ដើម្បី​កម្លាំង​នៃ​យុវជន
ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវគ្រីស្ទ
ខែ មករា ឆ្នាំ ២០២៤


« ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះយេស៊ូវគ្រីស្ទ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

បាវចនា យុវវ័យ ឆ្នាំ ២០២៤

ខ្ញុំ​ជា សិស្ស ម្នាក់​នៃ ព្រះយេស៊ូវគ្រីស្ទ

ក្មួយៗ​អាច​ធ្វើ​តាម​ព្រះអង្គ​សង្រ្គោះ ហើយ​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ទ្រង់​ទៅ​កាន់​អ្នក​ដទៃ​ទៀត ។

រូបតំណាង​បាវចនា​យុវវ័យ ឆ្នាំ ២០២៤

តើ​ក្មួយៗ​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​ក្រោយ​ពី​ព្យាបាល​មនុស្ស ព្រះយេស៊ូវ​បាន​ប្រាប់​ពួកគេ​មួយ​ចំនួន​កុំ​ឲ្យ​ប្រាប់​នរណា​ឡើយ ( សូមមើល ម៉ាកុស ៧:៣៦ ) ? ហេតុផល​មួយ​ប្រហែល​ជា​ទាក់ទង​នឹង​ប្រភេទ​នៃ​អ្នកដើរតាម​ដែល​ទ្រង់​ត្រូវការ ។ ក្មួយៗ​ប្រហែល​ជា​គិត​ថា ប្រសិន​បើ​មនុស្ស​និយាយ​អំពី​ការព្យាបាល​របស់​ពួកគេ នោះ​វា​នឹង​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​ព្រះយេស៊ូវ​ដើម្បី​ទាក់ទាញ​អ្នកដើរតាម​ទ្រង់ ។ ទោះ​ជា​យ៉ាង​ណា ព្រះយេស៊ូវ​មិន​គ្រាន់​តែ​ត្រូវការ​អ្នកដើរតាម​ប៉ុណ្ណោះ​ទេ ។ ទ្រង់​ត្រូវការ ពួកសិស្ស ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពេត្រុស និង អនទ្រេ​ថា « ចូរ​មក​តាម​ខ្ញុំ »​( ម៉ាថាយ ៤:១៩ ) ។ ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ អំពី​ខគម្ពីរ​នេះ​គឺ « ខ្ញុំ​នេះ​ហើយ​ដែល​បាន​ចែង​ទុក​ដោយ​ពួក​ព្យាការី ចូរ​មក​តាម​ខ្ញុំ » ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ៤:១៨ ) ។ ការអញ្ជើញ​នេះ​មិន​មែន​ដើម្បី​ទៅ​ដើរលេង​ជាមួយ​ទ្រង់​មួយ​រយៈ​នោះ​ទេ ។ ទ្រង់​ចង់​ឲ្យ​ពួកលោក​ក្លាយ​ជា​សិស្ស​របស់​ទ្រង់​ជា​រៀង​រហូត ។

ទ្រង់​មិន​គ្រាន់​តែ​ចង់​ឲ្យ​ពួកលោក​មើល​ទ្រង់​បង្រៀន​ដល់​មនុស្ស ស្រឡាញ់​មនុស្ស និង​សម្តែង​អព្ភូតហេតុ​នោះ​ទេ ។ ទ្រង់​ចង់​ឲ្យ​ពួកលោក​ធ្វើ​ដូច​ទ្រង់​ដែរ ។ ទ្រង់​ចង់​ឲ្យ​កិច្ចការ​របស់​ទ្រង់​ក្លាយ​ជា​កិច្ចការ​របស់​ពួកលោក​ដែរ ។ ការជ្រើសរើស​ព្រះគ្រីស្ទ​មានន័យ​ថា ពួកលោក​នឹង​រៀន​បម្រើ​ដូចជា​ទ្រង់​បម្រើ ហើយ​គិត​ដូច​ដែល​ទ្រង់​បាន​គិត ។ ពួកលោក​នឹង​អនុវត្ត​ការរស់នៅ​ដូចជា​ទ្រង់​បាន​រស់នៅ ហើយ​ទ្រង់​នឹង​បង្រៀន​ពួកលោក និង​ប្រទាន​ជំនួយ​ដែល​ពួកលោក​ត្រូវការ ដើម្បី​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ

