ភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ
ទោះស្ថិតក្នុងគ្រាដ៏លំបាក និងអាប់អួរបំផុតក្តី ក៏នៅមានពន្លឺ និងសេចក្តីល្អសប្បុរសនៅហ៊ុមព័ទ្ធជុំវិញយើងដែរ ។
ប៉ុលបានចែកចាយសារលិខិតដ៏អស្ចារ្យអំពីសេចក្តីសង្ឃឹមជាមួយពួកកូរិនថូស ៖
« ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូកតែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់តែមិនទ័លគំនិតទេ
មានគេធ្វើទុក្ខតែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូកតែមិនស្លាប់ទេ » ។
តើអ្វីទៅដែលជាប្រភពនៃសេចក្តីសង្ឃឹមរបស់ប៉ុល ? ចូរស្តាប់ការពន្យល់របស់លោក ៖ « ដ្បិតគឺជាព្រះដែលមានព្រះបន្ទូលបង្គាប់ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ » ។
ទោះស្ថិតក្នុងគ្រាដ៏លំបាក និងអាប់អួរបំផុតក្តី ក៏នៅមានពន្លឺ និងសេចក្តីល្អសប្បុរសនៅហ៊ុមព័ទ្ធជុំវិញយើងដែរ ។ កាលពីខែតុលាកន្លងទៅប្រធានឌៀថើរ អែហ្វ អុជដូហ្វ បានរំឭកយើងថា « យើងត្រូវបានហ៊ុមព័ទ្ធដោយពន្លឺ និងសេចក្ដីពិតដ៏រំភើបដែលធ្វើឲ្យខ្ញុំងឿងឆ្ងល់ថា តើយើងពិតជាមានអំណរគុណចំពោះអ្វីៗដែលយើងមានដែរឬទេ » ។
ទោះជាយ៉ាងណាក៏ដោយ មារសត្រូវចង់ឲ្យយើងផ្តោតទៅលើ « អ័ព្ទនៃសេចក្តីងងឹត … ដែលធ្វើឲ្យភ្នែកទាំងឡាយខ្វាក់ … ធ្វើឲ្យចិត្តទាំងឡាយ … រឹងរូស … ហើយ… នាំឲ្យ … ចេញឆ្ងាយទៅ » ។
ប៉ុន្តែដោយមានការជ្រាបដឹងដ៏ឥតខ្ចោះអំពីឧបសគ្គនៅជំនាន់របស់យើងនេះ ព្រះអម្ចាស់សន្យាដូច្នេះ ៖ « អ្វីដែលមកពីព្រះជាពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗរហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ។
យើងជាបុត្រាបុត្រីរបស់ព្រះ ។ ការទទួលពន្លឺ ការបន្ដនៅក្នុងព្រះ និងការទទួលពន្លឺបន្ថែមគឺជាអ្វីដែលយើងត្រូវបានបង្កើតឲ្យធ្វើ ។ ចាប់តាំងពីដើមកំណើតមក យើងបានធ្វើតាមពន្លឺ យើងធ្វើតាមព្រះវរបិតាសួគ៌របស់យើង និងផែនការរបស់ទ្រង់ ។ ការស្វែងរកពន្លឺគឺស្ថិតនៅក្នុង DNA ខាងវិញ្ញាណរបស់យើង ។
ខ្ញុំបានស្តាប់ឮសេចក្តីពិតអស់កល្បជានិច្ចនេះ ដែលបានបង្រៀនយ៉ាងប្រពៃនៅកន្លែងមួយដែលពុំបានរំពឹងទុក ។ អំឡុងពេលខ្ញុំធ្វើការក្នុងធនាគារដ៏ធំមួយ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីសិក្សាមួយនៅសាកលវិទ្យាល័យមីឈីហ្កេន ។ នៅក្នុងកម្មវិធីនោះសាស្ត្រាចារ្យ គីម ខេម៉ារ៉ុន បានបង្រៀនអំពីទស្សននៃភាពជាអ្នកដឹកនាំវិជ្ជមាន និងឥទ្ធិពលរីកចម្រើនដែលកើតមកពីទស្សននោះ ។ លោកបានពន្យល់ដូច្នេះ ៖ « ទស្សននេះគឺសំដៅលើទំនោរចិត្តនៅក្នុងប្រព័ន្ធសរីរៈដែលមានជីវិតទាំងអស់ ទោរទន់ទៅរកថាមពលវិជ្ជមានគឺ [ ពន្លឺ ] ហើយងាកចេញពីថាមពលអវិជ្ជមានគឺ [ ភាពងងឹត ] ។ ចេញពីសរីរាង្គដែលមានកោសិកាតែមួយ បង្កើតទៅជាប្រព័ន្ធសរីរាង្គមនុស្សដ៏ស៊ាំញ៉ាំ គ្រប់សរីរៈមានជីវិតទាំងអស់មានទំនោរចិត្តតាំងពីកំណើត ទោរទន់ទៅរកអ្វីដែលវិជ្ជមាន ហើយងាកចេញពីអ្វីដែលអវិជ្ជមាន » ។
តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនឥតគណនា លោកក៏បានផ្តោតលើសមាសភាគសំខាន់បីយ៉ាងនៃវប្បធម៌ជោគជ័យនៅកន្លែងធ្វើការគឺ ៖ សេចក្តីមេត្តករុណា ការអភ័យទោស និងភាពកតញ្ញូ ។ វាធ្វើឲ្យយល់កាន់តែច្បាស់ថា នៅពេលមនុស្សងាកទៅរកភាពវិជ្ជមាន ( ពន្លឺ ) នោះលក្ខណៈដ៏ល្អឥតខ្ចោះនៃគំរូមកពីព្រះយេស៊ូវគ្រីស្ទដែលជាពន្លឺនៃពិភពលោកមានវត្តមានឡើង !
បងប្អូនប្រុសស្រី សូមរីករាយនឹងពន្លឺដែលមានសម្រាប់ពួកយើង ។ ខ្ញុំសូមផ្តល់យោបល់អំពីចំណុចបីយ៉ាង ដែលយើងនឹងរកឃើញពន្លឺជានិច្ច ៖
១. ពន្លឺនៃសាសនាចក្រ
សាសនាចក្រគឺជាសើនបញ្ចាំងពន្លឺទៅកាន់ពិភពលោកដ៏អន្ធការនេះ ។ នេះគឺជាគ្រាដ៏អស្ចារ្យក្នុងការធ្វើជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ! សាសនាចក្ររឹងមាំជាងពេលណាៗទាំងអស់ ហើយរីកចម្រើនកាន់តែខ្លាំងឡើងរាល់ថ្ងៃ នៅពេលសមាជិកថ្មីចូលរួមជាមួយពួកយើង ពេលក្រុមជំនុំថ្មីបង្កើតឡើង ពេលអ្នកផ្សព្វផ្សាយសាសនាត្រូវបានហៅបម្រើ និងពេលតំបន់ថ្មីៗបើកទទួលយកដំណឹងល្អ ។ យើងឃើញអស់អ្នកដែលបានងាកចេញពីសកម្មភាពក្នុងសាសនាចក្រមួយរយៈ បានត្រឡប់មកវិញដោយសារតែទស្សនៈគិតវែងឆ្លាយក្នុងការសង្គ្រោះ មកពីប្រធានថូម៉ាស អេស ម៉នសុន នាំឲ្យមានអព្ភូតហេតុកើតឡើងរាល់ថ្ងៃ ។
ថ្មីៗនេះ ខ្ញុំបានជួបនឹងយុវជននៅក្នុងប្រទេសប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ឈីលី និងអាហ្សង់ទីនអំឡុងពេលសន្និសីទរបស់ពួកគេក្រោមប្រធានបទ ដើម្បីកម្លាំងនៃយុវជន ។ យុវជន និងយុវនារីរាប់ពាន់រាប់ម៉ឺននាក់បានចំណាយពេលមួយសប្តាហ៍ ដើម្បីពង្រឹងសេចក្តីស្រឡាញ់របស់ពួកគេលើព្រះអង្គសង្គ្រោះ ហើយបន្ទាប់មកត្រឡប់ទៅផ្ទះវិញទៅរកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដោយបញ្ចាំងនូវពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ។
