ឆ្នាំ​២០២១
វិកគី តាឌីក
ខែ មីនា ឆ្នាំ ២០២១


អ្នក​ត្រួសត្រាយ​នៅ​គ្រប់​ដែនដី

វិកគី តាឌីក

អ្នក​ប្រែចិត្ត​ជឿ​ជំនាន់​ដំបូង នៅក្នុង​ប្រទេស​បូស្ន៊ី និង ហឺរ៍ស្សេហ្គូវីណា

« តើ​នោះ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ ? » វិកគី​បាន​សួរ ។

a girl in Bosnia and Herzegovina

« មក​លឿន​ឡើង ! » ប្អូន​ប្រុស​របស់​វិកគី​បាន​ហៅ ។ « តោះ ទៅលេង​ជាមួយ​គ្រួសារ​រ៉ូវ ! »

គ្រួសារ​រ៉ូវ​ជា​អ្នក​ជិតខាង​ថ្មី​របស់​ពួកគេ ។ ពួកគេ​បាន​ប្ដូរ​លំនៅ​ពី​សហរដ្ឋ មក​ប្រទេស​បូស្ន៊ី និង ហឺរ៍ស្សេហ្គូវីណា ។ ពួកគាត់​មាន​កូនៗ​អាយុ​តំណាល​វិកគី និង​បងប្អូន​នាង​ដែរ ។ ប៉ុន្តែ​ពួកគេ​មិន​និយាយ​ភាសា​បូស្ន៊ី​ទេ ។ វិកគី​ជា​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​និយាយ​ភាសា​អង់គ្លេស ។ នាង​បាន​បកប្រែ​ដើម្បី​ពួកគេ​អាច​លេង​ជាមួយ​គ្នា​បាន ។

វិកគី​បាន​អង្គុយ​ជាមួយ​អ្នកស្រី​រ៉ូវ​នៅ​រានហាល ខណៈ​ក្មេងៗ​ដទៃ​ទៀត​លេង ។

វិកគី​បាន​និយាយ​ថា « គ្រួសារ​របស់​អ្នកស្រី​ហាក់​ដូច​ជា​ខុស​ពី​គេ​ណាស់ » ។ « និយាយ​តាម​ផ្លូវ​ល្អ » ។

អ្នកស្រី​រ៉ូវ​បាន​ញញឹម ។ « តើ​ក្មួយ​ចង់​ទៅ​ព្រះវិហារ​ជាមួយ​ពួកយើង​ទេ ? នោះ​ប្រហែល​ជា​ជួយ​ក្មួយ​ឲ្យ​ឃើញ​ថា ហេតុអ្វី​យើង​ខុស​ពី​គេ ។ ព្រះវិហារ​របស់​យើង​មិន​មាន​អគារ​នៅ​បូស្ន៊ី​នេះ​ទេ ដូច្នេះ​យើង​មាន​ព្រះវិហារ​ជាមួយ​គ្រួសារ​យើង​នៅ​ផ្ទះ » ។

វិកគី​ចង់​ដឹង​ណាស់ ពេល​នាង​បាន​មកដល់​ផ្ទះ​គ្រួសារ​រ៉ូវ​នៅ​ថ្ងៃ​អាទិត្យ ។ ដំបូង​ឡើយ ពួកគេ​ច្រៀង​ចម្រៀង​មួយ​បទ ។ កូន​របស់​ពួកគាត់​ម្នាក់​បាន​អធិស្ឋាន ។ បន្ទាប់​មក លោក​រ៉ូវ​បាន​អធិស្ឋាន ហើយ​ចែក​នំប៉័ង និង​ទឹក​ដល់​ពួកគេ​ម្នាក់ៗ ។ ពួកគាត់​បាន​ប្រាប់​ថា គេ​ហៅ​វា​ថា​សាក្រាម៉ង់ ។ បន្ទាប់​មក​កូនស្រីរបស់​គាត់​ឈ្មោះ ជេសស៊ី បាន​ថ្លែង​សក្ខីភាព ។

ជេសស៊ី​បាន​និយាយ​ថា « ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ។ ទ្រង់​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ « ជួនកាល ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ដល់​យើង​នូវ​អារម្មណ៍​ដ៏​សុខសាន្ត ។ ឬ​ជួនកាល ទ្រង់​ប្រទាន​ដល់​យើង​ជា​គំនិត​មួយ » ។

ថ្ងៃ​បន្ទាប់​ទៀត វិកគី​បាន​ដើរ​ទៅ​ហាង​ទំនិញ​ដើម្បី​ទិញ​នំប៉័ង ។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ នាង​រៀប​នឹង​ដើរ​កាត់​ធុង​សម្រាម ពេល​មាន​សំឡេង​មួយ​ក្នុង​គំនិត​នាង​បាន​បញ្ឈប់​នាង ។សំឡេង​នោះ​បាន​និយាយ​ថា នៅឲ្យ​ឆ្ងាយ

វិកគី​បាន​ឈរ​ស្ងៀម​ទ្រឹង ។ ភ្លាម​នោះ មាន​ឡាន​មួយ​បាន​បើក​មក​រេ​ចង្កូត​វិល​ជុំ​វិញ​ជ្រុង​នោះ ។ បុកប្រាវ! ឡាន​បាន​បុក​ធុង​សម្រាម ។

វិកគី​បាន​ដក​ដង្ហើម​ធំ ។ នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​នាង​ស្ដាប់​តាម​សំឡេង​នោះ !

