« សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ( ឆ្នាំ ២០២០ ) ( ឆ្នាំ ២០១៨ )
« សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
សេចក្តីណែនំាសម្រាប់ម៉ោងច្រៀងចម្រៀង និងបទបង្ហាញរបស់កុមារនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់
គោរពជូន គណៈប្រធានអង្គការបឋមសិក្សា និង អ្នកដឹកនាំតន្រី្ត
ចម្រៀងកុមារគឺជាឧបករណ៍ដ៏មានឥទ្ធិពល ដើម្បីជួយកុមារឲ្យរៀនអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ និងសេចក្ដីពិតមូលដ្ឋាននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលកុមារច្រៀងអំពីគោលការណ៍នៃដំណឹងល្អ នោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏ពេញលេញនៃគោលការណ៍ទាំងនោះ ។ ទំនុកច្រៀង និងតន្ត្រីនឹងដក់ជាប់ក្នុងគំនិត និងដួងចិត្តរបស់កុមារពេញមួយជីវិតរបស់ពួកគេ ។
សូមស្វែងរកជំនួយពីព្រះវិញ្ញាណ នៅពេលអ្នករៀបចំបង្រៀនដំណឹងល្អតាមរយៈតន្ត្រី ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលអ្នកកំពុងច្រៀង ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលតន្ត្រីទាក់ទងនឹងអ្វីដែលពួកគេកំពុងរៀន និងកំពុងដកពិសោធន៍នៅឯគេហដ្ឋាន និងថ្នាក់កុមារ ។ កុមារ និងក្រុមគ្រួសាររបស់ពួកគេនឹងមានពរតាមរយៈការខិតខំប្រឹងប្រែងដែលមានការលះបង់ខ្ពស់របស់អ្នក ។
យើងស្រឡាញ់អ្នក ហើយសូមសម្ដែងការដឹងគុណរបស់យើងចំពោះការបម្រើដែលមានការលះបង់ខ្ពស់ដែលអ្នកកំពុងផ្ដល់ឲ្យដើម្បីពង្រឹង ហើយការពារកុមារដ៏មានតម្លៃរបស់យើង ។
គណៈប្រធានអង្គការបឋមសិក្សាទូទៅ
សេចក្តីណែនាំអំពីបទបង្ហាញនៅក្នុងការប្រជុំសាក្រាម៉ង់
ក្រោមការដឹកនាំរបស់ប៊ីស្សព នោះបទបង្ហាញរបស់កុមារនៅម៉ោងប្រជុំសាក្រាម៉ង់ គឺជាធម្មតាធ្វើនៅត្រីមាសទីបួននៅក្នុងឆ្នាំនីមួយៗ ។ ក្នុងនាមគណៈប្រធានថ្នាក់អង្គការបឋមសិក្សា និងអ្នកដឹកនាំតន្រ្តី សូមរៀបចំដើម្បីជួបគ្នានៅដើមឆ្នាំជាមួយទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ដែលមើលការខុសត្រូវលើថ្នាក់អង្គការបឋមសិក្សា ដើម្បីចាប់ផ្តើមពិភាក្សាពីផែនការក្នុងការធ្វើបទបង្ហាញនេះ ។ នៅពេលអ្នកបានបញ្ចប់ផែនការនេះ សូមទទួលការអនុមតិពីពួកគាត់ ។
