« ទៅរកពន្លឺ ! » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៤ ។
ចូរមកតាមខ្ញុំ
ទំព័រចំណងជើងព្រះគម្ពីរមរមន; បុព្វកថាព្រះគម្ពីរមរមន
ទៅរក ពន្លឺ !
ព្រះគម្ពីរមរមននាំមកនូវពន្លឺ និងអំណាចទៅក្នុងជីវិតរបស់ប្អូនដើម្បីដឹកនាំប្អូន នៅក្នុងថ្ងៃដ៏ពិបាក និងគួរឲ្យរំភើបនៅខាងមុខ ។
កាលនៅក្មេង ខ្ញុំចូលចិត្តរឿងបងរបស់យ៉ារេឌនៅក្នុងព្រះគម្ពីរមរមន ។ ខ្ញុំអាចមើលឃើញបទពិសោធន៍របស់គាត់ជាភាពយន្តនៅក្នុងគំនិតរបស់ខ្ញុំ ។ វាហាក់ដូចជាកំពុងកើតឡើងនៅពេលខ្ញុំអានអំពីរឿងនេះ ។
បងរបស់យ៉ារេឌត្រូវបានព្រះអម្ចាស់បញ្ជាឲ្យសាងសង់ភេត្រា ដើម្បីលោក និងគ្រួសារលោកអាចឆ្លងមហាសមុទ្រទៅ « ដែនដីសន្យា » ( អេធើរ ២:៩ ) ។ ប៉ុន្តែភេត្រាទាំងនោះងងឹត ។ ដោយមិនចង់ធ្វើដំណើរក្នុងភាពងងឹត បងរបស់យ៉ារេឌបានស្វែងរកជំនួយពីព្រះអម្ចាស់ ។ ព្រះជាម្ចាស់បានសួរលោកថា « តើអ្នកចង់ឲ្យយើងធ្វើអ្វី ? » ( អេធើរ ២:២៣ ) ។
ដោយមានជំនឿយ៉ាងខ្លាំង បងរបស់យ៉ារេឌបានយកក្រួស ១៦ ដុំទៅលើកំពូលភ្នំមួយ ហើយបានអធិស្ឋាន ។ លោកបានទូលសូមព្រះអម្ចាស់ឲ្យពាល់ក្រួសទាំងនោះ « ឲ្យវាអាចបានភ្លឺចែងចាំងក្នុងទីងងឹត » ( អេធើរ ៣:៤ ) ។ បន្ទាប់មកព្រះអម្ចាស់បានឈោងព្រះហស្ដទ្រង់ទៅប៉ះក្រួសនីមួយៗដោយព្រះអង្គុលីរបស់ទ្រង់ ផ្តល់ពន្លឺដល់វា ។ ពេញមួយជីវិតខ្ញុំ ខ្ញុំឃើញរូបភាពព្រះអម្ចាស់ពាល់ក្រួសទាំងនោះ ។
ដូចជាបងរបស់យ៉ារេឌដែលបានទទួលពន្លឺដែរ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនឹងនាំពន្លឺមកកាន់ចៅៗ ។ ទ្រង់ជា « ពន្លឺ ហើយជាជីវិតនៃពិភពលោក » ( នីហ្វៃទី៣ ១១:១១ ) ។ ខ្ញុំសូមអញ្ជើញចៅៗឲ្យ ទៅរកពន្លឺ ! ការសិក្សាអំពីព្រះគម្ពីរមរមននឹងពង្រឹងសេចក្ដីជំនឿរបស់ចៅៗទៅលើព្រះយេស៊ូវគ្រីស្ទ ហើយជួយចៅៗឲ្យបន្តនៅជាប់នឹងពន្លឺរបស់ទ្រង់ ។
មគ្គុទ្ទេសក៍ និងពន្លឺ
ខ្ញុំបានអានព្រះគម្ពីរមរមន ហើយទទួលអារម្មណ៍ពីទីបន្ទាល់មួយជាច្រើនដងថាវាពិត ។ ខ្ញុំមិនដែលសង្ស័យទេ ។ ពេលខ្ញុំមិនមានអារម្មណ៍ពីព្រះវិញ្ញាណ ពេលខ្ញុំឃ្លាតឆ្ងាយបន្តិចពីព្រះវិញ្ញាណ នោះខ្ញុំមានអារម្មណ៍ដូចនៅក្នុងភាពងងឹត ។ ប៉ុន្តែពេលខ្ញុំអានព្រះគម្ពីរមរមន ពន្លឺនោះត្រឡប់មកវិញ ។ ពេលខ្លះវាត្រូវការតែការអានខគម្ពីរមួយខប៉ុណ្ណោះសម្រាប់ខ្ញុំ ដើម្បីទទួលពន្លឺនោះម្តងទៀត ប៉ុន្តែខ្ញុំ តែងតែ ទទួលពន្លឺពេលខ្ញុំអានវា ។
