៤. ការទទួលបានចំណេះដឹងខាងវិញ្ញាណ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០១៨ )
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិត
ព្រះជ្រាបដឹងនូវអ្វីៗគ្រប់យ៉ាង ហើយទ្រង់គឺជាប្រភពនៃសេចក្ដីពិតទាំងអស់ ( សូមមើល ម៉ូសាយ ៤:៩ ) ។ ដោយសារព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង ហើយចង់ឲ្យយើងរីកចម្រើនឆ្ពោះទៅរកការប្រែក្លាយដូចជាទ្រង់ នោះទ្រង់បានលើកទឹកចិត្តយើងឲ្យ « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង » ( គ. និង ស. ៨៨:១១៨ ) ។ នៅក្នុងការស្វែងរកសេចក្ដីពិតរបស់យើង យើងអាចទុកចិត្តលើទ្រង់ទាំងស្រុង ដោយពឹងផ្អែកទៅលើប្រាជ្ញារបស់ទ្រង់ សេចក្ដីស្រឡាញ់របស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ដើម្បីបង្រៀន និងប្រទានពរដល់យើង ។ ព្រះបានសន្យាថានឹងបើកសម្ដែងសេចក្ដីពិតដល់គំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ប្រសិនបើយើងនឹងស្វែងរកទ្រង់ដោយឧស្សាហ៍ព្យាយាម ( សូមមើល គ. និង ស. ៨:២-៣ ) ។
២. ដើម្បីជួយយើង ព្រះវរបិតាសួគ៌បានបង្រៀនយើងអំពីរបៀបដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ទ្រង់បានបង្កើតលក្ខខណ្ឌនានា ដែលយើងត្រូវធ្វើតាមដើម្បីទទួលបានចំណេះដឹងដូច្នោះ ។ លំនាំដែលបានតែងតាំងដ៏ទេវភាពរបស់ព្រះ តម្រូវឲ្យយើងមានបំណងប្រាថ្នាដ៏ស្មោះត្រង់ដើម្បីដឹងពីសេចក្ដីពិត ( សូមមើលមរ៉ូណៃ ១០:៤-៥ )ហើយមានឆន្ទៈរស់នៅស្របតាមអ្វីដែលទ្រង់បានបើកសម្ដែង ( សូមមើលយ៉ូហាន ៧:១៧ ) ។ បំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើង នឹងដឹកនាំយើងឲ្យស្វែងរកសេចក្ដីពិតតាមរយៈការអធិស្ឋាន ( សូមមើលយ៉ាកុប ១:៥-៦,នីហ្វៃទី ២ ៣២:៨-៩ ) និងការសិក្សាបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម ( សូមមើលធីម៉ូថេទី ២ ៣:១៥-១៧,នីហ្វៃទី ២ ៣២:៣ ) ។
ការសួរសំណួរ និងការស្វែងរកចម្លើយ
៣. ពេលខ្លះយើងអាចនឹងរកឃើញព័ត៌មានថ្មី ឬមានសំណួរទាក់ទងនឹងគោលលទ្ធិ ការអនុវត្ត ឬប្រវត្តិសាសនាចក្រ ដែលហាក់ដូចជាពិបាកយល់ ។ ការសួរសំណួរ និងការស្វែងរកចម្លើយ គឺជាផ្នែកដ៏សំខាន់មួយនៃការខិតខំរបស់យើងដើម្បីរៀនអំពីសេចក្ដីពិត ។ សំណួរខ្លះដែលកើតមានក្នុងគំនិតរបស់យើង អាចនឹងត្រូវបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។ សំណួរបំផុសគំនិតនានា គួរតែត្រូវបានចាត់ទុកថាជាអំណោយទានមកពីព្រះ ដែលបានប្រទានឱកាសដល់យើងឲ្យបង្កើនការយល់ដឹងរបស់យើង ហើយពង្រឹងដល់ការអះអាងរបស់យើងថា ព្រះអម្ចាស់មានព្រះទ័យបង្រៀនដល់យើង ។ មិនថាសំណួររបស់យើងចេញមកពីប្រភពណាទេ យើងត្រូវបានប្រទានពរឲ្យមានលទ្ធភាពដើម្បីគិត និងរកហេតុផល ហើយមានឥទ្ធិពលរបស់ព្រះអម្ចាស់ដើម្បីពង្រីកគំនិតរបស់យើង ហើយពង្រីកដល់ការយល់ដឹងក្នុងគំនិតរបស់យើងកាន់តែខ្លាំង ។ ឥរិយាបទ និងបំណងប្រាថ្នាដែលយើងសួរសំណួរ និងស្វែងរកចម្លើយនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់យើងដើម្បីរៀនសូត្រតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
