« សិស្សទៅកាន់សិស្ស » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៤ ។
បាវចនាយុវវ័យ ឆ្នាំ ២០២៤
សិស្សទៅកាន់ សិស្ស
តើប្អូនអាចក្លាយជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? វាសាមញ្ញជាងអ្វីដែលប្អូនអាចនឹងគិត ។ សូមពិនិត្យមើលគំរូទាំងនេះ ដែលយុវវ័យចែកចាយអំពីពួកសិស្សក្នុងជីវិតរបស់ពួកគេ ។
ខាយល័រ ស៊ី អាយុ ១៣ ឆ្នាំ
មកពី ហ្គូយ៉ាស អេក្វាឌ័រ ចូលចិត្តលេងបាល់បោះ និងវីយ៉ូឡុង ។
មិត្តពីរនាក់របស់ខ្ញុំមកពីព្រះវិហារ អារីក និង ម៉ៃឃ៍ បានបង្រៀនខ្ញុំពីសារៈសំខាន់នៃការធ្វើជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ។ គំរូរបស់ពួកគេបានជួយខ្ញុំឲ្យមានបំណងប្រាថ្នាកាន់តែខ្លាំងក្នុងការបម្រើបេសកកម្មមួយ ។ ឥឡូវខ្ញុំមានចិត្តរំភើបក្នុងការចែកចាយអំពីព្រះយេស៊ូវគ្រីស្ទដល់អ្នកដែលត្រូវការ ។
មិត្ដរបស់ខ្ញុំក៏ជាគំរូដ៏ល្អអំពីព្រះគ្រីស្ទផងដែរ តាមរយៈរបៀបដែលពួកគេនិយាយស្ដី ។ ពួកគេបានចែកចាយបទពិសោធន៍ជាច្រើនជាមួយខ្ញុំអំពីការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដែលបានលើកទឹកចិត្តខ្ញុំឲ្យខិតកាន់តែជិតទ្រង់ ។ ឧទាហរណ៍ មិត្តរបស់ខ្ញុំបានបង្រៀនខ្ញុំថា នៅពេលយើងមានសំណួរមួយ យើងអាចសួរព្រះបាន ។ ហើយតើយើងដឹងយ៉ាងដូចម្ដេចថាពេលណាទ្រង់ឆ្លើយតប ? យើងនឹងដឹងក្នុងចិត្តរបស់យើង ។ នោះគឺជាព្រះវិញ្ញាណដែលមានបន្ទូលថា ព្រះកំពុងមានព្រះបន្ទូលជាមួយយើង ហើយថាយើងកំពុងជ្រើសរើសផ្លូវត្រឹមត្រូវ ។
អាយូធុនដេ រ៉ាហ្វែល អេ អាយុ ១៥ ឆ្នាំ
មកពី អូយ៉ូ ប្រទេស នីហ្សេរីយ៉ា ។ ចូលចិត្តរាំ កីឡា និងបង្រៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។
មិត្តរបស់ខ្ញុំ អេវ៉ា ( ឈ្មោះខ្លីសម្រាប់ អេវ៉ាអូលូវ៉ា ) គឺជាគំរូអំពីសិស្សម្នាក់នៃព្រះគ្រីស្ទចំពោះខ្ញុំ ។ នាងធ្លាប់ធ្វើឲ្យខ្ញុំអាក់អន់ចិត្ត ហើយខ្ញុំបានខឹងនឹងនាង ។ បន្ទាប់មកនាងបានសុំការអភ័យទោសពីខ្ញុំ ។ តាមរយៈដំណើរការនោះ ខ្ញុំបានរៀនពីភាពរាបសា និងការអភ័យទោសពីនាង ។ នាងមានចិត្តរាបសាពេលនាងសុំទោស ហើយខ្ញុំបានអភ័យទោសដល់នាង ។
ចំពោះខ្ញុំ ការធ្វើជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទគឺដើម្បីរក្សាបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ស្រឡាញ់ព្រះ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ហើយត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្នកដទៃ ។
ហ្គេប្រៀល អេ អាយុ ១២ ឆ្នាំ
មកពី អូយ៉ូ ប្រទេស នីហ្សេរីយ៉ា ។ ចូលចិត្តលេងបាល់ ( បាល់ទាត់ ) ។
ខ្ញុំបានស្គាល់ក្មេងប្រុសម្នាក់មកពីព្រះវិហារដែលជាមនុស្សសម្លុតធ្វើបាបគេពីមុនមក ប៉ុន្តែថ្ងៃមួយគាត់បានផ្លាស់ប្ដូរភ្លាមៗ ។ ខ្ញុំសម្រេចចិត្តសួរគាត់ថា « ហេតុអ្វីបានជាឯងផ្លាស់ប្តូរ ? » គាត់បានប្រាប់ខ្ញុំថា គាត់បានអធិស្ឋាន អានព្រះគម្ពីររបស់គាត់ មានសេចក្ដីជំនឿ ហើយខិតខំផ្លាស់ប្ដូរឥរិយាបថរបស់គាត់ ។ វាបានជួយខ្ញុំ ព្រោះឥឡូវនេះពេលខ្ញុំចង់ធ្វើការសម្រេចចិត្តខាងការសិក្សា ឬខាងវិញ្ញាណ ជាធម្មតាខ្ញុំអធិស្ឋានសូមព្រះណែនាំខ្ញុំ ។
មិត្តរបស់ខ្ញុំប្រហែលជាមិនល្អឥតខ្ចោះទេ ប៉ុន្តែឥរិយាបថរបស់គាត់បានប៉ះពាល់ដល់ដួងចិត្តខ្ញុំ ។ ឥឡូវនេះ ជាធម្មតាខ្ញុំអានព្រះគម្ពីរមុនពេលខ្ញុំបន្តជំហានណាមួយក្នុងជីវិតខ្ញុំ ។ គំរូរបស់មិត្តខ្ញុំបាននាំខ្ញុំឲ្យខិតកាន់តែជិតព្រះគ្រីស្ទ ព្រោះនៅពេលណាដែលខ្ញុំប្រព្រឹត្តអំពើបាប ខ្ញុំអាចត្រឡប់ទៅកាន់ព្រះអម្ចាស់វិញដោយអធិស្ឋាន និងប្រែចិត្ត ។ ការទៅកាន់ព្រះអម្ចាស់បានជួយខ្ញុំឲ្យទុកបន្ទុករបស់ខ្ញុំមួយអន្លើ ។