ពន្លឺឈ្នះលើភាពងងឹតគឺពិតចំពោះខ្ញុំ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ » ។១ នេះគឺដោយសារតែព្រះគម្ពីរមរមនបង្កើនសេចក្ដីជំនឿរបស់ចៅៗទៅលើព្រះយេស៊ូវគ្រីស្ទ ។ វានាំមកនូវពន្លឺ និងអំណាច ។ ការបង្រៀនរបស់វានឹងដឹកនាំចៅៗ នៅក្នុងថ្ងៃដ៏ពិបាក និងគួរឲ្យរំភើបនៅខាងមុខ ។
ការទទួលពន្លឺ
ខ្ញុំមានពរជ័យពីការបម្រើនៅក្បែរប្រធាន ណិលសុន ។ ពេលដែលព្យាការីដើរចូលក្នុងបន្ទប់មួយ ភ្លាមនោះបន្ទប់នោះមានអារម្មណ៍ថាកាន់តែមានពន្លឺឡើង ។ លោកកាន់ពន្លឺនៃព្រះគ្រីស្ទជាមួយលោក ។
ពេលខ្លះវាជាការលំបាកដើម្បីប្រាកដថា ចៅៗកំពុងមានទទួលពន្លឺនៃព្រះគ្រីស្ទ ។ ចៅៗមិនឃើញវាដោយភ្នែកខាងសាច់ឈាមរបស់ចៅៗទេ ។ វាកើតឡើងជាអារម្មណ៍ខាងវិញ្ញាណ ។ វាជាអារម្មណ៍នៃអ្វីដែលត្រូវ និងខុស និងអ្វីដែលពិត និងមិនពិត ( សូមមើល មរ៉ូណៃ ៧:១៣–១៩ ) ។
ពេលណាដែលចៅៗជ្រើសរើសធ្វើដូចព្រះយេស៊ូវគ្រីស្ទ នោះចៅៗដើរក្នុងពន្លឺនៃព្រះគ្រីស្ទហើយ ។ ការអានព្រះគម្ពីរមរមនធ្វើឲ្យពន្លឺនោះភ្លឺខ្លាំងឡើង ។
« មែនហើយ វាពិតមែន ! »
ខ្ញុំពិតជាជឿថា នៅពេលដែលព្រះគម្ពីរចែងថា « ចូរចងចាំចុះ ចូរចងចាំចុះ » ( ហេលេមិន ៥:១២ ) នោះមានន័យថា យើងមិនគួរគ្រាន់តែចាំពីព្រះយេស៊ូវគ្រីស្ទ ឬចាំថា យើងធ្លាប់ទទួលពន្លឺរបស់ទ្រង់នោះទេ ។ យើងត្រូវតែទទួលពន្លឺរបស់ទ្រង់ ឥឡូវនេះ និងទទួលវាម្តងហើយម្តងទៀត ។ នោះគឺជាអ្វីដែលយុវជនម្នាក់ឈ្មោះ អេរិក បានរកឃើញ នៅពេលដែលគាត់បានអានព្រះគម្ពីរមរមនជាលើកដំបូង ។
បន្ទាប់ពីផ្លាស់ប្តូរទៅនៅកន្លែងថ្មីមួយ និងចាប់ផ្តើមថ្នាក់វិទ្យាល័យ អេរិក បានជួបការលំបាកក្នុងថ្នាក់រៀនរបស់គាត់ ហើយបានឃើញថាវាពិបាកក្នុងការចូលចំណោមគេ ។ គាត់ក៏បានចាប់ផ្ដើមឆ្ងល់ថាតើគាត់មានទីបន្ទាល់ដែរឬទេ ។
អេរិក បាននិយាយថា « ខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរមរមនយ៉ាងហ្មត់ចត់ជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ » ។ « ខ្ញុំបានអាន និងបានអធិស្ឋានជារៀងរាល់ថ្ងៃ » ។
ពេល អេរិក បានអធិស្ឋាន ហើយទូលសួរព្រះវរបិតាសួគ៌ថា តើព្រះគម្ពីរមរមនពិតមែនឬទេ នោះគាត់ប្រាកដថាគាត់នឹងទទួលបានចម្លើយមួយ ប៉ុន្តែគ្មានអ្វីកើតឡើងទេ ។
