« ថ្ងៃទី ២៣–២៩ ខែ មីនា ។ អេណុស–ពាក្យសម្ដីនៃមរមន ៖ ‹ ទ្រង់ដឹកនាំខ្ញុំឲ្យធ្វើតាមព្រះទ័យរបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៣–២៩ ខែ មីនា ។ អេណុស–ពាក្យសម្ដីនៃមរមន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៣–២៩ ខែ មីនា ។
អេណុស–ពាក្យសម្ដីនៃមរមន
ទ្រង់ដឹកនាំខ្ញុំឲ្យធ្វើតាមព្រះទ័យរបស់ទ្រង់
សូមរៀបចំខ្លួនបង្រៀនដោយអាន អេណុស–ពាក្យសម្ដីនៃមរមន និងដោយបង្កើតគម្រោងបង្រៀនមួយ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៩ ) ។ យោបល់ និងគោលលទ្ធិនានានៅក្នុងគម្រោងមេរៀននេះក៏អាចជួយផ្ដល់គំនិតដល់អ្នកផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីទុកពេលឲ្យសិស្សចែកចាយអ្វីដែលពួកគេរៀនសូត្រនៅឯគេហដ្ឋាន អ្នកអាចបំបែកពួកគេជាក្រុម ហើយចាត់ឲ្យក្រុមនីមួយៗអានជំពូកមួយនៅក្នុង អេណុស–ពាក្យសម្ដីនៃមរមន ។ សូមឲ្យពួកគេផ្ដល់យោបល់នូវខគម្ពីរនៅក្នុងជំពូកនោះដែលពួកគេមានអារម្មណ៍ថា សិស្សទាំងអស់គួរពិភាក្សា ។ សូមសរសេរខគម្ពីរទាំងនេះនៅលើក្ដារខៀន ហើយជ្រើសខគម្ពីរមួយចំនួនមកពិភាក្សា ។
បង្រៀនគោលលទ្ធិ
យើងអាចទទួលបានការអភ័យទោសពីអំពើបាបរបស់យើង នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
នេះគឺជាសំណួរមួយចំនួនដែលអ្នកអាចអញ្ជើញសិស្សឲ្យពិចារណា ហើយពិភាក្សា នៅពេលអ្នកសិក្សា អេណុស ១:១–១៧ ៖ តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍របស់អេណុសអំពីការទទួលបានការផ្ដាច់បាបរបស់យើង ? តើអេណុសបានបង្ហាញសេចក្ដីជំនឿរបស់លោកលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើបទពិសោធន៍នេះបានជះឥទ្ធិពលដល់អេណុសតាមរបៀបណា ហើយតើលោកបានមើលឃើញខ្លួនឯង និងមនុស្សដទៃទៀតយ៉ាងដូចម្ដេច ?
ការអធិស្ឋានដោយអស់ពីចិត្តរបស់យើងនឹងទទួលបានចម្លើយ ។
-
ដើម្បីជួយសិស្សធ្វើឲ្យយល់ដឹងអំពីការអធិស្ឋានកាន់តែស៊ីជម្រៅ អ្នកអាចបំបែកពួកគេជាក្រុមតូចៗ ហើយអញ្ជើញក្រុមនីមួយៗឲ្យសិក្សាវគ្គមួយដូចទៅនេះនៅក្នុង អេណុស ១ ៖ ខទី ២–៨, ៩–១១ ឬ ១២–១៧ ។ បន្ទាប់មក សូមឲ្យក្រុមនីមួយៗបង្រៀនដល់សិស្សផ្សេងទៀតពីអ្វីមួយដែលពួកគេបានរៀនអំពីការអធិស្ឋានមកពីខគម្ពីរដែលបានចាត់ឲ្យពួកគេ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយពាក្យ និងឃ្លាដែលពិពណ៌នាពីរបៀបដែលអេណុសបានអធិស្ឋាន ។
-
បន្ថែមទៅលើការរៀនសូត្រអំពីរបៀបដែលអេណុសបានអធិស្ឋាន យើងក៏អាចរៀនច្រើនចេញពីអ្វីដែលអេណុសបានអធិស្ឋានផងដែរ ។ ប្រហែលជាសិស្សអាចស្គាល់ពីមនុស្ស ឬអ្វីដែលអេណុសបានអធិស្ឋាននៅក្នុង អេណុស ១:៤–១៧ ។ យោងតាមខគម្ពីរទាំងនេះ ហេតុអ្វីបានជាអេណុសចង់អធិស្ឋានឲ្យមនុស្សដទៃទៀត ? តើសេចក្ដីពិតអ្វីផ្សេងទៀតអំពីការអធិស្ឋានដែលយើងរៀនមកពីអេណុស ?
