« ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា »
ព្រះអម្ចាស់បានសន្យាសេចក្ដីសុខសាន្ដដល់ពួកសិស្សរបស់ទ្រង់ នៅពេលទ្រង់ហៀបនឹងចាកចេញពីពួកគេ ។ ទ្រង់បានធ្វើនូវការសន្យាដូចគ្នានេះចំពោះយើង ។
បងប្អូនស្ត្រីជាទីស្រឡាញ់ ពួកយើងមានពរដោយព្រះវិញ្ញាណនៃព្រះនាយប់នេះ ។ សារលិខិតដ៏បំផុសគំនិតមកពីអ្នកដឹកនាំស្ត្រីដ៏មានអានុភាព និងតន្ត្រី បានការពារជំនឿរបស់យើង ហើយបង្កើនបំណងប្រាថ្នារបស់យើងដើម្បីរក្សាសេចក្ដីសញ្ញាពិដិស្ឋ ដែលយើងបានធ្វើជាមួយព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ។ ពួកយើងទទួលអារម្មណ៍ថា សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានកើនឡើង ហើយមានអំណរគុណចំពោះអំណោយទានដ៏មហិមានៃពលិកម្មធួនរបស់ទ្រង់ ។
សារលិខិតរបស់ខ្ញុំនាយប់នេះ គឺសាមញ្ញ ។ យើងបានទទួលអារម្មណ៍សុខសាន្ដនាយប់នេះ ។ យើងទាំងអស់គ្នាចង់ទទួលអារម្មណ៍ភាពសុខសាន្ដដូចនេះក្នុងខ្លួនយើង ក្នុងក្រុមគ្រួសារយើង និងមនុស្សដែលនៅជុំវិញយើងជាញឹកញាប់ ។ ព្រះអម្ចាស់បានសន្យាសេចក្ដីសុខសាន្ដដល់ពួកសិស្សរបស់ទ្រង់ នៅពេលទ្រង់ហៀបនឹងចាកចេញពីពួកគេ ។ ទ្រង់បានធ្វើនូវការសន្យាដូចគ្នានេះចំពោះយើង ។ ប៉ុន្ដែទ្រង់បានមានបន្ទូលថា ទ្រង់នឹងប្រទានភាពសុខសាន្ដតាមរបៀបរបស់ទ្រង់ ពុំមែនតាមរបៀបរបស់លោកិយទេ ។ ទ្រង់បានពិពណ៌នាពីរបៀបនៃការបញ្ជូនភាពសុខសាន្ដរបស់ទ្រង់ថា ៖
« តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ។
« ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬ ភ័យឡើយ » ( យ៉ូហាន ១៤: ២៦-២៧) ។
បុត្រាទាំងឡាយរបស់ម៉ូសាយត្រូវការអំណោយទាននៃភាពសុខសាន្ដនោះ នៅពេលពួកគេបានបម្រើបេសកកម្មរបស់ពួកគេដល់សាសន៍លេមិន ។ ដោយមានចិត្តរសាប់រសល់កាន់តែខ្លាំងពេលពួកគេបានដឹងពីភាពមហិមានៃកិច្ចការរបស់ខ្លួន នោះពួកគេបានអធិស្ឋានសូមការបញ្ជាក់អះអាង ។ ហើយ « ព្រះអម្ចាស់ទ្រង់បានយាងមករកគេដោយព្រះវិញ្ញាណរបស់ទ្រង់ ហើយមានព្រះបន្ទូលទៅគេថា ៖ ចូរក្សាន្ដចិត្តចុះ ។ ហើយពួកគេក៏បានក្សាន្ដចិត្តទៅ »(អាលម៉ា ១៧:១០;សូមមើលផងដែរអាលម៉ា ២៦:២៧) ។
ជួនកាល អ្នកទន្ទឹងចង់បានភាពសុខសាន្ដ ពេលអ្នកជួបនឹងភាពពុំពិតប្រាកដ ហើយមានឧបសគ្គលេចឡើងចំពោះអ្នក ។ ពួកបុត្រារបស់ម៉ូសាយ បានរៀនមេរៀនដែលព្រះអម្ចាស់បានបង្រៀនដល់មរ៉ូណៃ ។ វាជាការដឹកនាំសម្រាប់យើងទាំងអស់គ្នាថា « បើសិនជាមនុស្សលោកមករកយើង នោះយើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើងឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ [ដែល]បន្ទាបខ្លួននៅចំពោះយើង ដ្បិតបើសិនជា ពួកគេបន្ទាបខ្លួននៅចំពោះយើង ហើយមានសេចក្ដីជំនឿជឿដល់យើង លំដាប់នោះយើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » (អេធើរ ១២:២៧ ) ។
