ការត្រៀម សម្រាប់ បុណ្យអ៊ីស្ទើរ
« ថ្វាយបង្គំដល់ព្រះវរបិតាដោយនូវព្រះនាមទ្រង់ ដោយចិត្តបរិសុទ្ធ និងដោយដៃស្អាត » ( នីហ្វៃទី២ ២៥:១៦ ) ។
ម៉ាក់បានហៅ « លីឌៀ ភ្ញាក់ឡើង » ។ « នេះជាថ្ងៃព្រហស្បតិ៍ស្អាត » ! នៅក្នុងប្រទេសរុស្សី ជាកន្លែងដែលលីឌៀរស់នៅ ថ្ងៃហស្បត្តិ៍ស្អាតជាថ្ងៃពិសេសមួយដើម្បីត្រៀមសម្រាប់បុណ្យអ៊ីស្ទើរ ។
លីឌៀនរមៀលខ្លួនចុះ ហើយបានសម្លឹងទៅក្រៅបង្អួចរបស់នាង ។ វានៅងងឹតនៅឡើយងនៅខាងក្រៅ ។
លីឌៀននិយាយថា « ម៉ាម៉ា កូនងងុយគេងណាស់ » ។ « កូនសូមគេងបន្តិចទៀតបានទេ ហើយកូនសម្អាតវានៅពេលក្រោយ ? »
ម៉ាម៉ាបានញញឹម ហើយអង្គុយនៅលើគ្រែ ។ « មានមូលហេតុមួយដែលយើងភ្ញាក់ពីព្រលឹមនៅថ្ងៃនេះ ។ តើកូនដឹងថាវាជាអ្វីទេ ?
លីឌៀបានគិតយ៉ាងខ្លាំង ប៉ុន្តែនាងមិនបានដឹងទេ ។
« យើងធ្វើឲ្យផ្ទះយើងស្អាតថ្ងៃនេះ ដើម្បីរំឭកយើងអំពីពេលដែលព្រះយេស៊ូវបានលាងជើងពួកសិស្សរបស់ទ្រង់ ។ ទ្រង់ស្រឡាញ់ ហើយបម្រើមនុស្សដទៃទៀត ហើយយើងចង់បម្រើដូចជាទ្រង់នៅក្នុងផ្ទះរបស់យើង ។ ថ្ងៃនេះគឺជាថ្ងៃដើម្បីចងចាំព្រះយេស៊ូវ ! » ម៉ាម៉ាបាននិយាយ ។
លីឌៀចង់បម្រើដូចជាព្រះយេស៊ូវ ដូច្នេះនាងបានងើបចេញពីគ្រែ ។ អស់ពេញមួយថ្ងៃ នាងបានខិតខំធ្វើការ ។ នាងសម្អាតឥដ្ឋ បោកសំលៀកបំពាក់ ហើយបានជួយចម្អិនអាហារ ។ នាងមានមោទនភាព នៅល្ងាចនោះ ។ គ្រប់យ៉ាងស្អាតចែងចាំង ។
ថ្ងៃបន្ទាប់គឺជាថ្ងៃសុក្រល្អ ។ លីឌៀ ម៉ាម៉ា និងប៉ាប៉ាបានធ្វើស៊ុតអ៊ីស្ទើរ ។ ពួកគេបានចោះប្រហោងតូចៗលើសំបកស៊ុត ហើយច្រោះយកស៊ុតខាងក្នុងចេញ ។ ពួកគេបានគូរក្បាច់ផ្សេងៗនៅលើស៊ុត ហើយបានស្រោបស៊ុតនីមួយនៅក្នុងក្រមួន ។ បន្ទាប់មកពួកគេបានជ្រលក់ស៊ុតទាំងនោះក្នុងល័ក្ដណ៍ពណ៌ក្រហមស្រស់ ពណ៌ស្វាយ និងពណ៌បៃតង ។ លីឌៀចូលចិត្តក្បាច់កួចៗដ៏ស្រស់ស្អាតទាំងអស់ ។
