ដើម្បី​កម្លាំង​នៃ​យុវជន
អ្នកបើកបរ​យន្តហោះ​​នៅ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់
ខែ មករា ឆ្នាំ ២០២៤


« អ្នកបើកបរ​យន្តហោះ​​នៅ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

អ្នកបើកបរ​យន្តហោះ​​នៅ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់

ម៉ា អេហ្វ មក​ពី អ៊ីសថ៍ មីដឡេន នៃ​ប្រទេស អង់គ្លេស មាន​គោលដៅ​ធំៗ ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​សប្បាយ និង​ក្ដីសង្ឃឹម​ខ្ពស់ ទោះបី​ជា​នៅ​ពេល​ដែល​ស្ថានភាព​កាន់តែ​លំបាក​ក៏​ដោយ ។

យន្តហោះ

រូបថត​ដែល​ផ្តល់​ដោយ សាថូមី ហ្វូឃេត

ឡាម៉ា អេហ្វ អាយុ ១៧ ឆ្នាំ និយាយ​ថា « ខ្ញុំ​ចង់​បើកបរ​យន្តហោះ​ជាយូរ​មកហើយ តាម​ដែល​ខ្ញុំ​អាច​ចាំ​បាន » ។ ពេល​មិត្ត​ម្នាក់​ដែល​គាត់​បាន​ស្គាល់​កាល​ពី​ពេល​ដែល​គាត់​ប្រណាំង​រទេះ​រុញ បាន​ប្រាប់​គាត់​អំពី​អង្គការ​សប្បុរសធម៌​អង់គ្លេស​មួយ​ដែល​ជួយ​មនុស្ស​ពិការ​រៀន​បើកបរ​យន្តហោះ ឡាម៉ា​មាន​បំណង​ចង់​សាកល្បង​ជា​ខ្លាំង ។

សុបិន​ដ៏​ខ្ពស់​លើ​មេឃ

គាត់​បាន​ចុះ​ហត្ថលេខា​សម្រាប់​កម្មវិធី​សប្បុរសធម៌​ចំនួន​ពីរ ។ មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​ពីរ​នោះ គឺ​កម្មវិធី Junior Aspiring Pilots Program (JAPP) ដែល​ត្រូវបាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៨ ឆ្នាំ ។ កម្មវិធី​ទាំងនេះ និង​មេរៀន​មួយ​ទល់​មួយ​ផ្សេង​ទៀត​ទាំងអស់​ជួយ​គាត់​មួយ​ជំហាន​ឲ្យ​ខិត​ជិត​ដល់​គោលដៅ​ធំ​របស់​គាត់—គឺ​ការទទួល​បាន​អាជ្ញាប័ណ្ណ​អ្នកបើកបរ​យន្តហោះ​ឯកជន​របស់​គាត់ ។

ផ្នែក​មួយ​នៃ​ការបំផុស​គំនិត​របស់​គាត់​បាន​មក​ពី​គ្រួសារ​របស់​គាត់ ។ ឪពុក​ចិញ្ចឹម​របស់​ឡាម៉ា​គឺ​ជា​មនុស្ស​ដំបូង​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់ចិត្ត​នឹង​ការហោះហើរ ដោយ​បាននាំ​គាត់​ទៅ​កម្មវិធី​តាំងពិពណ៌​យន្តហោះ​ជា​រៀង​រាល់​ឆ្នាំ ។ ក្រោយ​មក បន្ទាប់​ពី​គាត់​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​ដោយ​គ្រួសារ​ផ្សេង​ទៀត​នៅ​អាយុ​បួន​ឆ្នាំ ចំណាប់​អារម្មណ៍​របស់​ឡាម៉ា​ចំពោះ​អាកាសចរណ៍​បាន​បន្ត​រីក​ចម្រើន នៅ​ពេល​ដែល​គាត់​បាន​មើល​ឪពុក​ចិញ្ចឹម​របស់​គាត់​ព្យាយាម​យក​អាជ្ញាប័ណ្ណ​បើកបរ​យន្តហោះ ។ ឡាម៉ា​និយាយ​ថា « ឪពុក​ខ្ញុំ​គឺ​ជា​ការបំផុស​គំនិត​ដល់​ខ្ញុំ​ក្នុងការ​ការចង់​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ » ។ ឥឡូវ​នេះ ឪពុក​របស់​ឡាម៉ា​អាច​ជិះ​ជាមួយ​គាត់​នៅ​ក្នុង​យន្តហោះ​ដែល​មាន​កង្ការ​មួយ មាន​ប្រាំ​កៅអី ដែល​ឡាម៉ា​កំពុង​រៀន​បើកបរ ។