បទបង្ហាញនេះគួរអនុញ្ញាតឲ្យកុមារបង្ហាញអ្វីដែលពួកគេ និងក្រុមគ្រួសាររបស់ពួកគេបានរៀនចេញពីព្រះគម្ពីរមរមននៅឯផ្ទះ និងនៅក្នុងថ្នាក់អង្គការបឋមសិក្សា រួមទាំងបទចម្រៀងថ្នាក់អង្គការបឋមសិក្សា ដែលពួកគេបានច្រៀងនៅក្នុងឆ្នាំនេះ ។ សូមពិចារណាដោយការអធិស្ឋាននូវគោលការណ៍ និងបទចម្រៀងអ្វីដែលជួយឲ្យពួកគេរៀន ។ ចូរធ្វើការកត់ចំណាំសុន្ទរកថា និងបទពិសោធន៍ផ្ទាល់ខ្លួនពេញមួយឆ្នាំរបស់កុមារ ដើម្បីអាចយកមកប្រើនៅក្នុងបទបង្ហាញ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទគម្ពីរ ដំណើររឿង និងទីបន្ទាល់របស់ពួកគេនៅក្នុងបទបង្ហាញ ។ នៅពេលអ្នករៀបផែនការធ្វើបទបង្ហាញនេះ សូមគិតពីវិធីជាច្រើនដែលវាអាចជួយកុមារឲ្យផ្តោតចិត្តទៅលើព្រះអង្គសង្រ្គោះ និងការបង្រៀនទាំងឡាយរបស់ទ្រង់ ។
អង្គភាពដែលមានកុមារតិច អាចពិចារណានូវរបៀបដែលសមាជិកក្រុមគ្រួសារអាចចូលរួមជាមួយនឹងកូនៗរបស់ពួកគាត់ ។ សមាជិកម្នាក់នៅក្នុងគណៈប៊ីស្សពអាចបញ្ចប់ការប្រជុំដោយការថ្លែងទីបន្ទាល់សង្ខេបៗ ។
នៅពេលអ្នករៀបចំបទបង្ហាញ សូមចងចាំគោលការណ៍ណែនាំខាងក្រោម ៖
-
ការហាត់សមមិនគួរយកពេលមិនចាំបាច់ពីថ្នាក់អង្គការបឋមសិក្សា ឬក្រុមគ្រួសារឡើយ ។
-
បងបង្ហាញជារូបភាព សំលៀកបំពាក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគឺមិនសមរម្យចំពោះការប្រជុំសាក្រាម៉ង់នោះទេ ។
សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ១១.៥.៤ ។
សេចក្តីណែនាំសម្រាប់ម៉ោងច្រៀងចម្រៀង
៥ នាទី ( គណៈប្រធានអង្គការបឋមសិក្សា ) ៖ ការអធិស្ឋានបើក បទគម្ពីរ ឬមាត្រានៃសេចក្ដីជំនឿ និងការឡើងនិយាយរបស់កុមារម្នាក់ ។
២០ នាទី ( អ្នកដឹកនាំតន្ត្រី ) ៖ ម៉ោងច្រៀងចម្រៀង
គណៈប្រធានអង្គការបឋមសិក្សា និងអ្នកដឹកនាំតន្ត្រីជ្រើសរើសចម្រៀងសម្រាប់ខែនីមួយៗដើម្បីពង្រឹងគោលការណ៍ដែលកុមារកំពុងរៀននៅក្នុងថ្នាក់ និងនៅឯគេហដ្ឋានរបស់ពួកគេ ។ បញ្ជីចម្រៀងមួយដែលពង្រឹងដល់គោលការណ៍ទាំងនេះមានដាក់បញ្ចូលនៅក្នុងសេចក្ដីណែនាំនេះ ។ ចម្រៀងទាំងនេះក៏ត្រូវបានណែនាំនៅក្នុងគម្រោងមេរៀនក្នុងចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សាដែរ ។
