ទ្រង់ប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ
ពេលយើងសម្រេចចិត្តធ្វើអ្វីដែល« [ ព្រះ ] ប្រាប់ឲ្យយើងធ្វើ » នោះយើងតាំងចិត្តដោយស្មោះសរដើម្បីធ្វើឲ្យឥរិយាបថរបស់យើងរាល់ថ្ងៃស្របតាមព្រះទ័យរបស់ព្រះ ។
ព្រះអង្គសង្គ្រោះបានធ្វើអព្ភូតហេតុដំបូងរបស់ទ្រង់ដែលបានកត់ត្រាទុក នៅឯពិធីមង្គលការភូមិកាណា ក្នុងស្រុកកាលីឡេ ។ ម៉ារាជាមាតាទ្រង់ និងពួកសិស្សរបស់ទ្រង់បាននៅទីនោះដែរ ។ តាមមើល ម៉ារាមានអារម្មណ៍ថាគាត់គួរទទួលខុសត្រូវខ្លះៗ ដើម្បីធ្វើឲ្យពិធីនោះបានជោគជ័យ ។ នៅក្នុងពិធីនោះ មានបញ្ហាមួយបានកើតឡើង—អ្នករៀបចំពិធីនោះបានអស់ស្រា ។ ម៉ារាមានចិត្តខ្វល់ខ្វាយ ហើយបានទៅរកព្រះយេស៊ូវ ។ ទ្រង់ និងម៉ារាបានជជែកគ្នាមួយភ្លែត រួចម៉ារាក៏ប្រាប់ទៅពួកអ្នកបម្រើថា ៖
« លោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ ។
« រីឯនៅទីនោះ មានពាងថ្មប្រាំមួយ ។ … [ ពាងទាំងនេះពុំបានប្រើដាក់ទឹកទុកផឹកនៅឡើយទេ ប៉ុន្តែទុកប្រើសម្រាប់ពិធីលាងជម្រះតាមច្បាប់លោកម៉ូសេ ] ។
« ព្រះយេស៊ូវ មាន ព្រះបន្ទូលទៅ [ ពួកអ្នកបម្រើ ] ថា ចូរចាក់ទឹកឲ្យពេញ ពាងទាំងនេះទៅ ។ គេក៏ចាក់ទឹកពេញដល់មាត់ពាង ។
« រួចទ្រង់មានព្រះបន្ទូលប្រាប់គេថា ឥឡូវនេះចូរដងយកទៅជូនដល់ លោកជាមង្គលការចុះ ។ គេក៏ដងយកទៅ ។
« [ បន្ទាប់មក ] អ្នកមង្គលការបានភ្លក់ទឹកដែលបានប្រែទៅជាស្រាទំពាំងបានជូរ » ហើយបានភ្ញាក់ផ្អើលថា ស្រាល្អបំផុតទុកបម្រើក្រោយគេក្នុងពិធីនោះ ។
ជាធម្មតា យើងចងចាំព្រឹត្តិការណ៍នេះ ដោយសារការប្រែទឹកទៅជាស្រាគឺជាការបង្ហាញមួយនៃព្រះចេស្ដារបស់ព្រះ—វាជាអព្ភូតហេតុ ។ នោះគឺជាសារលិខិតដ៏សំខាន់មួយ ប៉ុន្តែមានសារលិខិតសំខាន់មួយទៀតនៅក្នុងដំណើររឿងរបស់យ៉ូហាន ។ ម៉ារាគឺជាស្ត្រី « ដ៏ជម្រើស ហើយពិសេសមួយ » ដែលព្រះបានហៅឲ្យប្រសូត ចិញ្ចឹមបីបាច់ព្រះរាជបុត្រារបស់ព្រះ ។ គាត់បានដឹងច្រើនអំពីទ្រង់ជាងមនុស្សណាៗទាំងអស់នៅលើផែនដីនេះ ។ គាត់បានដឹងពីសេចក្ដីពិតនៃកំណើតដ៏អស្ចារ្យរបស់ទ្រង់ ។ គាត់បានដឹងថា ទ្រង់គ្មានបាប ហើយថាទ្រង់ « ពុំមានព្រះបន្ទូលដូចជាមនុស្សទូទៅនោះទេ ក៏គ្មាននរណាអាចបង្រៀនទ្រង់បានដែរ ដ្បិតទ្រង់មិនត្រូវការគ្រូបាអាចារ្យណាប្រដៅទ្រង់ឡើយ » ។ ម៉ារាបានដឹងពីសមត្ថភាពដែលខុសពីប្រក្រតីរបស់ទ្រង់ដើម្បីដោះស្រាយបញ្ហា រួមបញ្ចូលទាំងការផ្ដល់ស្រាសម្រាប់មង្គលការមួយផងដែរ ។ គាត់មានភាពជឿជាក់ដ៏រឹងមាំលើទ្រង់ និងព្រះចេស្ដាជាព្រះរបស់ទ្រង់ ។ ការណែនាំសាមញ្ញចំៗរបស់គាត់ទៅកាន់ពួកអ្នកបម្រើគ្មានការព្រមព្រៀងគ្នា គ្មានលក្ខណៈសម្បត្តិ និងដែនកំណត់ទេថា « លោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ » ។
កាលទេវតាកាព្រីយ៉ែលបានមកជួបនឹងគាត់ ម៉ារានៅជាយុវនារីម្នាក់នៅឡើយ ។ ដំបូងគាត់បាន « ភាំង » ដោយការហៅថា នាង « ដែលប្រកបដោយព្រះគុណ » ហើយ « ក្នុងបណ្តាពួកស្រីៗ នាងជាស្រ្តីមានពរពិត … ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច » ។ កាព្រីយ៉ែលបានបញ្ជាក់ប្រាប់គាត់ថា គាត់ពុំគួរខ្លាចឡើយ—ដំណឹងដែលលោកនាំមកប្រាប់គឺជាដំណឹងល្អទេ ។ គាត់នឹង « មានគភ៌ [ ក្នុងផ្ទៃគាត់ ] … ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត » ហើយ « ប្រសូតបានបុត្រាមួយ … [ ដែល ] នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបនៅអស់កល្បរៀងទៅ » ។
ម៉ារាបានសួរទេវតាថា « ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះតើធ្វើដូចម្តេចនឹងឲ្យការនេះសម្រេចបាន ? »
ទេវតាបានពន្យល់យ៉ាងខ្លី ដោយបញ្ជាក់ប្រាប់គាត់ថា « ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះ [ គឺ ] គ្មានសោះឡើយ » ។
ម៉ារាបានតបយ៉ាងរាបសាថា គាត់នឹងធ្វើអ្វីដែលព្រះបានសុំ ដោយពុំទាមទារចង់ដឹងរឿងជាក់លាក់ ហើយដោយឥតសង្ស័យផង ទោះជាមានសំណួរជាច្រើនអំពីរឿងទាក់ទងនឹងជីវិតគាត់ក្ដី ។ គាត់បានតាំងចិត្តដោយពុំបានយល់ដឹងទាំងស្រុងថាហេតុអ្វីបានជាទ្រង់សុំគាត់ ឬរឿងទាំងឡាយនឹងទៅជាបែបណានោះទេ ។ គាត់បានទទួលយកបន្ទូលរបស់ព្រះទុកជាមុន ដោយមានចំណេះដឹងតិចតួចពីអ្វីដែលនឹងកើតមាននៅពេលខាងមុខ ។ ជាមួយនឹងការទុកចិត្តដ៏សាមញ្ញលើព្រះ ម៉ារាបានតបថា « មើល ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដូច្នេះសូមឲ្យបានសម្រេចដូចពាក្យលោកចុះ » ។
