ឆ្នាំ ២០១០-២០១៩
ការ​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះអម្ចាស់​យើង ព្រះយេស៊ូវ​គ្រីស្ទ
ខែ មេសា ឆ្នាំ ២០១៧


11:7

ការ​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះអម្ចាស់​យើង ព្រះយេស៊ូវ​គ្រីស្ទ

បុគ្គលិក​លក្ខណៈ​ខុសៗ​គ្នា​ដែល​កើត​ចេញ​ពី​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ គឺជា​រឿង​ចាំបាច់​ដើម្បី​យើង​អាច​ឈរ​យ៉ាង​រឹងមាំ​នៅ​ថ្ងៃ ចុង​ក្រោយ​នេះ ។

តើ​ការ​ក្លាយ​ជា សិស្ស​ម្នាក់​របស់​ព្រះអម្ចាស់​យើង ព្រះយេស៊ូវគ្រីស្ទ មានន័យ ដូចម្តេច ? សិស្ស​ម្នាក់​គឺជា​បុគ្គល​ដែល​បាន​ជ្រមុជទឹក ហើយ​យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គាត់​នូវ​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​តាម​ទ្រង់ ។ សិស្ស​ម្នាក់​ខិតខំ​ប្រែ​ក្លាយ​ឲ្យ​ដូចជា​ទ្រង់ ដោយ​ការ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់​ក្នុង​ជីវិត​នេះ ប្រៀប​បាន​នឹង​កូនជាង​ខិតខំ​ក្លាយ​ដូចជា​គ្រូ​របស់​ខ្លួន​ផងដែរ ។

មនុស្ស​ជាច្រើន​ស្ដាប់​ឮ​ពាក្យ សិស្ស ហើយ​គិត​ថា​វា​មាន​ន័យ​ថា​ជា​« អ្នក​ដើរ​តាម »​ប៉ុណ្ណោះ ។ ប៉ុន្តែ​ភាព​ជា​សិស្ស​ដ៏​ពិត​គឺជា​ស្ថានភាព​មួយ​នៃជីវិត ។ វា​មាន​ន័យ​លើស​ពី​ការ​សិក្សា និង​ការ​អនុវត្ត​បញ្ជី​នៃ គុណ​លក្ខណៈ​នីមួយៗ​ទៅ​ទៀត ។ ពួក​សិស្ស​រស់​នៅ​ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ​របស់​ព្រះគ្រីស្ទ​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​រឹង​មាំ​នៃ​ជីវិត​របស់​ពួកគេ ជា​ភាព​រឹង​មាំ​មួយ​ខាង​វិញ្ញាណ ។

សូម​ស្ដាប់​ការ​អញ្ជើញ​របស់​សាវក​ប៉ុល​ឲ្យ​ប្រែ​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះអង្គ​សង្គ្រោះ​ថា

« ត្រូវ​ឲ្យ​អ្នករាល់គ្នា​បន្ថែម​ឲ្យ​មាន​សេចក្តី ឧស្សាហ៍ ដែរ​ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ

« ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់​ឲ្យ​សេចក្តី​អត់​សង្កត់ បាន​ខ្ជាប់​ខ្ជួន​ឲ្យ​សេចក្តី​ខ្ជាប់ខ្ជួន​បាន​ចេះ​គោរព ប្រតិបត្តិ​ដល់​ព្រះ

« ឲ្យ​សេចក្តី​គោរព​ប្រតិបត្តិ​បាន​ចេះ​រាប់​អា​នគ្នា ជា​បងប្អូន ហើយ​ឲ្យ​សេចក្តី​រាប់​អាន​គ្នា​បាន សេចក្តី​ស្រឡាញ់​ថែម​ទៀត » ។

