ចម្រៀងដែលបានច្រៀង និងចម្រៀងដែលមិនបានច្រៀង
ខ្ញុំសូមអង្វរដល់យើងម្នាក់ៗឲ្យបន្ដស្មោះត្រង់ជានិច្ចនៅក្នុងក្រុមចម្រៀង ។
អេលីស្សា ហ៊ីវិឌបានសរសេរថា « មានពន្លឺភ្លឺក្នុងចិត្តខ្ញុំរាល់ថ្ងៃ ជាពន្លឺរុងរឿងឧត្តម្ភ នោះភ្លឺជាងថ្ងៃនៅលើមេឃខ្លាំងក្រៃ ព្រះយេស៊ូវភ្លឺមកខ្ញុំ » ។ ដោយមានភាពភ្លឺថ្លានៅគ្រប់ខ្ទង់ ចម្រៀងគ្រីស្ទានពីបុរាណដ៏អស្ចារ្យនេះគឺពិតជាពិបាកច្រៀងដោយគ្មានស្នាមញញឹមខ្លាំងណាស់ ។ ប៉ុន្ដែនៅថ្ងៃនេះ ខ្ញុំចង់ប្រើសិទ្ធិជាអ្នកឡើងនិយាយ ដើម្បីបកស្រាយអំពីវគ្គមួយ ដែលអាចនឹងជួយដល់យើងនៅថ្ងៃណាដែលយើងពិបាកនឹងច្រៀង ឬញញឹម ហើយ « ព្រលឹង » ហាក់ដូចជាមិន « អរលំហើយ » នោះ ។ បើមានគ្រាមួយដែលបងប្អូន ឬមនុស្សជាទីស្រឡាញ់របស់បងប្អូន ពុំអាចច្រៀងបទដ៏អំណរនេះតាម ពេលអ្នកដទៃច្រៀងទេ ខ្ញុំសុំឲ្យបងប្អូនបន្ដកាន់ខ្ជាប់ទៅនឹងឃ្លានេះក្នុងទំនុកតម្កើងដោយជឿជាក់ថា « ព្រះយេស៊ូវទ្រង់ក៏នឹកស្រមៃពីបទ [ អ្នក ] មិនចេះច្រៀងផង » ។
នៅក្នុងចំណោមតថភាពនានាដែលយើងត្រូវប្រឈមក្នុងនាមជាបុត្រនៃព្រះដែលរស់នៅក្នុងពិភពលោកធ្លាក់ចុះនេះ គឺថាមានថ្ងៃខ្លះមានភាពពិបាក ជាថ្ងៃដែលសេចក្ដីជំនឿ និងភាពរឹងមាំរបស់យើងត្រូវបានសាកល្បង ។ ឧបសគ្គទាំងនេះអាចកើតមានឡើងដោយសារភាពខ្វះចន្លោះមួយក្នុងខ្លួនយើង ក្នុងខ្លួនអ្នកដទៃ ឬគ្រាន់តែជាការខ្វះចន្លោះមួយនៅក្នុងជីវិត ប៉ុន្តែ យើងរកឃើញថាវាអាចរារាំងយើងមិនឲ្យច្រៀងចម្រៀងទាំងឡាយដែលយើងចង់ច្រៀងយ៉ាងខ្លាំង ហើយធ្វើឲ្យការសន្យានៃ« រដូវលំហើយក្នុងចិត្ត » ដូចដែលអេលីហ្សាពិពណ៌នានៅក្នុងវគ្គមួយរបស់គាត់នោះងងឹតសូន្យឈឹង ។
ដូច្នេះតើយើងធ្វើអ្វីខ្លះនៅក្នុងស្ថានភាពបែបនេះ ? ដំបូងយើងឱបក្រសោបយកដំបូន្មានរបស់សាវកប៉ុល ហើយ « យើងសង្ឃឹមនឹងបានអ្វី [ដែល] មើលមិនឃើញ…[ហើយ]រង់ចាំនៅដោយអំណត់ » ។ នៅគ្រាទាំងនោះ ពេលដែលសេចក្ដីជំនឿធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់យើងត្រូវឈរនៅស្ងៀមមួយគ្រាសិន ហើយគ្រាន់តែស្ដាប់អ្នកដទៃ ដើម្បីទទួលបានកម្លាំងមកពីភាពរុងរឿងនៃតន្ត្រីដែលនៅជុំវិញខ្លួនយើង ។ ពួកយើងជាច្រើនដែល « ពិបាកក្នុងការច្រៀង » ត្រូវពង្រឹងទំនុកចិត្តរបស់យើង នោះការច្រៀងរបស់យើងនឹងរីកចម្រើនយ៉ាងខ្លាំងដោយសារយើងឈរនៅជិតនឹងនរណាម្នាក់ដែលមានសំឡេងរឹងមាំច្បាស់ជាងយើង ។ប្រាកដណាស់ វាដូចគ្នា ទៅនឹង ការច្រៀង ចម្រៀង នៃ ភាពអស់កល្បជានិច្ចដែរ យើងគួរឈរនៅជិតព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោកឲ្យខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន—ព្រោះទ្រង់មានសំឡេងឥតខ្ចោះ ។ បន្ទាប់មកយើងអាចមានភាពក្លាហានដោយសារសមត្ថភាពរបស់ទ្រង់ក្នុងការស្ដាប់ឮភាពស្ងៀមស្ងាត់របស់យើង ហើយមានសង្ឃឹមដោយសារការអង្វរព្រះបិតាជំនួសយើងក្នុងនាមជាព្រះមែស៊ី ។ ប្រាកដណាស់ « ដ្បិតកាលទ្រង់គង់ជិតបង្កើយ នោះក៏កើតផលនៃព្រលឹងយ៉ាងថ្លៃ [ហើយ ] ដែលមកពីព្រះអង្គនៅចិត្តក៏ពោរពេញហើយ » ។
នៅថ្ងៃទាំងនោះ ពេលយើងមានអារម្មណ៍ថាច្រៀងភ្លាត់បន្ដិច ឬតិចជាងអ្វីដែលយើងគិតយើងមើលឃើញ ឬស្ដាប់ឮពីអ្នកដទៃ ខ្ញុំចង់សុំឲ្យពួកយើង ជាពិសេសយុវវ័យក្នុងសាសនាចក្រឲ្យ ចងចាំថា តាមរយៈការរៀបចំរបស់ព្រះ សំឡេងទាំងអស់នៅក្នុងក្រុមចម្រៀងរបស់ព្រះគឺពុំដូចគ្នានោះទេ ។ វាមានភាពខុសគ្នា—សំឡេង sopranos សំឡេង altos សំឡេងមនុស្សប្រុស និងសំឡេងbasses— ដើម្បីធ្វើឲ្យតន្ត្រីពិរោះរណ្ដំ ។ ខ្ញុំខ្ចីឃ្លាមួយជួរមកពីសំបុត្រដ៏រីករាយរបស់បងប្អូនស្ត្រីពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏អស្ចារ្យពីររូបដែលថ្លែងថា « គ្រប់មនុស្សដែលព្រះបង្កើតមកមានតួនាទីក្នុងក្រុមចម្រៀង » ។ នៅពេលយើងបង្អាប់ភាពពិសេសរបស់យើង ឬព្យាយាមអនុលោមទៅតាមគោលគំនិតឥតខ្ចោះ ដែលជម្រុញដោយវប្បធម៌អ្នកប្រើប្រាស់ពុំចេះស្កប់ស្កល់ និងរីកដុះដាលដោយប្រព័ន្ធផ្សព្វផ្សាយសង្គម នោះយើងបាត់បង់ភាពក្រអួនក្រអៅនៃសំឡេងចម្រុះ ដែលព្រះសព្វព្រះទ័យចង់បាន ពេលទ្រង់បានបង្កបង្កើតពិភពលោកនៃភាពចម្រុះគ្នានេះឡើង ។
