សិរីលំអនៃសេចក្តីបរិសុទ្ធ
ព្រះវរបិតាសួគ៌យើងបានប្រទានអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីយើងអាចបានបរិសុទ្ធដូចជាទ្រង់ ។
ពេលខ្ញុំរៀបចំសម្រាប់ការប្រជុំនេះ ដួងចិត្តខ្ញុំបានគិតដល់បងប្អូនស្រីស្មោះត្រង់ជាច្រើននាក់ ដែលខ្ញុំបានជួប ទាំងនៅជិត និងនៅឆ្ងាយ ។ ចំពោះខ្ញុំ ទំនុកតម្កើងនៃអំណរគុណដោយស្ដេចដាវីឌ បានពិពណ៌នាយ៉ាងល្អបំផុតអំពីពួកគាត់ថា « ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ៖ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ៖ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្តីបរិសុទ្ធ » ។
ខ្ញុំឃើញសិរីលំអនៃសេចក្តីបរិសុទ្ធក្នុងបងប្អូនស្រី ដែលមានដួងចិត្តផ្ដោតទៅលើសេចក្ដីល្អ ជាអ្នកដែលកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ ពួកគាត់ថ្វាយព្រលឹង ដួងចិត្ត ពលំ គំនិត និង កម្លាំងដល់ព្រះអម្ចាស់ តាមរបៀបដែលពួកគាត់រស់នៅជារៀងរាល់ថ្ងៃ ។ សេចក្តីបរិសុទ្ធមាននៅក្នុងការព្យាយាម និង ការខិតខំគោរពតាមព្រះបញ្ញត្តិ និងការគោរពដល់សេចក្ដីសញ្ញា ដែលយើងបានធ្វើជាមួយព្រះ ។ សេចក្ដីបរិសុទ្ធគឺជាការជ្រើសរើស ដែលនឹងរក្សាឲ្យមានព្រះវិញ្ញាណបរិសុទ្ធធ្វើជាអ្នកដឹកនាំយើង ។ សេចក្ដីបរិសុទ្ធគឺជាបោះបង់ចោលទំនោរពីធម្មជាតិរបស់យើង ហើយក្លាយជា« ពួកបរិសុទ្ធតាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាអម្ចាស់ » ។« គ្រប់គ្រាទាំងអស់ក្នុង [ យើង ] ត្រូវតែជាសេចក្ដីបរិសុទ្ធចំពោះព្រះអម្ចាស់ » ។
ព្រះនៃស្ថានសួគ៌បានត្រាស់បង្គាប់កូនចៅអ៊ីស្រាអែលថា « ដ្បិតអញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ៖ ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធមិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « ព្រះវរបិតាសួគ៌របស់យើង គឺជាព្រះដែលមានការរំពឹងទុកខ្ពស់ ។… ទ្រង់ស្នើឲ្យយើងញែកខ្លួនចេញជាបរិសុទ្ធ ដើម្បីយើងអាច ‹ នៅឯពិភពសេឡេស្ទាល › ( គ. និង ស. ៨៨:២២ ) ហើយ ‹ អាស្រ័យនៅក្នុងវត្តមានរបស់ទ្រង់ › ( ម៉ូសេ ៦:៥៧ ) » ។សៀវភៅ Lectures on Faith ពន្យល់ថា « គ្មានសភាវៈណាអាចរីករាយនឹងសិរីល្អទ្រង់បានឡើយ បើពួកគេគ្មានភាពល្អឥតខ្ចោះ និង សេចក្ដីបរិសុទ្ធរបស់ទ្រង់ទេនោះ » ។ ព្រះវរបិតាគង់នៅស្ថានសួគ៌ទ្រង់ស្គាល់យើង ។ ទ្រង់ស្រឡាញ់យើង ហើយទ្រង់បានប្រទានអ្វីគ្រប់យ៉ាងដែលតម្រូវឲ្យមាន ដើម្បីយើងអាចបានបរិសុទ្ធដូចទ្រង់បរិសុទ្ធ ។
យើងគឺជាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយយើងម្នាក់ៗមានកេរដំណែលនៃសេចក្ដីបរិសុទ្ធដ៏ទេវភាព ។ ព្រះវរបិតាសួគ៌បានមានព្រះបន្ទូលថា « មើលចុះ យើងជាព្រះ មនុស្សនៃបរិសុទ្ធភាព គឺជាព្រះនាមរបស់យើង » ។ នៅពិភពមុនឆាកជីវិតនេះ យើងបានស្រឡាញ់ព្រះវរបិតាយើង ហើយយើងបានថ្វាយបង្គំទ្រង់ ។ យើងបានមានបំណងចង់ក្លាយដូចទ្រង់ ។ ដោយសារតែក្ដីស្រឡាញ់ដ៏ឥតខ្ចោះក្នុងនាមជាបិតា ទ្រង់បានប្រទានបុត្រាជាទីស្រលាញ់ ព្រះយេស៊ូវគ្រីស្ទ មកធ្វើជាព្រះអង្គសង្គ្រោះ និង ព្រះអង្គប្រោសលោះរបស់យើង ។ ទ្រង់ជាកូនមនុស្សនៃសេចក្ដីបរិសុទ្ធ ។ « ព្រះនាមទ្រង់គឺ បរិសុទ្ធ » « ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ។
សេចក្ដីសង្ឃឹមរបស់យើងដើម្បីបានសេចក្ដីបរិសុទ្ធ គឺផ្ដោតទៅលើព្រះគ្រីស្ទ និងក្ដីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ ។ តាមការមានក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និង លើដង្វាយធួនទ្រង់ នោះយើងអាចបានស្អាតស្អំ គ្មានស្នាមប្រឡាក់ ខណៈដែលយើងមិនបណ្ដោយខ្លួនទៅក្នុងសេចក្ដីអាក្រក់ហើយប្រែចិត្តដោយស្មោះនោះ ។ យើងបានទទួលបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ។ ព្រលឹងយើងត្រូវបានធ្វើឲ្យបរិសុទ្ធ នៅពេលយើងទទួលព្រះវិញ្ញាណបរិសុទ្ធដោយស្មោះស ។ រាល់សប្ដាហ៍ យើងទទួលពិធីសាក្រាម៉ង់ ។ ពេលយើងមានស្មារតីប្រែចិត្តដោយមានបំណងដ៏ស្មោះដើម្បីមានភាពសុចរិត នោះយើងចុះសេចក្ដីសញ្ញាថា យើងនឹងមានឆន្ទៈលើកដាក់ព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន ចងចាំទ្រង់ ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយ ដើម្បីយើងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយយើងជានិច្ច ។ យូរៗទៅ ពេលយើងព្យាយាមជាបន្ដបន្ទាប់ដើម្បីមានបំណងតែមួយជាមួយព្រះវរបិតា ព្រះបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ នោះយើងបានជាអ្នកទទួលបាននិស្ស័យនៃព្រះ ។
សេចក្តីបរិសុទ្ធគឺជាការគោរពតាមសេចក្ដីសញ្ញារបស់យើង
យើងទទួលស្គាល់ការសាកល្បង ការល្បួង និង ទុក្ខលំបាកជាច្រើន ដែលអាចទាញយើងចេញពីមាគ៌ាដែលប្រកបដោយគុណធម៌ និង គួរឲ្យសរសើរចំពោះព្រះ ។ ប៉ុន្តែបទពិសោធន៍ក្នុងជីវិតរមែងស្លាប់ ផ្ដល់ឱកាសឲ្យយើងជ្រើសរើសយកសេចក្ដីបរិសុទ្ធ ។ ជាញឹកញាប់ វាគឺជាការលះបង់ដែលយើងធ្វើ ដើម្បីគោរពតាមសេចក្ដីសញ្ញាដែលញែក ហើយធ្វើឲ្យយើងបរិសុទ្ធ ។
