ឆ្នាំ​២០២១
អារម្មណ៍​ដ៏​កក់ក្ដៅ​មួយ
ខែ មីនា ឆ្នាំ ២០២១


អារម្មណ៍ ដ៏​កក់ក្ដៅ មួយ

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​ហ្គាតេម៉ាឡា ប្រទេស​ហ្គាតេម៉ាឡា ។

« ហើយ​យើង​នឹង​ឱប​ក្រសោប​អ្នក​ដោយ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២០ ) ។

A young Guatemalan boy in the font after being baptized hugging his father. Boy in bed with stomach pains Boy in hospital bed with his parents at his side.

វា​ជា​ថ្ងៃ​ដ៏​ស្រស់​ស្អាត ព្រឹក​ដ៏​ស្រឡះ នៅក្នុង​ក្រុង សេន ហូសេ ភីនូឡា ជា​ក្រុង​ដ៏​តូច​មួយ​ក្បែរ​ទីក្រុង​ហ្គាតេម៉ាឡា ។ « ខ្ញុំ​ពុំ​អាច​រង់ចាំ​បាន​ទេ ! » យ៉ូស្វេ​បាន​ប្រាប់​ប្អូន​ស្រី​របស់​គាត់ ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ !

បន្ទាប់​ពី​ក្រុមគ្រួសារ​បាន​មក​ដល់​ព្រះវិហារ យ៉ូស្វេ និង​ប៉ាប៉ា​បាន​ស្លៀក​សំលៀកបំពាក់​ពណ៌​ស ។ ពី​ដំបូង យ៉ូស្វេ​មាន​អារម្មណ៍​ភ័យ​បន្តិច ។ ប៉ុន្តែ​ប៉ាប៉ា​បាន​កាន់​ដៃ​គាត់ ពេល​ពួកគេ​បាន​ដើរ​ចុះ​តាម​ជណ្ដើរ​ទៅក្នុង​អាង​ជ្រមុជ​ទឹក ហើយ​គាត់​មិន​មាន​អារម្មណ៍​ភ័យ​ខ្លាំង​ទៀត​ទេ ។ ពេល​យ៉ូស្វេ​បាន​ងើប​ចេញ​ពី​ទឹក​មក គាត់​ញញឹម​ពព្រាយ ។

យ៉ូស្វេ និង​ប៉ាប៉ា​បាន​ផ្លាស់​សំលៀកបំពាក់ ។ បន្ទាប់​មក ប៉ាប៉ា និង​ពូៗ ព្រម​ទាំង​លោកតា​របស់​យ៉ូស្វេ បាន​ដាក់​ដៃ​ពួកគាត់​លើ​ក្បាល​យ៉ូស្វេ ។ ពួកគាត់​បាន​ធ្វើ​វិធី​បញ្ជាក់​គាត់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យ៉ូស្វេ​បាន​ឮ​ប៉ាប៉ា​និយាយ​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។

គាត់​បាន​និយាយ​ថា « កូន​សប្បាយ​ចិត្ត​ណាស់ ! » ពេល​គាត់​បាន​ឱប​ប៉ាប៉ា​យ៉ាង​ណែន ។

ប៉ាប៉ា​បាន​និយាយ​ថា « ចូរ​ចងចាំ​ពី​ការសន្យា​ទាំងឡាយ​ដែល​កូន​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ » ។ « បើ​កូន​ចងចាំ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​គង់នៅ​ជាមួយ​កូន​ជានិច្ច ។ កូន​នឹង​មិន​ដែល​នៅ​តែ​ឯង​ឡើយ » ។

ពីរបី​ខែ​ក្រោយ​មក នៅ​ព្រឹក​មួយ យ៉ូស្វេ​បាន​យំ​ពេល​ភ្ញាក់​ឡើយ ។ គាត់​ឈឺពោះ​ខ្លាំង​ណាស់ ! « ម៉ាម៉ា ! » យ៉ូស្វេ​បាន​ស្រែក​ពី​គ្រែ​របស់​គាត់ ។ « ពោះ​កូន​ឈឺ​ខ្លាំង​ណាស់ ! »

ពោះ​គាត់​កាន់តែ​ឈឺ​ឡើងៗ ។ គាត់​មិន​អាច​ដើរ​បាន​ទេ ។ ប៉ាប៉ា​បាន​ផ្ដល់​ពរជ័យ​បព្វជិតភាព​ដល់​យ៉ូស្វេ បន្ទាប់​មក​ប៉ាប៉ា និង​ម៉ាម៉ា​បាន​យក​គាត់​ទៅ​ជួប​វេជ្ជបណ្ឌិត ។

វេជ្ជបណ្ឌិត​បាន​និយាយ​ថា យ៉ូស្វេ​ត្រូវ​ទទួល​ការវះកាត់​ជា​បន្ទាន់ ។ ស្ដាប់​ទៅ​គួរ​ឲ្យ​ខ្លាច ។