ប្រសិនបើយើងគោរពតាមព្រះបញ្ញត្តិទាំងឡាយ នោះយើងនឹងចម្រើនឡើង ។
-
យ៉ារ៉ុម និងពួកអ្នកសរសេរគម្ពីរអោមណៃបានសរសេរអំពីប្រជាជននីហ្វៃ ប៉ុន្តែសារលិខិតរបស់ពួកគេក៏អនុវត្តដល់បុគ្គលម្នាក់ៗផងដែរ ។ តើយើងរៀនអ្វីខ្លះមកពីគម្ពីរយ៉ារ៉ុម និងអោមណៃអំពីរបៀបដែលសេចក្ដីសុចរិតដឹកនាំទៅរកការចម្រើនឡើង ? ( ឧទាហរណ៍ សូមមើលយ៉ារ៉ុម ១:៧–១២ និង អោមណៃ ១:៥–៧, ១២–១៨ ) ។ វាអាចជួយសិស្សដើម្បីឲ្យនិយមន័យពាក្យ ការចម្រើនឡើង ដោយប្រើវចនានុក្រមមួយ និងបទគម្ពីរ ( ឧទាហរណ៍ សូមមើល អាលម៉ា ៣៧:១៣; ៤៨:១៥ ) ។ តើនិយមន័យរបស់លោកិយខុសពីនិយមន័យរបស់ព្រះអម្ចាស់យ៉ាងណាដែរ ? តើព្រះអម្ចាស់ជួយរាស្ត្ររបស់ទ្រង់ឲ្យចម្រើនឡើងតាមរបៀបណា ?
-
ដូចជាពួកព្យាការីសាសន៍នីហ្វៃបានខិតខំធ្វើការដើម្បីបង្រៀនពីបទបញ្ញត្តិទៅកាន់ប្រជាជន នោះពួកព្យាការីរបស់យើងនៅថ្ងៃចុងក្រោយក៏បង្រៀនយើងពីបទបញ្ញត្តិផងដែរ ។ បន្ទាប់ពីអាន យ៉ារ៉ុម ១:៩–១២ សិស្សអាចពិភាក្សាពីការបង្រៀនថ្មីៗរបស់ថ្នាក់ដឹកនាំសាសនាចក្រ ដែលបំផុសគំនិតពួកគេឲ្យគោរពតាមបទបញ្ញត្តិ ។ វាអាចមានប្រយោជន៍សម្រាប់សិស្សដើម្បីមើលឡើងវិញនូវសារលិខិតសន្និសីទថ្មីៗនៅក្នុងទស្សនាវដ្ដីសាសនាចក្រ ឬ នៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ឬពួកគេអាចមើលឡើងវិញនូវបទដ្ឋានដែលបានពិភាក្សានៅក្នុង កម្លាំងដើម្បីយុវជន ។ ប្រសិនបើចាំបាច់ អ្នកអាចមើលទៅបញ្ជីនៃសារលិខិតនានានៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើការគោរពប្រតិបត្តិតាមបទបញ្ញត្តិជួយយើងឲ្យ « ចម្រើនឡើង » នៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
ព្រះអម្ចាស់បាននាំមនុស្សជាច្រើនមកកាន់ដែនដីសន្យា ។
-
