអ្វី និងរបៀបដែលវាអាចជួយពួកគេ និងអ្នកផ្សេងទៀតនៅក្នុងជីវិតរបស់ពួកគេ » ។ « យើងអាចជួយបង្កើតគ្រឹះដែលកាន់តែរឹងមាំសម្រាប់សាសនាចក្រនៅក្នុងប្រទេសរបស់យើងនៅពេលក្រោយទៀត » ។
សនពន្យល់ថា « យើងចង់ជួយយុវវ័យឲ្យទទួល បានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន និង យ៉ូសែប ស៊្មីធ ហើយដឹងដោយខ្លួនពួកគេផ្ទាល់ថា ពួកគេពិតជាបុត្រាបុត្រីរបស់ព្រះ » ។ « យើងមិនចង់ឲ្យវាជាអ្វីដែលពួកគេគ្រាន់តែច្រៀងនៅក្នុងថ្នាក់កុមារនោះទេ—យើងចង់ឲ្យពួកគេដឹងថាវាពិតមែន » ។
សម្រាប់វេននេឡា ការរស់នៅតាមដំណឹងល្អនៅក្នុងប្រទេសឥណ្ឌា មិនតែងតែងាយស្រួលនោះទេ ប៉ុន្តែនាងដឹងថា កម្លាំងរបស់សមាជិកដែលជាយុវមជ្ឈិមវ័យនៅទីនោះនឹងបំផុសដល់អ្នកផ្សេងទៀត ហើយជួយដល់ដំណើរការនៃការស្ដារឡើងវិញ ។ នាងនិយាយថា « នៅទីនេះ យុវមជ្ឈិមវ័យទាំងអស់ស្មោះត្រង់ណាស់ ។ ពួកគេស្វែងរកឱកាសដើម្បីចែកចាយទីបន្ទាល់របស់ពួកគេ » ។ « យើងដូចជាពួកអ្នកត្រួសត្រាយផ្លូវនៅប្រទេសឥណ្ឌា ។ យើងផ្លាស់មកពីកន្លែងផ្សេងៗ ហើយពួកយើងខ្លះថែមទាំងចាកចេញពីគ្រួសារយើងផង ។ ជីវិតអាចមានឧបសគ្គច្រើននៅទីនេះ ប៉ុន្តែយើងនៅតែជ្រើសរើសដើម្បីរស់នៅតាមដំណឹងល្អ ។ ព្រះគម្ពីរផ្ដល់ដល់យើងនូវក្ដីសង្ឃឹម កម្លាំង និងភាពក្លាហាន » ។
មិនថាយើងនៅទីណាទេ ក្នុងនាមជាយុវមជ្ឈិមវ័យ យើងអាចបន្តមានឥទ្ធិពលដ៏មានអានុភាពទៅលើការស្ដារឡើងវិញដែលកំពុងកើតឡើងនេះតាមរយៈសេចក្ដីជំនឿ និងការតាំងចិត្តរបស់យើងចំពោះដំណឹងល្អ ។
អនាគតសាសនាចក្រ ៖ វាស្រេចតែលើយើង
យើងគឺជាអនាគតនៃសាសនាចក្រ ។ យើងនៅក្នុងសង្គ្រាមចុងក្រោយ ។ ព្រះវរបិតាសួគ៌ពឹងផ្អែកលើយើងដើម្បីជួយទ្រង់ធ្វើកិច្ចការរបស់ទ្រង់—ជាកិច្ចការដែលផ្លាស់ប្ដូរជីវិតដ៏នៅអស់កល្បរបស់ទ្រង់ ។ ទ្រង់ដឹងថា យើងរឹងមាំគ្រប់គ្រាន់ដើម្បីបន្តឈានឆ្ពោះទៅមុខ ហើយប្រយុទ្ធទាស់នឹងអ្វីៗគ្រប់យ៉ាងដែលមាសត្រូវព្យាយាមល្បួង និងបញ្ឆោតយើង ។ ហើយសាតាំងកំពុងតែអស់សង្ឃឹម ។ វាដឹងថា វាកំពុងតែប្រយុទ្ធនឹងចម្បាំងដែលវានឹងចាញ់ ដោយសារកិច្ចការរបស់ព្រះអម្ចាស់នឹងជោគជ័យ ។
