ឆ្នាំ​២០២៣
ព្រះយេស៊ូវ​គ្រីស្ទ ៖ សេចក្ដី​សុខសាន្ដ​នៅ​កណ្ដាល​ព្យុះសង្ឃរា
ខែ មីនា ឆ្នាំ ២០២៣


« ព្រះយេស៊ូវ​គ្រីស្ទ ៖ សេចក្ដី​សុខសាន្ដ​នៅ​កណ្ដាល​ព្យុះសង្ឃរា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាកុស ៤

ព្រះយេស៊ូវ​គ្រីស្ទ ៖ សេចក្ដី​សុខសាន្ដ នៅ​កណ្ដាល ព្យុះសង្ឃរា

នៅ​ថ្ងៃ​ខ្លះ អ្នក​អាច​មាន​អារម្មណ៍​ថា​រងទុក្ខ​នឹង​ព្យុះភ្លៀង​ជីវិត​ច្រើន​ណាស់ ។ ប៉ុន្ដែ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​នាំ​សេចក្ដី​សុខសាន្ដ​ដល់​អ្នក ដែល​អ្នក​មិន​អាច​រកឃើញ​នៅ​កន្លែង​ណា​ផ្សេងទៀត​បាន​នោះ​ទេ ។

ព្រះយេស៊ូវ​គ្រីស្ទ​បង្គាប់​សមុទ្រ​ឲ្យ​ស្ងប់​ទៅ

ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ ដោយ យ៉ុងស៊ុន គីម

នៅ​ពាក់​កណ្ដាល​ឆ្នាំ​នៃ​ថ្នាក់​បាក់ឌុប​នៅ​វិទ្យាល័យ​របស់​ខ្ញុំ ខ្ញុំ​ទទួល​បាន​ការភ្ញាក់ផ្អើល​ដ៏​ធំ​មួយ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​បេសកកម្ម អ៊ុយរូហ្គាយ ម៉ុងតេវីដេអូ ហើយ​នេះ​មាន​ន័យ​ថា ពួកគាត់​នឹង​ប្ដូរ​ទៅ​នៅ​ចុង​ម្ខាង​ទៀត​នៃ​ផែនដី​នេះ​ជាមួយ​ប្អូន​បង្កើត​របស់​ខ្ញុំ​ទាំង​បួន​នាក់ ។ ខ្ញុំ​កំពុង​តានតឹង​អារម្មណ៍​នឹង​ការប្រឡង​បញ្ចប់​បាក់ឌុប​ទៅ​ហើយ តែ​ឥឡូវ​ខ្ញុំ​ត្រូវ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​តែ​ម្នាក់​ឯង​ទៀត ហើយ​គ្រួសារ​ខ្ញុំ​នៅ​ទ្វីប​ផ្សេង​ទៀត ។ ខ្ញុំ​មាន​ការភ័យខ្លាច​យ៉ាង​ខ្លាំង ។

ការប្ដូរ​សាលា​ពី​វិទ្យាល័យ​មក​មហាវិទ្យាល័យ​ពិត​ជា​ពិបាក​ខ្លាំងណាស់​សម្រាប់​ខ្ញុំ ។ ទោះជា​ខ្ញុំ​មាន​មិត្ត​រួម​បន្ទប់​ចិត្តល្អ និង​សិស្ស​រាប់​ពាន់​នាក់​ជុំវិញ​ខ្លួន​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ឯកោ​ខ្លាំង​ដែរ ។ សម្ពាធ​នៅ​សាលារៀន​គឺ​លើសលុប​ណាស់ ។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ចង់​រៀន​អ្វី​ទេ ហើយ​ខ្ញុំ​រៀន​មិន​ចូល​ទេ ។ ខ្ញុំ​ក៏​បាន​ពុះពារ​នឹង​ទំនាក់ទំនង​មួយ​ដែល​គ្រប់គ្រង​ផ្លូវ​អារម្មណ៍​ខ្ញុំ ហើយ​វា​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​សុខភាព​ផ្លូវចិត្ត​របស់​ខ្ញុំ ។ ការភ័យខ្លាច​ពី​អនាគត​របស់​ខ្ញុំ​បាន​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ ។