នៅពេលអ្នកបង្រៀនចម្រៀងដល់កុមារ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀនរួចហើយអំពីដំណើររឿង និងគោលការណ៍ខាងគោលលទ្ធិដែលចម្រៀងទាំងនោះបង្រៀន ។ អ្នកគួររំឭកឡើងវិញនូវគម្រោងមេរៀននៃចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សាដែលកុមារកំពុងសិក្សានៅក្នុងថ្នាក់រៀនរបស់ពួកគេ ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកបានដឹងអំពីដណើររឿង និងគោលការណ៍ទាំងឡាយដែលអ្នកកំពុងរៀន ដើម្បីអ្នកអាចពិចារណាពីរបៀបជួយដល់ការរៀនសូត្ររបស់ពួកគេដោយប្រើប្រាស់តន្រ្តី ។
នៅអំឡុងម៉ោងច្រៀងចម្រៀង អ្នកក៏អាចរំឭកបទចម្រៀងដែលកុមារទើបបានរៀនពីមុនៗ និងបទចម្រៀងដែលកុមារចូលចិត្តច្រៀង ។ នៅពេលអ្នករំឭក សូមឲ្យកុមារចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតដែលមាននៅក្នុងបទចម្រៀងទាំងនេះ ។
សៀវភៅចម្រៀងកុមារគឺជាធនធានមូលដ្ឋានសម្រាប់តន្រ្តីនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។ ទំនុកតម្កើងមកពីសៀវភៅទំនុកតម្កើង និងចម្រៀងមកពីទស្សនាវដ្តី ប្រិយមិត្ត និងទស្សនាវដ្តី លីអាហូណា ក៏សមរម្យផងដែរ ។ ជួនកាល កុមារអាចច្រៀងចម្រៀងជាតិ ឬចម្រៀងថ្ងៃបុណ្យ ដែលសមរម្យសម្រាប់ថ្ងៃអាទិត្យ និងសម្រាប់អាយុរបស់កុមារ ។ ការប្រើចម្រៀងផ្សេងទៀតនៅក្នុងថ្នាក់អង្គការបឋមសិក្សាត្រូវតែមានការអនុមតិពីគណៈប៊ីស្សព ( សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ១១.២.៤ ) ។
ទិដ្ឋភាពទូទៅនៃថ្នាក់អង្គការបឋមសិក្សា
ជារៀងរាល់សប្តាហ៍អង្គការបឋមសិក្សា រួមមាន ៖
-
ម៉ោងច្រៀងចម្រៀង២៥ នាទី
-
ការផ្លាស់ប្តូរ៥ នាទី
-
ម៉ោងរៀន២០ នាទី
ថ្នាក់ដឹកនាំរបស់ថ្នាក់អង្គការបឋមសិក្សាដែលមានចំនួនកុមារច្រើន អាចបំបែកកុមារជាពីរក្រុម ហើយឲ្យក្រុមមួយនៅក្នុងថ្នាក់អង្គការបឋមសិក្សា ខណៈដែលក្រុមមួយទៀតនៅក្នុងម៉ោងច្រៀង ។ បន្ទាប់មកក្រុមទាំងពីរប្តូរទីកន្លែងគ្នា ។ នៅក្នុងករណីបែបនេះ ថ្នាក់ដឹកនាំអង្គការបឋមសិក្សាអាចត្រូវការកែសម្រួលម៉ោងដែលបានបង្ហាញខាងលើ ដើម្បីឲ្យត្រូវតាមកាលៈទេសៈរបស់ពួកគាត់ ។
តន្ត្រីសម្រាប់ម៉ោងច្រៀងចម្រៀង
ខែ មករា
-
« រឿងនិទានក្នុងព្រះគម្ពីរមរមន » សៀវភៅចម្រៀងកុមារ ទំព័រ ៦២–៦៣
-
« រក្សាបទបញ្ញត្តិ » សៀវភៅចម្រៀងកុមារទំព័រ ៦៨–៦៩
-
« ដំបងដែក » ទំនុកតម្កើង លេខ ១៧២
ខែ កុម្ភៈ
-
« ភាពក្លាហានរបស់នីហ្វៃ » សៀវភៅចម្រៀងកុមារ ទំព័រ ៦៤–៦៥