វេជ្ជបណ្ឌិត​បាន​និយាយ​ថា « យើង​នឹង​យក​ក្មួយ​ទៅ​បន្ទប់​ពិសេស​មួយ​ដើម្បី​ធ្វើ​ការវះកាត់ » ។ « ក្មួយ​នឹង​មិន​មាន​អារម្មណ៍​អ្វី​ទាំងអស់ ដោយ​សារ​ក្មួយ​នឹង​គេង​លក់ ។ ហើយ​ប៉ាម៉ាក់​ក្មួយ​នឹង​រង់ចាំ​ក្មួយ​នៅ​ខាង​ក្រៅ » ។

យ៉ូស្វេ​មាន​អារម្មណ៍​កាន់តែ​ភ័យ ។ ហេតុអ្វី​ប៉ាម៉ាក់​គាត់​មិន​អាច​នៅ​ខាង​ក្នុង​បន្ទប់​ជាមួយ​គាត់​បាន ? គាត់​មិន​អាច​ឈប់​យំ​បាន​ទេ ។

ម៉ាម៉ា​បាន​និយាយ​ដោយ​ទន់ភ្លន់ ។ គាត់​បាន​និយាយ​ថា « តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​កូន​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង ? »

យ៉ូស្វេ​បាន​និយាយ​ថា « ខ្ញុំ​ដឹង​អ្វី​ដែល​យើង​អាច​ធ្វើ » ។ « សូម​ច្រៀង ‹ ខ្ញុំ​ជា​កូន​របស់​ព្រះ › ជាមួយ​កូន ។ បន្ទាប់​មក សូម​យើង​អធិស្ឋាន​ម្ដង​ទៀត » ។

កាលដែល​ពួកគេ​ច្រៀង​តិចៗ នោះ​យ៉ូស្វេ​បាន​ចងចាំ​ពី​ការច្រៀង​បទ​នោះ​នៅ​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ។ ហើយ​កាលដែល​ពួកគេ​បាន​អធិស្ឋាន នោះ​គាត់​បាន​គិត​អំពី​អ្វី​ដែល​ប៉ាប៉ា​បាន​និយាយ​នៅ​ថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​គង់នៅ​ជាមួយ​កូន​ជានិច្ច ។ កូន​នឹង​មិន​ដែល​នៅ​ម្នាក់​ឯង​ឡើយ » ។

យ៉ូស្វេ​នៅ​តែ​មាន​អារម្មណ៍​ភ័យ ពេល​គិលានុបដ្ឋាយិកា​បាន​យក​គាត់​ទៅ​បន្ទប់​វះកាត់ ។ គាត់​មិន​អាច​មើល​ឃើញ​មុខ​របស់​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ទេ ដោយសារ​ពួកគេ​ពាក់​ម៉ាស់ ។ ប៉ុន្តែ​ពេល​គាត់​សម្លឹង​មើល​ទៅ​ភ្នែក​របស់​ពួកគេ គាត់​បាន​ដឹង​ថា​ពួកគេ​ជា​មិត្ត​របស់​គាត់ ហើយ​នឹង​ថែទាំ​គាត់​ឲ្យ​បាន​ល្អ ។

បន្ទាប់​ពី​ការវះកាត វេជ្ជបណ្ឌិត​បាន​និយាយ​ថា យ៉ូស្វេ​នឹង​ត្រូវ​សម្រាក ។ គាត់​នៅតែ​អស់​កម្លាំង ហើយ​ឈឺ ប៉ុន្តែ​ការឈឺចាប់​ក្នុង​ពោះ​គាត់​បាន​ប្រសើរ​ឡើង ។ គាត់​មិន​មាន​អារម្មណ៍​ចង់​យំ​ទៀត​ទេ ។ គាត់​បាន​ដឹង​ថា គាត់​នឹង​មិន​ថ្វី​ទេ ។

យ៉ូស្វេ​បាន​ប្រាប់​ម៉ាម៉ា និង​ប៉ាប៉ា​ថា « ខ្ញុំ​មាន​អារម្មណ៍​អ្វី​មួយ​នៅក្នុង​ចិត្ត​ខ្ញុំ » ។ « វា​គឺ​ជា​អារម្មណ៍​ដ៏​កក់ក្ដៅ​មួយ » ។

ម៉ាម៉ា​បាន​និយាយ​ថា « នោះ​ជា​របៀប​មួយ​ដែល​យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ » ។

យ៉ូស្វេ​បាន​ងក់​ក្បាល ។ គាត់​សប្បាយ​ចិត្ត​ដែល​គាត់​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដោយសារ​តែ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​គាត់​មិនដែល​នៅ​តែ​ឯង​នោះ​ទេ ។