ក្រោយមក វិកគី​បាន​ប្រាប់​ដំណើររឿង​នោះ​ទៅ​អ្នកស្រី​រ៉ូវ ។ « តើ​នោះ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ ? »

« ស្ដាប់​ទៅ​ដូចជា​អញ្ចឹង​ហើយ ។ ជួនកាល ព្រះវិញ្ញាណ​បរិសុទ្ធ​ព្រមាន​យើង​អំពី​គ្រោះថ្នាក់ » ។

វិកគី​បាន​និយាយ​ថា « ព្រះ​បាន​ការពារ​ខ្ញុំ » ។ « ខ្ញុំ​នឹង​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច » ។

វិកគី​បាន​បន្ត​ទៅ​ផ្ទះ​គ្រួសារ​រ៉ូវ ដើម្បី​ចូលរួម​ព្រះវិហារ​ជា​រៀងរាល់​ថ្ងៃ​អាទិត្យ ។ បន្ទាប់​មក វិកគី​បាន​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​នឹង​ម្ដាយ​នាង ។ មិន​យូរ​ប៉ុន្មាន គ្រួសារ​នាង​ទាំងមូល​បាន​រៀន​អំពី​ដំណឹងល្អ​ពី​គ្រួសារ​រ៉ូវ ។ វិកគី​បាន​បកប្រែ​សម្រាប់​អ្នក​គ្រប់​គ្នា ។

ថ្ងៃ​មួយ​លោក​រ៉ូវ​បាន​សួរ​សំណួរ​មួយ​ទៅ​គ្រួសារ​វិកគី ។ វិកគី​បាន​ថា​តាម​សំណួរ​នោះ​ជា​ភាសា​បូស្ន៊ី ។ « តើ​បងប្អូន​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ​ឬ​ទេ ? »

វិកគី​បាន​រង់ចាំ ។ នាង​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ ប៉ុន្តែ​នាង​ភ័យ អំពី​អ្វី​ដែល​គ្រួសារ​នាង​នឹង​និយាយ ។

នៅ​ទីបំផុត ប៉ា​របស់​វិកគី​បាន​និយាយ ។ «ដា» ។

«ដា» គ្រួសារ​នាង​បាន​និយាយ​ជា​ភាសា បូស៊្នី ។

វិកគី​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ នាង​មាន​អារម្មណ៍​ថា​បេះដូង​នាង​នឹង​ផ្ទុះ ។ នាង​បាន​និយាយ​ទៅ​លោក​រ៉ូវ​ថា « ចាស» ។ « ចាស ពួកខ្ញុំ​យល់ព្រម » ។

មួយ​សប្ដាហ៍​ក្រោយ​មក វិកគី និង​គ្រួសារ​នាង​បាន​បើក​ឡាន​ប្រាំ​ម៉ោង​ទៅ​កាន់​អគារ​សាសនាចក្រ​ដែល​ជិត​បំផុត ។ វិកគី​មាន​អារម្មណ៍​សប្បាយ​ចិត្ត កាលដែល​នាង​បាន​ឈាន​ជើង​ចូល​ក្នុង​ទឹក​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ នាង​កាន់តែ​មាន​អារម្មណ៍​សប្បាយ​ខ្លាំង​ឡើង ពេល​នាង​បាន​ទទួល​ការបញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ឥឡូវ​នេះ នាង​នឹង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ជាមួយ​នាង ជានិច្ច ។

ប្រទេស​បូស្ន៊ី និង ហឺរ៍ស្សេហ្គូវីណា មាន​សមាជិក​សាសនាចក្រ​ចំនួន ៧៣ នាក់ ។

ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​ប្រទេស​បូស្ន៊ី និង ហឺរ៍ស្សេហ្គូវីណា បំផុត​គឺ ព្រះវិហារ​បរិសុទ្ធ​រ៉ូម​អ៊ីតាលី ។

ប្រទេស​បូស្ន៊ី និង ហឺរ៍ស្សេហ្គូវីណា មាន​ទីតាំង​នៅក្នុង​ទ្វីប​អឺរ៉ុប​ភាគ​អាគ្នេយ៍ ។

វិកគី​ចូលចិត្ត​សកម្មភាព​នៅ​ខាង​ក្រៅ ។ ការឡើង​ភ្នំ​ជា​អ្វី​មួយ​ដែល​នាង​ចូលចិត្ត​ធ្វើ ។

វិកគី​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​នៅ​អាយុ ១៦ ឆ្នាំ ។

ពេល​វិកគី​បាន​ធំ​ឡើង នាង​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឥឡូវ​នេះ នាង​មាន​កូន​ពីរ​នាក់ ។

Friend Magazine, 2021/03-04 Mar/Apr

រចនា​រូបភាព​ដោយ ស្សិន លីវ