បទពិសោធន៍ការរៀនសូត្រទី ១២
ការសម្រេចចិត្តពីរបៀបដើម្បីបង្រៀន ៖ ការសួរសំណួរដែលមានប្រសិទ្ធភាព
សេចក្ដីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការយល់អំពីសារៈសំខាន់នៃសំណួរទាំងឡាយ
-
ការពង្រាងសំណួរសម្រាប់លទ្ធផលជាក់លាក់
-
សួរសំណួរដែលមានប្រសិទ្ធភាព
គោលគំនិតសំខាន់ៗ
ការយល់អំពីសារៈសំខាន់នៃសំណួរទាំងឡាយ
មានបច្ចេកទេសបង្រៀនមានប្រសិទ្ធភាពជាច្រើន ដែលអ្នកអាចប្រើនៅក្នុងថ្នាក់រៀនរបស់អ្នក រួមទាំងការពិភាក្សាក្នុងថ្នាក់ បទបង្ហាញរបស់គ្រូបង្រៀន និងការសរសេរ ។ វិធីសាស្ត្រទាំងអស់នេះ ពង្រីកដំណើរការនៃការរៀនសូត្រ និងការបង្រៀន ប៉ុន្តែមានវិធីសាស្ត្រមួយដែលសំខាន់ជាងវិធីសាស្ត្រផ្សេងៗស្ទើរតែទាំងអស់ ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ គណៈប្រធានទីមួយ បាន បង្រៀន ៖
«សួរ និងឆ្លើយសំណួរគឺជាចំនុចសំខាន់ក្នុងការរៀនសូត្រ និងការបង្រៀនទាំងអស់ » («The Lord Will Multiply the Harvest»[ល្ងាចមួយជាមួយអែលឌើរ ហិនរី ប៊ី អាវរិង ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៩៨] ទំព័រ ៥-៦si.churchofjesuschrist.orgបានបន្ថែមការគូសបញ្ជាក់) ។
ការរៀនធ្វើពង្រាងសំណួរល្អៗដោយយកចិត្តទុកដាក់ ត្រូវការពេលវេលា កិច្ចខិតខំ និងការអនុវត្ត ។ បទពិសោធន៍ការរៀនសូត្រនេះ នឹងជួយអ្នករៀនសួរសំណួរដែលអ្នកមានឥទ្ធិពលដ៏ខ្លាំងចំពោះសិស្សរបស់អ្នក ។
សូមមើលវីដេអូ« Asking Questions »(២:៤២) មាននៅគេហទំព័រchurchofjesuschrist.org។ ខណៈពេលមើលវីដេអូ សូមរកមើលគំនិតយោបល់អំពីសារៈសំខាន់នៃការសួរសំណួរប្រកបដោយប្រសិទ្ធភាព ។
ការពង្រាងសំណួរដោយមានគោលបំណង
សំណួរទាំងឡាយដែលអ្នកសួរ គួរតែអញ្ជើញសិស្សឲ្យអនុវត្តធាតុនៃលំនាំការរៀនសូត្រ ។ ដោយសារធាតុនីមួយៗដឹកនាំទៅរកលទ្ធផលផ្សេងគ្នាមួយ នោះប្រភេទសំណួរដែលអ្នកសួរនឹងផ្សេងៗពីគ្នាអាស្រ័យទៅលើលទ្ធផលដែលចង់បាន ។
ឧទាហរណ៍ ប្រសិនបើលទ្ធផលដែលអ្នកស្វែងរក គឺដើម្បីជួយដល់សិស្សឲ្យយល់អំពីបរិបទ និងមាតិកាបទគម្ពីរ សូមសួរសំណួរអំពីមនុស្ស ខ្សែរឿង និងប្រវត្តិខាងវប្បធម៌ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលទ្ធផលដែលអ្នកចង់បាន គឺដើម្បីជួយសិស្សអនុវត្តគោលលទ្ធិ ឬគោលការណ៍ សូមសួរសំណួរដែលលើកទឹកចិត្តសិស្សឲ្យនឹកគិតអំពីវិធីនានាដែលអាចបញ្ចូលគោលលទ្ធិ ឬគោលការណ៍មួយទៅក្នុងជីវិតរបស់ពួកគេ ។
ការរៀនអំពីសំណួរគ្រឹះ និងសំណួរធម្មតា
ខាងក្រោមនេះគឺជាឧទាហរណ៍អំពីសំណួរដែលអ្នកអាចសួរដល់សិស្ស ដែលទាក់ទងទៅនឹងមូលដ្ឋានគ្រឹះនៃការរៀនសូត្រនីមួយៗ ។ សូមកត់សម្គាល់អំពីរបៀបដែលសំណួរនៅកម្រិតនីមួយៗ ស្ថាបនាគ្នាទៅវិញទៅមក ដោយចាប់ផ្ដើមជាមួយនឹងការយល់បរិបទ និងមាតិកាហើយប្ដូរទៅអនុវត្តគោលលទ្ធិ និងគោលការណ៍ ។
-
យល់ដឹងអំពីបរិបទ និង មាតិកា
-
តើនរណាដែលជាប់ទាក់ទងនឹងរឿងនេះ ?