ខ្ញុំបានឃើញសេចក្ដីបរិសុទ្ធនៅលើទឹកមុខរបស់ អេវានជែលីន ជាយុវនារីអាយុ ១៣ ឆ្នាំម្នាក់ រស់នៅប្រទេសហ្គាណា ។ របៀបមួយដែលនាងរក្សាសេចក្ដីសញ្ញារបស់នាង គឺតាមរយៈការតម្កើងការហៅរបស់នាងជាប្រធានក្រុមប៊ីហៃ ។ នាងបានពន្យល់ដោយរាបសារថា នាងទៅផ្ទះមិត្តភក្ដិនាង ដែលជាយុវនារីមិនសូវសកម្ម ដើម្បីសុំឪពុកម្ដាយពួកគេអនុញ្ញាតឲ្យពួកគេទៅព្រះវិហារ ។ ឪពុកម្ដាយទាំងនោះប្រាប់នាងថា វាជាការលំបាក ព្រោះនៅថ្ងៃអាទិត្យកូនៗរបស់ពួកគាត់ត្រូវតែធ្វើការងារផ្ទះ ។ ដូច្នេះ អេវានជែលីន ទៅជួយធ្វើការងារផ្ទះ ហើយតាមរយៈការខិតខំរបស់នាង នោះមិត្តភក្ដិនាងត្រូវបានអនុញ្ញាតឲ្យមកព្រះវិហារជាញឹកញាប់ ។
បើយើងនឹងគោរពតាមសេចក្ដីសញ្ញាដែលជាប់ទាក់ទង នោះពិធីបរិសុទ្ធបុព្វជិតភាពដ៏ពិសិដ្ឋនឹងផ្លាស់ប្ដូរយើង ធ្វើឲ្យយើងបរិសុទ្ធ ហើយរៀបចំយើងចូលក្នុងវត្តមានរបស់ព្រះអម្ចាស់ ។ ដូច្នេះយើងជួយរែកបន្ទុកគ្នា! យើងពង្រឹងគ្នាទៅវិញទៅមក ។ យើងទទួលបានការផ្ដាច់បាប នៅពេលយើងផ្ដល់ជំនួយខាងវិញ្ញាណ និង ខាងសាច់ឈាមដល់ជនក្រីក្រ ជនស្រេកឃ្លាន ជនអាក្រាត និងអ្នកឈឺ ។ យើងរក្សាខ្លួនយើងមិនឲ្យប្រឡាក់ពីលោកិយ នៅពេលយើងរក្សាថ្ងៃឈប់សម្រាក ហើយសក្ដិសមដើម្បីទទួលសាក្រាម៉ង់នៅថ្ងៃបរិសុទ្ធរបស់ព្រះអម្ចាស់ ។
យើងឲ្យពរដល់ក្រុមគ្រួសារយើង ហើយធ្វើឲ្យផ្ទះយើងជាកន្លែងមួយដ៏បរិសុទ្ធ ។ យើងទប់អស់ទាំងតណ្ហា ដើម្បីឲ្យយើងអាចបានពោរពេញ ទៅដោយសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធ និង យូរអង្វែង ។ យើងជួយមនុស្សដទៃដោយសណ្ដានចិត្តល្អ ដោយការអាណិតអាសូរ ហើយឈរជាសាក្សីអំពីព្រះ ។ យើងក្លាយជាប្រជាជនក្រុងស៊ីយ៉ូន ដែលមានចិត្តមួយ និង គំនិតមួយ ជាមនុស្សបរិសុទ្ធដែលអាស្រ័យរួមគ្នាក្នុងសាមគ្គីភាព និង សេចក្ដីសុចរិត ។ដ្បិតក្រុងស៊ីយ៉ូនត្រូវតែពង្រីកខាងលំអ និងខាងបរិសុទ្ធភាព » ។
បងប្អូនស្ត្រីអើយ សូមមកព្រះវិហារបរិសុទ្ធ ។ បើយើងត្រូវធ្វើជាប្រជាជនដ៏បរិសុទ្ធ ដែលរៀបចំខ្លួនទទួលព្រះអង្គសង្គ្រោះពេលទ្រង់យាងមក យើងត្រូវតែក្រោកឡើង ហើយប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿង ។ នៅក្នុងភាពរឹងមាំ និង កិត្តិយស យើងបោះបង់មាគ៌ារបស់លោកិយចោល ហើយរក្សាសេចក្ដីសញ្ញាថាយើងនឹង « បំពាក់ដោយសេចក្ដីបរិសុទ្ធ មែនហើយ គឺដោយអាវនៃសេចក្ដីសុចរិត » ។
សេចក្ដីបរិសុទ្ធគឺជាការទទួលយកព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំយើង
សេចក្ដីបរិសុទ្ធគឺជាអំណោយទាននៃព្រះវិញ្ញាណ ។ យើងទទួលអំណោយទាននេះ នៅពេលយើងជ្រើសរើសធ្វើកិច្ចការទាំងឡាយ ដែលនឹងបង្កើនអំណាចនៃការញែកជាបរិសុទ្ធរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ។
