« របៀបដែលព្រះអង្គសង្គ្រោះបានប្រព្រឹត្តចំពោះស្ដ្រី » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
របៀបដែល ព្រះអង្គសង្គ្រោះ បានប្រព្រឹត្តចំពោះ ស្ដ្រី
យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទបាន តាមរយៈការបង្ហាញសន្ដានចិត្តល្អ និងការគោរពដល់ស្ដ្រីនៅក្នុងជីវិតយើង ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវគ្រីស្ទបានបង្រៀនអំពីរឿងដែលមិនបានរំពឹងទុកជាញឹកញាប់ ។ ( ដូចនៅក្នុង ៖ យើងត្រូវ ស្រឡាញ់ ពួកសត្រូវរបស់យើង ហើយ អធិស្ឋាន សម្រាប់អស់អ្នកដែលបៀតបៀនយើង ?១ )
ការបង្រៀនទាំងនេះមួយចំនួនមិនត្រូវតាមវប្បធម៌នៅជំនាន់នោះទេ ។ ប៉ុន្ដែព្រះអង្គសង្គ្រោះមិនបានព្យាយាមសម្របទៅតាមពេលនោះទេ ។ ទ្រង់បានព្យាយាមបង្រៀនក្រឹត្យវិន័យជាន់ខ្ពស់ និងបង្ហាញយើងពីរបៀបដើម្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ។ ទ្រង់បានធ្វើជាគំរូនៃសេចក្ដីស្រឡាញ់ ដែលមិនកំណត់ពីអាយុ ភេទ ឬជនជាតិជាក់លាក់ឡើយ ។
នៅជំនាន់របស់ព្រះយេស៊ូវ ជាទូទៅស្ដ្រីចាត់ទុកថាអន់ ។ ហើយនៅក្នុងវប្បធម៌មួយចំនួននៅសព្វថ្ងៃនេះ ស្ដ្រីមិនត្រូវបានគេប្រព្រឹត្តដាក់ដោយការគោរពជានិច្ចនោះទេ ។ ប្រហែលអ្នករស់នៅក្នុងកន្លែងបែបនោះដែរ ។ ប្រសិនបើអ៊ីចឹងមែន អ្នកអាចធ្វើជាគំរូមួយដូចជាព្រះគ្រីស្ទសម្រាប់សហគមន៍របស់អ្នកបាន តាមរយៈការមានចិត្តល្អ និងការគោរពដល់មនុស្សគ្រប់គ្នា—រួមទាំងក្មេងស្រី និងស្ដ្រីទាំងឡាយនៅក្នុងជីវិតរបស់អ្នកផងដែរ ។
ព្រះយេស៊ូវបានមើលថែដល់មាតារបស់ទ្រង់
អព្ភូតហេតុដំបូងគេជាសាធារណៈរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាអព្ភូតហេតុមួយដែលបានជួយដល់មាតារបស់ទ្រង់ ។ មាតាទ្រង់ទទួលខុសត្រូវលើការជួយផ្គត់ផ្គង់អាហារដល់មនុស្សនៅឯពិធីមង្គលការមួយ ។ នៅពេលពួកគេអស់ស្រា ព្រះយេស៊ូវបានប្រែទឹកទៅជាស្រាទំពាំងបាយជូរ ដើម្បីឲ្យមានស្រាគ្រប់គ្រាន់សម្រាប់ភ្ញៀវ ។
ព្រះបន្ទូលឆ្លើយតបរបស់ព្រះយេស៊ូវទៅកាន់មាតាទ្រង់នៅក្នុងការសន្ទនានោះ អាចស្ដាប់តាមភាសាអង់គ្លេសទៅរាងគំរោះគំរើយចំពោះត្រចៀកនៅសម័យទំនើបរបស់យើង ៖ « មាតាអើយ តើការនោះអំពល់អ្វីដល់យើង ? » ( យ៉ូហាន ២:៤ ) ។ ប៉ុន្ដែ យ៉ូសែប ស៊្មីធ បានបញ្ជាក់ថា ព្រះយេស៊ូវបានមានបន្ទូលសួរទៅកាន់មាតារបស់ទ្រង់ពីអ្វីដែលមាតាទ្រង់ត្រូវការ ៖ « មាតាអើយ តើមាតាចង់ឲ្យទូលបង្គំធ្វើអ្វីសម្រាប់មាតា ? »២ ។ ហើយការហៅនរណាម្នាក់ថា « មាតា » នៅពេលនោះគឺជាងារពេញដោយការគោរព ។ ទ្រង់មានបន្ទូលយ៉ាងសំខាន់ថា « មាតាទូលបង្គំអើយ អ្វីក៏ដោយដែលមាតាសុំខ្ញុំដោយសេចក្ដីជំនឿ ទូលបង្គំនឹងផ្ដល់ដល់មាតា » ។៣
ក្រោយមកប្រហែលបីឆ្នាំបន្ទាប់ពីនោះ ។ នៅមុនពេលទ្រង់សុគតនៅលើឈើឆ្កាងបន្ដិច រឿងចុងក្រោយបង្អស់មួយដែលព្រះយេស៊ូវបានធ្វើ គឺការប្រាកដព្រះទ័យថាមាតារបស់ទ្រង់មានគេថែទាំ ។
« ទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា ! រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក ! តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន » ( យ៉ូហាន ១៩:២៦–២៧ ) ។
ព្រះយេស៊ូវបានប្រព្រឹត្តចំពោះស្ដ្រីឋានៈតូចទាបដោយការគោរព
យើងមានគំរូយ៉ាងហោចណាស់ចំនួនពីរ មកពីព្រះអង្គសង្គ្រោះដែលប្រព្រឹត្តចំពោះស្ដ្រីដោយការគោរព ជាស្ដ្រីដែលសង្គមស្អប់ខ្ពើម ។
នៅជំនាន់របស់ព្រះអង្គសង្គ្រោះ សាសន៍យូដាភាគច្រើនបានមើលងាយប្រជាជនសាសន៍សាម៉ារី ។ ប៉ុន្ដែនៅពេលព្រះយេស៊ូវគ្រីស្ទបានជួបនឹងស្ដ្រីសាសន៍សាម៉ារីនៅឯមាត់អណ្ដូង នោះទ្រង់បានប្រព្រឹត្តចំពោះនាងដោយព្រះទ័យអាណិតអាសូរ និងការគោរព ។ លើសពីនោះ គឺទាល់តែបានសន្ទនាជាមួយនឹងនាងហើយ ទើបទ្រង់បានបើកសម្ដែងព្រះអង្គទ្រង់ថាជាព្រះអង្គសង្គ្រោះដែលបានសន្យាតាមក្រោយ !៤ ( សូមមើល យ៉ូហាន ៤ ) ។
នៅក្នុងស្ថានភាពមួយទៀត ស្ដ្រីម្នាក់ត្រូវបានគេចាប់បានក្នុងអំពើបាបដ៏ធ្ងន់ធ្ងរមួយ ។ ស្របតាមច្បាប់សាសន៍យូដា នាងនឹងត្រូវគេចោលនឹងថ្មរហូតដល់ស្លាប់ ។ នៅពេលអ្នកដឹកនាំបាននាំស្ដ្រីរូបនេះមកកាន់ព្រះអង្គសង្គ្រោះ ទ្រង់បានសួរសំណួរមួយទៅកាន់ពួកគេ ដែលបានបណ្ដាលឲ្យពួកគេផ្អាក ហើយគិតសិន ។ ពួកគេមិនបានចោលថ្មទៅនាងនោះទេ ។ បន្ទាប់មកព្រះអង្គសង្គ្រោះបានអញ្ជើញនាងឲ្យប្រែចិត្ត ដោយមានបន្ទូលថា « ទៅចុះ តែកុំធ្វើបាបទៀតឡើយ » ( យ៉ូហាន ៨:១១ ) ។
ព្រះយេស៊ូវបានបង្ហាញព្រះកាយដល់ស្ដ្រីបន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញ
ក្រោយពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នោះទ្រង់បានទៅជួបនឹង ម៉ារា អ្នកស្រុកម៉ាក់ដាឡា មុនគេ ជាស្ដ្រីដែលបានទួញយំនៅឯផ្នូររបស់ទ្រង់ ( សូមមើល យ៉ូហាន ២០:១១–១៨ ) ។ ស្ដ្រីផ្សេងទៀត—ចូអាន ក៏ដូចជា ម៉ារា ជាម្ដាយរបស់យ៉ាកុប—គឺនៅក្នុងចំណោមមនុស្សដំបូងគេដែលបានដឹងពីព្រះអម្ចាស់ដែលបានរស់ឡើងវិញ ។ ទេវតាបានអញ្ជើញពួកគាត់ឲ្យចែកចាយទីបន្ទាល់របស់ខ្លួន អំពីអ្វីដែលពួកគាត់បានឃើញ ។ ( សូមមើល លូកា ២៤:១–១០ ) ។
យើងអាចធ្វើតាមគំរូរបស់ទ្រង់បាន
តើយើងអាចធ្វើអ្វីខ្លះបាន ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្ដីពីការគោរពដល់ស្ដ្រី ?
ព្យាការីរបស់យើង គឺប្រធាន រ័សុល អិម ណិលសុន មានការអនុវត្តជាច្រើនទាក់ទងទៅនឹងចំណុចនេះ ។ លោកបានចិញ្ចឹមកូនស្រីប្រាំបួននាក់ និងកូនប្រុសម្នាក់ជាមួយនឹងភរិយារបស់លោក ឌេនហ្សែល ។ ក្រោយពីគាត់បានស្លាប់ទៅ លោកបានរៀបការនឹង វែនឌី ណិលសុន ។
លោកបានបង្រៀនថា « យើងគោរពដល់បងប្អូនស្រីទាំងអស់—មិនមែនត្រឹមតែក្នុងក្រុមគ្រួសារផ្ទាល់របស់យើងនោះទេ ប៉ុន្ដែគឺបងប្អូនស្ដ្រីដ៏អស្ចារ្យទាំងអស់នៅក្នុងជីវិតរបស់យើង » ។៥
សូមធ្វើឲ្យខែនេះជាខែមួយដែលពេញទៅដោយចិត្តក្លាហាន មានក្ដីស្រឡាញ់ និងចិត្តល្អដូចព្រះគ្រីស្ទ ទៅកាន់ស្ដ្រីនៅក្នុងជីវិតរបស់យើង ។ ប្អូនៗមានអំណាចគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរពិភពលោកនេះ គឺផ្លាស់ប្ដូរទំនាក់ទំនងម្ដងមួយៗ !