ឥឡូវនេះនេះពុំមែនមានន័យថា មនុស្សគ្រប់គ្នានៅក្នុងក្រុមច្រៀងរបស់ព្រះ អាចចាប់ផ្ដើមស្រែកច្រៀងចម្រៀងផ្ទាល់ខ្លួនបានភ្លាមៗនោះទេ ! ភាពចម្រុះគឺពុំមែនជាសំឡេងស្រែកឮៗនោះទេ ហើយក្រុមចម្រៀងក៏តម្រូវឲ្យមានវិន័យដែរ—សម្រាប់គោលបំណងរបស់យើងនាថ្ងៃនេះ ខ្ញុំសូមប្រើពាក្យភាពជាសិស្ស—ប៉ុន្តែនៅពេលយើងបានទទួលយកបទ និងទំនុកដែលបើកសម្ដែង ហើយតាក់តែងឡើងដោយព្រះពីមុនលោកិយនេះ ព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងច្រៀងដោយសំឡេងរបស់យើង ពុំមែនដោយសំឡេងអ្នកដទៃទេ ។ ចូរជឿលើខ្លួនឯង ហើយជឿលើទ្រង់ ។ ចូរកុំបន្ទាបបន្ថោកខ្លួនឯង ឬការបរិច្ចាគរបស់បងប្អូនឡើយ ។ រឿងសំខាន់បំផុតនោះគឺកុំបោះបង់តួនាទីរបស់បងប្អូននៅក្នុងក្រុមចម្រៀងនេះឡើយ ។ ហេតុអ្វីទៅ ? ដោយសារបងប្អូនពិសេស ហើយគ្មានអ្វីអាចជំនួសបានទេ ។ ការបាត់បង់សំឡេងតែមួយធ្វើឲ្យអ្នកច្រៀងដទៃទៀតនៅក្នុងក្រុមចម្រៀងជីវិតរមែងស្លាប់ដ៏ធំនេះ ត្រូវទន់ខ្សោយ រួមទាំងការបាត់បង់អស់អ្នកដែលមានអារម្មណ៍ថាពួកគេមិនសំខាន់ចំពោះសង្គម ឬសាសនាចក្រផងដែរ ។
ប៉ុន្តែទោះជាខ្ញុំលើកទឹកចិត្តបងប្អូនឲ្យមានជំនឿ ដែលទាក់ទងនឹងចម្រៀងដែលអាចពិបាកច្រៀងក្ដី ខ្ញុំបានត្រៀមទទួលស្គាល់ជាស្រេចថា ខ្ញុំក៏ត្រូវខំតស៊ូច្រៀងបទចម្រៀងផ្សេងទៀត— ដែលគួរតែច្រៀងតែមិនទាន់បានច្រៀងនៅឡើយដែរ ដោយសារមូលហេតុបញ្ហាផ្សេងៗ ។
នៅពេលខ្ញុំឃើញភាពមិនស្មើគ្នាខាងសេដ្ឋកិច្ចដ៏រន្ធត់នៅក្នុងពិភពលោកនេះ ខ្ញុំមានអារម្មណ៍មិនសូវស្រួលចិត្តក្នុងការច្រៀងជាមួយបងស្រី ហ៊ីវិឌ ថា « ខ្ញុំអរគុណទ្រង់ព្រោះព្រះពរដ៏ថ្លៃ ដែល ‹មកអំពី› ព្រះអង្គ »ឡើយ ។ វគ្គបន្ទរនោះពុំអាចច្រៀងដោយស្មោះត្រង់ពេញលេញបានទេ ទាល់តែយើងបានមើលថែដល់អ្នកក្រីក្រដោយស្មោះ ។ ការខ្វះខាតខាងផ្នែកសេដ្ឋកិច្ចគឺជាបណ្ដាសារមួយដែលបន្ដដាក់បណ្ដាសារ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយពីមួយជំនាន់ទៅមួយជំនាន់ ។ វាបំផ្លាញរូបកាយ ធ្វើឲ្យរងគ្រោះខាងវិញ្ញាណ ធ្វើទុក្ខក្រុមគ្រួសារ ហើយកម្ទេចសុបិនទាំងឡាយ ។ ប្រសិនបើយើងអាចធ្វើច្រើនជាងនេះដើម្បីកាត់បន្ថយភាពក្រីក្រ ដូចជាព្រះយេស៊ូវបានបង្គាប់ឲ្យយើងធ្វើដដែលៗ នោះ ប្រហែលជាអ្នកដែលពុំសូវមានវាសនាល្អនៅក្នុងលោកិយនេះ អាចច្រៀងរហ៊ឹមៗនូវទំនុកពីរបីខ្ទង់នៃបទ « មានពន្លឺភ្លឺក្នុងចិត្តខ្ញុំរាល់ថ្ងៃ » ប្រហែលគេច្រៀងជាលើកទីមួយនៅក្នុងជីវិតរបស់ពួកគេផង ។