មិន​យូរ​ប៉ុន្មាន​អារម្មណ៍​នៃ​ការធ្លាក់​ទឹកចិត្ត ការភ័យខ្លាច និង​ភាពឯកោ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​សឹងតែ​ធ្វើ​អ្វី​លែង​បាន ។ សូម្បី​តែ​ទម្លាប់​ធម្មតា​ក៏​មាន​អារម្មណ៍​ថា​ពិបាក​ធ្វើ​ដែរ ។ នៅ​ព្រឹក​មួយ ខ្ញុំ​បាន​ទូល​សូម​ព្រះវរបិតា​សួគ៌​ឲ្យ​ប្រទាន​កម្លាំង​ដល់​ខ្ញុំ ដើម្បី​អាច​បន្ដ​ទៅ​មុខ​នៅ​ថ្ងៃនោះ​បាន ។ ខ្ញុំ​បាន​អធិស្ឋាន​ថា « ទូល​បង្គំ​មិន​អាច​បន្ដ​ធ្វើ​រឿង​នេះ​តែ​ឯង​បាន​ទេ » ។ នៅ​ក្នុង​គ្រា​ដ៏​កម្រ​មួយ​នៃ​ការមាន​ភាព​ច្បាស់លាស់​ខាង​ផ្លូវចិត្ត និង​សតិអារម្មណ៍ ខ្ញុំ​បាន​ស្ដាប់​ឮ​ពាក្យ​ទាំង​នេះ​នៅ​ក្នុង​គំនិត​ខ្ញុំ « បុត្រ​មិន​ចាំបាច់​ធ្វើ​វា​តែឯង​ទេ » ។ សេចក្ដី​សុខសាន្ដ​បាន​ស្រោច​ហូរហៀរ​មកក្នុង​ចិត្ត​ខ្ញុំ ។ ព្យុះ​នៅក្នុង​ចិត្ត​ខ្ញុំ​បាន​ស្ងប់​ទៅ ។

ពីរ​បី​ខែ ( និង​ឆ្នាំ ) បន្ទាប់​មក វា​មិន​ងាយស្រួល​នោះ​ទេ ។ អារម្មណ៍​នៃ​ការធ្លាក់​ទឹកចិត្ត និង​ភាពឯកោ​របស់​ខ្ញុំ​មិន​រសាត់​ទៅ​បាត់​ភ្លាមៗ​នោះទេ ។ ប៉ុន្ដែ​ជាលើក​ដំបូង​បំផុត ដែល​ខ្ញុំ​បាន​យល់​ពី​អត្ថន័យ​នៃ​ការមាន​ព្រះអង្គ​សង្គ្រោះ​ក្នុង​កម្រិត​ផ្ទាល់ខ្លួន​មួយ ។ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​បាន​យល់ពី​ឧបសគ្គ និង​ការឈឺចាប់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះ​តែមួយ​អង្គ​គត់​ដែល​អាច​ជួយ​ខ្ញុំ​បាន ហើយ​ទ្រង់​បាន​ជួយ​ខ្ញុំ​ពិត​មែន ។

ជាច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​គឺ​ជា​អ្នក​ត្រឡប់​មកពី​បេសកកម្ម​វិញ ជា​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​បាន​រៀបការ​យ៉ាង​មាន​សុភមង្គល ។ ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​មិន​អាច​សម្រេច​បាន​គោលដៅ​ទាំងនោះ​ឡើយ បើ​ខ្ញុំ​មិន​ទុកចិត្ត​លើ​ព្រះអម្ចាស់​នោះ ។

យុវនារី

រូបថត​មកពី Getty Images

ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ

ព្រះយេស៊ូវ​បាន​ផ្ទុំ​លើ​ទូក​ជាមួយ​នឹង​ពួកសាវក​របស់​ទ្រង់ ពេល​មាន​ព្យុះ​ដ៏ធំ​មួយ​កើតឡើង ។ ពួកសាវក​បាន​ដាស់​ព្រះយេស៊ូវ ហើយ​ពោល​ថា « លោកគ្រូ​អើយ យើង​វិនាស​ហើយ លោក​មិន​រវល់​ទេ​ឬ​អី ? » ( ម៉ាកុស ៤:៣៨ ) ។ ចំ​ពេល​ដែល​ពួកលោក​គិត​ថា ពួកលោក​នឹង​ស្លាប់​នៅក្នុង​ព្យុះ​កំណាច​នេះ នោះ​ព្រះអម្ចាស់​បាន​តើន​ឡើង ហើយ « ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ ។ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំងអស់​ទៅ » ( ម៉ាកុស​៤:៣៩ ) ។