មរ៉ូណៃបានប្រាប់ថា ពេលលោក « បានឮនូវពាក្យទាំងនេះ » លោក « ក៏បានស្កប់ចិត្ត » (អេធើរ ១២:២៩) ។ វាអាចជាការលួងលោមចិត្តដល់យើងទាំងអស់គ្នា ។ អ្នកទាំងឡាយដែលពុំមើលឃើញពីភាពទន់ខ្សោយរបស់ខ្លួននឹងពុំរីកចម្រើនទេ ។ ការដឹងពីភាពទន់ខ្សោយរបស់បងប្អូន គឺជាពរជ័យមួយ ពេលវានឹងជួយបងប្អូនបន្ដមានភាពរាបសារ ហើយបន្ដងាកទៅរកព្រះអង្គសង្គ្រោះ ។ ព្រះវិញ្ញាណពុំគ្រាន់តែលួងលោមចិត្តបងប្អូនប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាភ្នាក់ងារដែលដង្វាយធួនធ្វើការផ្លាស់ប្ដូរធម្មជាតិក្នុងខ្លួនបងប្អូនដែរ ។ បន្ទាប់មកអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ ។
ជួនកាលសាតាំងនឹងល្បួងសេចក្ដីជំនឿរបស់បងប្អូន ព្រោះវាកើតមានចំពោះសិស្សទាំងអស់របស់ព្រះយេស៊ូវ ។ ការការពារទាស់នឹងការវាយប្រហារទាំងនេះ គឺរក្សាព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូរបស់បងប្អូន ។ ព្រះវិញ្ញាណនឹងខ្សឹបពីភាពសុខសាន្ដទៅព្រលឹងបងប្អូន ។ ទ្រង់នឹងជម្រុញបងប្អូនឲ្យឆ្ពោះទៅមុខដោយជំនឿ ។ ហើយទ្រង់នឹងនាំឲ្យបងប្អូននឹកចាំពីគ្រាទាំងឡាយ ពេលបងប្អូនទទួលអារម្មណ៍ពីពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
ការចងចាំអាចជាអំណោយទានដ៏មានតម្លៃបំផុតមួយដែលព្រះវិញ្ញាណអាចប្រទានដល់បងប្អូន ។ ទ្រង់នឹង « នឹងរំឭកពីគ្រប់ទាំងសេចក្តី [ដែលព្រះអម្ចាស់] បានប្រាប់ដល់អ្នករាល់គ្នាដែរ » (យ៉ូហាន ១៤:២៦) ។ ការនឹកចាំនេះអាចជាការអធិស្ឋានដែលបានទទួលចម្លើយ អាចជាពិធីបរិសុទ្ធនៃបព្វជិតភាពដែលបានទទួល ការបញ្ជាក់ពីទីបន្ទាល់របស់បងប្អូន ឬជាគ្រាដែលបងប្អូនបានឃើញព្រះហស្ដដឹកនាំរបស់ព្រះជួយក្នុងជីវិតរបស់បងប្អូន ។ ប្រហែលជានៅថ្ងៃអនាគត ពេលបងប្អូនត្រូវការកម្លាំង នោះព្រះវិញ្ញាណអាចនឹងនាំឲ្យបងប្អូនចងចាំពីអារម្មណ៍ដែលបងប្អូនមានអំឡុងការប្រជុំនេះ ។ ខ្ញុំអធិស្ឋានឲ្យការណ៍នេះបានដូច្នោះ ។