ខ្ញុំក៏ឃើញថា វាពិបាកដើម្បីច្រៀងទំនុកមានអំណររីករាយ ពេលមនុស្សជាច្រើននៅជុំវិញយើងរងទុក្ខដោយសារជំងឺ ស្មារតី និងសតិអារម្មណ៍ ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ។ ជាអកុសល បន្ទុកទាំងនេះ ពេលខ្លះកើតមានទោះជាមានការខិតខំយ៉ាងក្លៀវក្លាមកពីអ្នកមើលថែជាច្រើនប្រភេទក្ដី រួមទាំងសមាជិកគ្រួសារផងដែរ ។ ខ្ញុំអធិស្ឋានសូមឲ្យយើងកុំទុកកូនចៅរបស់ព្រះដែលរងទុក្ខទាំងនោះឲ្យនៅឯកោ ហើយថាយើងនឹងទទួលបានព្រះសមត្ថភាពរបស់ទ្រង់ដើម្បីស្ដាប់ឮចម្រៀងដែលពួកគេមិនអាចច្រៀងនាពេលនេះផង ។
ហើយនៅថ្ងៃណាមួយ ខ្ញុំសង្ឃឹមថាក្រុមចម្រៀងជាសាកលដ៏មហិមាមួយនឹងច្រៀងត្រូវគ្នាដោយមិនគិតពីជាតិសាសន៍ អ្វីទាំងអស់ ដោយប្រកាសថា កាំភ្លើង និងពាក្យបង្កាច់ និងការស្អប់ ពុំមែនជារបៀបដោះស្រាយភាពខុសគ្នានោះទេ ។ ការប្រកាសពីស្ថានសួគ៌ថ្លែងមកកាន់យើងថា របៀបតែមួយដែលបញ្ហាសង្គមដ៏ស្មុគស្មាញអាចត្រូវបានដោះស្រាយដោយស្កប់ចិត្តនោះ គឺមានតែស្រឡាញ់ព្រះ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ប៉ុណ្ណោះ ព្រោះវាជាការបើកទ្វារទៅកាន់ផ្លូវសង្គ្រោះដ៏យូរអង្វែងមួយ ដើម្បីស្រឡាញ់គ្នាទៅវិញទៅមកដូចជាអ្នកជិតខាង ។ ព្យាការីអេធើរ បានបង្រៀនថា យើងគួរសង្ឃឹមថានឹងបានពិភពលោកមួយដ៏ប្រសើរ ។ មួយពាន់ឆ្នាំក្រោយមក ពេលអានពីគំនិតរបស់មរ៉ូណៃដែលនឿយហត់នឹងសង្គ្រាម និងអំពើហឹង្សាដែលបានប្រកាសថា « ផ្លូវមួយដ៏ប្រសើរលើសលែងទៅទៀត » ចំពោះពិភពលោកនោះ គឺជាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
