« គោលការណ៍ទូទៅ ជម្រើសជាក់លាក់ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
គោលការណ៍ទូទៅ ជម្រើសជាក់លាក់
តើអ្នកអនុវត្តគោលការណ៍ទូទៅនៅក្នុងស្ថានភាពជាក់លាក់ក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
នេះគឺជាពាក្យសម្ដីដកស្រង់ចំនួនបីមកពីព្យាការីបីរូបខុសៗគ្នា ។ សូមមើលថាតើអ្នកអាចរកឃើញប្រធានបទស្រដៀងគ្នាដែរឬទេ ៖
« ចូរមានប្រាជ្ញាឡើង ចុះតើខ្ញុំអាចនិយាយអ្វីទៀត ? »
« យើងពុំអាចប្រាប់អ្នករាល់គ្នាឲ្យអស់នូវការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាអាចប្រព្រឹត្តអំពើបាបនោះទេ » ។
« ខ្ញុំបង្រៀនពួកគេតាមគោលការណ៍ត្រឹមត្រូវ ហើយពួកគេគ្រប់គ្រងខ្លួនឯងផ្ទាល់ » ។
Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៨៤ ។
វាមើលទៅហាក់ដូចជាព្យាការីផ្ដល់គោលការណ៍នៃដំណឹងល្អរបស់ព្រះអម្ចាស់ដល់យើង រួចហើយទុកឲ្យយើងរស់នៅតាមវាដោយខ្លួនឯង ។ ពួកលោកមិនផ្ដល់សេចក្ដីលម្អិតគ្រប់ចំណុចដល់យើងនោះទេ ។ ដូច្នេះ តើយើងទទួលយកការបង្រៀនរបស់ពួកលោក ហើយអនុវត្តតាមការបង្រៀនទាំងនោះយ៉ាងដូចម្ដេច ?
តើអ្នកអនុវត្តតាមការបង្រៀនរបស់ព្យាការីដោយរបៀបណា ?
ព្យាការីផ្ដល់បទបញ្ញត្តិមកពីព្រះអម្ចាស់ដល់ពួកយើង ។ ពួកលោកក៏បង្រៀនយើងអំពីគោលការណ៍ និងសេចក្ដីណែនាំនានា ដែលជួយយើងឲ្យអនុវត្តតាមសេចក្ដីពិត និងបទបញ្ញត្តិដ៏អស់កល្បផងដែរ—ឧទាហរណ៍នៅក្នុងសេចក្ដីណែនាំ ដើម្បីកម្លាំងនៃយុវជន ជាដើម ។
ប៉ុន្ដែពេលខ្លះ សមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឆ្ងល់ពីរឿងលម្អិត—រឿងជាក់លាក់នានា ដែលយើងគួរតែធ្វើដើម្បីរស់នៅតាមគោលការណ៍ និងបទបញ្ញតិ្តនៃដំណឹងល្អឲ្យបានល្អបំផុត ។ ឧទាហរណ៍ សមាជិកអាចឆ្ងល់ពីប្រភេទសម្លៀកបំពាក់បែបណាឲ្យប្រាកដ ដែលបង្ហាញពីការគោរពយ៉ាងសមរម្យដល់រាងកាយរបស់ពួកគេ ។ ឬពួកគេអាចឆ្ងល់ថាតើពួកគេគួរតែធ្វើអ្វីឲ្យប្រាកដទៅ នៅថ្ងៃឈប់សម្រាកដើម្បីរក្សាវាឲ្យបានបរិសុទ្ធ ។
គោលការណ៍ទូទៅអាចអនុវត្តបានតាមរបៀបជាក់លាក់ផ្សេងៗគ្នាដោយមនុស្សខុសៗគ្នា ប៉ុន្ដែយើងអាចស្វែងរកការដឹកនាំពីព្រះអម្ចាស់បាន នៅពេលយើងជ្រើសជម្រើសផ្ទាល់ខ្លួនរបស់យើង ដើម្បីឲ្យយើងអាចខិតកាន់តែជិតព្រះ ។
គន្លងដ៏មានប្រយោជន៍
ប្រធាន រ័សុល អិម ណិលសុន ធ្លាប់បានពន្យល់ពីរបៀបដែលលោកបានរើសយកជម្រើសក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ៖
« ខ្ញុំបានរៀនពីព្រះគម្ពីរថា ការប្រព្រឹត្ត និងអាកប្បកិរិយារបស់ខ្ញុំនៅថ្ងៃឈប់សម្រាកគឺជា ទីសម្គាល់ រវាងខ្ញុំ និងព្រះវរបិតាសួគ៌ខ្ញុំ ។ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំគ្រាន់តែសួរខ្លួនឯងថា ‹ តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញទៅដល់ព្រះ ? › សំណួរនោះបានធ្វើឲ្យជម្រើសរបស់ខ្ញុំអំពីថ្ងៃឈប់សម្រាកច្បាស់ដូចជាកែវគ្រីស្ទាល់ » ( សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៥ [ Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ] ) ។