ការចងចាំមួយដែលព្រះវិញ្ញាណបាននាំឲ្យខ្ញុំចាំក្នុងគំនិតជាញឹកញាប់ គឺអំពីការប្រជុំសាក្រាម៉ង់ពេលល្ងាចមួយដែលធ្វើឡើងជាច្រើនឆ្នាំកន្លងទៅនៅក្នុងផ្ទះស័ង្កសីនៅ អ៊ីនស៍ប្រាក ប្រទេសអូទ្រីស ។ ផ្ទះនោះស្ថិតនៅពីក្រោមផ្លូវរថភ្លើង ។ នៅទីនោះមានតែមនុស្សបួនដប់នាក់ប៉ុណ្ណោះអង្គុយនៅលើកៅអីឈើ ។ ពួកគាត់ភាគច្រើនគឺជាស្ត្រី មានក្មេងខ្លះ ចាស់ខ្លះ ។ ខ្ញុំបានឃើញមនុស្សស្រក់ទឹកភ្នែកនៃការដឹងគុណ ពេលពិធីសាក្រាម៉ង់ត្រូវបានធ្វើឡើងក្នុងចំណោមក្រុមជំនុំដ៏តូចនេះ ។ ខ្ញុំទទួលអារម្មណ៍សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះពួកបរិសុទ្ធទាំងនោះ ហើយពួកគេក៏ទទួលដូច្នោះដែរ ។ ប៉ុន្តែអព្ភូតហេតុ ដែលខ្ញុំចងចាំច្បាស់បំផុតនោះគឺពន្លឺដែលហាក់ដូចជាបំភ្លឺពេញផ្ទះស័ង្កសីនោះ ដែលនាំមកនូវអារម្មណ៍នៃភាពសុខសាន្ដ ។ វាគឺជាពេលយប់ ហើយគ្មានបង្អួចទេ ប៉ុន្តែបន្ទប់ទាំងមូលត្រូវបានបំភ្លឺ ដូចជាព្រះអាទិត្យនៅពេលថ្ងៃ ។
ពន្លឺនៃព្រះវិញ្ញាណបរិសុទ្ធ គឺភ្លឺ ហើយចែងចាំងនាល្ងាចនោះ ។ ហើយបង្អួចដែលបើកទទួលពន្លឺនោះគឺជាដួងចិត្តរាបសានៃពួកបរិសុទ្ធទាំងនោះ ដែលបានមកចំពោះព្រះអម្ចាស់សូមការអភ័យទោសពីអំពើបាបរបស់ពួកគេ ហើយតាំងចិត្តចងចាំទ្រង់ជានិច្ច ។ នាពេលនោះ វាពុំពិបាកដើម្បីចងចាំពីទ្រង់ទេ ហើយការចងចាំរបស់ខ្ញុំពីបទពិសោធន៍ដ៏ពិសិដ្ឋនាថ្ងៃនោះ បានធ្វើឲ្យខ្ញុំចងចាំទ្រង់ និងដង្វាយធួនរបស់ទ្រង់កាន់តែងាយស្រួលនៅឆ្នាំក្រោយៗមក ។ ការសន្យានៅក្នុងការអធិស្ឋានពិធីសាក្រាម៉ង់ថ្ងៃនោះ គឺថា ព្រះវិញ្ញាណនឹងគង់នៅជាមួយយើង ត្រូវបានបំពេញ ហើយបាននាំអារម្មណ៍នៃពន្លឺ និងភាពសុខសាន្ដមក ។
ក៏ដូចជាបងប្អូនដែរ ខ្ញុំអរគុណចំពោះព្រះអម្ចាស់ដែលបានយាងមករកខ្ញុំតាមវិធីជាច្រើនជាមួយព្រះដ៏ជាជំនួយ ពេលខ្ញុំត្រូវការភាពសុខសាន្ដ ។ ប៉ុន្តែព្រះវរបិតាសួគ៌របស់យើងពុំខ្វល់ព្រះទ័យតែអំពីការក្សាន្ដចិត្តរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែខ្វល់ព្រះទ័យកាន់តែខ្លាំងអំពីការរីកចម្រើនឡើងរបស់យើង ។ « ព្រះដ៏ជាជំនួយ » គឺជារបៀបតែមួយគត់ដែលព្រះវិញ្ញាណបរិសុទ្ធត្រូវបានពិពណ៌នានៅក្នុងបទគម្ពីរនានា ។ នេះជាខគម្ពីរមួយទៀត ៖ « ហើយឥឡូវនេះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះ ដែលនាំឲ្យធ្វើល្អ » (គ និង ស ១១:១២) ។ ជាញឹកញាប់ សេចក្ដីល្អដែលទ្រង់នឹងដឹកនាំបងប្អូនទៅធ្វើ នឹងជាការជួយនរណាម្នាក់ទៀតឲ្យទទួលការលួងលោមមកពីព្រះ ។