យើងមានអំណរគុណដើម្បីស្ថិតនៅក្នុងចំណោមបញ្ហាទាំងនោះ ហើយពីមួយគ្រាទៅមួយគ្រា យើងឃើញថាយើងពុំអាចច្រៀងចម្រៀងផ្សេងមួយទៀតឡើយ ដោយសារតែមូលហេតុផ្សេងមួយ ។ នេះគឺនៅពេលដែលអារម្មណ៍កប់ជ្រៅក្នុងខ្លួន និងជារឿងផ្ទាល់ខ្លួន ទាំងពិសិដ្ឋផង ដែលវាមិនអាច ឬមិនគួរនឹងថ្លែងប្រាប់បាន—ដូចជាសេចក្ដីស្រឡាញ់របស់ ខូដេលៀចំពោះឪពុកនាង កាលនាងពោលថា « ក្ដីស្រឡាញ់របស់ប៉ា…គឺខ្ញុំរកពាក្យថ្លែងប្រាប់ពុំបានឡើយ… ។ ខ្ញុំពុំអាចរកពាក្យថ្លែងពីដួងចិត្តខ្ញុំបានទេ » ។ វាកើតមានចំពោះយើងជាអ្វីមួយដែលបរិសុទ្ធ អារម្មណ៍មនោសញ្ចេតនាទាំងនេះ គឺពុំអាចថ្លែងប្រាប់ដោយងាយៗ—វាកប់យ៉ាងជ្រៅខាងវិញ្ញាណ—ដូចជាការអធិស្ឋានដែលព្រះយេស៊ូវបានផ្ដល់សម្រាប់កូនចៅសាសន៍នីហ្វៃដែរ ។ អស់អ្នកដែលបានឃើញព្រឹត្តិការណ៍នោះបានកត់ត្រា ៖
« ភ្នែកមិនដែលឃើញសោះ ឯត្រចៀកក៏មិនដែលបានឮរឿងដ៏មហិមា និង អស្ចារ្យ ដូចដែលយើងបានឃើញ ហើយបានឮព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅកាន់ព្រះវរបិតាឡើយ
« …គ្មានអណ្ដាតណាអាចថ្លែងប្រាប់ ហើយគ្មានមនុស្សណាអាចសរសេរ ហើយក៏គ្មានចិត្តរបស់មនុស្សណាអាចយល់នូវរឿងដ៏អស្ចារ្យ និងមហិមា ដូចដែលយើងបានឃើញ ហើយបានឮព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលនោះឡើយ ។
គ្រាដ៏បរិសុទ្ធទាំងនេះ បន្ដនៅជាការណ៍ពុំអាចថ្លែងបាន ទោះជាវាអាចធ្វើទៅបាន ពីព្រោះតែការនិយាយនោះអាចនឹងដូចជាការប្រមាថដល់វត្ថុពិសិដ្ឋ ។
បងប្អូនប្រុសស្រី យើងរស់នៅក្នុងពិភពលោករមែងស្លាប់មួយ ដែលមានចម្រៀងជាច្រើនដែលយើងពុំអាចច្រៀង ឬមិនទាន់បានច្រៀងនៅឡើយ ។ ប៉ុន្ដែខ្ញុំសូមអង្វរដល់យើងម្នាក់ៗឲ្យបន្ដនៅក្នុងក្រុមចម្រៀង ហើយយើងនឹងអាចរីករាយនឹងសំឡេងនៃចម្រៀងដ៏មានតម្លៃបំផុត—« ជាចម្រៀងនៃសេចក្ដីស្រឡាញ់ដ៏ប្រោសលោះ » ។ សំណាងល្អ មនុស្សគ្រប់រូបអាចទទួលបានផលពីដង្វាយធួនដោយឥតដែនកំណត់ ។ មានកន្លែងសម្រាប់អ្នកដែលនិយាយភាសាខុសគ្នាប្រារព្ធវប្បធម៌ចម្រុះ ហើយប្រមូលផ្ដុំមកពីទីតាំងអន្ដរជាតិជាច្រើន ។ មានកន្លែងសម្រាប់អ្នកនៅលីវ អ្នករៀបការហើយ គ្រួសារធំ និងអ្នកដែលគ្មានកូនចៅ ។ មានកន្លែងសម្រាប់អ្នកដែលធ្លាប់មានចម្ងល់ទាក់ទងនឹងជំនឿរបស់ពួកគេ និងកន្លែងសម្រាប់អ្នកដែលនៅតែមានចម្ងល់ ។ មានកន្លែងសម្រាប់អ្នកដែលខ្វែងគំនិតចំពោះការប្រតិព័ទ្ធផ្លូវភេទ ។ សរុបសេចក្ដីទៅ មានកន្លែងសម្រាប់មនុស្សគ្រប់រូបដែលស្រឡាញ់ព្រះ ហើយគោរពបទបញ្ញត្តិរបស់ទ្រង់ ជាបទដ្ឋានដ៏ឥតរំលងបានដើម្បីវាស់ឥរិយាបថផ្ទាល់ខ្លួន ដ្បិតប្រសិនបើសេចក្ដីស្រឡាញ់របស់ព្រះ គឺជាទំនុកនៃចម្រៀងដែលយើងច្រៀងរួមគ្នា នោះចម្ងល់ជាទូទៅរបស់យើងក្នុងការគោរពចំពោះទ្រង់ គឺជាបទភ្លេងដ៏សំខាន់នៃចម្រៀងនោះ ។ ដោយមានបទបញ្ញត្តិរបស់ព្រះអំពីសេចក្ដីស្រឡាញ់ និងជំនឿ ការប្រែចិត្ត និងសេចក្ដីមេត្តាករុណា នោះមានកន្លែងក្នុងក្រុមចម្រៀងនេះសម្រាប់មនុស្សទាំងអស់ដែលចង់នៅទីនេះ ព្រះបិតាជាទីស្រឡាញ់មានព្រះបន្ទូលមកកាន់យើងម្នាក់ៗថា « ចូរមកដោយខ្លួនអ្នក » ប៉ុន្តែទ្រង់បន្ថែមថា « ចូរកុំគិតថា មិនផ្លាស់ប្ដូរនោះឡើយ » ។ យើងញញឹម ហើយចងចាំថា ព្រះតាំងព្រះទ័យដើធ្វើឲ្យយើងប្រែក្លាយជាមនុស្សប្រសើរជាងយើងគិតថាយើងអាចប្រែក្លាយ ។
នៅក្នុងចំណែកតន្ដ្រីដ៏មហិមានេះ ដែលជាផែនការរបស់ទ្រង់សម្រាប់ការលើកតម្កើងរបស់យើង សូមឲ្យយើងធ្វើតាមការដឹកនាំរបស់ទ្រង់ដោយរាបសារ ហើយបន្ដហាត់ចម្រៀងដែលយើងមិនអាចច្រៀង រហូតដល់យើងអាចច្រៀង « ជាបទច្រៀងសរសើរព្រះអង្គ » ។ នោះនៅថ្ងៃមួយ កាលទំនុកតម្កើងដ៏យើងចូលចិត្តជាខ្លាំងបន្លឺឡើងថា
ខ្ញុំថ្លែងទីបន្ទាល់ថា គ្រានោះនឹងមកដល់ ថាព្រះជាព្រះវរបិតាសួគ៌របស់យើង នឹងបញ្ជូនព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់មកផែនដីម្ដងទៀត នៅគ្រានេះដើម្បីគ្រប់គ្រង និងគ្រងរាជ្យជាស្ដេចនៃអស់ទាំងស្ដេចជារៀងរហូត ។ ខ្ញុំថ្លែងទីបន្ទាល់ថា នេះគឺជាសាសនាចក្ររបស់ទ្រង់ដែលបានស្ដារឡើងវិញ ហើយគឺជាយានយន្ដដើម្បីនាំការបង្រៀន និងពិធីបរិសុទ្ធនៃការសង្គ្រោះនៃដំណឹងល្អរបស់ទ្រង់ទៅកាន់មនុស្សលោកទាំងអស់ ។ នៅពេលសារលិខិតរបស់ទ្រង់បាន « ចាក់ទម្លុះគ្រប់ទ្វីប ទៅគ្រប់លំហរអាកាស » ព្រះយេស៊ូវនឹងប្រាកដជា « បង្ហាញព្រះភ័ក្ត្រញញឹមរបស់ទ្រង់ » ។ នោះនឹងមានពន្លឺភ្លឺដ៏អស់កល្បជានិច្ចនៅក្នុងព្រលឹងនៅថ្ងៃ នោះ ។ ខ្ញុំសូមអធិស្ឋានជាបន្ដបន្ទាប់ដើម្បីឲ្យការសន្យានេះបានកើតឡើង នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។