« ការក្លាយជាជើងឯកដ៏ពិតម្នាក់ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
ការក្លាយជា ជើងឯក ដ៏ពិតម្នាក់
ហ្វីលីព គឺជាជើងឯកដ៏ខ្លាំងបំផុតម្នាក់នៅក្នុងពិភពលោកនេះខាងក្បាច់គុន ដូចជា ការ៉ាតេយូដូ និង MMA ក្បាច់គុនចម្រុះ ។ ប៉ុន្ដែការបម្រើបេសកកម្មគឺជាអាទិភាពទីមួយរបស់គាត់ ។
ហ្វីលីព អេហ្វ មកពីទីក្រុងប៉ារ៉ា ប្រទេសប្រេស៊ីល មិនមែនជាយុវជនវ័យ ១៨ ឆ្នាំទូទៅធម្មតានោះទេ ។ គាត់បានចូលប្រកួតក្នុងការប្រកួតប្រជែងដែលមានវិជ្ជាជីវៈជាច្រើនផ្នែកក្បាច់គុនចម្រុះ ( MMA ) យូដូ និងការ៉ាតេដូ ។ ហើយគាត់ពូកែណាស់ក្នុងជំនាញរបស់គាត់ ។ គាត់បានឈ្នះការប្រកួតប្រជែង International Iron Man MMA ។ គាត់គឺជាជើងឯកថ្នាក់ជាតិនៅទីក្រុងប៉ារ៉ាពីរដង ជាជើងឯកមេដាយប្រាក់នៅប្រទេសប្រេស៊ីល និងជាជើងឯកមេដាយប្រាក់ផ្នែកយូដូថ្នាក់អន្ដរជាតិ ។ ហើយគាត់គឺជាជើងឯកថ្នាក់ជាតិនៅទីក្រុងប៉ារ៉ា ១០ ដង ជាជើងឯកនៅប្រទេសប្រេស៊ីល ១០ ដង ជាជើងឯកនៅទ្វីបអាមេរិកខាងត្បូង ជាជើងឯក Pan-American និងជាជើងឯកលំដាប់ពិភពលោកផ្នែកការ៉ាតេដូ ៣ ដង ។ អស្ចារ្យមែន !
មូលហេតុសម្រាប់ជោគជ័យរបស់គាត់
ហ្វីលីព បានហ្វឹកហាត់តាំងពីគាត់អាយុប្រាំពីរឆ្នាំម្ល៉េះ ។ ប៉ុន្ដែគាត់ជឿលើមូលហេតុដ៏ធំបំផុតមួយសម្រាប់ជោគជ័យរបស់គាត់ គឺព្រះ ។ គាត់និយាយថា « ខ្ញុំតែងតែអធិស្ឋានសូមជំនួយពីព្រះអម្ចាស់ជានិច្ច » ។
អំឡុងការប្រកួតជើងឯកការ៉ាតេដូ Pan-American របស់គាត់លើកក្រោយនេះ ហ្វីលីព មិនសូវមានទំនុកចិត្តខ្លាំងទេ ។ ប៉ុន្ដែក្រោយមក ប៉ារបស់គាត់បានផ្ដល់ការប្រសិទ្ធពរបព្វជិតភាពដល់គាត់ ។ « បន្ទាប់ពីការប្រសិទ្ធពរនោះ គំនិតខ្ញុំបានភ្លឺស្វាងឡើង ហើយវាបានជួយខ្ញុំឲ្យឈ្នះការប្រកួតនៅថ្ងៃនោះ ។ ការប្រកួតចុងក្រោយពីរដែលខ្ញុំបានឈ្នះ ខ្ញុំសល់ពេលតែមួយវិនាទីទៀតតែប៉ុណ្ណោះ ។ គ្រប់គ្នាគិតថា វាមិនអាចទៅរួចទេ ។ ខ្ញុំបានបញ្ចេញក្បាច់ដែលមិនបានរំពឹងទុកមួយ ដែលបានជួយខ្ញុំឲ្យឈ្នះ ហើយសម្រាប់ខ្ញុំ ទាំងអស់នេះកើតឡើងដោយសារតែពរជ័យរបស់ប៉ាខ្ញុំ » ។
ប៉ារបស់គាត់បានផ្ដល់ការប្រសិទ្ធពរជាច្រើនដល់គាត់នៅប៉ុន្មានឆ្នាំមកនេះ ។ ហ្វីលីព ដឹងថា ការទទួលបានពរជ័យមិនមែនមានន័យថា គាត់នឹងឈ្នះរហូតនោះទេ ប៉ុន្ដែគាត់ជឿថា ព្រះអម្ចាស់អាចជួយគាត់ឲ្យបន្ដផ្ចង់អារម្មណ៍ ហើយអភិវឌ្ឍទេពកោសល្យរបស់គាត់ឲ្យបានកាន់តែប្រសើរ ។ ហ្វីលីព និយាយថា « ការណ៍នេះជួយខ្ញុំឲ្យមានទំនុកចិត្តកាន់តែខ្លាំងឡើង ។ ខ្ញុំដឹងថា មិនថាលទ្ធផលទៅជាយ៉ាងណានោះទេ វត្តមាននៃព្រះហស្ដរបស់ព្រះអម្ចាស់នៅតែមានជានិច្ច » ។