មើលចុះ មនុស្សតែងតែរិះគន់សាសនាចក្រជានិច្ច ។ វាតែងតែមានការរិះគន់បែបនេះ ចាប់តាំងពីដើមដំបូងមក ហើយនឹងបន្តមានរហូតតទៅ ។ ប៉ុន្ដែយើងពុំអាចអនុញ្ញាតឲ្យការរិះគន់បែបនោះ ធ្វើឲ្យការយល់ដឹងរបស់យើងអំពីពន្លឺដែលមានសម្រាប់យើងស្រអាប់បានឡើយ ។ ការទទួលស្គាល់ពន្លឺ និងការស្វែងរកពន្លឺនឹងធ្វើឲ្យយើងសក្តិសមក្នុងការទទួលបានពន្លឺបន្ថែមទៀត ។
នៅក្នុងពិភពលោកដ៏អាប់អួរនេះ ពន្លឺនៃសាសនាចក្រ នឹងបំភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ ។
២. ពន្លឺនៃដំណឹងល្អ
ពន្លឺនៃដំណឹងល្អគឺជាផ្លូវដែល « ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង » ហើយវារះឡើងដោយភ្លឺចិញ្ចែងចិញ្ចាចនៅក្នុងគ្រួសារយើង និងនៅក្នុងព្រះវិហារបរិសុទ្ធទូទាំងពិភពលោក ។
ប្រកាសដំណឹងល្អរបស់យើង ចែងដូច្នេះ ៖ « តាមរយៈពន្លឺនៃដំណឹងល្អ គ្រួសារអាចរកដំណោះស្រាយអំពីការភាន់ច្រឡំ ការឈ្លោះទាស់ទែង និងឧបសគ្គនានា ។ គ្រួសារដែលបាក់បែកមកពីការខ្វែងគំនិតគ្នាអាចនឹងផ្សះផ្សារបានតាមរយៈការប្រែចិត្ត ការអភ័យទោស និងសេចក្តីជំនឿនៅក្នុងអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។ គ្រួសាររបស់យើងត្រូវតែធ្វើជាប្រភពនៃពន្លឺដ៏អស្ចារ្យដល់មនុស្សគ្រប់រូបដែលនៅជុំវិញយើង ក្នុងពេលនេះជាងពេលណាៗទាំងអស់ ។ គ្រួសាររីកចម្រើននៅក្នុងពន្លឺនៅពេលពួកគេបង្កើនសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស ។ នៅពេលយើងបង្កើតក្រុមគ្រួសារនៃ « សេចក្តីជំនឿ … ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្ដីស្រឡាញ់ [ និង ] សេចក្តីមេត្តាករុណា » នោះយើងនឹងកាន់តែមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ និងរវាងគ្នានឹងគ្នា ។ គ្រួសារនឹងរីកចម្រើនកាន់តែខ្លាំងឡើង ហើយពន្លឺដែលមាននៅក្នុងខ្លួនយើងម្នាក់ៗនឹងភ្លឺកាន់តែខ្លាំងឡើង ។
យើងអាននៅក្នុង Bible Dictionary ( វចនានុក្រមគម្ពីរប៊ីប ) ថា « មានតែគេហដ្ឋានប៉ុណ្ណោះដែលអាចប្រៀបផ្ទឹមនឹងព្រះវិហារបរិសុទ្ធក្នុងភាពពិសិដ្ឋបាន » ។ ឥឡូវនេះយើងមានព្រះវិហារបរិសុទ្ធដែលកំពុងដំណើរការចំនួន ១៥៥ ហើយនឹងមានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ។ ក្រុមគ្រួសារជាច្រើនបន្ថែមទៀតត្រូវបានផ្សារភ្ជាប់ សម្រាប់ជីវិតនេះ និងជីវិតដ៏អស់កល្បជានិច្ច ។ សមាជិកកំពុងបញ្ជូនឈ្មោះជីដូនជីតាកាន់តែច្រើនបន្ថែមទៀតទៅកាន់ព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះដល់ពួកគេ ។ យើងពិតជាកំពុងមានបទពិសោធន៍នៃអំណរដ៏មហិមា និងការសាទរនៅផ្នែកទាំងសង្ខាងនៃវាំងនន !
