ឆ្នាំ​២០២១
បញ្ហា​នៅ​ក្នុង​ពិធី​ជប់​លៀង
ខែ មករា ឆ្នាំ​២០២១


បញ្ហានៅ​ក្នុងពិធី​ជប់​លៀង

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​កូរីនទេស ប្រទេស​អាហ្សង់ទីន ។

ផ្នែក​មួយ​របស់ លូស គឺ​គ្រាន់​តែមានបំណង​ចង់​ទៅ​ពិធី​ជប់​លៀង​ប៉ុណ្ណោះ ។ ប៉ុន្តែ នាង​នៅ​តែ​មាន​អារម្មណ៍​មិន​ស្រួល​សោះ ។

« អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួច​ហើយ​…​អ្នក​ត្រូវ​សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹមត្រូវ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៨ ) ។ ដំណើរ​រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​កូរីនទេស​ប្រទេស​អាល្លឺម៉ង់ ។

girl talking with her parents on couch

លូស ​មាន​អារម្មណ៍​សប្បាយ​រីករាយ ។ ឆ្នាំ​សិក្សា​បាន​ចូល​វិស្សមកាល ហើយ​រឿង​គួរ​ឲ្យ​រំភើប​ជា​ច្រើន​កំពុង​កើត​ឡើង ។ មិន​យូរ​ប៉ុន្មាន នាង​នឹង​បញ្ចប់​ការសិក្សា​ពី​ថ្នាក់​ទី​៦ ។ ឆ្នាំ​ក្រោយ នាង​នឹង​ចូល​រៀន​នៅ​អនុវិទ្យាល័យ !

វា​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​ថា នាង​ធំធាត់​ប៉ុណ្ណា ។ នាង​ខ្ពង់​ជាង​មុន ហើយ​នាង​មិន​មែន​ជា​ក្មេង​តូច​ទៀត​ទេ ។ ការផ្លាស់​ប្តូរ​ទាំង​នោះ​ពិត​ជា​គួរ​ឲ្យ​រំភើប​ណាស់ ប៉ុន្តែ​នាង​ក៏​មាន​អារម្មណ៍​ភ័យ​បន្តិច​ដែរ ។

នាង​បាន​សម្រេច​ចិត្ត​ដើម្បី​យក​រឿង​នេះ​ទៅ​ជជែក​ជាមួយ​ឪពុក​ម្តាយ​នាង » ។

ប៉ាៗ​បាន​និយាយ​ថា « នេះ​គឺជា​គ្រា​ដ៏​អស្ចារ្យ នៅ​ក្នុង​ជីវិត​របស់​កូន លូស » ។ « វា​ជា​ពេល​វេលា​ដែល​កូន​ត្រូវ​រៀន ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព និង​ឈាន​ដល់​គោលដៅ​ដែល​នឹង​ជួយ​កូន​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ស្គាល់​ថា​កូន​អាច​ក្លាយ​ទៅ​ជា ។ »

ម៉ាក់​បាន​និយាយ​ថា « ប៉ុន្តែ​ជីវិត​កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល ។ កូន​នឹង​រីកលូតលាស់ ​ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជម្រើស​តូច​ល្អ ៗ ដែល​កូន​បាន​ធ្វើ ។ »

ពាក្យ​ពេចន៍​ទាំង​នោះ​បាន​ជួយ​ឲ្យ​លូស ​មាន​អារម្មណ៍​ធូរ​ស្រាល ។ នាង​រីករាយ​ដែល​នាង​មិន​ចាំបាច់​រៀន​ទាំងអស់​ក្នុង​ពេល​តែ​មួយ ។

ថ្ងៃ​មួយ​នៅ​សាលា មិត្តភក្តិ​របស់​នាង​បាន​ប្រាប់​ថា​ពួកគេ​នឹង​រៀបចំ​ពិធី​ជប់​លៀង​បញ្ចប់​ការសិក្សា ។ ពួកគេ​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់ ។ កម្មវិធី​នេះ​នឹង​មាន​អាហារ​ពេល​ល្ងាច តន្ត្រី ពន្លឺ​ភ្លើង ព្រមទាំង​ការរាំរែក​ផង​ដែរ !

ប៉ុន្តែ​ពេល​ដែល លូស បាន​ស្តាប់​មិត្តភក្តិ​ជជែក​អំពី​ពិធី​ជប់​លៀង នាង​បាន​ចាប់​ផ្តើម​មាន​អារម្មណ៍​មិន​ស្រណុក ។ វា​ស្តាប់​ទៅ​ដូច​ជា​មិន​មែន​ជា​ពិធី​ជប់​លៀង​ដែល​នាង​នឹង​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។

មិត្ត​របស់​នាង​ម្នាក់​បាន​សួរ​ថា « ឯង​នឹង​មក​ចូល​រួម​ត្រូវ​ទេ លូស ? » ។

មិត្តភក្តិ​ម្នាក់​ទៀត​បាន​និយាយ « ឯង​ត្រូវ​តែ​មក ! » « ខ្ញុំ​នឹង​សុំ​ឲ្យ​ប៉ាម៉ាក់​ខ្ញុំ​និយាយ​ជាមួយ​ប៉ាម៉ាក់​ឯង ។ បន្ទាប់​មក ពួកគាត់​នឹង​អនុញ្ញាត​ឲ្យ​ឯង​មក ។ »

« ប្រហែល​ដែរ ។ » លូស កំពុងតែ​បុកពោះ ។ « ខ្ញុំ​…​ខ្ញុំ​នឹង​ប្រាប់​ឯង​ឲ្យ​ដឹង​វិញ ។ »

លូស ​បាន​ចំណាយ​ពេល​ពេញ​មួយ​ចុង​សប្តាហ៍​គិត​អំពី​ពិធី​ជប់​លៀង​នោះ ។ នាង​បាន​គិត​អំពី​វា​ពេល​នាង​បាន​ហ្វឹកហាត់​លេង​ព្យាណូ ។ នាង​បាន​គិត​អំពី​វា​នៅ​ពេល​នាង​លេង​ជា​មួយ​ប្អូន​ប្រុស​របស់​នាង ។ មិន​ថា​នាង​ធ្វើ​អ្វី​ក៏​ដោយ ក៏​វា​ស្ថិត​នៅ​ក្នុង​គំនិត​របស់​នាង​ដែរ ។

ផ្នែក​មួយ​របស់​នាង​គឺ​គ្រាន់​តែ​ចង់​ទៅ​ជប់​លៀង​ប៉ុណ្ណោះ ។ ប៉ុន្តែ នាង​នៅ​តែ​មាន​អារម្មណ៍​មិន​ស្រួល​សោះ ។ អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន នៅ​តែ​មាន​មិន​បាត់​សោះ ។

« តើ​កូន​មិន​អី​ទេ​ឬ កូន​ស្រី ? » ម៉ាក់​បាន​សួរ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ។ ម៉ាក់​បាន​ប្រើ​ម្រាមដៃ​របស់​គាត់​សិត​សក់​ខ្មៅ ​និង​វែង​របស់ លូស ។

លូស​បាន​និយាយ​ថា « ម៉ាក់អ្ហ៎ា … » ។

« តើ​កូន​នៅ​តែ​គិត​អំពី​ពិធី​ជប់​លៀង​មែន​ទេ ? »

លូស ​បាន​និយាយ​ថា « កូន​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច​ទេ ។ កូន​ចង់​ទៅ ។ ប៉ុន្តែ​កូន​ដឹង​ថា កូន​នឹង​មិន​មាន​អារម្មណ៍​ល្អ​ទេ​នៅ​ទីនោះ ។ »