-
« ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » សៀវភៅចម្រៀងកុមារទំព័រ ៤២–៤៣
-
« ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៩
ខែ មីនា
-
« ពេលខ្ញុំបានជ្រមុជទឹក » សៀវភៅចម្រៀងកុមារ ទំព័រ ៥៣
-
« ហ៊ាននឹងធ្វើត្រូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៨០
-
« ការអធិស្ឋានរបស់កុមារ » សៀវភៅចម្រៀងកុមារ ទំព័រ ៦–៧
ខែ មេសា
-
« Easter Hosanna » Children’s Songbook ទំព័រ ៦៨–៦៩
-
« ពេលយើងជួយ » សៀវភៅចម្រៀងកុមារ ទំព័រ ១០៨
-
« ចូរអ្នកស្រឡាញ់គ្នា » សៀវភៅចម្រៀងកុមារ ទំព័រ ៧៤
ខែ ឧសភា
-
« ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » សៀវភៅចម្រៀងកុមារ ទំព័រ ៨៥
-
« បិតាសូមជួយកូន » សៀវភៅចម្រៀងកុមារ ទំព័រ ៥២
-
« ទីបន្ទាល់ » ទំនុកតម្កើង លេខ ៧៤
ខែ មិថុនា
-
« យើងនឹងនាំការពិតទ្រង់ដល់លោកិយ » សៀវភៅចម្រៀងកុមារ ទំព័រ ៩២–៩៣
-
« ធ្វើតាមព្យាការី » សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩
-
« ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » សៀវភៅចម្រៀងកុមារ ទំព័រ ៩០
ខែ កក្កដា
-
« ព្រះវរបិតាស្រឡាញ់ខ្ញុំ » សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧
-
« ជំនឿ » សៀវភៅចម្រៀងកុមារ ទំព័រ ៥០–៥១
-
« ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ » ទំនុកតម្កើង លេខ ១៥៩
ខែ សីហា
-
« Repentance » Children’s Songbook ទំព័រ ៩៨
-
« The Still Small Voice » Children’s Songbook ទំព័រ ១០៦–១០៧
-
« ធ្វើតាមព្យាការី » សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩
ខែ កញ្ញា
-
« Samuel Tells of the Baby Jesus » Children’s Songbook ទំព័រ ៣៦
-
« ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១
-
« មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » សៀវភៅចម្រៀងកុមារ ទំព័រ ១៣២
ខែ តុលា
-
« ដោយគោរព ដោយស្ងៀមស្ងាត់ » សៀវភៅចម្រៀងកុមារ ទំព័រ ១១
-
« ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៨
-
« សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៨
ខែ វិច្ឆិកា
-
« ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » សៀវភៅចម្រៀងកុមារ ទំព័រ ៣៩
-
« ឈរដោយសុចរិត » សៀវភៅចម្រៀងកុមារ ទំព័រ ៨១
-
« ខ្ញុំអរគុណព្រះបិតា » សៀវភៅចម្រៀងកុមារ ទំព័រ ៩
ខែ ធ្នូ
-
« ស្វែងរកគិត និងអធិស្ឋាន » សៀវភៅចម្រៀងកុមារ ទំព័រ ៦៦
-
« ផ្ទុំនៅក្នុងស្នូក » សៀវភៅចម្រៀងកុមារ ទំព័រ ២៦–២៧
-
« ទ្រង់បញ្ជូនបុត្រាទ្រង់មក » សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១
ការប្រើប្រាស់តន្រ្តីដើម្បីបង្រៀនកុមារ
ម៉ោងចម្រៀងមានគោលបំណងដើម្បីជួយកុមារឲ្យរៀនពីសេចក្តីពិតនៃដំណឹងល្អ ។ គំនិតខាងក្រោមអាចបំផុសគំនិតអ្នក នៅពេលអ្នករៀបផែនការដាក់វិធីសាស្រ្តផ្សេងៗ ដើម្បីបង្រៀនគោលការណ៍ដំណឹងល្អដែលមាននៅក្នុងទំនុកតម្កើង និងចម្រៀងថ្នាក់អង្គការបឋមសិក្សា ។
អានខគម្ពីរដែលទាក់ទងគ្នា ។ ចម្រៀងជាច្រើននៅក្នុង សៀវភៅចម្រៀងកុមារ និងសៀវភៅទំនុកតម្កើង សេចក្តីយោងដែលមានទាក់ទងនឹងបទគម្ពីរគឺត្រូវបានបង្ហាញ ។ សូមជួយកុមារអានវគ្គបទគម្ពីរមួយចំនួននេះ ហើយជជែកគ្នាពីរបៀបដែលបទគម្ពីរទាំងនេះទាក់ទងនឹងបទចម្រៀងនេះ ។ អ្នកក៏គួរសរសេរសេចក្តីយោងបទគម្ពីរពីរបីនៅលើក្តារខៀន ហើយអញ្ជើញកុមារឲ្យផ្គូរផ្គងសេចក្តីយោងនីមួយៗទៅនឹងបទចម្រៀង ឬឃ្លាណាមួយនៅក្នុងបទចម្រៀង ។
បំពេញក្នុងចន្លោះ ។ សូមសរសេរឃ្លានៃបទចម្រៀងនៅលើក្តារខៀនដោយលុបពាក្យគន្លឹះមួយចំនួនចេញ ។ បន្ទាប់មក សូមកុមារឲ្យច្រៀងចម្រៀងនេះ ដោយផ្ទៀងស្តាប់រកពាក្យដើម្បីបំពេញនៅក្នុងចន្លោះ ។ នៅពេលពួកគេបំពេញចន្លោះនីមួយៗ សូមពិភាក្សាពីគោលការណ៍ដំណឹងល្អដែលអ្នករៀនពីពាក្យដែលបាត់ទាំងនោះ ។
ពាក្យដកស្រង់មកពីថ្នាក់ដឹកនាំសាសនាចក្រ ។ សូមអញ្ជើញកុមារឲ្យស្តាប់ពាក្យដកស្រង់មកពីថ្នាក់ដឹកនាំរបស់សាសនាចក្រដែលបង្រៀនគោលការណ៍ដំណឹងល្អដូចគ្នាដូចនៅក្នុងបទចម្រៀងថ្នាក់អង្គការបឋមសិក្សា ។ សូមឲ្យពួកគេលើកដៃឡើង នៅពេលពួកគេបានឮអ្វីមួយដែលជួយពួកគេឲ្យយល់ពីសេចក្តីពិតដែលពួកគេកំពុងច្រៀង ។ សូមពួកគេឲ្យចែកចាយអ្វីដែលពួកគេបានឮ ។
ថ្លែងទីបន្ទាល់ ។ សូមថ្លែងទីបន្ទាល់ខ្លីៗដល់កុមារពីសេចក្តីពិតនៃដំណឹងល្អ ដែលមាននៅក្នុងចម្រៀងនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។ សូមជួយកុមារឲ្យយល់ថា ការច្រៀងចម្រៀងគឺជាវិធីមួយពួកគេអាចថ្លែងទីបន្ទាល់ និងទទួលនូវអារម្មណ៍នៃព្រះវិញ្ញាណ ។