ព្រះគម្ពីរមរមនមាននូវប្រវត្តិដ៏ស្មុគស្មាញមួយ ហើយការតាមដានក្រុមមនុស្សផ្សេងៗគ្នាដែលព្រះគម្ពីរពិពណ៌នានោះអាចជារឿងលំបាក ។ វិធីមួយដើម្បីរៀនពីមនុស្សមួយក្រុមៗនៅក្នុងព្រះគម្ពីរមរមននោះ គឺត្រូវបង្កើតតារាងមួយនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យបំពេញវាជាមួយនឹងព័ត៌មានអំពីក្រុមមនុស្សនីមួយៗ ( ដូចជាពួកសាសន៍នីហ្វៃ ពួកសាសន៍លេមិន និងប្រជាជនសារ៉ាហិមឡា ) ។ ឧទាហរណ៍ តារាងនោះអាចមាននូវចំណងជើងដូចតទៅនេះ ៖ ឈ្មោះក្រុម ពេលវេលា និងរបៀបដែលពួកគេបានមកដល់ និង អ្វីដែលបានកើតឡើងចំពោះពួកគេ ។ សូមពិភាក្សារួមគ្នាពីហេតុផលដែលវាមានប្រយោជន៍ដើម្បីយល់ពីរឿងដែលអ្នកបានរៀនអំពីក្រុមនីមួយៗ ។ ចំណុចទាំងនេះនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( ChurchofJesusChrist.org ) អាចជួយ ៖ « កូរីអានទុមើរ » « ពួកសាសន៍យ៉ារេឌ » « ពួកសាសន៍លេមិន » « មូលេក » « ពួកសាសន៍នីហ្វៃ » និង « សារ៉ាហិមឡា » ។
ព្រះនឹងដឹកនាំយើង ប្រសិនបើយើងធ្វើតាមការដឹកនាំរបស់ទ្រង់ ។
-
ជាផ្នែកនៃការពិភាក្សាមួយនៃ ពាក្យសម្ដីនៃមរមន អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យមកថ្នាក់ ដោយរៀបចំខ្លួនដើម្បីចែកចាយពីហេតុផលដែលមរមនត្រូវបានបំផុសគំនិតដើម្បីដាក់បញ្ចូលផ្ទាំងតូច ( នីហ្វៃទី ១–អោមណៃ) នៅក្នុងព្រះគម្ពីរមរមន ។ សមាជិកម្នាក់នេះអាចរៀបចំខ្លួនដោយអាន ពាក្យសម្ដីនៃមរមន និងធនធានផ្សេងទៀត ដូចជា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៨–១៩, ៣៩–៤៥, គម្រោងមេរៀននាសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមលើកទឹកចិត្តសិស្សឲ្យដាក់បញ្ចូលព័ត៌មានលម្អិតដែលទាក់ទងពីការបាត់បង់ ១១៦ ទំព័រនៃការសរសេរដៃរបស់ព្រះគម្ពីរមរមន និងហេតុផលដែលផ្ទាំងតូចចាំបាច់ត្រូវជំនួសទំព័រដែលបាត់នោះ ។ តើសិស្សរៀនសេចក្ដីពិតអ្វីខ្លះមកពីចំណុចនេះស្ដីពីរបៀបដែលព្រះអម្ចាស់ដឹកនាំមនុស្ស ? តើសិស្សរកឃើញអ្វីខ្លះនៅក្នុង ពាក្យសម្ដីនៃមរមន ១:១–៨ ដែលបំផុសគំនិតពួកគេឲ្យធ្វើតាមការដឹកនាំមកពីព្រះ សូម្បីតែពេលពួកគេគ្មានការយល់ដឹងពេញលេញពីហេតុផលក្ដី ?