នៅក្នុងប្រាជ្ញារបស់ទ្រង់ ព្រះអម្ចាស់បាននាំបងប្អូនមកជួបជុំគ្នានៅក្នុងអង្គការ ឬថ្នាក់រៀននានាក្នុងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានធ្វើការណ៍នេះដើម្បីចម្រើនអំណាចរបស់បងប្អូនក្នុងការធ្វើល្អ ។ នៅក្នុងអង្គការទាំងនេះ បងប្អូនមានការទទួលខុសត្រូវជាក់លាក់ដើម្បីបម្រើអ្នកដទៃជំនួសទ្រង់ ។ ឧទាហរណ៍ ប្រសិនបើប្អូនគឺជាយុវនារីម្នាក់ ប្អូនអាចត្រូវប៊ីស្សព ឬអ្នកដឹកនាំយុវនារីសុំឲ្យជួយឡូរ៉លម្នាក់ដែលយើងហៅថា « មិនសូវសកម្ម » ។ ប្អូនអាចនឹងស្គាល់នាងបានល្អជាងប៊ីស្សព ឬអ្នកដឹកនាំយុវនារី ។ ប្អូនអាចនឹងដឹងថា នាងមានបញ្ហានៅផ្ទះ ឬនៅសាលារៀន ឬប្រហែលជាទាំងពីរ ។ អ្នកដឹកនាំរបស់ប្អូនអាចនឹងមិនដឹងថាហេតុអ្វីក៏ពួកគាត់ទទួលអារម្មណ៍ឲ្យសុំឲ្យប្អូនទៅជួយដល់យុវនារីនោះទេ ប៉ុន្តែព្រះអម្ចាស់ញាណដឹង ហើយទ្រង់ដឹកនាំកិច្ចការនេះ តាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណរបស់ទ្រង់ ។
ជោគជ័យនៅក្នុងកិច្ចខិតខំរបស់ប្អូននឹងនាំឲ្យមានអព្ភូតហេតុផ្លាស់ប្ដូរទាំងនៅក្នុងដួងចិត្តប្អូន និងដួងចិត្តយុវនារីដែលប្អូនត្រូវបានបញ្ជូនឲ្យទៅជួយសង្គ្រោះនោះ—ហើយការណ៍នេះតម្រូវឲ្យមានភាពជាដៃគូពីព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណអាចអនុញ្ញាតឲ្យប្អូនមើលទៅឡូរ៉លដែលមិនសូវសកម្មនោះ ដូចជាព្រះអម្ចាស់ទតមើលទៅនាង ។ ព្រះអម្ចាស់ស្គាល់ដួងចិត្តនាង និងដួងចិត្តប្អូន ហើយទ្រង់ស្គាល់ពីលទ្ធភាពនៃដួងចិត្តដែលអាចផ្លាស់ប្ដូរ ។ ទ្រង់អាចយាងមករកប្អូនទាំងពីរនាក់ដោយព្រះវិញ្ញាណរបស់ទ្រង់ដើម្បីបំផុសគំនិតនូវភាពរាបសា ការអភ័យទោស និងសេចក្ដីស្រឡាញ់ ។
ព្រះវិញ្ញាណនោះអាចបំផុសពាក្យសម្ដី ទង្វើ និងការអំណត់ដែលចាំបាច់សម្រាប់អ្នកអញ្ជើញកូនចៀមឲ្យត្រឡប់មកក្រោលវិញបាន ។ ហើយទ្រង់អាចប៉ះដួងចិត្តនៃហ្វូងចៀមក្នុងថ្នាក់ឡូរ៉លឲ្យស្រឡាញ់ ហើយស្វាគមន៍ដល់ចៀមដែលបាត់នោះ ដើម្បីពេលនាងត្រឡប់មកវិញ នាងនឹងមានអារម្មណ៍ថានាងបានមកផ្ទះវិញ ។
អំណាចរបស់អ្នកដើម្បីធ្វើល្អ ក្នុងនាមជាក្រុមនៃបុត្រីរបស់ព្រះនឹងអាស្រ័យយ៉ាងខ្លាំងទៅលើសាមគ្គីភាព និងសេចក្ដីស្រឡាញ់ដែលមាននៅក្នុងចំណោមបងប្អូន ។ នេះគឺជាអំណោយទាននៃភាពសុខសាន្ដមួយទៀតដែលកើតមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
អាលម៉ាយល់អំពីរឿងនេះ ។ នោះជាមូលហេតុដែលលោកបានអង្វរដល់រាស្ត្ររបស់លោកថា « មិនគួរឲ្យមានការទាស់ទែងគ្នាទៅវិញទៅមកឡើយ តែថា ពួកគេគួរតែមើលទៅមុខដោយភ្នែកតែមួយ មានសេចក្ដីជំនឿតែមួយ និងបុណ្យជ្រមុជទឹកតែមួយ មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » (ម៉ូសាយ ១៨:២១) ។