ដូច​ដែល​បងប្អូន​បាន​ឃើញ​ហើយ​ថា ការ​ក្លាយ​ជា​សិស្ស​ដ៏​រឹង​មាំ​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​មាន​លក្ខខណ្ឌ​លើស​ពី​មួយ ។ នៅ​ជំនាន់​របស់​ព្រះអង្គ​សង្គ្រោះ មាន​មនុស្ស​ជាច្រើន​ដែល​បាន​ប្រកាស​ខ្លួន​ថា​សុចរិត​ដោយ​កត្តា​មួយ ឬ​កត្តា​ផ្សេង​ទៀត​ក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​បាន​អនុវត្ត​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ហៅ​ថា ការ​គោរព​ប្រតិបត្តិ​តាម​ការ​ជ្រើស​រើស ។ ឧទាហរណ៍ ពួកគេ​បាន​គោរព​បទបញ្ញត្តិ​ដើម្បី​ពុំ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ​បាន​រិះគន់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការ​ព្យាបាល​នៅ​ថ្ងៃ​ដ៏​បរិសុទ្ធ​នោះ ។ ពួកគេ​បាន​ដាក់​ទាន​ដល់​អ្នក​ទ័ល​ក្រ ប៉ុន្តែ​ផ្ដល់​ឲ្យ​តែ​របស់​សំណល់​ជា​អ្វី​ដែល​ពួកគេ​ពុំ​ត្រូវការ​ប៉ុណ្ណោះ ។ ពួកគេ​បាន​តមអាហារ ប៉ុន្តែ​ធ្វើ​ទឹក​មុខ​សោក​សៅ ។ ពួកគេ​បាន​ខំ​អធិស្ឋាន​ឲ្យ​មនុស្ស​ដទៃ​ឃើញ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « គេ​គោរព​ប្រតិបត្តិ​ដល់​យើង​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នោះ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ » ។ បុរស​ស្ត្រី​បែប​នេះ​អាច​នឹង​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​ស្ទាត់​ជំនាញ​លើ​គុណ​លក្ខណៈ ឬ​សកម្មភាព​ជាក់​លាក់​មួយ ប៉ុន្តែ​សំខាន់​ក្នុង​ចិត្ត​ពួកគេ​ពុំ​បាន​ប្រែ​ក្លាយ​ដូចជា​ទ្រង់​ឡើយ ។

ព្រះយេស៊ូវ​បាន​ប្រកាស​ពី​មនុស្ស​ទាំង​នេះ​ថា

« នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជាច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រមទាំង​ធ្វើ​ការ​ឫទ្ធិ​បារមី​ជាច្រើន ដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី ?

« នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា យើង​មិន​ដែល​បាន​ស្គាល់​អ្នក​រាល់គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​យើង​ទៅ » ។

គុណ​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ កាល​យើង​យល់​ឃើញ​ពី​វា គឺ​វា​ពុំ​មែន​ជា​ការ​សរសេរ​មួយ​ដែល​ត្រូវ​ធ្វើ​តាម ឬ​ជា​បញ្ជី​មួយ​ដើម្បី​បំពេញ​នោះ​ឡើយ ។ វា​គឺជា​គុណ​លក្ខណៈ​ដ៏​ចាំបាច់ បន្ថែម​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ដែល​អភិវឌ្ឍ​ក្នុង​ខ្លួន​យើង​តាម​វិធី​អន្តរកម្ម ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ថា យើង​ពុំ​អាច​ទទួល​បុគ្គលិក​លក្ខណៈ​មួយ​ដូច​ជា​ព្រះគ្រីស្ទ​ដោយ​ពុំ​ទទួល​យក ហើយ​ជះឥទ្ធិល​ដល់​មនុស្ស​ដទៃ​បាន​ឡើយ ។ កាល​បុគ្គលិក​លក្ខណៈ​មួយ​រឹងមាំ នោះ​បុគ្គលិក​លក្ខណៈ​ជាច្រើន​ទៀត​ក៏​រឹង​មាំ​ដែរ ។

នៅ​ក្នុង ពេត្រុស​ទី ២ និង​ក្នុង​ គោលលទ្ធិ និង​សេចក្ដី​សញ្ញា​កណ្ឌ​ទី ៤យើង​រៀន​ថា សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ ។ យើង​វាស់​វែង​សេចក្ដី​ជំនឿ​យើង​តាមរយៈ​អ្វី​ដែល​វា​ដឹកនាំ​យើង​ឲ្យ​ធ្វើ—ដោយ​ការ​គោរព​ប្រតិបត្តិ​របស់​យើង ។ « ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នករាល់គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការ​ចាំ​បាច់​ដល់​យើង » ។ សេចក្តី ជំនឿ គឺ​ជា​កាតា​លីករ​មួយ ។ បើ​គ្មាន​ការ​ប្រព្រឹត្ត បើ​គ្មាន​ការ​រស់​នៅ​ដោយ​គុណធម៌ នោះ​សេចក្ដី ជំនឿ​យើង​គឺ​គ្មាន​អំណាច​ដើម្បី​ធ្វើ​ឲ្យ​ភាព​ជា​សិស្ស​មាន​សកម្មភាព​ឡើយ ។ ពិតណាស់ សេចក្ដី​ជំនឿ​នឹង​ស្លាប់ ។

