សារលិខិតមកពីព្យាការី
ខ្ញុំស្រឡាញ់បងប្អូន
ប្រធាន ណិលសុន បានជួបជាមួយកុមារអង្គការបឋមសិក្សាមួយចំនួននៅក្នុងផ្ទះឈើមួយនៅក្នុងទីក្រុង ផាលមីរ៉ា រដ្ឋ នូវយ៉ក ស.រ.អា ។ វាហាក់ដូចជាផ្ទះដែលយ៉ូសែប ស្ម៊ីធ បានរស់នៅកាលគាត់បានទទួលទស្សនៈនិមិត្តដំបូង ។ នេះគឺជាអ្វីដែលប្រធាន ណិលសុន បានចែកចាយជាមួយកុមារទាំងនោះ ។
កូនចៅនៃព្រះទាំងអស់
មិនថាអ្នកបានកើតនៅទីណា ឬ ទង់ជាតិអ្វីដែលអ្នកបក់ ឬ ភាសាអ្វីដែលអ្នកនិយាយនោះទេ ។ យើងទាំងអស់គ្នា គឺជាកូនចៅរបស់ព្រះវបិតាសួគ៌ ហើយយើងនឹងធំឡើងក្លាយដូចជាទ្រង់ ។
ការខិតខំ និង រង្វាន់
ការធ្វើជាព្យាការីម្នាក់ត្រូវធ្វើការ ខ្លាំងនិងសិក្សាច្រើនណាស់ ។ គ្រប់យ៉ាងដែលធ្វើដើម្បីប្រែក្លាយឲ្យកាន់តែដូចព្រះអង្គសង្គ្រោះ គឺទាមទារឲ្យមានការខិតខំ ។ នៅពេលដែលព្រះសព្វព្រះទ័យចង់ឲ្យក្រិត្យវិន័យទាំងដប់ប្រការទៅ ម៉ូសេ តើទ្រង់ប្រាប់ម៉ូសេឲ្យទៅទីណា ? ឡើងទៅកំពូលភ្នំស៊ីណាយ ។ ដូច្នេះ ម៉ូសេត្រូវដើរឡើងទៅលើកំពូលភ្នំដើម្បីទទួលនូវក្រិត្យវិន័យដប់ប្រការ ។ ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ ហើយការខិតខំនាំមកនូវរង្វាន់ដែលមិនអាចទទួលបានទេបើគ្មានការខិតខំនោះ ។
គ្រួសាររបស់ព្យាការី
ពួកយើងគឺជាឪពុកម្តាយដែលមានកូនដប់នាក់ មានកូនស្រីដ៏ស្រស់ស្អាតប្រាំបួននាក់ និងកូនប្រុសមា្នក់ដ៏គួរឲ្យស្រឡាញ់ ។ ឥឡូវ ពួកគេពីរនាក់រស់នៅឯស្ថានសួគ៌ ។ ពួកគេមានពេលវេលាខ្លីនៅលើផែនដីហើយពួកគេសាទរសម្រាប់យើងនៅឯស្ថានសួគ៌ ។ ពួកយើងបានរួបរួមគ្នាដោយរៀបអាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ដែលមានន័យថា យើងនឹងបាននៅជាមួយគ្នារហូតបន្ទាប់ពីយើងទាំងអស់គ្នាបានបញ្ចប់វេនរបស់យើងនៅលើផែនដី ។
រូបមន្តសម្រាប់សុភមង្គល
ព្រះគម្ពីរគឺដូចជាសៀវភៅចម្អិនម្ហូបដែរ ។ ប្រសិនបើបងប្អូនមិនមានសៀវភៅចម្អិនម្ហូប ហើយបងប្អូនគ្រាន់តែចាប់ផ្តើមធ្វើការលាយម្យៅ និងទឹកដោះគោហើយនឹងស៊ុត នោះបងប្អូនប្រហែលជាមិនអាចបាននំដ៏ឆ្ងាញ់នោះទេ ។ ព្រះបានប្រទានដល់យើងនូវរូបមន្តដើម្បីទទួលបានសុភមង្គល ហើយវាត្រូវបានហៅថា ព្រះបញ្ញត្តិ ។
ពាក្យថា ព្រះបញ្ញត្តិ ស្តាប់មើលទៅវាហាក់ដូចជាព្រះបញ្ជាមួយអញ្ចឹង ហាក់ដូចជាយើងត្រូវបានប្រាប់ឲ្យធ្វើអ្វីមួយ ។ ប៉ុន្តែវាពិតជាផ្លូវកាត់មួយដើម្បីរៀនសូត្រ ។ ឧទាហរណ៍៖ ទ្រង់បានបញ្ជាយើងមិនឲ្យផឹកគ្រឿងស្រវឹងឬជក់បារីនិងសារធាតុដែលមានគ្រោះថ្នាក់ដទៃទៀត ។ ហេតុអ្វីទៅ ? ដូច្នេះដើម្បីឲ្យបងប្អូននឹងរស់នៅបានយូរជាង និងសប្បាយរីករាយ ជាង ។ តើបងប្អូនគិតថាខ្ញុំអាចរស់ដល់អាយុ ៩៥ឆ្នាំទេ ប្រសិនបើខ្ញុំបានជក់បារីនិងផឹកស្រានោះ ? អត់ទេ ។ ហើយខ្ញុំសប្បាយចិត្ត ។ ហើយខ្ញុំអាចជិះស្គីលេងជាមួយចៅៗរបស់ខ្ញុំ ។
នោះជាអ្វីដែលអស្ចារ្យ
ការប្រែចិត្តមានន័យថារាល់ថ្ងៃ យើងព្យាយាមឲ្យខ្លាំងជាងបន្តិច ហើយធ្វើឲ្យកាន់តែច្រើន ជាងបន្តិចដើម្បីក្លាយដូចជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំនៅតែធ្វើការប្រែចិត្ត ។ រាល់ថ្ងៃ ខ្ញុំ កំពុងតែព្យាយាមដើម្បីរៀនកាន់តែច្រើន ហើយក្លាយកាន់តែដូចដែលព្រះអម្ចាស់ចង់ឲ្យខ្ញុំក្លាយ ទៅជា ។ ហើយនោះមិនមែនជាទណ្ឌកម្មទេ ។ នោះគឺជាឱកាសដ៏រីករាយ ។ រាល់ថ្ងៃ ខ្ញុំ ងើបចុះពីលើគ្រែនៅពេលព្រឹកហើយនិយាយថា « អូ អ្វីមួយដ៏អស្ចារ្យនឹងកើតឡើងនៅថ្ងៃនេះ ! ខ្ញុំនឹងក្លាយកាន់តែដូចជាព្រះយេស៊ូវ ។ »