គ្រួសារ

ឪពុក​ម្តាយ​របស់​ឡាម៉ា ( ថតរូប​នៅ​ទីនេះ​នៅ​សងខាង​គាត់ ) គឺ​ជា​អ្នកគាំទ្រ​ដ៏​ធំ​បំផុត​របស់​គាត់ ។

យុវជន​នៅក្បែរ​យន្តហោះ

នៅ​ពេលឡាម៉ា​ហោះហើរ​លើក​ដំបូង​នៅ​ក្នុង​យន្តហោះ​ពិត​ប្រាកដ គាត់​មាន​អារម្មណ៍​ព្រួយ​បារម្ភ​ថា​មិន​ចាំ​អ្វីៗ​ទាំង​អស់ ។ គាត់​និយាយ​ថា « ខ្ញុំ​បាន​ពោលពាក្យ​អធិស្ឋាន​យ៉ាង​រហ័ស និង​ស្ងៀមស្ងាត់​មួយ មុន​ពេល​ខ្ញុំ​ហោះ​ឡើង​ទៅ ហើយ​ខ្ញុំ​មិន​អី​ទេ » ។ ឥឡូវ​នេះ នៅ​ពេល​ដែល​គាត់​ពិបាក​ក្នុង​ការចងចាំ​អ្វី​មួយ​នៅ​លើ​អាកាស នោះ​ការអធិស្ឋាន​ដ៏​ស្ងៀមស្ងាត់​ជួយ​គាត់​ឲ្យ​ធ្វើ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ។ ទោះបី​ជា​ពេល​ដែល​ឪពុក​គាត់​មិន​បាន​អង្គុយ​នៅ​កៅអី​ខាង​ក្រោយ ក៏​ឡាម៉ា​ដឹង​ថា គាត់​តែងតែ​មាន​ព្រះវរបិតា​របស់​គាត់​ដែល​គង់​នៅ​ស្ថានសួគ៌​គង់​នៅ​ជាមួយ​គាត់ ។

យុវជន​នៅក្នុង​យន្តហោះ

កងទ័ព​របស់​ព្រះអម្ចាស់

ការហោះហើរ​មិន​មែន​ជា​រឿង​តែ​មួយ​ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​ឡាម៉ា​បន្ត​មាន​ភាពវិជ្ជមាន និង​រីករាយ​នោះ​ទេ ។ គាត់​និយាយ​ថា « ខ្ញុំ​តែងតែ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​មួយ​របស់​យោធា​អង់គ្លេស អ្វីៗ​ទាំងអស់​ចាប់​តាំង​ពី​ការសោយរាជ្យ​របស់​ព្រះមហាក្សត្រ​រហូត​ដល់​ពិធី​បុណ្យ​សព » ។

យុវជន​ជាមួយ​នឹង​រូប​សំណាក​ទាហាន
យុវជន​ខាត់​ស្បែកជើង

ឡាម៉ា​និយាយ​ថា « ដោយសារ​ពិការភាព​របស់​ខ្ញុំ ខ្ញុំ​មិន​អាច​ចូលរួម​ក្នុង​យោធា​បាន​ទេ » ។ ប៉ុន្តែ​អតីត​ថ្នាក់ដឹកនាំ​យុវជន​ម្នាក់​របស់​គាត់ ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន​បាន​លើក​ទឹក​ចិត្ត​ឡាម៉ា ។ ឡាម៉ា​និយាយ​ថា « គាត់​តែងតែ​រំឭក​ខ្ញុំ​ថា ខ្ញុំ​មិន​ចាំបាច់​នៅ​ក្នុង​យោធា​ក្នុង​ពិភពលោក​ទេ ពីព្រោះ​ខ្ញុំ​នៅ​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់​រួច​ទៅ​ហើយ » ។ « ការនៅក្នុង​កងទ័ព​របស់​ព្រះអម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ថា​មាន​អ្វី​កើតឡើង​ក្នុង​ជីវិត មិន​ថា​នរណា​ម្នាក់​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​នោះ​ទេ ខ្ញុំ​មាន​ព្រះយេស៊ូវគ្រីស្ទ​នៅ​ខាង​ខ្ញុំ » ។

យុវជន​ជាមួយ​នឹង​បុរស

បងប្រុស បេលីស អ្នកដឹកនាំ​យុវជន​របស់​ឡាម៉ា បាន​បំផុស​គំនិត​ឲ្យ​គាត់​ចូលរួម​ជាមួយ​នឹង « កងទ័ព​របស់​ព្រះអម្ចាស់ » ។