ហេតុដូច្នេះ​ហើយ ពេត្រុស​បាន​ពន្យល់​ថា « ត្រូវ ឲ្យ អ្នក​រាល់​គ្នា​បន្ថែម​ឲ្យ​មាន​សេចក្តី​ឧស្សាហ៍ ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ » ។ ភាព​ទៀង​ត្រង់​នេះ​គឺ​លើស​ពី​បរិសុទ្ធ​ភាព​ខាង​ផ្លូវ​ភេទ ទៅ​ទៀត ។ វា​គឺជា​ភាព​ជ្រះ​ស្អាត ហើយ​បរិសុទ្ធ​ក្នុង​គំនិត និង​ខ្លួន​ប្រាណ ។ ភាព​ទៀង​ត្រង់​ក៏​ជា​អំណាច​ដែរ ។ កាល​យើង​រស់​នៅ​តាម​ដំណឹងល្អ​ដោយ​ស្មោះ​ត្រង់ យើង​នឹង​មាន​អំណាច​ដើម្បី​មាន​ភាព​ទៀង​ត្រង់​នៅ​រាល់​គំនិត អារម្មណ៍ និង​ទង្វើ​យើង ។ គំនិត​យើង​កាន់​តែ​ងាយ​ទទួល​យក​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ យើង​ពុំ​គ្រាន់​តែ​តំណាង​ឲ្យ​ព្រះគ្រីស្ទ​តាម​រយៈ​ការ​និយាយ​ស្ដី និង​ទង្វើ​ដែល​យើង​ធ្វើ​នោះ​ទេ ប៉ុន្តែ​ក៏​តាមរយៈ​អាកប្បករិយា​យើង​ផង​ដែរ ។

ពេត្រុស​បន្ត​ទៀត​ថា « ឲ្យ​សេចក្តី​ទៀង​ត្រង់​[របស់​បងប្អូន] បានដំរិះ » ។ កាល​យើង​រស់​នៅ​ដោយ​ទៀង​ត្រង់ យើង​បាន​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះរាជ​ត្រា​ទ្រង់​តាម​របៀប​ពិសេស​មួយ ។ « បើ​អ្នក​ណា​ចង់​ធ្វើ​តាម ព្រះហឫទ័យ​[ របស់​ព្រះវរបិតា ] នោះ​នឹង​បាន​ដឹង​ជា សេចក្ដី​បង្រៀន​នេះ » ។ ចំណេះ​ដឹង​នេះ​គឺជា​ទីបន្ទាល់​ផ្ទាល់​ខ្លួន ដែល​កើត​មក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ វា​គឺជា​ចំណេះ​ដឹង​ដែល​ផ្លាស់​ប្រែ​យើង ដើម្បី​ឲ្យ​« ពន្លឺ[យើង]​នៅ​ជាប់​នឹងពន្លឺ[ទ្រង់] » ហើយ​« គុណធម៌[យើង]​ស្រឡាញ់​គុណធម៌[ទ្រង់] » ។ តាមរយៈ​ការ​រស់​នៅ​ដោយ​ទៀង​ត្រង់ យើង​ធ្វើ​ដំណើរ​ពី​ពាក្យ​ថា​« ខ្ញុំ​ជឿ »​ទៅ​ទិសដៅ​ដ៏​រុង​រឿង​នៃ​ពាក្យ​ថា​« ខ្ញុំ​ដឹង » ។

ពេត្រុស​បាន​ដាស់​តឿន​យើង​ឲ្យ​បន្ថែម​« ឲ្យដំរិះបាន ចេះ​អត់​សង្កត់​ឲ្យ​សេចក្តី​អត់​សង្កត់​បានខ្ជាប់ ខ្ជួន » ។ ក្នុង​នាម​ជា​សិស្ស​ដ៏​ខ្ជាប់​ខ្ជួន យើង​រស់​នៅ​តាម​ដំណឹងល្អ​តាម​របៀប​មាន​តុល្យភាព និង​ស្ថេរភាព ។ យើង​មិន​ត្រូវ​« រត់​លឿន ជាង​កម្លាំង[ដែល​យើង​មាន​ឡើយ] » ។ រៀង​រាល់​ថ្ងៃ យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​​ឧបសគ្គ​ដែល​លាង​សម្អាត​នៃ​ជីវិត​នេះ​​ពុំ​បាន​រារាំង​យើង​ឡើយ ។

