« សេចក្ដីសុខសាន្ដដើម្បីប្រឈមនឹងព្យុះជីវិត » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
សេចក្ដីសុខសាន្ដ ដើម្បីប្រឈមនឹងព្យុះជីវិត
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទមានបន្ទូលមកកាន់ក្មួយៗ អំឡុងពេលមានព្យុះនៅក្នុងជីវិតរបស់ក្មួយៗ ៖ « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។
បន្ទាប់ពីបានបង្រៀនអស់មួយថ្ងៃពេញនៅមាត់សមុទ្រ នោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ឲ្យពួកសិស្សទ្រង់ជិះឆ្លងទៅត្រើយម្ខាងទៀតនៃសមុទ្រកាលីឡេ ។ ក្រោយពីពួកលោកបានចេញទូក នោះព្រះយេស៊ូវបានរកឃើញកន្លែងមួយដើម្បីផ្ទុំនៅលើទូក ហើយក៏លង់លក់ទៅ ។
មិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមងងឹត « នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ » ( សូមមើល ម៉ាកុស ៤:៣៧ ) ។
ពួកសិស្សបីបួននាក់របស់ព្រះយេស៊ូវធ្លាប់មានបទពិសោធន៍ជាអ្នកនេសាទ ហើយដឹងពីរបៀបបើកក្ដោងទូក ។ ប៉ុន្ដែព្យុះបានបោកបក់ខ្លាំង ហើយពួកលោកចាប់ផ្ដើមភ័យស្លន់ស្លោ ។ ទូកនោះមើលទៅហៀបនឹងលិចទឹកទៅហើយ ។
ពេញមួយព្រឹត្តិការណ៍នេះ ព្រះយេស៊ូវនៅតែផ្ទុំដដែល ។
យើងមិនដឹងថា ពួកសិស្សបានពុះពារនឹងព្យុះនេះយូរប៉ុណ្ណាហើយនោះទេ ប៉ុន្ដែនៅទីបំផុត ពួកលោកលែងរង់ចាំបានទៀតហើយ ។ ពួកលោកបានដាស់ព្រះយេស៊ូវ ហើយបានស្រែកថា « លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី ? » ( ម៉ាកុស ៤:៣៨ ) ។
ព្យុះជីវិត
ពួកយើងទាំងអស់គ្នាជួបនឹងព្យុះនានានៅក្នុងជីវិត ។ ក្មួយៗអាចមើលទៅបញ្ហានៅជុំវិញពិភពលោកនេះ ឬស្ថានភាពរបស់ក្មួយផ្ទាល់ ហើយមានអារម្មណ៍ថាយ៉ាប់យ៉ឺនចិត្ត បាក់ទឹកចិត្ត និងខកចិត្ត ។ ដួងចិត្តរបស់ក្មួយៗអាចឈឺផ្សាអាណិតខ្លួនឯង ឬនរណាម្នាក់ដែលក្មួយៗស្រឡាញ់ ។ ក្មួយៗអាចព្រួយបារម្ភ ឬភ័យខ្លាច ហើយមានអារម្មណ៍ថា សេចក្ដីសង្ឃឹមបានចាកចោលក្មួយជារៀងរហូតហើយ ។
នៅក្នុងគ្រាទាំងនេះ ក្មួយៗអាចស្រែកដូចជាពួកសិស្សរបស់ព្រះយេស៊ូវដែរ « លោកគ្រូអើយ ទូលបង្គំ វិនាស ហើយលោកមិនរវល់ទេឬអី ? »
កាលខ្ញុំអាយុតំណាលក្មួយៗ ទំនុកតម្កើងមួយដែលខ្ញុំចូលចិត្តគឺបទ « លោកគ្រូ ខ្យល់ព្យុះកំពុងបោកបក់ » ។១ ខ្ញុំអាចស្រមៃឃើញខ្លួនឯងនៅលើទូកនោះ ពេល « រលក [ បាន ] បោកច្រាំងឡើងយ៉ាងខ្ពស់ ! » វគ្គដ៏សំខាន់ និងដ៏ពីរោះបំផុតនៃទំនុកតម្កើងនេះបន្ដថា ៖ « ខ្យល់ និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់ ៖ ចូរស្ងប់ទៅ » ។ រួចហើយសារលិខិតដ៏សំខាន់នេះលេចឡើង ៖ « រលកមិនអាចលេបត្របាក់បើទ្រង់នៅជាម្ចាស់នៃសមុទ្រ ផែនដី និងផ្ទៃមេឃ » ។