ឈរជាសាក្សី ។ សូមឲ្យកុមារផ្លាស់ប្តូរវេនគ្នាក្រោកឈរ ហើយចែកចាយអ្វីដែលពួកគេរៀនចេញពីចម្រៀងដែលពួកគេកំពុងច្រៀង ឬរបៀបដែលពួកគេគិតអំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងបទចម្រៀងនេះ ។ សូមសួរពួកគេថាតើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេច្រៀងចម្រៀងនេះ ហើយជួយពួកគេឲ្យស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
ប្រើរូបភាព ។ សូមឲ្យកុមារជួយអ្នកស្វែងរក ឬបង្កើតរូបភាពដែលត្រូវនឹងពាក្យ ឬឃ្លាសំខាន់ៗនៅក្នុងបទចម្រៀងនេះ ។ សូមអញ្ជើញពួកគេចែកចាយនូវរបៀបដែលបទគម្ពីរទាក់ទងនឹងបទចម្រៀងនេះ ហើយថាតើបទចម្រៀងនេះបង្រៀនអ្វីខ្លះ ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងបង្រៀនបទ « ដំបងដែក » ( ទំនុកតម្កើង លេខ ១៧២ ) អ្នកអាចដាក់តាំងរូបភាពពេញក្នុងបន្ទប់ដែលពិពណ៌នាពាក្យសំខាន់ៗចេញពីបទចម្រៀងនោះ ( ដូចជា ដំបងដែក, បន្ទូលនៃព្រះ, ការណែនាំ, ការល្បួង និង ស្ថានសួគ៌ ) ។ សូមឲ្យកុមារប្រមូលរូបភាពទាំងនេះ ហើយកាន់វាតាមលំដាប់លំដោយ នៅពេលអ្នកច្រៀងចម្រៀងនេះជាមួយគ្នា ។
ចែកចាយមេរៀនដែលប្រើវត្ថុ ។ អ្នកអាចប្រើវត្ថុដើម្បីបំផុសឲ្យមានការពិភាក្សាអំពីបទចម្រៀងនេះ ។ ឧទារហណ៍ចម្រៀង « ជំនឿ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥០–៥១ ) និយាយអំពីគ្រាប់ពូជតូចមួយ ។ អ្នកអាចបង្ហាញដល់កុមារនូវគ្រាប់ពូជមួយ ហើយនិយាយអំពីរបៀបដែលយើងបង្ហាញសេចក្តីជំនឿ នៅពេលយើងដាំគ្រាប់ពូជមួយ ការធ្វើបែបនេះអាចនាំឲ្យមានការពិភាក្សាអំពីវិធីសាស្រ្តជាច្រើន ដែលយើងបង្ហាញសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដូចដែលបានពិពណ៌នានៅក្នុងបទចម្រៀងនេះ ។
អញ្ជើញឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។ សូមជួយកុមារឲ្យភ្ជាប់ទំនាក់ទំនងគោលការណ៍ដែលបានបង្រៀននៅក្នុងបទចម្រៀងនេះជាមួយនឹងបទពិសោធន៍ដែលពួកគេធ្លាប់មានជាមួយនឹងគោលការណ៍ទាំងនោះ ។ ឧទាហរណ៍ មុនពេលច្រៀងបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) អ្នកអាចសុំឲ្យកុមារលើកដៃរបស់ពួកគេឡើង ប្រសិនបើពួកគេធ្លាប់បានឃើញព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញពួកគេឲ្យគិត នៅពេលពួកគេច្រៀងអំពីអារម្មណ៍ដែលពួកគេមាន នៅពេលពួកគេឃើញព្រះវិហារបរិសុទ្ធ ។