៤. គោលលទ្ធិទាំងបីដូចទៅនេះអាចដឹកនាំយើងនៅពេលយើងព្យាយាមរៀនសូត្រ និងយល់ដឹងអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ហើយដោះស្រាយសំណួរ ឬបញ្ហានានា ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ព្យាយាមយល់ដឹងបន្ថែម តាមរយៈធនធានដែលបានប្រទានមកពីព្រះ ។
គោលការណ៍ទី ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
៥. យើងធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលយើងជ្រើសរើសទុកចិត្តលើព្រះ ហើយបែរទៅរកទ្រង់ជាដំបូងបំផុត តាមរយៈការអធិស្ឋានដោយស្មោះត្រង់ សិក្សាការបង្រៀនរបស់ទ្រង់ ហើយគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
៦.នៅពេលយើងព្យាយាមអភិវឌ្ឍការយល់ដឹងរបស់យើង ហើយដោះស្រាយកង្វល់នានា នោះវាសំខាន់ណាស់ដែលយើងត្រូវពឹងផ្អែកទៅលើទីបន្ទាល់ដែលយើងមានរួចទៅហើយអំពីព្រះយេស៊ូវគ្រីស្ទ ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ និងការបង្រៀនរបស់ពួកព្យាការីដែលបានតែងតាំងដោយទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ពេលគ្រាទាំងនោះមកដល់ ហើយបញ្ហានានាបង្ហាញជារូបរាងឡើង នោះដំណោះស្រាយមិនបានកើតឡើងភ្លាមៗទេ សូមកាន់ខ្ជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយ ហើយឈរយ៉ាងរឹងមាំរហូតដល់ចំណេះដឹងបន្ថែមទៀតមកដល់« ខ្ញុំជឿហើយ លោកម្ចាស់អើយ »Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។ ព្រះអម្ចាស់ផ្ទាល់បានអញ្ជើញយើងឲ្យ « មើលទៅ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » ( គ. និង ស. ៦:៣៦ ) ។
៧. អំឡុងពេលដែលយើងរកមិនឃើញចម្លើយភ្លាមៗចំពោះសំណួររបស់យើង វាជាជំនួយដើម្បីចងចាំថា ទោះបីជាព្រះវរបិតាសួគ៌បានបើកសម្តែងអ្វីៗទាំងអស់ដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់យើងក្ដី ក៏ទ្រង់ពុំទាន់បានបើកសម្ដែងសេចក្ដីពិតទាំងអស់ដែរ ។ នៅពេលយើងបន្ដស្វែងរកចម្លើយ នោះយើងត្រូវតែរស់នៅដោយសេចក្ដីជំនឿ—ទុកចិត្តថាយើងនឹងទទួលបានចម្លើយដែលយើងស្វែងរកនៅទីបំផុត ( សូមមើលសុភាសិត ៣:៥-៦,អេធើរ ១២:៦ ) ។ នៅពេលយើងស្មោះត្រង់ចំពោះសេចក្ដីពិត និងពន្លឺ ដែលយើងបានទទួលរួចហើយនោះ នោះយើងនឹងទទួលបានវាបន្ថែមទៀត ។ ចម្លើយចំពោះសំណួរ និងការអធិស្ឋានរបស់យើង ជាញឹកញាប់កើតមាន « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។
គោលការណ៍ទី២ ៖ ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
៨. ដើម្បីពិនិត្យមើលគោលគំនិតខាងគោលលទ្ធិ សំណួរខាងគោលលទ្ធិ និងបញ្ហាសង្គមដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ នោះយើងគួរពិចារណាវាក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ និងការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្គ្រោះ ។ យើងស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញ( សូមមើល កូរិនថូសទី ១ ២:៥, ៩–១១ ) ។ ការធ្វើដូចនេះ អនុញ្ញាតឲ្យយើងព្រាងសំណួរជាថ្មី ( ដើម្បីមើលទៅសំណួរតាមរបៀបផ្សេង ) ហើយមើលទៅគំនិតនានាដោយផ្អែកទៅលើបទដ្ឋាននៃសេចក្ដីពិតរបស់ព្រះអម្ចាស់ ជាជាងដោយការទទួលយកការសន្មត ឬការប៉ាន់ស្មានរបស់លោកិយ ។ យើងធ្វើដូចនេះដោយការសួរសំណួរដូចជា « តើខ្ញុំបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់រួចហើយនោះ ហើយតើទ្រង់បានទាក់ទងនឹងកូនចៅរបស់ទ្រង់ដោយរបៀបណា ? » និងសំណួរ « តើការបង្រៀនដំណឹងល្អអ្វីខ្លះដែលទាក់ទង ឬបញ្ជាក់អំពីគោលគំនិត ឬបញ្ហានេះ ? »
៩. ទោះជាសំណួរទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្ដី ក៏វាអាចនឹងចាំបាច់ត្រូវពិនិត្យមើលដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយដែរ ។ នៅពេលយើងបោះយុថ្កានៃទំនុកចិត្តរបស់យើងទៅលើព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ នោះយើងអាចមើលឃើញបញ្ហានានាកាន់តែច្បាស់ ។ វាអាចនឹងជួយយើងឲ្យពិនិត្យមើលសំណួរខាងប្រវត្តិសាស្ត្រតាមបរិបទប្រវត្តិសាស្ត្រត្រឹមត្រូវផងដែរ ដោយពិចារណាអំពីវប្បធម៌ និងបទដ្ឋាននៃវេលាកាលនោះ ជាជាងការដាក់បង្ខំឲ្យទទួលយកទស្សនវិស័យ និងឥរិយាបថនាពេលបច្ចុប្បន្ននេះ ។
១០. វាសំខាន់ដើម្បីចងចាំថា រឿងលម្អិតខាងប្រវត្តិសាស្ត្រពុំមាននូវអំណាចសង្គ្រោះនៃពិធីបរិសុទ្ធ សេចក្ដីសញ្ញា និងគោលលទ្ធិនោះទេ ។ ការត្រូវរំខានដោយរឿងលម្អិតដែលមិនសូវសំខាន់ ធ្វើឲ្យយើងភ្លេចអព្ភូតហេតុដែលបានបើកសម្ដែងអំពីការស្ដារឡើងវិញ គឺដូចជាការចំណាយពេលវិភាគទៅលើប្រអប់កាដូ ហើយមិនខ្វល់អំពីអំណោយដ៏អស្ចារ្យនៅក្នុងប្រអប់កាដូដូច្នោះដែរ ។
គោលការណ៍ទី ៣ ៖ ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
១១. ជាចំណែកនៃដំណើរការដែលបានតែងតាំងរបស់ព្រះអម្ចាស់ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ នោះទ្រង់បានបង្កើតប្រភពជាច្រើនតាមរយៈអ្វីដែលទ្រង់បើកសម្តែងសេចក្ដីពិត និងការណែនាំដល់កូនចៅរបស់ទ្រង់ ។ ប្រភពទាំងនេះ រួមមាន ពន្លឺនៃព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ បទគម្ពីរ ឪពុកម្ដាយ និងអ្នកដឹកនាំសាសនាចក្រ ។ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់—ពួកព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ—គឺជាប្រភពដ៏សំខាន់នៃសេចក្ដីពិត ។ ព្រះអម្ចាស់បានជ្រើសរើស ហើយបានតែងតាំងបុគ្គលម្នាក់ៗទាំងនេះដើម្បីនិយាយជំនួសទ្រង់ ។
១២. យើងអាចរៀនសេចក្ដីពិតតាមរយៈប្រភពដែលគួរឲ្យទុកចិត្តផ្សេងៗទៀតផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ គួរតែប្រុងប្រយត្ន័ចំពោះប្រភពព័ត៌មានដែលមិនគួរទុកចិត្តផងដែរ ។ យើងរស់នៅក្នុងគ្រាមួយ ដែលមានមនុស្សជាច្រើន « រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ( អេសាយ ៥:២០ ) ។ សាតាំងគឺជាបិតានៃសេចក្តីកុហក ហើយព្យាយាមបង្ខូចសេចក្ដីពិត រួចអូសទាញយើងឲ្យងាកចេញពីព្រះអម្ចាស់ និងពួកអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ ។ នៅពេលយើងងាកទៅរកចម្លើយ និងការដឹកនាំមកពីប្រភពដែលបានតែងតាំងដ៏ទេវភាពរបស់ព្រះអម្ចាស់ នោះយើងអាចត្រូវបានប្រទានពរឲ្យចេះបែងចែករវាងសេចក្ដីពិត និងកំហុសឆ្គង ។ ការរៀនស្គាល់ និងចៀសចេញពីប្រភពមិនគួរឲ្យជឿ អាចការពារយើងកុំឲ្យភាន់ច្រឡំ និងការពារយើងពីអ្នកទាំងឡាយដែលព្យាយាមបំផ្លាញសេចក្ដីជំនឿយើង ។