បន្ទាប់ពីពួកសិស្សរបស់ទ្រង់បានស្រែករកជំនួយ នោះព្រះយេស៊ូវបាន « តើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ ។ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ » ( ម៉ាកុស៤:៣៩ ) ។
ប្រសិនបើក្មួយៗស្វាគមន៍ព្រះយេស៊ូវគ្រីស្ទ ដែលជា « ម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) ឲ្យមកក្នុងទូករបស់ក្មួយៗ នោះក្មួយៗអាចរកឃើញសេចក្ដីសុខសាន្ដនៅកណ្ដាលព្យុះដែលកួចយ៉ាងវីវក់ និងគួរឲ្យភ័យខ្លាចនេះបាន ដែលវាកំពុងវិលនៅក្នុងខ្លួនក្មួយៗ និងនៅជុំវិញក្មួយៗ ។
ព្រះបន្ទូលដដែលនោះ ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សមុទ្រកាលីឡេនៅយប់មានព្យុះជាយូរមកហើយនោះ ទ្រង់នឹងមានបន្ទូលទៅកាន់ក្មួយៗអំឡុងព្យុះទាំងឡាយនៅក្នុងជីវិតរបស់ក្មួយៗដែរ ៖ « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។
ពឹងផ្អែកលើព្រះចេស្ដាដ៏លួងលោមរបស់ទ្រង់
តើក្មួយៗអាចស្រមៃពីអារម្មណ៍របស់ពួកសិស្សចេញដែរឬទេ កាលពួកលោកបានឃើញខ្យល់ ភ្លៀង និងសមុទ្រគោរពតាមបញ្ជារបស់លោកគ្រូពួកលោកនោះ ? អ្វីដែលពួកលោកអាចនិយាយបានគឺ « តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ ? » ( ម៉ាកុស ៤:៤១ ) ។
ព្រះយេស៊ូវគ្រីស្ទគឺមិនដូចជាអ្នកផ្សេងទៀត ដែលធ្លាប់បានដើរនៅលើផែនដីនេះទេ ។ ទ្រង់បានយាងមកដើម្បីសង្គ្រោះពួកយើង ។ នៅសួនច្បារគែតសេម៉ានី ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបរបស់ពួកយើងទាំងអស់គ្នា ។ ទ្រង់ក៏បានស៊ូទ្រាំនឹងការឈឺចាប់ និងទុក្ខសោករបស់យើងទាំងអស់ផងដែរ ។ ការរងទុក្ខដ៏មហិមា និងដ៏និរន្ដរនេះបានបណ្ដាលឲ្យទ្រង់ហូរព្រះលោហិតចេញពីគ្រប់រន្ធញើសទាំងអស់ ( សូមមើល លូកា ២២:៤៤; គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ ) ។
អ្វីដែលព្រះអម្ចាស់បានធ្វើចេញពីសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះនេះ គឺហួសពីសមត្ថភាពរបស់ខ្ញុំដើម្បីយល់បានទៅទៀត ។ ប៉ុន្ដែខ្ញុំដឹងថា ទ្រង់បានធ្វើវាសម្រាប់ខ្ញុំ សម្រាប់ក្មួយៗ និងសម្រាប់ព្រលឹងទាំងអស់ដែលបានរស់នៅ ឬដែលនឹងរស់នៅ ។ ទ្រង់បានប្រទានអ្វីៗទាំងអស់ ដើម្បីឲ្យយើងអាចទទួលបានអ្វីៗទាំងអស់ ។
គ្មាននរណាម្នាក់នឹងដកពិសោធន៍អ្វីដែលព្រះយេស៊ូវបានរងទុក្ខនោះទេ ប៉ុន្ដែក្មួយៗ និងខ្ញុំត្រូវប្រឈមមុខនឹងព្យុះដ៏ងងឹត និងល្វីងជូរចត់ផ្ទាល់ខ្លួនរបស់យើង ។ ប្រសិនបើក្មួយៗលើកដួងចិត្តរបស់ក្មួយឡើងទៅរកព្រះអម្ចាស់ នោះទ្រង់នឹងរម្ងាប់ព្យុះរបស់ក្មួយៗ ព្រោះទ្រង់បានដកពិសោធន៍អ្វីទាំងអស់នោះរួចហើយ ។ ទ្រង់បានរងទុក្ខដោយមិនគិតពីព្រះអង្គទ្រង់ផ្ទាល់ដើម្បីក្មួយៗ ហើយទ្រង់មានព្រះចេស្ដាដើម្បីពង្រឹង លើកទឹកចិត្ត និងប្រទានពរដល់ក្មួយៗ ។
ទ្រង់បានសន្យាថា « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ( យ៉ូហាន ១៤:២៧ ) ។