ពាក្យ​ក្រិក​សម្រាប់​សិស្ស ( disciple ) គឺ mathetes ។ វា​មាន​ន័យ​លើស​ពីអ្នក​ដើរ​តាម ឬ​សិស្ស ។ ជា​ញឹកញាប់​វា​ត្រូវ​បាន​បកប្រែ​ថា​ជា​អ្នកហាត់​ការងារ ។ នៅ​សម័យ​ព្រះគ្រីស្ទ ជា​ធម្មតា​ពួកសិស្ស​បាន​ជ្រើសរើស​ចៅហ្វាយ​ដែល​ពួកគេ​ចង់​រៀន​តាម ដោយ​សម្លឹង​ទៅ​ការក្លាយ​ជា​ចៅហ្វាយ​ដោយ​ខ្លួន​ឯង ។ ព្រះគ្រីស្ទ​មិនបាន​ធ្វើតាម​ការអនុវត្ត​ធម្មតា​ទេ ។ ទ្រង់​បាន​បង្វែរ​វា ហើយ​ស្វែងរក​ពួកសិស្ស​របស់​ទ្រង់​ជំនួស​វិញ ។ សព្វថ្ងៃនេះ ព្រះគ្រីស្ទ​អំពាវនាវ​ឲ្យ​យើង​មកឯ​ទ្រង់ ។ ទ្រង់​ហៅ​យើង​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ហើយ​ប្រកាស​ព្រះបន្ទូល​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី៣ ៥:១៣ ) ។

យុវនារី​ម្នាក់​មក​ពី​ប្រទេស​ហៃទី ក្នុង​តំបន់​ការ៉ាបៀន បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​នាង​ក្នុង​ការធ្វើ​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ ដោយ​អញ្ជើញ​មិត្ត​របស់​នាង​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ​ឲ្យ​មក​ចូលរួម​សន្និសីទ ដ.ក.យ ជាមួយ​នាង ។ ដំបូង ឪពុក​មិត្ត​របស់​នាង​មិន​ចង់​អនុញ្ញាត​ឲ្យ​កូនស្រី​គាត់​ទៅ​ទេ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ពន្យល់​អំពី​បទពិសោធន៍​វិជ្ជមាន​ដែល​នៅ​រង់ចាំ​នាង និង​ទីប្រឹក្សា​យុវមជ្ឈិមវ័យ​ដ៏​អស្ចារ្យ​ដែល​នឹង​មើល​ថែ​នាង ។ ឪពុក​បាន​អនុញ្ញាត​ឲ្យ​កូនស្រី​គាត់​ចូលរួម ហើយ​បន្ទាប់​ពី​បាន​ឃើញ​ភាពខុសគ្នា​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​នាង គាត់​ក៏​បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​នាង​ចូលរួម​ការប្រជុំ​សាសនាចក្រ ហើយ—ប្រាំមួយ​ខែ​ក្រោយ​មក—ក៏បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

យុវជន​ម្នាក់​មកពី​ប្រទេស​អាហ្សង់ទីន នៅ​ទ្វីប​អាមេរិក​ខាងត្បូង បានបង្ហាញ​បំណង​ប្រាថ្នា​របស់​គាត់​ក្នុង​ការក្លាយ​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ ដោយ​ចែកចាយ​ស្ករ​គ្រាប់​មួយ​ចំនួន​របស់គាត់​ជាមួយ​មិត្តភក្តិ​ម្នាក់​នៅពេល​ពួកគេ​ជិះ​រថយន្ត​ទៅ​សាលារៀន ។ ពេល​គាត់​រើស​ប៉ះចំ​ស្ករគ្រាប់​រសជាតិ​កាហ្វេ គាត់​បាន​ពន្យល់​ថា គាត់​មិន​ដែល​ស្គាល់​រសជាតិ​នោះ​ទេ ដោយសារ​តែ​គ្មាន​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​គាត់​ផឹក​កាហ្វេ​នោះ​ទេ ។ ការណ៍​នោះ​បាន​នាំ​ឲ្យ​មាន​ការសន្ទនា​អំពី​សាសនាចក្រ ដែល​បាន​នាំ​ឲ្យ​មាន​ការអញ្ជើញ​មក​ឯ​ការប្រជុំ​នានា ដែល​នៅ​ទី​បំផុត​បាន​នាំ​ឲ្យ​មិត្ត​របស់​គាត់​ចូលរួម​ក្នុង​សាសនាចក្រ និង​បម្រើ​បេសកកម្ម​មួយ​នៅ​ប្រទេស​ឈីលី ។

មិន​មែន​មនុស្ស​គ្រប់​គ្នា​ដែល​ក្មួយៗ​អាច​និយាយ​អំពី​សាសនាចក្រ​ជាមួយ ឬ​អញ្ជើញ​ឲ្យ​ចូលរួម​សកម្មភាព​សាសនាចក្រ​នឹង​ចង់​ចូលរួម​នោះ​ទេ ។ វា​មិនថ្វី​នោះទេ ។ មិន​មែន​មនុស្ស​គ្រប់​គ្នា​ដែល​ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ជាមួយ​អំឡុង​ពេល​នៃ​ការងារ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់​បាន​ចូលរួម​នោះ​ទេ ។ តែ​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​យើង​ជ្រើសរើស​ធ្វើ​ជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រកាស​ព្រះបន្ទូល​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទាន​សេចក្ដី​ក្លាហាន និង​ជំនួយ​ដ៏​ទេវភាព​ដល់​យើង ។ យើង​នឹង​រៀន​ពី​របៀប​ដើម្បី​ក្លាយ​កាន់តែ​ដូច​ទ្រង់ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ពួកសិស្ស​ធ្វើ ។