ដោយ​ខ្ជាប់​ខ្ជួន​តាម​របៀប​នេះ នោះ​យើង​អភិវឌ្ឍ​ភាព អត់​ធ្មត់ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ យើង​អាច​ពឹង​ផ្អែក​លើ​ការ​រៀបចំ​របស់​ទ្រង់​សម្រាប់​ជីវិត​យើង ទោះ​បី​យើង​ពុំ​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​យើង​ក្ដី ។ ហេតុដូច្នេះ ហើយ យើង​អាច​« បង្អង់​សិន ហើយ​ឲ្យ​បាន​ដឹង​ថាទ្រង់​ជា]​ព្រះ » ។ កាល​យើង​ជួប​នឹង​ព្យុះ​ភ្លៀង​នៃ​សេចក្តី​វេទនា នោះ​យើង​សួរ​ថា​« តើ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​នេះ ? » ដោយ​មាន​ផែនការ និង​ព្រះរាជ​បំណង​របស់​ទ្រង់​ក្នុង​ចិត្ត​យើង នោះ​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ ដោយ​ពុំ​គ្រាន់​តែ​ស៊ូទ្រាំ​នឹង​ការណ៍​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​ក៏​ស៊ូទ្រាំ​នឹង​វា​ឲ្យ​បាន​ល្អ និង​ដោយ​អត់ធ្មត់​ផង​ដែរ ។

ពេត្រុស​បង្រៀន​ថា ភាព​អត់ធ្មត់​នេះ​ដឹក​នាំ​យើង​ទៅ​រក​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ។ ដូច​ដែល​ព្រះវរបិតា​មាន​ព្រះទ័យ​អត់ធ្មត់​ចំពោះ​យើង​ដែរ នោះ​យើង​ត្រូវ​ចេះ​អត់​ធ្មត់​ចំពោះ​គ្នា និង​ខ្លួន​ឯង ។ យើង​រីករាយ​នៅ​ក្នុង​សិទ្ធិ​ជ្រើស​រើស​របស់​មនុស្ស​ដទៃ និង​ឱកាស​ដែល​វា​ធ្វើ​ឲ្យ​ពួកគេ​រីកចម្រើន​« មួយ​បន្ទាត់​ម្ដង​ៗ » « ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។

ពី​ភាព​ខ្ជាប់​ខ្ជួន​ទៅ​ដល់​ភាព​អត់ធ្មត់ ហើយ​ពី​ភាព​អត់ធ្មត់​ទៅ​ដល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ នោះ​និស្ស័យ​ធម្មជាតិ​យើង​នឹង​ផ្លាស់​ប្ដូរ ។ យើង​ទទួល​បាន​ការ​ចេះ​រាប់​អាន​គ្នា​ជា​បងប្អូន​ដែល​ជា​សញ្ញា​សម្គាល់​នៃ​រាល់​ពួក​សិស្ស​ដ៏​ពិត ។ ដូចជា​សាសន៍​សាម៉ារី​ដ៏​សប្បុរស​ដែរ យើង​បម្រើ​ដល់​មនុស្ស​ណា​ដែល​ខ្វះខាត ទោះ​ជា​ពួកគេ​ពុំ​មែន​ជា​មិត្ត​របស់​យើង​ក្ដី ។ យើង​ឲ្យ​ពរ​ដល់​អ្នក​ដែល​ជេរ​ប្រមាថ​យើង ។ យើង​ធ្វើ​ល្អ​ដល់​ជន​ដែល​ប្រើ​យើង​ដោយ​មាន​គំនុំ​ព្យាបាទ ។ តើ​មាន​គុណ​លក្ខណៈ​ណា​មួយ​ដែល​បាន​ដូច​ជា​ព្រះ ឬ​ព្រះគ្រីស្ទ​ដែរ​ទេ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​ខិតខំ​ដែល​យើង​មាន ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ​ពិត​ជា​បាន​បន្ថែម ដរាប​ណា​យើង​« បាន​ពោរពេញ »​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ សេចក្ដី​ស្រឡាញ់​នេះ​គឺជា​បុគ្គលិក​លក្ខណៈ​ដែល​បាន​កំណត់​សម្រាប់​ភាព​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

« ទោះ​បី​ជា​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន និង ភាសា​របស់​ពួកទេវតា​ផង​តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ ដូច​ជា​ឈឹង​ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ ។

« បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​​ស្គាល់​អស់​​ទាំង​សេចក្តី​អាថ៌កំបាំង និង គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្តី​ជំនឿ​ល្មម​នឹង ឲ្យ​ភ្នំ​រើចេញ​បាន​តែ គ្មាន​សេចក្តី​ស្រឡាញ់​នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ » ។