តើ​មាន​ពេល​ប៉ុន្មាន​ដង​នៅ​ក្នុង​ជីវិត​របស់​ប្អូនៗ​ដែល​បាន​ឆ្ងល់​ថា « យើង​វិនាស​ហើយ លោក​មិន​រវល់​ទេ​ឬ​អី ? » ពេលខ្លះ ពេល​អ្នក​រស់នៅ​ឆ្លងកាត់​ឧបសគ្គ​ដែល​ពិបាកៗ វា​អាច​ងាយ​នឹង​មាន​អារម្មណ៍​ថា​ឯកោ ថា​គេ​បោះបង់​យើង​ចោល ។ អ្នក​អាច​ឆ្ងល់​ថា ហេតុអ្វី​ព្រះអម្ចាស់​មិន​រម្ងាប់​ព្យុះ​របស់​អ្នក​ទៅ ។ វា​អាច​មើលទៅ​ហាក់​ដូចជា​ជីវិត​របស់​អ្នក​នឹង​មិន​អាច​មាន​ភាព « ស្ងាត់​ឈឹង​សូន្យ​ទាំងអស់ » ដូច​ដែល​ខទី ៣៩ បាន​ចែង​ទេ ។

ប៉ុន្ដែ ផ្នែក​ដ៏សំខាន់​មួយ​នៃ​ដំណើររឿង​នេះ​គឺជា​គោលការណ៍​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ខ​បន្ទាប់​ទៀត ។ ទ្រង់​បាន​មាន​បន្ទូល ៖ « ហេតុអ្វី​បានជា​អ្នករាល់គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ ? » ( ម៉ាកុស ៤:៤០ ) ។ នៅ​ក្នុង​គ្រា​នៃ​ការភ័យខ្លាច និង​ការអន្ទះសា​របស់​ពួកលោក ពួកសាវក​បាន​ភ្លេច​ថា​ពួកលោក​នៅ​ជាមួយ​នរណា ។ ព្រះរាជបុត្រា​នៃ​ព្រះ ដែល​បាន​បង្ក​បង្កើត​ផែនដី​នេះ កំពុង​ផ្ទុំ​នៅលើ​ទូក​របស់​ពួកលោក ។ ហេតុអ្វី​ពួកលោក​ត្រូវ​ភ័យខ្លាច ?

ស្រដៀងគ្នា​នេះ​ដែរ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះចេស្ដា​ដើម្បី​រម្ងាប់​ព្យុះ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ ទ្រង់​អាច​ព្យាបាល​ការឈឺចាប់​របស់​អ្នក សម្រាល​បន្ទុក​របស់​អ្នក ហើយ​ប្រទាន​ពន្លឺ​ពេល​អ្នក​នៅក្នុង​ភាពងងឹត​សូន្យសុង ។ ចំណែក​របស់​អ្នក​នៅក្នុង​ដំណើរការ​នេះ​គឺ ត្រូវ​អនុវត្ត​សេចក្តី​ជំនឿ​កាន់តែ​ខ្លាំង​ថែមទៀត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការទទួល​បាន​កម្លាំង​មកពី​ព្រះអម្ចាស់

ការរស់នៅ​ដោយ​មាន​សេចក្ដី​ជំនឿ​កើនឡើង អាច​នាំមក​នូវ​ព្រះចេស្ដា​របស់​ព្រះគ្រីស្ទ​បន្ថែម​ទៀត​មកក្នុង​ជីវិត​របស់​អ្នក ។ នៅពេល រ៉ាហ្សាហ្វីម៉ាឡាហ្សា មកពី​ប្រទេស​ម៉ាដាហ្គាស្កា ហៀប​នឹង​បញ្ចប់​ឆ្នាំ​សិក្សា​ដ៏ពិបាក​មួយ ម្ដាយមីង​របស់​គាត់​បាន​ស្លាប់ ។ គាត់​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ។ វា​សឹងតែ​មិន​អាច​ទៅរួច​ដើម្បី​ផ្ចង់​អារម្មណ៍​អំឡុង​ពេល​រៀនសូត្រ ។ គាត់​កំពុង​រៀបចំ​ខ្លួន​ត្រៀម​ប្រឡង​បញ្ចប់​នៅ​ឆ្នាំ​នោះ ។ គាត់​បាន​អធិស្ឋាន​ថា « សូម​ដក​យក​ទុក្ខសោក​របស់​ទូលបង្គំ​ចេញ​ផង ហើយ​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​ទៅ​ប្រឡង​នៅ​ថ្ងៃស្អែក​នេះ » ។ បន្ទាប់ពី​ការអធិស្ឋាន រ៉ាហ្សាហ្វីម៉ាឡាហ្សា មាន​អារម្មណ៍​ថា​មាន​កម្លាំង​ឡើងវិញ ។ គាត់​បាន​ពោល​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ភ្លេច​ទុក្ខសោក​របស់​ខ្ញុំ ។ ព្រះ​ប្រទាន​កម្លាំង​ឲ្យខ្ញុំ​ធ្វើ​ការណ៍​គ្រប់យ៉ាង​បាន » ។