ម៉ាក់​បាន​ញញឹម ។ គាត់​បាន​និយាយ​ថា « ម៉ាក់​ដឹង​ថា កូន​នឹង​ជ្រើស​យក​ជម្រើស​ត្រឹមត្រូវ ។ គិត​អំពី​វា ធ្វើ​ជម្រើស​របស់​កូន ហើយ​ទូលទៅ​ព្រះវរបិតា​សួគ៌​នូវ​អ្វី​ដែល​កូន​បាន​សម្រេច​ចិត្ត ។ ទ្រង់​នឹង​ជួយ​កូន​ឲ្យ​ដឹង ប្រសិន​បើ​វា​ជា​ការ​ត្រឹមត្រូវ ។ កូន​នឹង​មាន​អារម្មណ៍ នៅក្នុង​ដួង​ចិត្ត​របស់​កូន » ។

លូស ​បាន​ងក់ក្បាល ។ នាង​បាន​ដក​ដង្ហើម​ធំ ហើយ​ទៅ​បន្ទប់​របស់​នាង​ដើម្បី​អធិស្ឋាន ។

លូស បាន​ខ្សឹប​ថា « ព្រះវរបិតាសួគ៌​អើយ ។ មិត្ត​ភក្តិ​របស់​កូន​បាន​សុំ​ឲ្យ​កូន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ប៉ុន្ដែ​កូន​មិន​មាន​អារម្មណ៍​ល្អ​ទេ ។ កូន​នឹង​ប្រាប់​ពួកគេ​ថា កូន​មិន​អាច​ចូល​រួម​បាន​ទេ ។ តើ​នេះ​គឺ​ជា​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ដែរ​ឬ​ទេ ? »

រលក​នៃ​ភាព​កក់ក្តៅ​បាន​មក​ចូល​លើ​លូស ។ នាង​មិន​មាន​អារម្មណ៍​ច្របូកច្របល់​ទៀត​ទេ ។ នាង​មាន​អារម្មណ៍​ដូច​ជា​នាង​ពោរពេញ​ដោយ​ពន្លឺ ។ នាង​ដឹង​ថា នាង​កំពុង​តែ​ធ្វើ​ការ​ជ្រើស​រើស​ដ៏ត្រឹមត្រូវ ។

ពេល​លូស ​ដើរ​ចេញ​ពី​បន្ទប់ នាង​បាន​ឱប​ថើប​ម៉ាក់​យ៉ាង​ខ្លាំង ។

លូស ​បាន​ប្រាប់​ម៉ាក់​នាង​ថា « កូន​សម្រេច​ចិត្ត​មិន​ទៅ » ។

ម៉ាក់ បាន​និយាយ​ថា « ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ណាស់ » ។

ប៉ាៗ​បាន​ឱប​លូស​ផង​ដែរ ។ គាត់​បាន​និយាយ​ថា « ប៉ា​មាន​យោបល់​មួយ » ។ « តោះ យើង​រៀបចំ​ធ្វើ​ពិធី​ជប់​លៀង​បញ្ចប់​ការសិក្សា​ដោយ​ខ្លួន​ឯង ។ យើង​អាច​ញាំ​ការ៉េម​និង​អបអរ​សាទរ​ជា​ក្រុមគ្រួសារ​ទៅ ! »

លូស ​បាន​ញញឹម ។ នាង​ចូល​ចិត្ត​ញាំ​ការ៉េម​ណាស់ ! ហើយ​នាង​ចូលចិត្ត​ដឹង​ថា នាង​អាច​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ សូម្បី​តែ​ពេល​លំបាក​ក៏​ដោយ ។ ជា​មួយ​នឹង​ជម្រើស​តូចៗ​ទាំង​អស់​ដែល​នាង​បាន​ជ្រើសរើស នាង​អាច​ធំ​ឡើង​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ស្គាល់​ថា នាង​អាច​ក្លាយ​ជា ។

Friend Magazine, 2021/01-02 Jan/Feb

រចនា​រូបភាព​ដោយ ថេមមី លីអន