នៅពេល ម៉ាថា បានទទួលព្រះយេស៊ូវគ្រីស្ទ ចូលគង់ក្នុងផ្ទះរបស់នាង នាងបានមានបំណងដ៏ធំដើម្បីបម្រើព្រះអម្ចាស់ ដោយអស់ពីលទ្ធភាពរបស់នាង ។ ប្អូនស្រីរបស់នាង ឈ្មោះ ម៉ារា បានជ្រើសរើសអង្គុយស្ដាប់ព្រះបន្ទូល « នៅទៀបព្រះបាទព្រះអម្ចាស់ » ។ ពេល ម៉ាថា មានអារម្មណ៍នឿយហត់នឹងការបម្រើដោយគ្មានជំនួយសោះ នោះ នាងត្អូញត្អែរថា « ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបម្រើតែម្នាក់ឯងទេឬអី ? »
ខ្ញុំចូលចិត្តបន្ទូលស្ដីបន្ទោសដ៏ទន់ភ្លន់បំផុត ដែលលើសពីការគិតរបស់ខ្ញុំនោះ ។ ព្រះអង្គសង្គ្រោះបានដាស់តឿនដោយក្ដីស្រឡាញ់ឥតខ្ចោះ និង គ្មានទីបញ្ចប់ដូចនេះ ៖
« ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ ៖
« មានសេចក្តីតែ១ទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ » ។
បងប្អូនស្រី ដើម្បីឲ្យបានបរិសុទ្ធ យើងត្រូវតែរៀនអង្គុយឲ្យទៀបនឹងព្រះបាទនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយចំណាយពេលវេលាដល់សេចក្ដីបរិសុទ្ធ ។ តើយើងទុកទូរសព្ទ បញ្ជីការងារដ៏ច្រើន និងការខ្វល់ខ្វាយពីរឿងខាងលោកិយមួយអន្លើរដែរឬទេ ? ការអធិស្ឋាន ការសិក្សា ហើយការស្ដាប់បន្ទូលរបស់ព្រះយាងអញ្ជើញក្ដីស្រឡាញ់ដែលលាងជម្រះ ហើយព្យាបាល ចូលមកក្នុងព្រលឹងយើង ។ ចូរយើងចំណាយពេលឲ្យបានបរិសុទ្ធ ដើម្បីយើងអាចពេញដោយព្រះវិញ្ញាណដ៏ពិសិដ្ឋ ហើយញែកឲ្យបរិសុទ្ធរបស់ទ្រង់ ។ ដោយមានព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ យើងនឹងត្រៀមខ្លួនទទួលព្រះអង្គសង្គ្រោះនៅក្នុងសិរីលំអនៃសេចក្តីបរិសុទ្ធ ។
សេចក្ដីបរិសុទ្ធគឺជាការក្លាយជាពួកបរិសុទ្ធ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
យោងតាមបន្ទូលដ៏បំផុសគំនិតរបស់ស្ដេចបេនយ៉ាមីន អ្នកដែលក្លាយជាពួកបរិសុទ្ធតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាអ្នកដែលងាយប្រដៅ ស្លូតបូត ទាបរាបសារ អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ដូចជាព្រះអង្គសង្គ្រោះ ។ ទ្រង់បានព្យាករថា ព្រះយេស៊ូវគ្រីស្ទ « ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ គឺព្រះអង្គដ៏មានព្រះជន្មរស់ ចាប់តាំងពីអស់ទាំងកល្ប ទៅអស់កល្បជានិច្ច ទ្រង់នឹងយាងចុះមកពីស្ថានសួគ៌ មករស់នៅក្នុងចំណោមកូនចៅមនុស្ស ហើយនឹងគង់នៅក្នុងរោងឧបោសថឥដ្ឋ » ។ ទ្រង់បានយាងមកដើម្បីប្រទានពរដល់អ្នកឈឺ ជនពិការជើង អ្នកថ្លង់ ហើយអ្នកខ្វាក់ ហើយប្រោសអ្នកដែលស្លាប់ឲ្យរស់ឡើងវិញ ។ ប៉ុន្តែទ្រង់បានរងទុក្ខ « ច្រើនជាងមនុស្សលោកអាចស៊ូទ្រាំបានទៅទៀត លើកលែងតែសេចក្ដីស្លាប់ប៉ុណ្ណោះ » ។ ទោះជាទ្រង់គឺជាអង្គតែមួយ ដែលតាមរយៈទ្រង់ទើបមានសេចក្ដីសង្គ្រោះក្ដី