គ្រួសាររបស់គាត់ទាំងមូលក៏ផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងផងដែរ ។ នៅឯការប្រកួតប្រជែង MMA មួយ ហ្វីលីពបានឃើញគ្រួសាររបស់គាត់នៅកន្លែងអង្គុយមើលការប្រកួត ។ « ពួកគេទាំងអស់គ្នាអង្គុយនៅទីនោះស្រែកហ៊ោឈ្មោះរបស់ខ្ញុំ ។ ខ្ញុំឡើងគាំង » ។ គាត់បន្ថែមថា « ខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំងចំពោះឪពុក និងម្ដាយរបស់ខ្ញុំ ដែលបានបង្ហាញផ្លូវត្រូវដល់ខ្ញុំ » ។
ហ្វីលីព មានអារម្មណ៍ថា ការដើរតាមផ្លូវត្រូវបានជួយដល់គាត់នៅក្នុងវិស័យកីឡារបស់គាត់ ។ មិត្តរបស់គាត់ឧស្សាហ៍សើចចំអកដាក់គាត់ ពេលគាត់មិនធ្វើអ្វីដែលពួកគេកំពុងធ្វើ ។ ប៉ុន្ដែ ហ្វីលីព មិនសោកស្ដាយឡើយ ។ « គឺដូចជាដំណឹងល្អនាំមកនូវពរជ័យដែរ នៅក្នុងវិស័យកីឡា វានាំមកនូវសមិទ្ធផល ! ទាំងការមិនទៅជប់លៀងជាមួយមិត្តភក្ដិរបស់ខ្ញុំ និងការបរិភោគអាហារត្រឹមត្រូវជះឥទ្ធិពលលើលទ្ធផលនេះ » ។
ការសម្រេចចិត្តដើម្បីបម្រើបេសកកម្ម
ឥឡូវនេះគាត់អាយុ ១៨ ឆ្នាំហើយ ហ្វីលីព មានឱកាសជាច្រើន ។ ថ្មីៗនេះ គាត់ត្រូវបានអញ្ជើញឲ្យទៅហ្វឹកហាត់នៅសាលាក្បាច់គុនចម្រុះ MMA ដ៏ល្បីល្បាញមួយ ហើយគាត់ទទួលបានសំណើមកពីអ្នកគ្រប់គ្រងជាច្រើននៅជុំវិញពិភពលោកនេះ ។ ប៉ុន្ដែគាត់ចង់បម្រើបេសកកម្មសិន ។
គាត់ពោលថា « សម្រាប់ខ្ញុំ វាគឺជាជម្រើសដ៏ងាយស្រួល ។ ការធ្វើតាមព្រះអម្ចាស់គឺជាអាទិភាពដំបូងគេបង្អស់ ។ អ្វីៗផ្សេងទៀតអាចរង់ចាំបាន ដោយសារទ្រង់តែងតែប្រទានពរជ័យដល់យើងជានិច្ច ពេលយើងគោរពប្រតិបត្តិតាម » ។
បងប្រុសរបស់ ហ្វីលីព ឈ្មោះ ហ៊ូញរ ដែលទើបត្រឡប់មកពីបេសកកម្មនាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃការជំរុញចិត្តរបស់គាត់ ។ គាត់បានប្រាប់ហ្វីលីពថា គ្មានអ្វីប្រសើរជាងការបម្រើបេសកកម្មនោះទេ ហើយថាគាត់គួរតែទៅបម្រើ ទោះជាមានមនុស្សជាច្រើនព្យាយាមបញ្ចុះបញ្ចូលគាត់មិនឲ្យទៅក៏ដោយ ។
ហើយ មាន មនុស្សប្រាប់ហ្វីលីពថា គាត់គួរតែនៅផ្ទះ ។ បងប្អូនជាច្រើននៅក្នុងរង្វង់គ្រួសារសាច់ឆ្ងាយរបស់គាត់ពុំមែនជាសមាជិកសាសនាចក្រទេ ។ ហ្វីលីព និយាយថា « ពួកគាត់មិនយល់ថា ការបម្រើបេសកកម្មមានតម្លៃជាងការមានបាន និងការល្បីល្បាញនោះទេ ។ ខ្ញុំគ្រាន់តែព្យាយាមបង្រៀនដំណឹងល្អ ពេលគ្រាទាំងនោះមកដល់ប៉ុណ្ណោះ » ។ ហើយគ្រាទាំងនោះមួយ បាននាំទៅរកបទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនាដ៏មានអានុភាពមួយ ។