ពេលយើងសម្រេចចិត្តធ្វើអ្វីដែល« [ ព្រះ ] ប្រាប់ឲ្យយើងធ្វើ » នោះយើងតាំងចិត្តដោយស្មោះសរដើម្បីធ្វើឲ្យឥរិយាបថរបស់យើងរាល់ថ្ងៃស្របតាមព្រះទ័យរបស់ព្រះ ។ ទង្វើនៃសេចក្ដីជំនឿដ៏សាមញ្ញាបែបនេះ ដូចជាការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ការតមអាហារជាទៀងទាត់ និងការអធិស្ឋានដោយចិត្តស្មោះសរធ្វើឲ្យសមត្ថភាពយើងខាងវិញ្ញាណកាន់តែស៊ីជម្រៅដើម្បីបំពេញតម្រូវការនៃជីវិតរមែងស្លាប់ ។ ពេលខ្លះ ទម្លាប់នៃជំនឿដ៏សាមញ្ញដឹកនាំទៅរកលទ្ធផលដ៏អស្ចារ្យ ។ វាប្រែសេចក្ដីជំនឿយើងពីគ្រាប់ពូជមួយទៅជាអំណាចដ៏មានថាមពលសម្រាប់សេចក្ដីល្អនៅក្នុងជីវិតយើង ។ បន្ទាប់មក ពេលឧបសគ្គកើតមានឡើង នោះការចាក់ឫសរបស់យើងទៅនឹងព្រះគ្រីស្ទផ្ដល់ភាពខ្ជាប់ខ្ជួនសម្រាប់ព្រលឹងយើង ។ ព្រះទ្រទ្រង់ភាពទន់ខ្សោយយើងបង្កើនអំណរយើង ហើយធ្វើឲ្យ « គ្រប់ការណ៍ទាំងអស់ [ នឹង ] ផ្សំគ្នា សម្រាប់សេចក្ដីល្អ [ របស់ ] យើង » ។
ប៉ុន្មានឆ្នាំមុន ខ្ញុំបាននិយាយនឹងប៊ីស្សពវ័យក្មេងមួយរូបដែលបានចំណាយពេលជាច្រើនម៉ោងរៀងរាល់សប្ដាហ៍ ដោយប្រឹក្សាដល់សមាជិកក្នុងវួដរបស់គាត់ ។ គាត់បានសង្កេតឃើញរឿងគួរឲ្យកត់សម្គាល់មួយ ។ គាត់បាននិយាយថា បញ្ហាដែលសមាជិកក្នុងវួដគាត់ជួបប្រទះគឺជាបញ្ហាដែលសមាជិកសាសនាចក្រគ្រប់ទិសទីបានជួប—បញ្ហាដូចជា របៀបសាងអាពាហ៍ពិពាហ៍មានសុភមង្គលមួយ ការស្មុគស្មាញនឹងការធ្វើឲ្យការងារ គ្រួសារ និងកាតព្វកិច្ចក្នុងសាសនាចក្រឲ្យមានតុល្យភាព ឧបសគ្គនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឧបសគ្គការងារ ឬ រូបអាសគ្រាម ឬពិបាកទទួលបានភាពសុខសាន្តអំពីគោលនយោបាយសាសនាចក្រ ឬសំណួរប្រវត្តិសាស្ត្រដែលពួកគេមិនយល់ ។
ជាញឹកញាប់ ការប្រឹក្សារបស់គាត់ទៅសមាជិកវួដរួមមាននូវការត្រឡប់មករកនូវការអនុវត្តសេចក្ដីជំនឿសាមញ្ញ ដូចជាការសិក្សាព្រះគម្ពីរមរមន—ដូចប្រធាន ថូម៉ាស អេស ម៉នសុនបានទូន្មានយើងឲ្យសិក្សា—ការបង់ដង្វាយមួយភាគក្នុងដប់ និងការបម្រើក្នុងសាសនាចក្រដោយមានការលះបង់ខ្ពស់ ។ ប៉ុន្តែជារឿយៗ ពួកគេបានតបមកគាត់វិញទាំងពុំជឿថា « ប៊ីស្សព ខ្ញុំមិនយល់ស្របនឹងលោកទេ ។ យើងទាំងអស់គ្នាដឹងថា រឿងទាំងនោះគឺជារឿងល្អ គប្បីនឹងធ្វើ ។ យើងនិយាយរឿងទាំងនោះគ្រប់ពេលក្នុងសាសនាចក្រ ។ ប៉ុន្តែខ្ញុំមិនប្រាកដចិត្តថា លោកយល់ពីខ្ញុំនោះទេ ។ តើការធ្វើរឿងទាំងនោះទាក់ទងអ្វីខ្លះនឹងបញ្ហាដែលខ្ញុំកំពុងជួបប្រទះ ? »