សាមគ្គីភាព គឺជាការចាំបាច់ដើម្បីយើងមានព្រះវិញ្ញាណនៅក្នុងថ្នាក់ និងគ្រួសាររបស់យើង ។ ប៉ុន្ដែបងប្អូនដឹងមកពីបទពិសោធន៍ដូចខ្ញុំថា សាមគ្គីភាពដោយក្ដីស្រឡាញ់ដូច្នេះពិបាកនឹងថែរក្សាណាស់ ។ វាត្រូវមានព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូដើម្បីបើកភ្នែក ហើយលត់ដំដួងចិត្តរបស់យើង ។
ខ្ញុំចាំថាមានម្ដងនោះ កូនប្រុសអាយុប្រាំពីរ ឬប្រាំបីឆ្នាំរបស់ខ្ញុំលោតលើគ្រែយ៉ាងខ្លាំងដែលខ្ញុំគិតថាវាអាចនឹងធ្លាក់ ។ ខ្ញុំមានអារម្មណ៍មួរម៉ៅ ហើយខ្ញុំបានទៅភ្លាមដើម្បីរៀបចំឲ្យផ្ទះមានសណ្ដាប់ធ្នាប់ ។ ខ្ញុំបានចាប់រឹបស្មាកូនប្រុសខ្ញុំលើកឡើងមកទល់នឹងមុខខ្ញុំ ។
ព្រះវិញ្ញាណបានដាក់ពាក្យក្នុងចិត្តខ្ញុំ ។ វាហាក់ដូចជាជាសំឡេងស្ងប់ស្ងាត់ ប៉ុន្តែវាចាក់ទម្លុះដួងចិត្តខ្ញុំ ៖ « អ្នកកំពុងតែកាន់មនុស្សដ៏អស្ចារ្យម្នាក់ » ។ ខ្ញុំបានដាក់គាត់ចុះថ្នមៗនៅលើគ្រែវិញ រួចសុំអភ័យទោស ។
ឥឡូវគាត់បានក្លាយជាបុរសដ៏អស្ចារ្យដូចដែលព្រះវិញ្ញាណបរិសុទ្ធបានឲ្យខ្ញុំមើលឃើញកាលពី ៤០ ឆ្នាំកន្លងទៅ ។ ខ្ញុំមានអំណរគុណដ៏អស់កល្បដែលព្រះអម្ចាស់បានសង្គ្រោះខ្ញុំពីអារម្មណ៍ចិត្តមិនល្អ តាមរយៈការបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យខ្ញុំមើលទៅកូនរបស់ព្រះម្នាក់ដូចជាទ្រង់ទតមើលគាត់ដែរ ។
សាមគ្គីភាពដែលយើងស្វែងរកនៅក្នុងក្រុមគ្រួសាររបស់យើង និងនៅក្នុងសាសនាចក្រនឹងកើតមាន ពេលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធមានឥទ្ធិពលលើអ្វីដែលយើងមើលឃើញ ពេលយើងមើលទៅគ្នាទៅវិញទៅមក ហើយសូម្បីតែពេលយើងគិតពីគ្នាទៅវិញទៅមកផង ។ ព្រះវិញ្ញាណមើលដោយសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ សូមស្ដាប់ពាក្យសម្ដីរបស់មរមន ដែលប្រើពិពណ៌នាអំពីសេចក្ដីសប្បុរស ។ ចូរគិតពីគ្រាដែលបងប្អូនធ្លាប់មានអារម្មណ៍នេះ ៖
« សេចក្តីសប្បុរសតែងតែអត់ធ្មត់ ហើយចិត្តល្អ ហើយពុំចេះឈ្នានីស ហើយពុំចេះអួតខ្លួន ពុំរកប្រយោជន៍ផ្ទាល់ខ្លួន ពុំរហ័សខឹង ពុំគិតដល់សេចក្តីអាក្រក់ ហើយពុំដែលអររីករាយចំពោះសេចក្តីទុច្ចរិតឡើយ ប៉ុន្តែអររីករាយតែនឹងសេចក្តីពិតវិញ គឺទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ ហើយស៊ូទ្រាំទ្រការណ៍ទាំងអស់ ។
« ហេតុដូច្នោះហើយ ឱ បងប្អូនប្រុស [ហើយខ្ញុំបន្ថែមបងប្អូនស្ត្រី] ដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ បើសិនជាអ្នករាល់គ្នាគ្មានសេចក្ដីសប្បុរសទេ នោះអ្នករាល់គ្នាគ្មានអ្វីទាំងអស់ ដ្បិតសេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ ។ ហេតុដូច្នោះហើយ ចូរតោងជាប់សេចក្ដីសប្បុរសដែលជាសេចក្ដីដ៏មហិមាបំផុត ដ្បិតអ្វីផ្សេងៗទៀតនឹងត្រូវខូចបង់—
