« មិត្តរបស់ខ្ញុំលេងល្បែងស៊ីសង ។ ខ្ញុំដឹងថាវាខុស ។ តើខ្ញុំអាចពន្យល់វាប្រាប់ពួកគេបានយ៉ាងដូចម្ដេចទៅ ? » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
ចំគោលដៅ
មិត្តរបស់ខ្ញុំលេងល្បែងស៊ីសង ។ ខ្ញុំដឹងថាវាខុស ។ តើខ្ញុំអាចពន្យល់វាប្រាប់ពួកគេបានយ៉ាងដូចម្ដេចទៅ ?
ការលេងល្បែងស៊ីសងមានន័យថា ការប្រថុយប្រថានប្រាក់កាសទៅលើល្បែងដើម្បីមានឱកាសឈ្នះ ឬការភ្នាល់គ្នាលើលទ្ធផលអ្វីមួយ ។ « សាសនាចក្រជំទាស់នឹងល្បែងស៊ីសងគ្រប់ប្រភេទ ។ ការណ៏នេះរួមមានទាំងការភ្នាល់កីឡា និងឆ្នោតដែលឧបត្ថម្ភដោយរដ្ឋាភិបាលផងដែរ » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣៨.៨.២១ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
យើងចៀសវាងពីការលេងល្បែងស៊ីសងដោយសារមូលហេតុមួយចំនួន ។ វាមិនគ្រាន់តែខ្ជះខ្ជាយពេលវេលា និងប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចបំផ្លាញជីវិតមនុស្សផងដែរ ។ វាអាចទៅជាឈ្លក់វង្វេង ដូចជាការញៀនអ៊ីចឹង ។
ការលេងល្បែងស៊ីសងក៏បង្រៀនដែរថា យើងអាចទទួលបានអ្វីមួយដោយមិនចាំបាច់ចំណាយអ្វីសោះ ។ ហើយនោះគឺជាការបង្រៀនដ៏គ្រោះថ្នាក់ និងខុសឆ្គង ។ ភាគរយក្នុងការឈ្នះល្បែងស៊ីសងគឺមិនមានច្រើននោះទេ ហើយក៏មិនអាចទុកចិត្តបានដែរ ។ ជោគជ័យដែលយើងខិតខំធ្វើការដើម្បីទទួលបានគឺពេញចិត្តយើងខ្លាំងជាង ទុកចិត្តបានជាង និងមានយូរអង្វែងជាងឆ្ងាយណាស់ ។
ប្រសិនបើប្អូនៗមានមិត្តភក្ដិដែលលេងល្បែងស៊ីសង ប្អូនៗអាចព្យាយាមជួយពួកគបាន ។ ប្អូនៗអាចប្រាប់ពួកគេ—ហើយអ្វីដែលរឹតតែសំខាន់ជាងនេះនោះគឺ បង្ហាញពួកគេ—ថា មានរបៀបដ៏ល្អប្រសើរជាងនេះដើម្បីចំណាយពេលវេលា និងប្រាក់កាសរបស់យើង ។ ប្អូនៗអាចបង្ហាញពួកគេថា ជីវិតគឺល្អប្រពៃ ពេលយើងមិនបង្ហិនប្រាក់កាស និងសុខុមាលភាពរបស់យើងទៅលើទម្លាប់មួយ ដែលនាំឲ្យមានអស្ថិរភាព និងទុក្ខវេទនាដល់មនុស្សជាច្រើន ។