សួរសំណួរ ។ មានសំណួរជាច្រើនដែលអ្នកអាចសួរនៅពេលអ្នកច្រៀងចម្រៀង ។ ឧទាហរណ៍ អ្នកអាចសួរកុមារថា តើពួកគេរៀនបានអ្វីខ្លះពីវគ្គនីមួយៗនៅក្នុងចម្រៀងនេះ ។ អ្នកក៏អាចសុំឲ្យពួកគេគិតអំពីសំណួរដែលចម្រៀងនោះឆ្លើយសំណួរ ។ ការណ៍នេះអាចដឹកនាំទៅរកការពិភាក្សាមួយអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងចម្រៀងនោះ ។
ស្ដាប់រកចម្លើយ ។ សូមឲ្យកុមារស្ដាប់រកចម្លើយចំពោះសំណួរដូចជា « នរណា ? » « អ្វីខ្លះ » « កន្លែងណា ? » « នៅពេលណា ? » ឬ « ហេតុអ្វី ? » ឧទាហរណ៍ នៅក្នុងចម្រៀង « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ៦៤–៦៥ ) ពួកគេអាចស្ដាប់រកចម្លើយថា តើនរណាត្រូវបានសុំឲ្យទៅយកផ្ទាំង ហើយនៅកន្លែងណា នៅពេលណា តាមរបៀបណា និងហេតុអ្វីដែលលោកបានគោរពតាមព្រះអម្ចាស់ ។ អ្នកក៏អាចសុំកុមារឲ្យស្តាប់រកពាក្យគន្លឹះ ឬរាប់ដៃរបស់ពួកគេនូវចំនួនដងនៃពាក្យជាក់លាក់មួយដែលពួកគេច្រៀង ។
ការជួយកុមាររៀន ហើយចងចាំចម្រៀងកុមារ
កុមាររៀនច្រៀងចម្រៀងមួយបានតាមរយៈការស្តាប់ និងការច្រៀងម្តងហើយម្តងទៀត ។ សូមច្រៀងពាក្យនៃចម្រៀងថ្មីមួយឲ្យកុមារស្ដាប់ជានិច្ច—សូមកុំគ្រាន់តែអាន ឬសូត្រពាក្យទាំងនោះ ។ ការណ៍នេះជួយកុមារឲ្យភ្ជាប់ទំនុកភ្លេងទៅនឹងពាក្យទាំងនោះ ។ បន្ទាប់ពីចម្រៀងមួយត្រូវបានបង្រៀន សូមរំឭកវាឡើងវិញតាមរបៀបដ៏រីករាយខុសៗពីគ្នាពេញមួយឆ្នាំ ។ ខាងក្រោមនេះគឺជាគំនិតមួយចំនួនដើម្បីជួយកុមាររៀន ហើយរំឭកចម្រៀងនានា ។
ធ្វើបដា ។ សូមបង្ហាញបដាដែលមានពាក្យចេញមកពីវគ្គនីមួយៗ ឬរូបភាពដែលតំណាងឲ្យពាក្យទាំងនោះ ។ នៅពេលកុមារច្រៀង សូមបាំងពាក្យមួយចំនួន ឬរូបភាពរហូតដល់ពួកគេអាចចម្រៀងវគ្គទាំងមូលដោយគ្មានបដានោះ ។ អ្នកក៏អាចអញ្ជើញឲ្យកុមារជួយអ្នកធ្វើបដានោះផងដែរ ។
បង្ហាញចង្វាក់ ។ ដើម្បីជួយកុមារឲ្យរៀនទំនុកភ្លេងនៃបទចម្រៀងមួយ សូមលើកដៃរបស់អ្នកឡើងជាទម្រង់ផ្តេក ហើយខណៈដែលអ្នកច្រៀងពាក្យទាំងនោះ សូមធ្វើចលនាដៃរបស់អ្នកឡើងដើម្បីបង្ហាញពីចង្វាក់ខ្ពស់ ហើយចុះក្រោមដើម្បីបង្ហាញពីចង្វាក់ទាប ។
