« ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៤ ។
មួយបន្ទាត់ម្ដងៗ
សិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ
សូមមើលពីរបៀបដែលការពិពណ៌នារបស់មរមន អំពីខ្លួនឯងអនុវត្តចំពោះប្អូនផងដែរ ។
សិស្សនៃព្រះយេស៊ូវគ្រីស្ទ
ពាក្យ សិស្ស មានន័យថា នរណាម្នាក់ដែលរៀនពីគ្រូបង្រៀន ឬចៅហ្វាយម្នាក់ ( ដូចជាកូនសិស្ស ឬអ្នករៀន ) ។
សិស្សនៃព្រះយេស៊ូវគ្រីស្ទរៀនពីទ្រង់ ធ្វើតាមការបង្រៀនរបស់ទ្រង់ ហើយព្យាយាមធ្វើដូចជាទ្រង់ ។
ត្រូវបានហៅដោយទ្រង់ឲ្យប្រកាសព្រះបន្ទូលរបស់ទ្រង់
មនុស្សមួយចំនួនមានការហៅពិសេសមួយ ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះគ្រីស្ទ ដូចជាពួកអ្នកផ្សព្វផ្សាយសាសនា ។ ប៉ុន្តែ តាមរយៈសេចក្តីសញ្ញារបស់យើង យើងសន្យាថា នឹងរក្សាបទបញ្ញត្តិរបស់ទ្រង់ រួមទាំងបទបញ្ញត្តិដើម្បីធ្វើជាពន្លឺដល់ពិភពលោកនោះផង ( សូមមើល ម៉ាថាយ ៥:១៤–១៦ ) ។ ហើយយើងប្រកាសពីឆន្ទៈរបស់យើងដើម្បី « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។
សមាជិកគ្រប់រូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានហៅឲ្យជួយសម្រេចកិច្ចការរបស់ព្រះអម្ចាស់ ហើយចែកចាយដំណឹងល្អរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៤០–៤១ ) ។
ជីវិតដ៏អស់កល្បជានិច្ច
ជីវិតដ៏អស់កល្បជានិច្ចមានន័យថា ជីវិតនៅក្នុងនគរសេឡេស្ទាលជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នេះជារង្វាន់សម្រាប់មនុស្សដែលមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ធ្វើ និងរក្សាសេចក្ដីសញ្ញា ហើយស៊ូទ្រាំដល់ទីបំផុត ។
ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នេះហើយជាកិច្ចការរបស់យើងនិងសិរីល្អរបស់យើង គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ពួកសិស្សជួយទ្រង់សម្រេចកិច្ចការរបស់ទ្រង់ ។