វាជាសំណួរសមហេតុផលមួយ ។ ពេលខ្លះ ប៊ីស្សពវ័យក្មេងនោះ និងខ្ញុំធ្លាប់សង្កេតឃើញថា ជនដែលចង់ធ្វើ « កិច្ចការតូចតាច និង ងាយ » —ការគោរពតាមសូម្បីជារឿងតូចក្ដី—មានពរជាមួយនឹងសេចក្ដីជំនឿ និងកម្លាំងដែលហួសពីទង្វើពិតនៃការគោរពប្រតិបត្តិរបស់ពួកគេទៅទៀត ហើយការពិតទៅ វាទំនងជាខុសគ្នាទាំងស្រុង ។ វាទំនងជាពិបាកដើម្បីសន្មត់តំណភ្ជាប់មួយរវាងទង្វើនៃការគោរពប្រតិបត្តិប្រចាំថ្ងៃ និងដំណោះស្រាយទៅនឹងបញ្ហាស្មុគស្មាញធំៗដែលយើងជួបប្រទះ ។ ប៉ុន្តែវាមានទំនាក់ទំនងនឹងគ្នា ។ តាមបទពិសោធន៍ខ្ញុំ ការធ្វើឲ្យមានទម្លាប់នៃសេចក្ដីជំនឿតូចៗប្រចាំថ្ងៃបានត្រឹមត្រូវ គឺជាវិធីល្អបំផុតតែមួយគត់ដើម្បីពង្រឹងខ្លួនយើងតតាំងនឹងឧបសគ្គនៃជីវិត មិនថាវាជាអ្វីនោះទេ ។ ទង្វើដ៏តូចនៃសេចក្ដីជំនឿ សូម្បីតែពេលវាទំនងជាមិនសូវសំខាន់ ឬដាច់ដោយឡែកពីបញ្ហាជាក់លាក់ដែលអុកឡុករំខានយើងក្ដី វាផ្តល់ជាពរដល់យើងនៅរាល់កិច្ចការទាំងអស់ដែលយើងធ្វើ ។
សូមពិចារណាពី ណាម៉ាន់ដែល « ជាមេទ័ពរបស់ … ស៊ីរី » និង « ជាមនុស្សខ្លាំងពូកែ » ហើយមានរោគឃ្លង់ ។ មានអ្នកបម្រើស្រីម្នាក់បានប្រាប់អំពីព្យាការីម្នាក់នៅអ៊ីស្រាអែលដែលអាចព្យាបាលណាម៉ាន់បាន ដូច្នេះហើយលោកបានធ្វើដំណើរដោយមានពួកអ្នកបម្រើទ័ព និងអំណោយទៅកាន់អ៊ីស្រាអែល នៅទីបំផុតបានមកដល់ផ្ទះរបស់អេលីសេ ។ អ្នកបម្រើរបស់អេលីសេ មិនមែនជាអេលីសេទេ បានប្រាប់ណាម៉ាន់ថា ការបង្គាប់របស់ព្រះអម្ចាស់គឺ « ទៅមុជទឹកក្នុង [ ទន្លេ ] យ័រដាន់ប្រាំពីរដងទៅ » ។ ជាកិច្ចការងាយស្រួល ។ ប្រហែលជាសេចក្ដីបង្គាប់ដ៏សាមញ្ញនេះទំនងជាធ្វើឲ្យអ្នកប្រយុទ្ធដ៏ខ្លាំងពូកែម្នាក់នេះហួសចិត្តដោយសារវាសាមញ្ញហួសពេក ឬធ្វើអាប់ឱនយសសក្ដិលោក រហូតធ្វើឲ្យលោកអាក់អន់ចិត្តនឹង យោបល់ដ៏សាមញ្ញនោះ ។ នៅពេលនោះ ណាម៉ាន់ពុំបានយល់ពីការណែនាំរបស់អេលីសេឡើយ « ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ » ។