« ប៉ុន្តែសេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ហើយស្ថិតស្ថេរនៅជានិច្ច ហើយអស់អ្នកណាដែលមានសេចក្ដីសប្បុរសនៅក្នុងថ្ងៃចុងក្រោយបង្អស់នឹងបានស្រួលដល់អ្នកនោះហើយ ។
« ហេតុដូច្នោះហើយ ឱ បងប្អូនប្រុស [ស្ត្រី] ដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិតនៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាអាចក្លាយទៅជាបុត្រា [និងបុត្រី] នៃព្រះ ដើម្បីកាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ ដ្បិតយើងនឹងឃើញទ្រង់ ជាទ្រង់ពិតប្រាកដ ដើម្បីឲ្យយើងអាចមានសេចក្ដីសង្ឃឹមនេះ ដើម្បីឲ្យយើងអាចបានបរិសុទ្ធដូចជាទ្រង់បរិសុទ្ធ » (មរ៉ូណៃ ៧:៤៥–៤៨) ។
នេះគឺជាគោលដៅដែលព្រះវរបិតាសួគ៌របស់បងប្អូនមានសម្រាប់បងប្អូន ដែលជាបុត្រីដ៏មានតម្លៃរបស់ទ្រង់ ។ សម្រាប់បងប្អូន វាអាចមើលទៅហាក់ដូចជាវាជាគោលដៅមួយនៅឆ្ងាយ ប៉ុន្តែតាមព្រះចក្ខុរបស់ទ្រង់ បងប្អូនពុំនៅឆ្ងាយពីវាទេ ។ ដូច្នេះទ្រង់យាងមករកបងប្អូនដោយព្រះវិញ្ញាណរបស់ទ្រង់ដើម្បីក្សាន្ដចិត្តបងប្អូន លើកទឹកចិត្តបងប្អូន ហើយបំផុសគំនិតបងប្អូនឲ្យបន្ដឆ្អោះទៅមុខ ។
ខ្ញុំសូមបន្សល់ទុកនឹងបងប្អូននូវសាក្សីដ៏រឹងមាំរបស់ខ្ញុំថា ព្រះវរបិតាសួគ៌ស្គាល់តម្រូវការ និងឈ្មោះបងប្អូន— ស្រឡាញ់បងប្អូន ហើយស្ដាប់ឮការអធិស្ឋានរបស់បងប្អូន ។ បុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ កំពុងអញ្ជើញបងប្អូនឲ្យមករកទ្រង់ ។ ហើយពួកទ្រង់បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឲ្យមកចូលរួមនឹងបងប្អូននៅក្នុងការខិតខំរបស់បងប្អូនដើម្បីបម្រើអ្នកដទៃជំនួសទ្រង់ ។
ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធ នឹងមានឥទ្ធិពលញែកឲ្យបរិសុទ្ធ និងស្អាតស្អំក្នុងវិញ្ញាណរបស់បងប្អូន ។ បងប្អូននឹងទទួលអារម្មណ៍សុខសាន្ដដូចដែលព្រះអង្គសង្គ្រោះបានសន្យាបន្សល់ទុកនៅនឹងពួកសិស្សរបស់ទ្រង់ ។ ជាមួយនឹងភាពសុខសាន្ដនោះ នឹងកើតមាននូវក្ដីសង្ឃឹមដ៏ភ្លឺថ្លាមួយ និងអារម្មណ៍នៃពន្លឺ និងក្ដីស្រឡាញ់មកពីព្រះវរបិតា និងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ ដែលដឹកនាំនគររបស់ទ្រង់នៅលើផែនដីតាមរយៈវិវរណៈ ទៅកាន់ព្យាការីនៅរស់របស់ទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។