ការជួយដល់អ្នកដទៃឲ្យទទួលបានចំណេះដឹងខាងវិញ្ញាណ
១៣. នៅពេលអ្នកដទៃមកកាន់យើងដោយមានសំណួរ ឬចង់រៀនអំពីគោលលទ្ធិ ការអនុវត្ត ឬប្រវត្តិរបស់សាសនាចក្រ តើយើងអាចជួយពួកគេនៅក្នុងការស្វែងរកសេចក្ដីពិតរបស់ពួកគេយ៉ាងដូចម្ដេច ? ខាងក្រោមនេះ គឺជារបៀបមួយចំនួនដែលយើងអាចជួយពួកគេ ៖
១៤. ស្ដាប់ដោយយកចិត្តទុកដាក់ និងដោយការអធិស្ឋាន ៖ស្ដាប់ដោយយកចិត្តទុកដាក់ពីមុនអ្នកឆ្លើយ ព្យាយាមបញ្ជាក់ និងយល់ពីសំណួរដែលពួកគេមានជាក់ស្ដែង ។ ព្យាយាមយល់ពីបំណងពិតនៃសំណួរអារម្មណ៍ និងជំនឿរបស់ពួកគេប្រកបដោយការគិតគូរ ។
១៥. បង្រៀន និងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អ ៖ចែកចាយនូវការបង្រៀនដែលអនុវត្តចេញមកពីបទគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីបច្ចុប្បន្ន និងពីរបៀបដែលការបង្រៀនបានធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិតរបស់អ្នក ។ ជួយដល់អ្នកទាំងឡាយដែលអ្នកនិយាយជាមួយឲ្យពិនិត្យ ឬព្រាងសំណួររបស់ពួកគេសារជាថ្មីនៅក្នុងបរិបទនៃដំណឹងល្អ និងផែនការនៃសេចក្ដីសង្គ្រោះ ។
១៦. អញ្ជើញពួកគេឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ៖សូមចងចាំថា ព្រះអម្ចាស់តម្រូវឲ្យយើងស្វែងរកចំណេះដឹងខាងវិញ្ញាណសម្រាប់ខ្លួនយើងផ្ទាល់ ។ ហេតុដូច្នោះហើយ យើងត្រូវតែអញ្ជើញអ្នកដទៃឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ តាមរយៈការអធិស្ឋាន ការគោរពតាមបទបញ្ញត្តិទាំងឡាយ និងការសិក្សាព្រះបន្ទូលនៃព្រះដោយឧស្សាហ៍ព្យាយាម ការប្រើប្រភពដែលបានតែងតាំងដោយព្រះ ជាពិសេសព្រះគម្ពីរមរមន ។ បើអាចធ្វើទៅបាន សូមអញ្ជើញពួកគេឲ្យចងចាំបទពិសោធន៍ដែលពួកគេបានមាន ពេលពួកគេបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីកាន់ខ្ជាប់ទៅនឹងសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលពួកគេបានរៀនរហូតដល់ចំណេះដឹងបន្ថែមទៀតមកដល់ ។
១៧. បញ្ចប់ ៖ផ្ដល់ជំនួយដើម្បីស្វែងរកចម្លើយ បន្ទាប់មកបញ្ចប់ដោយការចែកចាយនូវអ្វីដែលអ្នកបានរៀន ។ អ្នកក៏អាចស្វែងរកចម្លើយជាមួយគ្នាផងដែរ ។ បង្ហាញនូវការទុកចិត្តទៅលើការសន្យារបស់ព្រះអម្ចាស់ដើម្បីប្រទានវិវរណៈផ្ទាល់ខ្លួន ។
សេចក្ដីយោងដែលទាក់ទង ៖យេរេមា ១:៤–៥, អេម៉ុស ៣:៧, ម៉ាថាយ ៥:១៤–១៦, ម៉ាថាយ ១៦:១៥–១៩, យ៉ូហាន ១៥:១៦, យ៉ូហាន ១៧:៣, អេភេសូរ ២:១៩–២០, អេភេសូរ ៤:១១–១៤, នីហ្វៃទី ២ ២:២៧, ម៉ូសាយ ១៨:៨–១០, នីហ្វៃទី ៣ ១៨:១៥, ២០–២១, គ. និង ស. ១:៣៧–៣៨, គ. និង ស. ១៨:១៥–១៦, គ. និង ស. ២១:៤–៦,គ. និង ស. ៨៨:១១៨
ប្រធានបទដែលទាក់ទងនឹងគោលលទ្ធិ ៖ ក្រុមព្រះ ៖ ព្រះវិញ្ញាណបរិសុទ្ធ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ៖ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ពួកព្យាការី និងវិវរណៈ បទបញ្ញត្តិទាំងឡាយ