គង់តែទ្រង់ត្រូវគេធ្វើទុក្ខទោស ប្រមាថ ហើយឆ្កាង ។ ប៉ុន្តែបុត្រានៃព្រះ បានក្រោកឡើងពីផ្នូរ ដើម្បីយើងទាំងអស់គ្នាអាចយកឈ្នះសេចក្ដីស្លាប់បាន ។ ទ្រង់ជាអង្គដែលនឹងឈរជំនុំជម្រះពិភពលោកក្នុងសេចក្ដីសុចរិត ។ ទ្រង់ជាអង្គដែលនឹងប្រោសលោះយើងទាំងអស់គ្នា ។ ទ្រង់គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ។ ព្រះយេស៊ូវគ្រីស្ទគឺជាសិរីលំអនៃសេចក្តីបរិសុទ្ធ ។
នៅពេលប្រជារាស្រ្តរបស់ស្ដេចបេនយ៉ាមីនស្ដាប់ឮបន្ទូលទ្រង់ ពួកគេបានដួលទៅលើដី ដោយមានភាពរាបទាប និង ការគោរពធំធេងចំពោះព្រះគុណ និង សិរីល្អនៃព្រះ ។ ពួកគេទទួលស្គាល់ស្ថានភាពខាងរូបកាយរបស់ខ្លួន ។ តើយើងមើលឃើញនូវការពឹងផ្អែកទាំងស្រុងរបស់យើងនៅលើព្រះគុណ និង ក្ដីមេត្តាករុណានៃព្រះគ្រីស្ទជាអម្ចាស់នៃយើងឬទេ ? តើយើងមានដឹងថា រាល់អំណោយទានល្អៗ ខាងសាច់ឈាម និង ខាងវិញ្ញាណ កើតឡើងដល់យើងតាមរយៈព្រះគ្រីស្ទឬទេ ? តើយើងចងចាំថា យោងតាមផែនការអស់កល្បជានិច្ចរបស់ព្រះវរបិតា នោះភាពសុខសាន្តក្នុងជីវិតនេះ និង សិរីល្អនៃភាពអស់កល្បជានិច្ចគឺជារបស់យើងមាន តាមតែរយៈព្រះបុត្រាដ៏បរិសុទ្ធរបស់ទ្រង់ដែរឬទេ ?
សូមឲ្យយើងចូលរួមជាមួយប្រជានជនរបស់ស្ដេចបេនយ៉ាមីន ពេលពួកគេស្រែកព្រមៗគ្នាថា « ឱសូមមេត្តាផង ហើយសូមប្រទាននូវព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបានទទួលនូវការអភ័យទោសចំពោះអំពើបាបទាំងឡាយរបស់យើង ហើយដើម្បីឲ្យចិត្តយើងអាចបានជ្រះបរិសុទ្ធផងចុះ ព្រោះយើងជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងវត្ថុសព្វសារពើ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងមករកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល នោះព្រះវិញ្ញាណទ្រង់នឹងសណ្ឋិតលើយើង ដើម្បីយើងបានពេញដោយអំណរ ហើយទទួលបានការផ្ដាច់បាប និងបានភាពសុខសាន្តក្នុងមនសិការ ។
ព្រះវរបិតាសួគ៌បានប្រទានសមត្ថភាពដើម្បីបានជាបរិសុទ្ធដល់យើងម្នាក់ៗ ។ សូមឲ្យយើងធ្វើអស់ពីលទ្ធភាពដើម្បីរក្សាសេចក្ដីសញ្ញាយើង ហើយយកព្រះវិញ្ញាណបរិសុទ្ធជាអង្គនាំផ្លូវយើង ។ ដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងក្លាយជាពួកបរិសុទ្ធតាមរយៈដង្វាយធួនរបស់ទ្រង់ ដើម្បីយើងអាចទទួលបានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ហើយថ្វាយសិរីល្អជូនព្រះវរបិតាយើងឲ្យសំណំនឹងព្រះនាមទ្រង់ ។ សូមឲ្យជីវិតយើងជាដង្វាយដ៏ពិសិដ្ឋជារៀងរហូត ដើម្បីយើងអាចឈរនៅចំពោះព្រះអម្ចាស់នៅក្នុងសិរីលំអនៃសេចក្ដីបរិសុទ្ធ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។