ត្រៀមខ្លួនទៅព្រះវិហារបរិសុទ្ធ !
យើងបានសួរក្មេងៗពីរបៀបដែលពួកគេកំពុងរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ និងអ្វីដែលត្រូវរំពឹងទុក ។ នេះជាអ្វីដែលពួកគេនិយាយ !
« ខ្ញុំកំពុងសិក្សាអំពីសំណួរសម្ភាសន៍ទៅព្រះវិហារបរិសុទ្ធដើម្បីត្រៀមខ្លួនទៅព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានទីបន្ទាល់ដ៏រឹងមាំមួយ » ។
អូលីវៀ ដបបិលយូ អាយុ ៩ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា
« ខ្ញុំរំភើបដើម្បីទៅព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ។ ខ្ញុំបានរៀនច្រើនអំពីព្រះវិហារបរិសុទ្ធ ដោយការសិក្សាបទគម្ពីរនានា ។ ខ្ញុំរំភើបពីព្រោះទោះបីជាខ្ញុំនៅលើបរិវេណព្រះវិហារបរិសុទ្ធ ក៏ខ្ញុំអាចទទួលអារម្មណ៍នៃព្រះវិញ្ញាណយ៉ាងខ្លាំង ។ ខ្ញុំប្រាកដចិត្តថា នៅខាងក្នុងមានព្រះវិញ្ញាណកាន់តែខ្លាំងជាងនេះទៅទៀត » ។
លូក អេហ្វ អាយុ ១០ ឆ្នាំ រដ្ឋអៃដាហូ ស.រ.អា.
« យើងអាចរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធបន្តិចម្តងៗជារៀងរាល់ថ្ងៃ ។ ធ្វើតាមព្រះបញ្ញត្តិទាំងឡាយ ។ ខ្ញុំអានព្រះគម្ពីរជាមួយបងប្រុស និងម្តាយខ្ញុំរាល់ព្រឹកពីមុនទៅសាលារៀន ។ ខ្ញុំព្យាយាមធ្វើជាគំរូដល់មិត្តភក្តិរបស់ខ្ញុំ ។ ខ្ញុំព្យាយាមជ្រើសរើសត្រឹមត្រូវដូចជាបទចម្រៀងក្នុងទំនុកតម្កើង ‹ ធ្វើអ្វីដែលត្រូវ › ( ទំនុកតម្កើង ល.រ. ១៤៧ ) ។ យើងច្រៀងបទនោះនៅពេលព្រឹកដើម្បីមានអារម្មណ៍ល្អ ! »
ម៉ាក វ៉ាយ អាយុ ១០ ឆ្នាំ នៅ ប៉ូតាវ៉ា ប្រទេស អ៊ុយក្រែន
« ខ្ញុំបានអធិស្ឋានរាល់ថ្ងៃ ហើយបានសួរឪពុកម្តាយខ្ញុំអំពីពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ។ ខ្ញុំក៏ត្រៀមខ្លួនដើម្បីទទួលការសម្ភាសន៍របស់ខ្ញុំជាមួយប៊ីស្សពផងដែរ ។ ខ្ញុំរំភើបដើម្បីទៅព្រះវិហារបរិសុទ្ធណាស់ » ។
ដានីយ៉ែល អាយុ ១១ ឆ្នាំ កៀវ ប្រទេសអ៊ុយក្រែន
« ខ្ញុំចូលចិត្តការទៅព្រះវិហារបរិសុទ្ធជាលើកដំបូងរបស់ខ្ញុំ ។ ពីមុនដល់វេនខ្ញុំធ្វើបុណ្យជ្រមុជទឹក ខ្ញុំបានធ្វើជាសាក្សី ។ ខ្ញុំបានឃើញអ្នកផ្សេងទៀតធ្វើពិធីបុណ្យជ្រមុជទឹក ហើយត្រូវធានាឲ្យបានថា ពួកគេលិចចូលក្នុងទឹកទាំងស្រុង ។ នៅពេលដល់វេនខ្ញុំធ្វើពិធីបុណ្យជ្រមុជទឹក ទឹកនោះក្តៅអ៊ុនៗ ។ ខ្ញុំមានអារម្មណ៍សុខសាន្ត និងសុភមង្គល ។ ខ្ញុំចូលចិត្តព្រះវិហារបរិសុទ្ធ ហើយចូលចិត្តជួយនៅក្នុងកិច្ចការដ៏ធំនេះ » ។
អានតូនីឡា អេ អាយុ ១២ ឆ្នាំ ប្រ៊ីធីស កូឡុំប៊ី ប្រទេសកាណាដា