ចាំងការនិយាយថា « យើងដឹងថា ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការនោះ ហើយគ្មាននរណាអាចបញ្ចប់បានឡើយ » ។ « យើងដឹងថា វានឹងកើតឡើង មិនថាមានបញ្ហាអ្វីក៏ដោយ ។ ប៉ុន្តែយើងត្រូវតែសម្រេចចិត្ត ប្រសិនបើយើងនឹងធ្វើជាផ្នែកនៃកិច្ចការនេះ ហើយជួយឲ្យវាឆ្ពោះទៅមុខ ឬក៏ឈរមើលហើយមិនចូលរួមធ្វើ ។ យើងមានសិទ្ធិជ្រើសរើសដើម្បីធ្វើជាផ្នែករបស់វា ហើយយើងមានទីបន្ទាល់ដើម្បីជ្រើសរើសត្រូវ និងជ្រើសរើសធ្វើតាមព្រះគ្រីស្ទ ។ យើងត្រូវតែធ្វើជាផ្នែកមួយនៃកិច្ចការនេះ » ។
ដូច្នេះ វាស្រេចតែលើយើង ដើម្បីជ្រើសរើសថាយើងនៅខាងណា ។
វាស្រេចតែលើយើង ដើម្បីមានភាពក្លាហានដើម្បីក្រោកឈរសម្រាប់អ្វីដែលយើងជឿ ។
វាស្រេចតែលើយើង ដើម្បីស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់ជីវិតយើង ។
វាស្រេចតែលើយើង ដើម្បីអនុញ្ញាតឲ្យឧបសគ្គដ៏លំបាកនានាដែលយើងប្រឈម ពង្រឹងដល់សេចក្ដីជំនឿរបស់យើងលើព្រះអង្គសង្គ្រោះ ។
វាស្រេចតែលើយើង ដើម្បីធ្វើតាមទ្រង់ ហើយធ្វើឲ្យអស់ពីសមត្ថភាពដើម្បីនាំអ្នកដទៃទៀតមកកាន់ទ្រង់ ។
វាស្រេចតែលើយើង ដើម្បីស៊ូទ្រាំដល់ទីបញ្ចប់តាមរបៀបដ៏ល្អ បំផុតដែលយើងអាចធ្វើបាន ។
យើងពិតជានៅក្នុងថ្ងៃចុងក្រោយ ។ ហើយការដឹកនាំសាសនាចក្រតាមអ្វីដែលប្រធានណិលសុនហៅថា « គ្រាកាន់កាប់ត្រួតត្រាដ៏គួរឱ្យទាក់ទាញអារម្មណ៍បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោក »២ ស្ដាប់ទៅដូចជាការទទួលខុសត្រូវដ៏គួរឲ្យខ្លាចណាស់ ។ ប៉ុន្តែសូមគិតអំពីវា—ព្រះវរបិតាសួគ៌បានទុកព្រះទ័យលើយើងគ្រប់គ្រាន់ ហើយបានរក្សាយើងឲ្យមកផែនដីនេះនៅពេលជាក់លាក់នេះ គឺពេលនេះជាពេលដែលយើងត្រូវឲ្យប្រឈមនឹងការល្បួង និងការរំខានរាប់មិនអស់ ព្រមទាំងគំនិតជំទាស់ជាច្រើនទៀត ។
ដោយការបញ្ជូនយើងមកទីនេះនៅក្នុងគ្រាកាន់កាប់ត្រួតត្រាដ៏សំខាន់បំផុតនេះ ព្រះវរបិតាសួគ៌មិនបានបញ្ជូនយើងមកឲ្យបរាជ័យនោះទេ ។ ទ្រង់ដឹងពីសក្ដានុពលរបស់យើង កម្លាំងរបស់យើង ភាពក្លាហានរបស់យើង ហើយចុងបំផុត ទ្រង់ដឹងថា យើងអាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងការស្ដារឡើងវិញរបស់សាសនាចក្រ ដោយមិនគិតពីអាយុ ឬស្ថានភាពអាពាហ៍ពិពាហ៍របស់យើងនោះទេ ។ មិនថាការសាកល្បងរបស់យើងលំបាកយ៉ាងណា ឬការដឹកនាំ និងការចែកចាយដំណឹងល្អជុំវិញផែនដីហាក់ដូចជាលំបាកយ៉ាងណានោះទេ ដោយមានទ្រង់គង់នៅខាងយើង តើមាននរណាដែលអាចប្រយុទ្ធទាស់នឹងយើងបាន ? ទ្រង់នឹងជួយយើងឲ្យសម្រេចបាននូវកិច្ចការលំបាកទាំងនោះ ។