របៀបដែលប្រធាន ណិលសុន បានឆ្លើយនឹងសំណួរជាក់លាក់នេះ អាចបង្ហាញយើងពីគន្លងទូទៅមួយក្នុងការធ្វើការជ្រើសរើសអំពីបទបញ្ញត្តិ និងគោលការណ៍ណែនាំទាំងឡាយ ។ នេះគឺជារបៀបមួយដែលអ្នកអាចបង្ហាញវាបាន ៖
អ្នកអាចធ្វើតាមគន្លងនេះជាមួយបទបញ្ញត្តិ ឬគោលការណ៍ណែនាំណាក៏បាន—ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ដ តន្ដ្រី ភាពបរិសុទ្ធខាងផ្លូវភេទ និងដង្វាយមួយភាគក្នុងដប់ទៀតផង ។ វាត្រូវការកិច្ចខិតខំមួយចំនួន ប៉ុន្ដែវានឹងស័ក្ដិសមចំពោះការខិតខំនោះ ។
នៅពេលអ្នកសិក្សាពីការណ៍ទាំងនេះ អ្នកអាចអានអ្វីដែលព្រះគម្ពីរ និងព្យាការីសម័យទំនើបបានថ្លែងអំពីវា សញ្ជឹងគិត រួចហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នក និងបំផុសគំនិតអ្នកឲ្យធ្វើការជ្រើសរើសល្អៗ ។
ចុះជម្រើសរបស់អ្នកផ្សេងវិញនោះ ?
សូមកត់ចំណាំថា ប្រធាន ណិលសុន មិនបានប្រាប់យើងពីជម្រើសជាក់លាក់អ្វីដែលលោកបានធ្វើអំពីថ្ងៃឈប់សម្រាកនោះទេ ។ លោកបានបង្ហាញយើងពីរបៀបដែលយើងអាចធ្វើការជ្រើសរើសដោយខ្លួនឯងបាន ។ អ្នកប្រហែលជាធ្វើការជ្រើសរើសជាច្រើនដូចដែលលោកបានធ្វើពីមុនដែរ ។ ប៉ុន្ដែចំណុចសំខាន់នោះគឺ ការព្យាយាមខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈជម្រើសរបស់យើង ។
ប្រសិនបើប្អូនៗសម្គាល់ឃើញនរណាម្នាក់ផ្សេងទៀតនៅក្នុងព្រះវិហារ មិនធ្វើអ្វីៗគ្រប់យ៉ាងដូចគ្នានឹងរបៀបដែលអ្នកធ្វើទេ នោះអ្នកមិនចាំបាច់ខ្វល់ទៅកែតម្រូវពួកគេនោះទេ ។ ដូចដែល រ៉េណា អ៊ី អាប៊ើតូ អតីតទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ធ្លាប់បានថ្លែងថា « ចូរយើងធ្វើតាមផ្លូវរបស់ព្រះអង្គសង្គ្រោះ ហើយបង្កើនចិត្តអាណិតអាសូររបស់យើង បន្ថយការចង់វិនិច្ឆ័យគេរបស់យើង ហើយឈប់ធ្វើជាអធិការនៃជីវិតខាងវិញ្ញាណរបស់អ្នកដទៃ » ( សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៩ [ Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨ ] ) ។
អ្នកអាចឱបក្រសោបគោលការណ៍ត្រឹមត្រូវទាំងឡាយ ដែលបានបង្រៀនដោយព្យាការីបាន ។ អ្នកអាចចង្អុលប្រាប់អ្នកដទៃឲ្យទៅកាន់ព្រះអង្គសង្គ្រោះ សេចក្ដីស្រឡាញ់ ព្រះទ័យអាណិតអាសូរ និងព្រះបញ្ញត្តិរបស់ទ្រង់បាន ។ អ្នកអាចអានសេចក្ដីណែនាំនៅក្នុង ដើម្បីកម្លាំងនៃយុវជន បាន ។ អ្នកអាចព្យាយាមរស់នៅដោយស្មោះត្រង់ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើជាគំរូដ៏ល្អ ហើយចែកចាយបទពិសោធន៍ខាងវិញ្ញាណរបស់អ្នកបាន ។
ប្រសិនបើអ្នកផ្ដោតលើការស្រឡាញ់ព្រះ និងការស្រឡាញ់មនុស្សដទៃ នោះអ្នកនឹងត្រូវបានណែនាំឲ្យជ្រើសរើសជម្រើសនានា ដែលនឹងជួយធ្វើឲ្យអ្នក និងមនុស្សដទៃសប្បាយចិត្ត ។