បងប្អូនជីដូនមួយរបស់ហ្វីលីព បានស្លាប់នាពេលថ្មីៗនេះ ហើយពូរបស់ហ្វីលីព បានទួញសោកនឹងមរណភាពរបស់កូនប្រុសគាត់ ។ ហ្វីលីព បានប្រាប់ពូរបស់គាត់អំពីផែនការនៃសេចក្តីសង្គ្រោះ ។ ក្រោយមក ពូរបស់គាត់បានឱបគាត់ ហើយបានសុំទោសដែលបានប្រាប់គាត់មិនឲ្យទៅបេសកកម្ម ។ ហ្វីលីព ចាំថា « គាត់បានប្រាប់ខ្ញុំថា ខ្ញុំមានអំណោយទានក្នុងការប៉ះដល់ដួងចិត្តមនុស្សទូទៅ ហើយថាខ្ញុំត្រូវទៅបម្រើ ។ វាគឺជាគ្រាដ៏ពិសេសមួយសម្រាប់ខ្ញុំ ពេលមនុស្សម្នាក់ដែលមិនដឹងពីបេសកកម្មសោះ តែបានយល់ពីគោលបំណងដ៏ពិតប្រាកដនៃបេសកកម្ម » ។
មានពេលជាច្រើនលើកដែល ហ្វីលីព មិនប្រាកដខ្លួនឯងអំពីបេសកកម្មដែរ ។ « ខ្ញុំអានព្រះគម្ពីរខ្ញុំរាល់ថ្ងៃ ហើយនៅយប់មួយ ខ្ញុំមានការសង្ស័យជាច្រើនអំពីជម្រើសរបស់ខ្ញុំ ។ ខ្ញុំបានចាប់ផ្ដើមគិតថា ‹ តើខ្ញុំគួរតែនៅផ្ទះ ហើយចូលប្រកួតឲ្យបានយូរជាងនេះបន្ដិចទៀតឬ ? › ប៉ុន្ដែក្រោយមក ខ្ញុំអានក្នុងព្រះគម្ពីរមរមនអំពីពួកសាសន៍នីហ្វៃ ដែលចាប់ផ្ដើមប្រែជាលែងមានអំណរគុណ ហើយចាប់មានសេចក្ដីឆ្មើងឆ្មៃ ។ យ៉ាកុបបានបង្រៀនពួកគេថា ពួកគេត្រូវដាក់ព្រះអម្ចាស់ទីមួយ ។ [ សូមមើល យ៉ាកុប ២:១២–២១ ] ។ នៅគ្រានោះ ខ្ញុំមិនមានការសង្ស័យអំពីជម្រើសរបស់ខ្ញុំឡើយ » ។
« ថ្ងៃនេះខ្ញុំដឹងពីអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំដឹងថា ខ្ញុំនឹងត្រឡប់មកពីបេសកកម្មរបស់ខ្ញុំវិញ ហើយទទួលបានពរជ័យតាមរបៀបផ្សេងៗ ។ វាអាចជាការប្រកួត MMA ឬអ្វីមួយផ្សេងទៀត ប៉ុន្ដែខ្ញុំដឹងថា ព្រះប្រទានអ្វីដែលយើងត្រូវការដល់យើង » ។
អំណាចនៃការប្រែចិត្តជឿជារៀងរាល់ថ្ងៃ
ហ្វីលីព មិនមានអារម្មណ៍រំភើបរីករាយខ្លាំង និងមានទំនុកចិត្តអំពីបេសកកម្ម—ឬសាសនាចក្រជានិច្ចនោះទេ ។ គាត់និយាយថា « ខ្ញុំក៏មានគ្រានៅក្នុងជីវិតខ្ញុំ ដែលខ្ញុំមិនរឹងមាំនៅក្នុងដំណឹងល្អដែរ ហើយវាតែងមានអារម្មណ៍ថាដូចជាបាត់អ្វីមួយអ៊ីចឹង ។ បងប្អូនស្គាល់មនុស្សដែលគ្រាន់តែទៅព្រះវិហារ ហើយមិនធ្វើអ្វីផ្សេងទៀតទេ ? មនុស្សអ៊ីចឹងគឺខ្ញុំនេះហើយ » ។ ក្រោយពីនិយាយជាមួយបងប្រុស និងប៊ីស្សពរបស់គាត់អំពីការបម្រើបេសកកម្មហើយ គាត់បានសម្រេចចិត្តចាប់ផ្ដើមអធិស្ឋាន និងអានព្រះគម្ពីររបស់គាត់ជារៀងរាល់ថ្ងៃ ។