សេចក្ដី​ជំនឿ និង​សេចក្ដី សប្បុរស​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​សម្រាប់​កិច្ចការ​របស់​ព្រះ ។ ឥឡូវ​នេះ នៅ​មាន … ទាំង​៣​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្តី​ស្រឡាញ់ » ។

បងប្អូន​ប្រុស​ស្រី ឥឡូវ​នេះ​គឺ​លើស​ពី​គ្រា​ណាៗ​ទាំង​អស់ យើង​ពុំ​អាច​ធ្វើ​ជា​« សិស្ស​ក្រៅ​ម៉ោង »​បាន​ឡើយ ! យើង​ពុំ​អាច​ធ្វើ​ជា​សិស្ស​ម្នាក់​ដែល​ផ្ដោត​លើ​តែ​ចំណុច​មួយ​នៃ​គោលលទ្ធិ​បាន​ទេ ។ បុគ្គលិក​លក្ខណៈ​ខុសៗ​គ្នា​ដែល​កើត​ចេញ​ពី​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ—រួម​ទាំង​លក្ខណៈ​ដែល​យើង​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ—គឺជា​រឿង​ចាំបាច់​ដើម្បី​យើង​អាច​ឈរ​យ៉ាង​រឹងមាំ​នៅ​ថ្ងៃ ចុង​ក្រោយ​នេះ ។

កាល​យើង​ខិត​ខំ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ចិត្ត​ស្មោះ នោះ​បុគ្គលិក​លក្ខណៈ​ទាំងនេះ​នឹង​រួម​បញ្ចូល​គ្នា បាន​ដាក់​បន្ថែម ហើយ​ពង្រឹង​គ្នាទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ខ្លួន​យើង ។ វា​នឹង​គ្មាន​ភាព​ខុស​គ្នា​រវាង​ការ​ចេះ​រាប់​អាន​គ្នា​ដែល​យើង​បង្ហាញ​ដល់​សត្រូវ​យើង និង​ការ​ចេះ​រាប់​អាន​គ្នា​ដែល​យើង​មាន​ចំពោះ​មិត្ត​យើង​ឡើយ ។ យើង​នឹង​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ ទាំង​នៅក្នុង​ទី​កំបាំង ពេល​គ្មាន​នរណា​មើល​ឃើញ និង​ពេល​មាន​មនុស្ស​កំពុង​ចាំ​មើល​យើង ។ យើង​នឹង​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ​ទាំង​នៅ​ក្នុង​ទី​សាធារណៈ និង​នៅ​ទី​ឯកជន​របស់​យើង​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​គ្រប់​គ្នា​អាច​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។ ភាព ជា​សិស្ស​គឺ​ពុំ​គិត​ពី​អាយុ ភេទ ឬ​ជាតិ​សាសន៍​ដើម ឬ​ការ​ហៅ​បម្រើ​នោះ​ទេ ។ តាម​រយៈ​ភាព​ជា​សិស្ស​របស់​យើង​ម្នាក់ៗ ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​យើង​ស្ថាបនា​កម្លាំង​រួម​មួយ​ដើម្បី​ឲ្យ​ពរ​ដល់​បងប្អូន​ប្រុស​ស្រី​របស់​យើង​ជុំវិញ​ពិភពលោក ។ ឥឡូវ​នេះ​គឺជា​ពេល​ដើម្បី តាំង​ចិត្ត​យើង​ជា​ថ្មី​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​ឲ្យ​អស់​ពី​សេចក្ដី​ឧស្សាហ៍ ។

បងប្អូន​ប្រុស​ស្រី យើង​ទាំងអស់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ។ ចូរ​ឲ្យ​សន្និសីទ​នេះ​ជា​ឱកាស​របស់​បងប្អូន​ដើម្បី​« ចាប់​ផ្ដើម​ដូច​កាល​ជំនាន់​ចាស់ ហើយ​មក​រក​[ទ្រង់]​ដោយ​អស់​ពី​ដួង​ចិត្ត » ។ នេះ​គឺជា​សាសនាចក្រ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​ពិសេស​របស់​ខ្ញុំ​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ សូម​ឲ្យ​ទ្រង់​ប្រទាន​ដល់យើង​នៅ​ក្នុង​តម្រូវការ​ដ៏​អស់កល្ប​របស់​យើង​ដើម្បី​ក្លាយ​ជា​សិស្ស​ដ៏​ស្មោះ​ស្ម័គ្រ ហើយ​ក្លាហាន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។