« យើងអាចប្រែចិត្តបាន » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៣ ។
ខ្ញុំអាចធ្វើ គ្រប់ទាំងអស់ បានដោយសារ ព្រះគ្រីស្ទ
យុវវ័យចែកចាយពីរបៀបដែលព្រះគ្រីស្ទបានពង្រឹងពួកគេ ដើម្បីធ្វើរឿងលំបាកៗ ( សូមមើល ភីលីព ៤:១៣ ) ។
យើងអាចប្រែចិត្តបាន
ទោះបីជាខ្ញុំបានជ្រមុជទឹក ពេលខ្ញុំអាយុប្រាំបីឆ្នាំក្ដី ក៏ខ្ញុំមិនបានធ្វើរឿងដែលត្រឹមត្រូវជានិច្ចនោះដែរ ។ ពេលខ្ញុំនៅវ័យជំទង់ ខ្ញុំចាប់ផ្ដើមដើរលេងជាមួយមិត្តមួយក្រុម ហើយយើងចាប់ផ្ដើមធ្វើរឿង ដែលខ្ញុំដឹងថាមិនល្អទេ ។
ក្រោយពីបងស្រីរបស់ខ្ញុំបានរៀបការហើយ គាត់បានជួយខ្ញុំឲ្យត្រឡប់មកព្រះវិហារវិញ ។ ខ្ញុំបានរៀនអំពីសារៈសំខាន់នៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងការប្រព្រឹត្តដាក់រាងកាយរបស់ខ្ញុំឲ្យបានល្អ ។
ប៉ុន្ដែថ្ងៃមួយ ខ្ញុំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយទៀត ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចមានព្រះវិញ្ញាណ ឬអំណាចបព្វជិតភាពជាមួយខ្ញុំបានទេ ។ ខ្ញុំមានអារម្មណ៍ថាមិនស័ក្ដិសមយ៉ាងខ្លាំង ហើយបានគិតថា ខ្ញុំមិនអាចបំពេញតាមការទទួលខុសត្រូវរបស់ខ្ញុំនៅព្រះវិហារបានទេ ដូចជាការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ជាដើម ។
ប៉ុន្ដែដំណឹងល្អបានបង្រៀនខ្ញុំថា យើងអាចប្រែចិត្តបានជានិច្ច ។ វាពិបាកដើម្បីទៅជួបនឹងប៊ីស្សពរបស់ខ្ញុំ ហើយសារភាពពីអំពើបាបរបស់ខ្ញុំ ។ វាពិបាកដែលដឹងថា សមាជិកផ្សេងទៀតអាចឃើញខ្ញុំដើរទៅការិយាល័យរបស់ប៊ីស្សព ។ ប៉ុន្ដែខ្ញុំចង់បានសេចក្ដីសុខសាន្ដរបស់ព្រះអម្ចាស់ ហើយខ្ញុំចង់ប្រែចិត្ត ។
ប៊ីស្សពរបស់ខ្ញុំបានពោលពាក្យអធិស្ឋានជាមួយខ្ញុំ ហើយបានប្រាប់ខ្ញុំថា ព្រះអម្ចាស់មានសេចក្ដីមេត្តាករុណាដល់អស់អ្នកដែលខិតខំប្រែចិត្តជានិច្ច ហើយថាខ្ញុំអាចសះស្បើយពីកំហុសរបស់ខ្ញុំបាន ។ ឥឡូវនេះ ខ្ញុំចាប់ផ្ដើមអានព្រះគម្ពីរ និងអធិស្ឋាន ហើយខ្ញុំដឹងថា វាជួយខ្ញុំឲ្យទប់ទល់ទៅនឹងការល្បួងបាន ។
ប្រសិនបើដំណើរការនៃការប្រែចិត្តពិបាកសម្រាប់បងប្អូន នោះបងប្អូនគួរតែនឹកចាំដល់អំណោយទានរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនដ៏អព្ភូតហេតុរបស់ទ្រង់ជានិច្ច ។ យើងទាំងអស់គ្នាមានអំពើបាប ហើយធ្វើខុស ហើយយើងនឹងមិនទទួលបានភាពល្អឥតខ្ចោះនៅក្នុងជីវិតនេះទេ ។ ប៉ុន្តែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតដែលទ្រង់បានស្រក់សម្រាប់ពួកយើង នោះយើងអាចប្រែចិត្តបានជានិច្ច ។ ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះយើងអាចឆ្ពោះទៅមុខទៅរកភាពល្អឥតខ្ចោះបាន ។
ខិនណិត ប៊ី ប្រទេសតុងហ្គា