« ខ្ញុំគិតថា អ្វីដែលបានជួយខ្ញុំគឺការប្រែចិត្តជឿជារៀងរាល់ថ្ងៃ ។ ខ្ញុំបានធំឡើងនៅក្នុងសាសនាចក្រ ហើយអស់មួយរយៈ ខ្ញុំមិនបានស្វែងរកការប្រែចិត្តជឿនោះទេ ដោយសារខ្ញុំធំឡើងនៅក្នុងផ្ទះមួយដែលមានជំនឿ ហើយគិតថា វាល្អគ្រប់គ្រាន់ហើយ ។ តែឥឡូវនេះ ខ្ញុំខំប្រឹងដើម្បីមានទីបន្ទាល់មួយជារៀងរាល់ថ្ងៃ » ។
ជើងឯកដោយសារតែព្រះអម្ចាស់
ហ្វីលីព ដឹងថា ការជ្រើសរើសផ្លូវត្រូវមិនមែនមានន័យថា គាត់នឹងឈ្នះ ឬឲ្យអ្វីៗដំណើរការតាមបំណងរបស់គាត់ជានិច្ចនោះទេ ។ « ខ្ញុំចាំថាបានទៅការប្រកួតប្រជែងមួយ ដោយគិតថា ខ្ញុំបានរៀបចំខ្លួនជាស្រេចហើយ តែខ្ញុំបានចាញ់នៅទឹកទីមួយ ។ ពេលមួយទៀត ខ្ញុំបាននៅផ្ទះដោយសារបានរងរបួស ។ ខ្ញុំចាំថាបានក្រោកពីព្រលឹម សម្លឹងមើលទៅពិដាន ហើយគិតថា តើទាំងអស់នេះស័ក្ដិសមនឹងការខិតខំរបស់ខ្ញុំដែរឬទេ ។ ពេលខ្លះខ្ញុំគ្រាន់តែចង់ងាកក្រោយ ហើយចូលគេងវិញប៉ុណ្ណោះ ប៉ុន្ដែខ្ញុំបានក្រោកឡើង ហើយចេញទៅហ្វឹកហាត់ ។ ការក្លាយជាជើងឯកម្នាក់ គឺហួសពីការឈ្នះទៅទៀត ។ វាគឺជាអ្នកដែលយកឈ្នះជារៀងរាល់ថ្ងៃ យកឈ្នះលើកំហុស យកឈ្នះលើការសាកល្បងទាំងឡាយ » ។
ព្រះអង្គសង្រ្គោះគឺជាការជំរុញទឹកចិត្តរបស់ ហ្វីលីព ដើម្បីយកឈ្នះលើគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិតនេះ ។ « ប្រសិនបើយើងចង់ក្លាយដូចជាទ្រង់ នោះយើងត្រូវធ្វើអ្វីដែលទ្រង់ធ្វើ តែងតែព្យាយាមឈររឹងមាំជានិច្ច ពង្រឹងខ្លួនយើង ហើយគិតដល់អ្វីដែលទ្រង់នឹងធ្វើ ។ ការណ៍នោះបំផុសគំនិតខ្ញុំនៅក្នុងសកម្មភាពរបស់ខ្ញុំជារៀងរាល់ថ្ងៃ គឺដើម្បីក្លាយដូចជាទ្រង់ ។ នៅពេលខ្ញុំឃើញអ្វីមួយដែលខ្ញុំអាចផ្លាស់ប្ដូរបាន នោះខ្ញុំនឹងអធិស្ឋាន ហើយទូលសូមការអភ័យទោស ដោយព្យាយាមធ្វើឲ្យបានប្រសើរជាងមុនជានិច្ច ។ ជើងឯកដ៏ពិតម្នាក់គឺជាបុគ្គលដែលដួលច្រើនដងច្រើនសា ហើយទោះជានៅកណ្ដាលភាពស្មុគស្មាញក្ដី ក៏គាត់ក្រោកឡើង ហើយបន្ដដើរទៅមុខដែរ » ។
ហ្វីលីព ថ្លែងថា « ខ្ញុំគឺជាជើងឯកដោយសារតែព្រះអម្ចាស់ ។ ប្រសិនបើមិនដោយសារទ្រង់ទេ នោះខ្ញុំមិនដឹងថា ខ្ញុំនឹងទៅដល់ទីណាហើយទេ ។ ប៉ុន្ដែខ្ញុំដឹងយ៉ាងប្រាកដថា ខ្ញុំនឹងមិនមានអ្វីទាំងអស់ដែលខ្ញុំមាននៅពេលនេះឡើយ ។ ការរស់នៅតាមដំណឹងល្អបានធ្វើឲ្យខ្ញុំក្លាយជាជើងឯកក្នុងជីវិតនេះ និងខាងវិស័យកីឡាផងដែរ » ។