យុវជន

វា​សំខាន់​ដើម្បី​ចងចាំ​ថា ពេលខ្លះ​ព្រះអម្ចាស់​រម្ងាប់​ព្យុះ​នៅក្នុង​ជីវិត​របស់​អ្នក ហើយ​ពេលខ្លះ​ទ្រង់​រម្ងាប់ និង​លួងលោម​អ្នក​ទៅវិញ ខណៈ​ព្យុះ​នោះ​នៅតែ​បោកបក់ ។ នៅពេល​អ្នក​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ នោះ​អ្នក​ក៏​ទុកចិត្ត​លើ​ព្រះទ័យ និង​ពេលវេលា​របស់​ទ្រង់​ផងដែរ ។ អ្នក​ជឿ​ថា ទ្រង់​នឹង​ជួយ​អ្នក មិន​ថា​សេចក្ដី​សុខសាន្ដ និង​ភាពស្ងប់សុខ​របស់​អ្នក​កើត​មាន​នៅពេល​ណា​នោះ​ទេ ។

ការទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់

យុវនារី​ម្នាក់​ឈ្មោះ អាន បាន​ស៊ាំ​នឹង​អារម្មណ៍​ភ័យខ្លាច ។ នាង​និយាយ​ថា « ខ្ញុំ​ត្រូវ​ទ្រាំ​នឹង​ជំងឺ​ថប់​បារម្ភ​កម្រិត​ធ្ងន់ និង​ជំងឺ ADHD កម្រិត​ស្រាល ។ ពេលខ្លះ ជំងឺ​នេះ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​យល់ខុស​អំពី​អ្នកដទៃ ហើយ​វា​ពិបាក​ដើម្បី​រក្សា​ទស្សនវិស័យ​អស់កល្ប​ជានិច្ច ។ ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​ក្នុង​គម្ពីរ​លោកុប្បត្តិ​អំពី​សារ៉ាយ ដែល​ត្រូវ​រង់ចាំ​រាប់​ទសវត្សរ៍ មុនពេល​គាត់​មាន​កូន ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ត្រូវ​រង់ចាំ​រយៈពេល​យូរ​ដើម្បី​បាន​ព្យាបាល​ផងដែរ ។ ខ្ញុំ​ដឹង​ថា ព្រះគ្រីស្ទ​នឹង​មិន​បោះបង់​ខ្ញុំ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថប់បារម្ភ​ឡើយ ។ ទ្រង់​គង់​នៅ​ទីនេះ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​វា » ។

យុវនារី

ការជ្រើសរើស​ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់​មិន​មែន​មាន​ន័យ​ថា ប្អូនៗ​ត្រូវ​មើល​រំលង​ឧបសគ្គ​ដ៏ធំ​នៅក្នុង​ជីវិត​របស់​អ្នក​ឡើយ ។ ប៉ុន្ដែ​វា​មាន​ន័យ​ថា អ្នក​គួរតែ « ផ្តោតយក​ចិត្តទុក​ដាក់​ទៅលើ​ភាពអស្ចារ្យ សេចក្តីល្អ​ដ៏ឥត​ប្រៀបផ្ទឹម និង​ព្រះចេស្តា​ទាំងអស់​របស់​ព្រះ [ របស់​អ្នក ] ទុកចិត្ត​លើ​ទ្រង់ … មាន​ដួងចិត្ត​ដែល​ពេញ​ដោយ​អំណរ » ។ នៅពេល​អ្នក​ឯកោ ក្រៀមក្រំ អន្ទះ​អន្ទែង ឬ​រង់ចាំ​ពរជ័យ​ដែល​បាន​សន្យា សូម​នឹកចាំ​ដល់​សំណួរ​នេះ ៖ តើ​អ្នក​រង់ចាំ​ភាព « ស្ងាត់​ឈឹង​សូន្យ​ទាំងអស់ » ដោយ​ដួងចិត្ត​ភ័យខ្លាច ឬ​ដោយ​ដួងចិត្ត​ដ៏ស្មោះត្រង់ ?

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « Perfect Love Casteth Out Fear » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៧ ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៦ ) ។