សូររំពង ។ សូមឲ្យកុមារធ្វើជាសូររំពងរបស់អ្នកដោយថាតាមអ្វីដែលអ្នកកំពុងច្រៀង ។ សូមច្រៀងឃ្លា ឬវគ្គខ្លីមួយឲ្យកុមារស្ដាប់ រួចហើយសូមឲ្យពួកគេច្រៀងឲ្យអ្នកស្ដាប់វិញ ។
ប្រើវិធីផ្សេងៗគ្នា ។ សូមច្រៀងចម្រៀងតាមរបៀបខុសៗគ្នា ដូចជាការខ្សឹបប្រាប់ ការគ្រហឹម ការទះដៃតាមចង្វាក់ភ្លេង ការប្តូរល្បឿន ឬការច្រៀងចម្រៀងកាលកំពុងអង្គុយ ឬឈរ ។ អ្នកក៏អាចបត់ក្រដាសធ្វើជារាងគូប ហើយនៅលើជ្រុងនីមួយៗនៃគូបនោះ សូមសរសេរវិធីផ្សេងគ្នាដើម្បីច្រៀង ។ សូមឲ្យកុមារម្នាក់បង្វិលគូបនោះដើម្បីសម្រេចថាកុមារនឹងច្រៀងចម្រៀងនោះតាមរបៀបណា ។
ច្រៀងជាក្រុម ។ សូមឲ្យសិស្សក្នុងថ្នាក់ ឬកុមារម្នាក់ៗនូវឃ្លាមួយដើម្បីច្រៀងខណៈដែលកំពុងឈរ រួចហើយសុំឲ្យពួកគេប្ដូរឃ្លាគ្នារហូតដល់ថ្នាក់ ឬកុមារម្នាក់ៗបានច្រៀងឃ្លានីមួយៗ ។
ប្រើកាយវិការដៃ ។ សូមឲ្យកុមារគិតពីកាយវិការដៃងាយៗដើម្បីជួយពួកគេចងចាំពាក្យ និងសារនៃបទចម្រៀង ។ ឧទាហរណ៍ នៅពេលអ្នកច្រៀងឃ្លាទីពីរនៃបទ« ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) អ្នកអាចអញ្ជើញកុមារចង្អុលទៅភ្នែករបស់ពួកគេ សម្តែងដូចជាសត្វមេអំបៅ ហើយយកដៃបាំងត្រចៀករបស់ពួកគេពីក្រោយ ។ សូមឲ្យពួកគេដាក់ដៃនៅលើដើមទ្រូងរបស់ពួកគេ កាលពួកគេច្រៀង « ខ្ញុំដឹងថាព្រះបិតាស្រឡាញ់ខ្ញុំ » ។
កុមារីច្រៀង កុមារាច្រៀង ។ សូមគូររូបរបស់កុមារា និងកុមារីហើយសូមបិទរូបនោះជាមួយកាវ ឬស្កត់លើចង្កឹះពីរខុសគ្នា ។ ពេលដែលរំឭកបទចម្រៀងនេះ សូមលើករូបភាពនេះឡើង ដើម្បីបង្ហាញថាតើនរណាត្រូវច្រៀងផ្នែកណា។
បោះកន្រ្តក ។ សូមដាក់កន្រ្តក ឬប្រអប់ផ្សេងៗនៅពីមុខថ្នាក់រៀន—សូមដាក់ប្រអប់ឲ្យច្រើនស្មើនឹងឃ្លានៃបទចម្រៀងណាមួយ ។ សូមអញ្ជើញកុមារម្នាក់ឲ្យបោះថង់សណ្តែក ឬក្រដាសដែលបានឆ្មូលទៅជិតនឹងប្រអប់ដែលមានដាក់លេខរៀង ។ ចូរឲ្យកុមារច្រៀងឃ្លានៃបទចម្រៀងដូចមាននៅលើប្រអប់នេះ ។
ផ្គូផ្គងរូបភាពទៅនឹងឃ្លាបទចម្រៀង ។ សូមសរសេរឃ្លានីមួយៗនៃបទចម្រៀងនៅលើក្រដាសផ្សេងៗគ្នា ហើយស្វែងរករូបភាពដែលមានន័យដូចឃ្លានេះបទចម្រៀងនីមួយៗ ។ សូមបិទរូបភាពនៅលើជញ្ជាំងផ្នែកម្ខាងនៃបន្ទប់ ហើយបិទក្រដាសនៅផ្នែកម្ខាងទៀតនៃបន្ទប់ ។ សូមច្រៀងចម្រៀង ហើយឲ្យកុមារផ្គូផ្គងរូបភាពជាមួយនឹងពាក្យ ។
កំណត់ចំណាំ ៖ សេចក្តីយោងដែលប្រើសម្រាប់វួដ ឬគណៈប៊ីស្សព ក៏អនុវត្តចំពោះសាខា និងគណៈប្រធានសាខាផងដែរ ។