ប៉ុន្តែពួកអ្នកបម្រើរបស់ណាម៉ាន់បានប្រាប់លោកដោយទន់ភ្លន់ ហើយបានសង្កេតឃើញថា លោកនឹងធ្វើ « ការអ្វីយ៉ាងធំ » បើអេលីសេបានសុំឲ្យលោកធ្វើ ។ ពួកគេបានសម្គាល់ឃើញថា ដោយសារតែលោកត្រូវបានសុំឲ្យធ្វើតែការងារមួយតួច ហេតុអ្វីលោកមិនធ្វើវា ទោះជាលោកមិនបានយល់ហេតុផលក៏ដោយ ? ណាម៉ាន់បានគិតឡើងវិញពីប្រតិកម្មរបស់លោក ហើយប្រហែលជានៅតែសង្ស័យ ប៉ុន្តែបានគោរពតាមដោយ « ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់ប្រាំពីរដង » ហើយបានជាដោយអព្ភូតហេតុ ។
រង្វាន់មួយចំនួននៃការគោរពប្រតិបត្តិពិតជាកើតមានភ្លាមៗ រង្វាន់ផ្សេងទៀតកើតមានបន្ទាប់ពីយើងត្រូវបានសាកល្បងប៉ុណ្ណោះ ។ ក្នុងគម្ពីរមុក្តាដ៏មានតម្លៃមហិមា យើងបានអានអំពីភាពឧស្សាហ៍ឥតនឿយហត់របស់អ័ដាមក្នុងការគោរពបទបញ្ញត្តិដើម្បីថ្វាយយញ្ញបូជា ។ ពេលទេវតាបានសួរអ័ដាមថា ហេតុអ្វីបានជាលោកថ្វាយយញ្ញបូជា នោះលោកបានតបថា « ខ្ញុំមិនដឹងទេ លើកលែងតែព្រះអម្ចាស់ទ្រង់បញ្ជាខ្ញុំប៉ុណ្ណោះ » ។ ទេវតាអង្គនោះបានពន្យល់ថា យញ្ញបូជារបស់លោកគឺជា « និមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា » ។ ប៉ុន្តែការពន្យល់នោះកើតមានបន្ទាប់ពីអ័ដាមបានបង្ហាញការតាំងចិត្តរបស់លោកក្នុងការគោរពតាមព្រះអម្ចាស់ « ជាច្រើនថ្ងៃ » ដោយពុំដឹងថាហេតុអ្វីគាត់ត្រូវថ្វាយយញ្ញបូជាទាំងនោះឡើយ ។
ជានិច្ចកាល ព្រះនឹងប្រទានពរដល់យើងសម្រាប់ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជួនរបស់យើងចំពោះដំណឹងល្អរបស់ទ្រង់ ហើយស្មោះត្រង់ចំពោះសាសនាចក្ររបស់ទ្រង់ ប៉ុន្តែទ្រង់កម្រនឹងបង្ហាញយើងនូវកាលវេលារបស់ទ្រង់សម្រាប់ការធ្វើដូច្នេះណាស់ ។ ទ្រង់ពុំបង្ហាញយើងពីរូបភាពទាំងមូលតាំងពីដើមទីនោះទេ ។ ពេលនោះហើយដែលសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងការទុកចិត្តលើព្រះអម្ចាស់តម្រូវឲ្យមាន ។