-
មរមនផ្ដល់ពរជ័យដល់ជីវិតរាប់លាននាក់ ដោយសារលោកបានធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណស្ដីពីផ្ទាំងតូច ( សូមមើល ពាក្យសម្ដីនៃមរមន ១:៧ ) ។ សូមគិតពីវិធីដែលអ្នកជួយសិស្សរបស់អ្នកឲ្យយល់ថា ពួកគេក៏អាចផ្ដល់ពរជ័យដល់មនុស្សដទៃដូចគ្នាដែរ នៅពេលពួកគេខិតខំធ្វើជាឧបករណ៍នៅក្នុងព្រហស្ដរបស់ព្រះ ហើយធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ តើព្រះបានដឹកនាំមរមនតាមរបៀបណា ? តើសិស្សធ្លាប់ឃើញព្រះអម្ចាស់បានធ្វើអ្វីខ្លះតាមរយៈពួកគេ ឬមនុស្សដទៃ នៅពេលពួកគេបានស្ដាប់តាមព្រះវិញ្ញាណ ហើយខិតខំធ្វើតាមព្រះទ័យរបស់ព្រះ ? ដំណើររឿងអំពីប្រធាន ថូម៉ាស អេស ម៉នសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផ្ដល់ជាគំរូមួយដែលអាចជួយសិស្សឲ្យគិតពីគំរូនានាមកពីជីវិតរបស់ពួកគេផ្ទាល់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដោយសារទាំងសន្និសីទទូទៅ និងបុណ្យអ៊ីស្ទើរនឹងមកដល់នៅពីរបីសប្ដាហ៍ទៀត សូមលើកទឹកចិត្តសិស្សឲ្យស្ដាប់រកសារលិខិតដែលសមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ចែកចាយសាក្សីពិសេសរបស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ ។
ធនធានបន្ថែមទាំងឡាយ
វីដេអូព្រះគម្ពីរមរមនអំពីអេណុស ។
សូមស្វែងរកវីដេអូដែលបង្ហាញពីដំណើររឿងមកពីគម្ពីរអេណុសនៅក្នុងវីដេអូព្រះគម្ពីរមរមននៅលើ ChurchofJesusChrist.org ឬ កម្មវិធីបណ្ណាល័យដំណឹងល្អ ។
សារលិខិតសន្និសីទទូទៅអំពីការគោរពបទបញ្ញត្តិ ។
-
ថូម៉ាស អេស ម៉នសុន « Keep the Commandments » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៣–៨៥
-
ឌៀថើរ អេហ្វ អុជដូហ្វ « Living the Gospel Joyful »Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១២០–២៣
-
ដាល្លិន អេក អូក « No Other Gods »Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧២–៧៥
« ចាប់ដៃកុមារគ្រប់គ្នា » ។
កាលប្រធាន ថូម៉ាស អេស ម៉នសុន បម្រើជាសមាជិកមួយរូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ លោកបានថ្លែងទៅកាន់កុមារដែលបានជួបជុំគ្នានៅក្នុងភូមិសាម័រ ។ ក្រោយមក លោកត្រូវបានបំផុសគំនិតឲ្យចាប់ដៃកុមារម្នាក់ៗដែលបានមកចូលរួម សរុបទាំងអស់ ២៤៧ នាក់ ។ ប៉ុន្តែ លោកបានដឹងថា លោកគ្មានពេលទេ នោះលោកបានខិតខំបំភ្លេចពីគំនិតនៃការចាប់ដៃកុមារទាំងនោះ ប៉ុន្តែលោកពុំអាចបំភ្លេចវាបានឡើយ ។
នៅទីបំផុត លោកបាននិយាយនឹងគ្រូបង្រៀនរបស់កុមារទាំងនោះថា « ខ្ញុំចង់ចាប់ដៃក្មេងប្រុស និងក្មេងស្រីម្នាក់ៗ ។ តើខ្ញុំអាចធ្វើវាបានទេ ? »
គ្រូបង្រៀននោះបានញញឹម ហើយបាននិយាយទៅកាន់កុមារនៅសាម័រ ។ ពួកគេបានងក់ក្បាលតបយ៉ាងលឿន ។ បន្ទាប់មក គ្រូបង្រៀនរូបនោះបានប្រាប់អែលឌើរ ម៉នសុន ថា នៅពេលគាត់បានដឹងថា មានសាវកម្នាក់មកទស្សនកិច្ចនៅសាម័រ គាត់បានសន្យានឹងកុមារទាំងនោះថា ប្រសិនបើពួកគេនឹងអធិស្ឋានដោយចិត្តស្មោះ ហើយមានសេចក្ដីជំនឿ នោះអែលឌើរ ម៉នសុន នឹងមកទស្សនកិច្ចនៅភូមិរបស់ពួកគេ ហើយនឹងត្រូវបានបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធឲ្យចាប់ដៃកុមារគ្រប់រូប ( សូមមើល ថូម៉ាស អេស ម៉នសុន « Friend to Friend: Talofa Lava »Friend ខែ ឧសភា ឆ្នាំ ១៩៧២ ទំព័រ ១២–១៣ ) ។