នៅ​មហាវិទ្យាល័យ​សម្រាប់​មនុស្ស​ដែល​មានតម្រូវការ​ពិសេស​ដែល​គាត់​ចូលរួម ឡាម៉ា​ព្យាយាម​ជួយ​មនុស្ស​ដទៃ​ទៀត​ដែល​មាន​អាយុ​ស្របាល​គាត់​ឲ្យ​ចូលរួម​ក្នុង​កងទ័ព​របស់​ព្រះអម្ចាស់ កាល​ដែល​គាត់​ចែកចាយ​ដំណឹងល្អ​ជាមួយ​ពួកគេ ។ គាត់​និយាយ​ថា « ភាគច្រើន គេ​មិន​អើពើ​នឹង​ខ្ញុំ​ទេ តែ​ពេល​ខ្លះ​ខ្ញុំ​ទទួល​បាន​ការចាប់​អារម្មណ៍ ។ ដោយសារ​តែ​តម្រូវការ​មួយ​ចំនួន​របស់​ខ្ញុំ​នា​ពេល​នេះ ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង​ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​មែន​ជា​ជម្រើស​មួយ​ទេ ។ ប៉ុន្តែ ខ្ញុំ​ឃើញ​ដូច​នេះ ៖ ខ្ញុំ​មិន​ត្រូវការ​ស្លាក​ឈ្មោះ​ដើម្បី​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ទេ » ។

ដោយ​មាន​យុវវ័យ​តិចតួច​នៅ​ក្នុង​វួដ​របស់​គាត់ មិត្តភក្តិ​របស់​ឡាម៉ា​ភាគ​ច្រើន​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នោះ​ទេ ។ វា​មិន​មែន​ជា​ការងាយស្រួល​ជានិច្ច​នោះទេ​នៅឯ​សាលា ជា​ពិសេស តាម​ដែល​ឡាម៉ា​និយាយ គឺ​នៅ​ពេល​ដែល​មាន​ការល្បួង « យ៉ាងខ្លាំង » នោះ ។ « មាន​សិស្ស​ជា​ច្រើន​និយាយ​អំពី​រឿង​មិន​សមរម្យ ហើយ​ស្ដាប់​តន្ត្រី​មិន​សមរម្យ ។ ជា​ទូទៅ នៅ​ពេល​ណា​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង ខ្ញុំ​គ្រាន់​តែ​ចាកចេញ ហើយ​ទៅ​បន្ទប់​មួយ​ផ្សេងទៀត​» ។

យុវជន​ជាមួយ​នឹង​ទង់ជាតិ

បន្ត​រឹងមាំ

នៅ​ពេល​ដែល​ការល្បួង​មក​ដល់ ឬ​អ្នក​ផ្សេង​ទៀត​មិន​ចាប់​អារម្មណ៍​ក្នុង​ការស្តាប់​ដំណឹងល្អ ឡាម៉ា​លើក​ឡើងពី​បទគម្ពីរ​ដែល​គាត់​ចូលចិត្ត​ខ្លាំង​ ៖ « តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ » ។ ( យ៉ូស្វេ ២៤:១៥ ) ។

គាត់​និយាយ​ថា « បទគម្ពីរ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ត​រឹងមាំ​ក្នុង​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ » ។ វា​សំខាន់​ខ្លាំងណាស់​ចំពោះ​ឡាម៉ា​នៅក្នុង​គ្រួសារ​របស់​គាត់​ផ្ទាល់ ។ ពេល​ឡាម៉ា​អាយុ ១០ ឆ្នាំ ឪពុក​របស់​គាត់​បានឈប់​មក​ព្រះវិហារ ។ គាត់​និយាយ​ថា « ខ្ញុំ​នៅ​ក្មេង ដូច្នេះ​ខ្ញុំ​មិន​បាន​យល់​ពេញលេញ​ទេ » ។ « ខ្ញុំ​ខំ​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ត្រឡប់​មក​វិញ ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ថា វា​មិន​មែន​អំពី​រឿង​នោះ​ទេ ។ បងប្អូន​ផ្តល់​ពេលវេលា​ដល់​ពួកគាត់ » ។