នៅក្នុងពិភពលោកដ៏អាប់អួរនេះ ពន្លឺនៃដំណឹងល្អ នឹងបំភ្លឺកាន់តែខ្លាំងឡើងៗរហូតដល់ថ្ងៃបានល្អឥតខ្ចោះ ។
៣. ពន្លឺនៃព្រះគ្រីស្ទ
អ្នកពុំអាចនិយាយអំពីពន្លឺ នៅក្នុង ពិភពលោកនេះដោយមិននិយាយអំពីពន្លឺ នៃ ពិភពលោកនេះដែលជាព្រះយេស៊ូវគ្រីស្ទបានឡើយ ។ ការសម្តែងចេញមកនៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌គឺថា មនុស្សគ្រប់គ្នាដែលកើតមកក្នុងជីវិតនេះ ត្រូវបានប្រទានពរឲ្យមានពន្លឺនៃព្រះគ្រីស្ទ ដើម្បីជួយពួកគេឲ្យត្រឡប់ទៅផ្ទះវិញ ។ ប្រធានប៊យដ៍ ឃេ ផាកកឺ បានបង្រៀនដូច្នេះ ៖ « ព្រះវិញ្ញាណនៃព្រះគ្រីស្ទគង់នៅទីនោះជានិច្ច ។… ពន្លឺនៃព្រះគ្រីស្ទ មានលក្ខណៈទូលំទូលាយដូចជាពន្លឺព្រះអាទិត្យដែរ ។ ទីណាដែលមានជីវិតមនុស្សរស់នៅ ទីនោះមានព្រះវិញ្ញាណនៃព្រះគ្រីស្ទ » ។ ពន្លឺនៃព្រះគ្រីស្ទ « អញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អឥតឈប់ឈរ » ហើយរៀបចំអស់អ្នកដែលស្វែងរកសេចក្តីសប្បុរស និងសេចក្តីពិតឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះអង្គសង្គ្រោះបង្រៀនថា ទ្រង់គឺជាពន្លឺដែល « បំភ្លឺភ្នែកអ្នក », « ប្រោសយោបល់ដល់អ្នក » និង « ផ្ដល់ជីវិតដល់គ្រប់ទាំងអស់ » ។ ពន្លឺនៃព្រះគ្រីស្ទនឹងជួយយើងឲ្យមើលទៅអ្នកដទៃ តាមរយៈព្រះនេត្ររបស់ព្រះអង្គសង្គ្រោះ ។ យើងនឹងកាន់តែស្រឡាញ់ ហើយយល់ពីការលំបាករបស់អ្នកដទៃកាន់តែច្រើនឡើង ។ វានឹងជួយយើងឲ្យកាន់តែមានភាពអត់ធ្មត់ជាមួយអស់អ្នកដែលពុំថ្វាយបង្គំដូចជាយើងធ្វើ ឬបម្រើដូចជាពួកយើង ។ វានឹងជួយយើងឲ្យយល់ពីផែនការនៃសុភមង្គលដ៏មហិមាកាន់តែពេញលេញ ហើយឃើញអំពីរបៀបដែលយើងទាំងអស់គ្នាសក្តិសមទៅនឹងផែនការនៃសេចក្តីស្រឡាញ់ដ៏មហិមានោះ ។ វាផ្តល់ជីវិត អត្ថន័យ និងគោលបំណងចំពោះអ្វីៗទាំងអស់ដែលយើងធ្វើ ។ ឥឡូវនេះជាមួយនឹងសុភមង្គលទាំងអស់ដែលនឹងកើតឡើងចំពោះយើង នៅពេលយើងយល់កាន់តែពេញលេញអំពីពន្លឺនៃព្រះគ្រីស្ទ នោះវានឹងពុំអាចប្រៀបផ្ទឹមទៅនឹងអំណរ ដែលយើងទទួលបាន កាលយើងឃើញពន្លឺនៃព្រះគ្រីស្ទដឹកនាំមនុស្សដទៃឡើយដូចជា ៖គ្រួសារ មិត្តភក្ដិ និងសូម្បីតែអ្នកដទៃដែលយើងមិនធ្លាប់ស្គាល់សោះ ។