ផ្លូវទៅរកសេចក្ដីសុខសាន្ដ
ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានប្រទានផ្លូវជាច្រើនឲ្យក្មួយៗមានអារម្មណ៍ពីសេចក្ដីសុខសាន្ដរបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា « ចូររៀនអំពីយើង ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ ចូរដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់យើង នោះអ្នកនឹងបានសេចក្ដីសុខសាន្ដក្នុងយើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ) ។
សូមរៀនអំពីទ្រង់តាមរយៈការសិក្សាពីព្រះជន្ម និងការបង្រៀនរបស់ទ្រង់ដែលមាននៅក្នុងព្រះគម្ពីរ ។ សូមលើកស្ទួយព្រលឹងរបស់ក្មួយៗនៅក្នុងការអធិស្ឋាន ។ សូម « ឈរ … នៅក្នុងទីបរិសុទ្ធទាំងឡាយ » រួមមានព្រះវិហារបរិសុទ្ធជាដើម ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:៨; សូមមើលផងដែរ ៤៥:៣២ ) ។
សូមស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់មកពីព្យាការីដែលនៅរស់ ។ សូមធ្វើតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ សូមប្រើអំណោយទានដ៏ទេវភាពនៃការប្រែចិត្ត ។ សូមមកកាន់សាសនាចក្ររបស់ទ្រង់ដើម្បីទទួលបានមិត្តភាព ការបង្រៀន និងការថែទាំដោយព្រះបន្ទូលដ៏ល្អរបស់ព្រះ ។
សូមដើរក្នុងភាពទន់ទាននៃព្រះវិញ្ញាណរបស់ទ្រង់ តាមរយៈការធ្វើឲ្យគេហដ្ឋានរបស់ក្មួយៗក្លាយជាកន្លែងមួយដែលព្រះវិញ្ញាណរបស់ទ្រង់អាចគង់នៅបាន ។ សូមជួយដល់អ្នកដទៃ ហើយបម្រើទ្រង់ដោយក្ដីរីករាយ ។ សូមចាំថា « អំពើសុចរិតមានក្តីសុខសាន្ត » ។២ សូមខិតខំបន្ដនៅស្មោះត្រង់ និងធ្វើជា « [ អ្នកដើរតាម ] ព្រះគ្រីស្ទដោយសុខសាន្ត » ( មរ៉ូណៃ ៧:៣ ) ។
ប្រសិនបើក្មួយៗនឹងរៀនសូត្រ ស្ដាប់តាម ហើយដើរជាមួយព្រះអម្ចាស់ នោះសេចក្ដីសន្យាដ៏អស្ចារ្យរបស់ទ្រង់នឹងកើតមាន ៖ ក្មួយៗនឹងមានសេចក្ដីសុខសាន្ដរបស់ទ្រង់ ។
សេចក្ដីជំនឿដើម្បីនៅស្ងប់ ហើយស្ងាត់ឈឹង
ដោយមានសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ក្មួយៗអាចនៅ « ស្ងប់ ហើយស្ងាត់ឈឹង » បាន នៅពេលព្យុះជីវិតបក់បោកមកលើក្មួយៗ ។ សេចក្ដីសុខសាន្ដអាចមិនកើតឡើងភ្លាមៗដូចដែលវាបានកើតឡើងចំពោះពួកសិស្សនៅឯសមុទ្រកាលីឡេនោះទេ ប៉ុន្ដែព្រះអម្ចាស់នឹងពង្រឹងក្មួយៗឲ្យ ឆ្លងកាត់ ព្យុះទាំងឡាយដែលក្មួយៗនឹងជួបបាន ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។
ទ្រង់ស្រឡាញ់ក្មួយៗ ។
ទ្រង់ស្គាល់ក្មួយៗ ។
ទ្រង់យល់ពីក្មួយៗ ។
ទ្រង់នឹងមិនទុកក្មួយៗចោលឲ្យនៅរងារ នៅគ្រាដែលក្មួយៗត្រូវការជំនួយនោះទេ ។
សេចក្ដីសុខសាន្ដដ៏ពិតប្រាកដកើតមានតែនៅក្នុង និងតាមរយៈទ្រង់ប៉ុណ្ណោះ ។ សេចក្ដីសុខសាន្ដរបស់ទ្រង់គឺសម្រាប់មនុស្សទាំងអស់ ដែលនឹងងាកមករកទ្រង់ ។