ឡាម៉ា​នៅតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឪពុក​របស់​គាត់ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គាត់​ជា​រៀងរាល់​ថ្ងៃ ដូចជា​ប្រាប់​គាត់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ព្រះវិហារ ឬ​ចំណាយ​ពេល​ជាមួយ​ឪពុក​គាត់ ។ « គាត់​តែងតែ​បង្រៀន​ខ្ញុំ​ថា មិន​ថា​កូន​ឆ្លង​កាត់​អ្វី​ទេ កូន​ត្រូវតែ​បន្ត​រឹងមាំ » ។ ចំពោះ​យុវវ័យ​ណា​ដែល​មាន​សមាជិក​គ្រួសារ​មិន​សកម្ម​នៅ​ក្នុង​សាសនាចក្រ គាត់​បន្ថែម​ថា « បន្ត​រឹងមាំ » ។ តោង​ជាប់​នឹង​សេចក្ដី​ជំនឿ​របស់​បងប្អូន ។ កុំ​បោះបង់​ចោល មិន​ថា​មាន​អ្វី​កើត​ឡើង​ឡើយ » ។

ព្រះយេស៊ូវគ្រីស្ទ

ការស្វែងរក​ព្រះគ្រីស្ទ​ក្នុង​គ្រាលំបាក

ឡាម៉ា​ក៏​បាន​រកឃើញ​ភាពក្លាហាន​នៅក្នុង​ព្រះគ្រីស្ទ​តាម​របៀប​ផ្ទាល់​ខ្លួន​ផ្សេងទៀត​ផង​ដែរ ។ ឡាម៉ា​និយាយ​ថា « ពេល​ខ្លះ ខ្ញុំ​រង​ការថប់​បារម្ភ​យ៉ាង​ខ្លាំង » ។ « ខ្ញុំ​គិត​ថា មនុស្ស​ចុង​ក្រោយ​ដែល​ផ្ដល់​ភាពក្លាហាន​ឲ្យ​ខ្ញុំ​បន្ត​ទៅ​មុខ​ទៀត​គឺ​ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ។ ទ្រង់​បាន​ឆ្លង​កាត់​ច្រើន​ណាស់ ប៉ុន្តែ​ទ្រង់​បាន​បន្ត​បេសកកម្ម​របស់​ទ្រង់ » ។

នៅ​ពេល​ដែល​ឡាម៉ា​មាន​ថ្ងៃ​មិនល្អ គាត់​តែងតែ​ស្រមៃ​ឃើញ​ព្រះអង្គ​សង្គ្រោះ​លើក​ទឹក​ចិត្ត​គាត់​ដោយ​មាន​បន្ទូល​ថា « កូន​អាច​ធ្វើ​បាន ។ កូន​អាច​ឆ្លង​កាត់​អ្វី​ក៏​បាន » ។

គាត់​ក៏​បាន​ទាញយក​កម្លាំង​ពី​ម្តាយ និង​ឪពុក មិត្តភក្តិ​របស់​គាត់ និង​មនុស្ស​ដទៃ​ទៀត​ដែល​នៅ​ជិត​គាត់​ផងដែរ ។ ឡាម៉ា​និយាយ​ថា « មាន​ពេល​មួយ​ដែល​ខ្ញុំ​ត្រូវ​បាន​គេ​នាំ​ឲ្យ​ដើរ​ផ្លូវ​ខុស » ។ ប៉ុន្តែ ដោយសារ​ប្រព័ន្ធ​គាំទ្រ​ដ៏​ល្អ គាត់​អាច​កែតម្រូវ​ផ្លូវ​របស់​គាត់ ហើយ​ពង្រឹង​ទីបន្ទាល់​របស់​គាត់​អំពី​ព្រះគ្រីស្ទ ។

គាត់​និយាយ​ថា « ខ្ញុំ​នៅ​តែ​អភិវឌ្ឍ​ទីបន្ទាល់​របស់​ខ្ញុំ ប៉ុន្តែ​វា​អស្ចារ្យ​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កងទ័ព​របស់​ព្រះអម្ចាស់ ហើយ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ វា​ជា​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់ » ។

ដំណើរ​របស់​គាត់​ប្រហែល​ជា​មាន​ល្អ មាន​អាក្រក់ ប៉ុន្តែ​ឡាម៉ា​ដឹង​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​សប្បាយ និង​ក្ដីសង្ឃឹម​ខ្ពស់ ។ « មិន​ថា​មាន​ការសាកល្បង ឬ​បញ្ហា​អ្វី​ដែល​បងប្អូន​ឆ្លង​កាត់​នោះ​ទេ ព្រះវរបិតាសួគ៌​នឹង​នៅ​ក្បែរ​បងប្អូន​ដោយសារ​តែ​ទ្រង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន ហើយ​ស្រឡាញ់​បងប្អូន » ។