ព្រះសុំយើងឲ្យទ្រាំនឹងទ្រង់—គឺទុកចិត្តលើទ្រង់ ហើយដើរតាមទ្រង់ ។ ទ្រង់អង្វរយើងថា « ចូរកុំជំទាស់ ដោយព្រោះអ្នករាល់គ្នាមើលមិនឃើញឡើយ » ។ ទ្រង់ហាមយើងថា យើងមិនគួររំពឹងទទួលបានចម្លើយងាយៗភ្លាមៗ និងដំណោះស្រាយមួយរំពេចពីស្ថានសួគ៌ឡើយ ។ ទោះបីការសាកល្បងនោះពិបាកនឹងស៊ូទ្រាំ ឬ ចម្លើយកម្រនឹងទទួលបានក្តី រឿងទាំងឡាយនឹងដោះស្រាយបាន ពេលយើងឈររឹងមាំនៅក្នុង « ការសាកល្បងនៃសេចក្តីជំនឿ [ របស់យើង ] ។ ខ្ញុំមិននិយាយអំពី « ការគោរពប្រតិបត្តិដោយល្ងិតល្ងង់ » នោះទេ ប៉ុន្តែខ្ញុំចង់និយាយអំពីភាពជឿជាក់លើក្ដីស្រឡាញ់ និងកាលវេលាឥតខ្ចោះរបស់ព្រះអម្ចាស់ដោយមានការគិតគូរ ។
ជានិច្ចកាលការសាកល្បងនៃ សេចក្ដីជំនឿយើងអាស្រ័យទៅលើការស្មោះចំពោះការអនុវត្តសេចក្ដីជំនឿសាមញ្ញប្រចាំថ្ងៃ ។ ហើយមានតែនៅពេលនោះប៉ុណ្ណោះ ទើបទ្រង់សន្យាថា យើងនឹងទទួលបានចម្លើយដែលយើងចង់បានពីព្រះ ។ មានតែពេលយើងបានបង្ហាញនូវឆន្ទៈរបស់យើង ដើម្បីធ្វើអ្វីដែលទ្រង់សុំដោយគ្មានការទាមទារចង់ដឹងពីពេល វេលា ហេតុផល និងរបៀបតែប៉ុណ្ណោះ ទើបយើង « នឹងច្រូតកាត់នូវរង្វាន់នៃសេចក្ដីជំនឿរបស់ [ យើង ] និងសេចក្ដីព្យាយាមរបស់ [ យើង ] និងសេចក្ដីអត់ធន់ និងសេចក្ដីអត់ធ្មត់ » ។ ការគោរពប្រតិបត្តិពិតទទួលយកបទបញ្ញត្តិរបស់ព្រះទុកជាមុនដោយគ្មានលក្ខខណ្ឌ ។
ដោយប្រើមនសិការ ឬក៏ផ្ទុយពីនេះ យើងទាំងអស់គ្នាជ្រើស « ព្រះ [ ដែលយើង ] ចង់គោរពប្រតិបត្តិតាម » រាល់ថ្ងៃ ។ យើងបង្ហាញការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើព្រះអម្ចាស់ដោយការចូលរួមក្នុងសកម្មភាពនៃការលះបង់ប្រចាំថ្ងៃដោយស្មោះត្រង់ ។ ព្រះអម្ចាស់បានសន្យាដឹកនាំផ្លូវយើង ប៉ុន្តែដើម្បីឲ្យទ្រង់ធ្វើដូច្នេះបាន យើងត្រូវដើរ ដោយទុកចិត្តថា ទ្រង់ជ្រាបពីផ្លូវនោះ ដោយសារទ្រង់គឺជា « ផ្លូវ » ។ យើងត្រូវតែបំពេញពាងយើងផ្ទាល់ឲ្យពេញប្រៀបមាត់ពាង ។ ពេលយើងទុកចិត្ត ហើយដើរតាមទ្រង់ នោះជីវិតយើងនឹងផ្លាស់ប្តូរ ដូចជាទឹកដែលបានប្តូរទៅជាស្រាដូច្នោះដែរ ។ យើងក្លាយជាមនុស្សដ៏ប្រពៃលើសពីសមត្ថភាពយើងអាចធ្វើបានទៅទៀត ។ សូមទុកចិត្តលើព្រះអម្ចាស់ ហើយអ្វីដែល « ទ្រង់ប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ »។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។