ពេលស៊ុតទាំងនោះស្ងួត លីឌៀបានមូររូបថតតូចមួយរបស់គ្រួសារនាង ហើយបានដាក់រូបមួយចូលក្នុងស៊ុតនីមួយៗ ។ ថ្ងៃសុក្រនេះគឺជាថ្ងៃដើម្បីនៅជួបជុំគ្នា ហើយចងចាំពីពលិកម្មរបស់ព្រះយេស៊ូវ ។ វាជាថ្ងៃនៅក្នុងសប្ដាហ៍ពេលដែលព្រះយេស៊ូវបានសុគត ។ ស៊ុតរំឭកលីឌៀអំពីផ្នូរដែលគេដាក់ព្រះយេស៊ូវ ។ គ្រួសាររបស់លីឌៀធ្វើឲ្យអស់ពីសមត្ថភាពដើម្បីចងចាំពីទ្រង់ ។
នៅថ្ងៃសៅរ៏ដ៏បរិសុទ្ធ ម៉ាម៉ាបានធ្វើ គូលីច ( នំប៉័ងអ៊ីស្ទើរ ) ។ ការធ្វើ គូលីច ជាប្រពៃណីបុណ្យអ៊ីស្ទើរដ៏សំខាន់មួយនៅក្នុងប្រទេសរុស្សី ។ មនុស្សតែងតែព្យាយាមមានគារវភាពពេលដុតនំ គូលីច ។ លីឌៀបានគិតអំពីគ្រួសាររបស់នាង ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ និងអ្វីៗដែលនាងមានអំណរគុណដល់ ។ វាងាយដើម្បីគិតពីរឿងរ៉ាវខាងវិញ្ញាណជា ពេលដែលផ្ទះរបស់នាងស្អាត និងមានភាពសុខសាន្ត ។
ទីបំផុតវាគឺជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ! លីឌៀរំភើបខ្លាំងណាស់ ។ បងប្អូនជីដូនមួយរបស់នាងបានមកលេង ។ ពួកគេទាំងអស់គ្នាបានញ៉ាំអាហារដ៏ឆ្ងាញ់ដែលនាងបានជួយចម្អិន ។ មាននំផាយ គូលីច សាច់ក្រក និងឈីស ។ កាលដែលពួកគេបានទទួលទាន ពួកគេបានចែកចាយទីបន្ទាល់របស់ពួកគេ ហើយបាននិយាយអំពីរឿងរ៉ាងទាំងឡាយដែលពួកគេមានអំណរគុណដល់ ។
បន្ទាប់ពីអាហារពេលល្ងាចហើយ ពួកគេបានលេងល្បែងពិសេសមួយ ។ មនុស្សម្នាក់ៗកាន់ស៊ុតដែលបានតុបតែងមួយ ហើយគោះវានឹងស៊ុតមួយទៀត ។ មនុស្សដែលស៊ុតរបស់គេប្រេះបែកមុនគេ ចាញ់ល្បែងនោះ ។ ដៃរបស់លីឌៀញ័រ ពេលនាងរុញស៊ុតរបស់នាងទៅនឹងស៊ុតបងប្អូនជីដូនមួយនាង ។ នាងបានស្រែក « ឱ ស៊ុតអើយ កុំបែកអី ! » ស៊ុតពណ៌ស្វាយដ៏ស្រស់របស់នាងបានបែកជាបំណែកតូចៗ ។ នៅក្នុងបំណែកស៊ុតទាំងនោះគឺរូបថតរបស់គ្រួសារនាង ។
លីឌៀបានញញឹមពេលនាងសម្លឹងមើលរូបថតនោះ ។ នាងមិនប្រកាន់ទេដែលនាងចាញ់ល្បែងនោះ ។ អារម្មណ៍ដ៏កក់ក្ដៅរីករាយមួយជ្រាបក្នុងចិត្តរបស់នាង ។ នាងបានខិតខំណាស់ដើម្បីរៀបចំបុណ្យអ៊ីស្ទើរនេះ ដោយការជួយ និងការស្រឡាញ់គ្រួសារនាង ។ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះពួកគេទាំងអស់គ្នានឹងរស់ម្ដងទៀត !