ពេលក្រោយមក ពេលកំពុងដើរកាត់ព្រៃនៅក្រោយផ្ទះរបស់គាត់ អេរិក បានសួរម្តងទៀត ។ ពេលនេះគាត់មានចំណាប់អារម្មណ៍ដូចជាព្រះវរបិតាសួគ៌បានសួរគាត់ថា « អេរិក តើមានអ្វីកើតឡើងក្នុងជីវិតកូន ចាប់តាំងពីកូនបានចាប់ផ្តើមអានព្រះគម្ពីរមរមន និងអធិស្ឋានជារៀងរាល់ថ្ងៃ ? »
អេរិក បានគិតអំពីរបៀបដែលគាត់បានបង្កើតមិត្តភក្តិល្អៗ ហើយរៀនបានប្រសើរឡើងនៅសាលា ។ ដោយមិនបានដឹងពីវា ព្រះគម្ពីរមរមនបាននាំមកនូវពន្លឺនិងអំណាចចូលទៅក្នុងជីវិតរបស់គាត់ ។
បន្ទាប់មកវាបានកើតឡើង ។
អេរិក បាននិយាយថា « ខ្ញុំមិនបានឮសំឡេងមួយទេ ប៉ុន្តែព្រះវិញ្ញាណបានបំពេញចិត្តខ្ញុំ នៅពេលដែលពាក្យទាំងនេះបានមកដល់ក្នុងគំនិតរបស់ខ្ញុំ ៖ ‹ មែនហើយ វាពិតមែន ! › អារម្មណ៍សុខសាន្ត អំណរ ព្រមទាំងការអះអាងដ៏លើសលប់មួយបានគ្របដណ្តប់មកលើខ្ញុំ ។ ខ្ញុំបានដឹងថា នៅទីបំផុតខ្ញុំបានរកឃើញចម្លើយរបស់ខ្ញុំហើយ » ។២
ឆ្ពោះទៅមុខក្នុងពន្លឺ
ពីទំព័រដំបូងដល់ទំព័រចុងក្រោយរបស់វា ព្រះគម្ពីរមរមនបានថ្លែងទីបន្ទាល់ថា « ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ »៣ ហើយវាបង្រៀនយើងនូវ « អ្វីដែល [ យើង ] ត្រូវធ្វើ ដើម្បីឲ្យបានទទួលសេចក្ដីសុខសាន្ត នៅក្នុងជីវិតនេះ និងសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ចនៅក្នុងជីវិតខាងមុខ » ។៤
ពេលចៅៗសិក្សាព្រះគម្ពីរមរមន ,ខ្ញុំសង្ឃឹមថា ចៅៗនឹងមានអារម្មណ៍ថា វាត្រូវបានសរសេរសម្រាប់ ចៅៗ ។ គោលលទ្ធិក្នុងព្រះគម្ពីរមរមន និងគំរូដ៏ក្លាហានរបស់នីហ្វៃ លីហៃ និងសារ៉ាយ អ័ប៊ីណាដៃ អាលម៉ា អាមូលេក អ័ប៊ីស ពួកបុត្រានៃម៉ូសាយ និងមនុស្សជាច្រើនទៀតនឹងលើកស្ទួល ណែនាំ និងផ្តល់អំណាចដល់ចៅៗឲ្យក្លាយជាសិស្សដ៏ល្អប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ហើយដឹកនាំចៅៗឲ្យដើរដោយទំនុកចិត្តក្នុងពន្លឺរបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមនគឺជាសាក្សីដ៏មានតម្លៃ និងជាសាក្សីដ៏ពិតប្រាកដមួយថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅ ហើយជាប្រភពនៃសេចក្ដីលួងលោម សេចក្ដីសង្ឃឹម សេចក្ដីសុខសាន្ត អំណរ និង ពន្លឺ ។ ខ្ញុំសូមអធិស្ឋានដោយអស់ពីចិត្តថា ចៅៗនឹង ទៅរកពន្លឺ ដែលមាននៅក្នុងព្រះគម្ពីរមរមន ខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយទទួលអារម្មណ៍ពីភាពកក់ក្ដៅនៃពន្លឺ និងសេចក្ដីស្រឡាញ់របស់ទ្រង់ច្រើនជាងដែលចៅៗធ្លាប់ទទួលពីមុនមក ។