ខ្ញុំទទួលបានអំណរនោះ កាលខ្ញុំបានឮអំពីការខិតខំរបស់ក្រុមអ្នកពន្លត់អគ្គិភ័យដ៏ក្លាហាន បានតស៊ូសង្គ្រោះមជ្ឈមណ្ឌលស្តេកដែលឆេះនៅក្នុងរដ្ឋ កាលីហ្វូញ៉ាភាគខាងត្បូងក្នុងឆ្នាំ ២០១៥ ។ នៅពេលភ្លើងកំពុងឆេះយ៉ាងសន្ធោរសន្ធៅ នោះមេបញ្ជាការក្រុមពន្លត់អគ្គិភ័យបានហៅមិត្តភក្តិដែលជាពួក អិល.ឌី.អេស ដើម្បីសួរអំពីកន្លែងទុកវត្ថុពិសិដ្ឋ និងពែងសាក្រាម៉ង់ ដើម្បីពួកគេអាចជួយយកវត្ថុទាំងនោះចេញមក ។ មិត្តភក្ដិរបស់គាត់បានបញ្ជាក់ប្រាប់គាត់ថា គ្មានវត្ថុពិសិដ្ឋអ្វីទេ ហើយពែងសាក្រាម៉ង់នោះគឺជាធម្មតាអាចរកទិញថ្មីបាន ។ ប៉ុន្តែមេបញ្ជាការនោះមានអារម្មណ៍ថា គាត់គួរតែធ្វើអ្វីបានច្រើនជាងនោះ ដូច្នេះគាត់បានបញ្ជូនអ្នកពន្លត់ភ្លើង ឲ្យត្រឡប់ទៅក្នុងអគារដែលកំពុងឆេះនោះ ដើម្បីដកយករូបគំនូរព្រះគ្រីស្ទទាំងអស់ចេញពីជញ្ជាំង ដើម្បីរក្សាវាទុក ។ ពួកគេថែមទាំងបានព្យួររូបគំនូរនោះមួយនៅលើរថយន្តពន្លត់អគ្គិភ័យផងដែរ ដោយសង្ឃឹមថាអ្នកពន្លត់អគ្គិភ័យនឹងមើលថែវា ។ ខ្ញុំពិតជារំជួលចិត្តដោយសារតែសេចក្តីសប្បុរស សេចក្តីល្អ និងការយល់ដឹងអំពីពន្លឺរបស់មេបញ្ជានោះ អំឡុងគ្រាគ្រោះថ្នាក់ និងលំបាក ។
នៅក្នុងពិភពលោកដ៏អាប់អួរនេះ ពន្លឺនៃព្រះគ្រីស្ទ នឹងបំភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ !
ខ្ញុំសូមថ្លែងប្រសាសន៍របស់ប៉ុលម្តងទៀត ៖ « យើងត្រូវពាក់គ្រឿងសឹករបស់ពន្លឺវិញ » ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។ ទ្រង់ជាពន្លឺនៃពិភពលោក ។ សូមឲ្យយើងត្រូវបានពង្រឹងឡើងតាមរយៈពន្លឺ ដែលមានសម្រាប់ពួកយើង តាមរយៈការចូលរួមកាន់តែប្រសើរឡើងនៅព្រះវិហារ និងការអនុវត្តគោលការណ៍នៃដំណឹងល្អកាន់តែខ្លាំងឡើងនៅក្នុងក្រុមគ្រួសារយើង ។ សូមឲ្យយើងមើលឃើញពន្លឺនៃព្រះគ្រីស្ទនៅក្នុងមនុស្សដទៃជានិច្ច ហើយជួយពួកគេឲ្យមើលឃើញពន្លឺនោះនៅក្នុងខ្លួនពួកគេផងដែរ ។ នៅពេលយើងទទួលពន្លឺនោះ យើងនឹងទទួលបានពរឲ្យមានពន្លឺបន្ថែមទៀត គឺរហូតដល់ថ្ងៃបានល្អឥតខ្ចោះ នៅពេលយើងឃើញ « ព្រះវរបិតានៃពន្លឺ » ម្តងទៀត គឺព្រះវរបិតាសួគ៌របស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ក្នុងព្រះនាមដ៏បរិសុទ្ធជាពន្លឺនៃពិភពលោកគឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។