-
តើមានអ្វីកំពុងកើតឡើងនៅក្នុងវគ្គគម្ពីរនេះ ?
-
តើព្រឹត្តការណ៍ទាំងនេះកើតឡើងនៅកន្លែងណា ?
-
-
ស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
តើអ្នកមើលឃើញគោលលទ្ធិ និងគោលការណ៍អ្វីខ្លះ ?
-
តើអ្វីទៅដែលជាប្រធានបទ ឬ ចំនុចសំខាន់របស់រឿង ?
-
តើអ្នកគិតថាអ្នកសរសេរចង់ឲ្យយើងរៀនអំពីអ្វី ?
-
-
យល់ដឹងអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
តើអ្នកបានដឹងអ្វីខ្លះអំពីគោលការណ៍នេះ ?
-
ហេតុអ្វីក៏អ្នកគិតថា គោលការណ៍នេះសំខាន់សម្រាប់យើងនៅសព្វថ្ងៃនេះ ?
-
តើអ្នកនឹងពន្យល់គោលការណ៍នេះដល់នរណាម្នាក់ទៀតយ៉ាងដូចម្តេច ?
-
តើឥរិយាបទ និងលក្ខណៈអ្វីខ្លះ ដែលអ្នកឃើញមាននៅក្នុងខ្លួនមនុស្សម្នាក់ដែលរស់នៅតាមគោលការណ៍នេះ ?
-
-
ទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
តើអ្នកបានទទួលអារម្មណ៍ដឹងអំពីសេចក្ដីពិតនៃគោលការណ៍នេះនៅពេលណា ?
-
តើអ្នកដឹងថាវាជាគោលការណ៍ពិតមួយដោយរបៀបណា ?
-
តើពេលណាដែលអ្នកត្រូវបានប្រទានពរតាមរយៈការគោរពតាមគោលការណ៍នេះ ?
-
-
អនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
-
តើអ្នកនឹងធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកបានទទួលអារម្មណ៍ដឹងនៅថ្ងៃនេះ ?
-
តើអ្នកអាចផ្លាស់ប្ដូរអ្វីខ្លះ ដើម្បីអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នក ?
-
ការសួរសំណួរដែលជួយសិស្សយល់អំពីបរិបទ និងមាតិកា
ដើម្បីជួយសិស្សយល់បរិបទ និងមាតិកានៃបណ្ដុំបទគម្ពីរ ចូរសួរសំណួរដែលបំផុសគំនិតដល់សិស្សឲ្យស្វែងរកព័ត៌មានបន្ថែមអំពីអ្វីដែលពួកគេកំពុងអាន និងដែលជួយពួកគេវិភាគអំពីអ្វីដែលពួកគេរកឃើញ ។
សំណួរដែលជួយសិស្សឲ្យស្រាវជ្រាវរកព័ត៌មាន
នៅពេលជួយសិស្សរបស់អ្នកឲ្យយល់បរិបទ និងមាតិកានៃបណ្ដុំបទគម្ពីរមួយ ចូរសួរសំណួរដែលលើកទឹកចិត្តពួកគេឲ្យស្រាវជ្រាវរកព័ត៌មានទាក់ទងនឹងមនុស្ស ខ្សែរឿង ប្រវត្តិខាងវប្បធម៌ និងសេចក្ដីលម្អិតផ្សេងទៀត ។ ចម្លើយចំពោះសំណួរទាំងនេះ ជាញឹកញាប់រកឃើញត្រង់ៗនៅក្នុងអត្ថបទគម្ពីរ ឬនៅក្នុងជំនួយការសិក្សាបទគម្ពីរ ដូចជា លេខយោង Bible Dictionary សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ផែនទីព្រះគម្ពីរ និងរូបភាពនានា ជាដើម ។ ធនធានទាំងនេះគួរតែជួយដល់សិស្សយល់អំពីព័ត៌មានលម្អិតជាក់លាក់នៃបណ្ដុំបទគម្ពីរ ។ ឧទាហរណ៍ អ្នកអាចនឹងសួរសំណួរដូចខាងក្រោម ៖
-
ស្របតាមនីហ្វៃទី ១ ៣:១-៤តើនរណាបានបញ្ជានីហ្វៃឲ្យទៅឯឡាបាន់ ហើយយកផ្ទាំងចំណារ ?
-
សូមមើលនៅក្នុងនីហ្វៃទី ១ ១៦:១០។ តើលីអាហូណាមើលទៅដូចជាអ្វី ?
-
សូមរកមើលពាក្យសាវកនៅក្នុង Bible Dictionary ឬសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ តើពាក្យនេះមានន័យយ៉ាងណា ? (អ្នកអាចសួរសំណួរនេះបន្ទាប់ពីសិស្សបានអានលូកា ៦:១៣) ។
សូមអាន វគ្គ ៥.១.១ នៅទំព័រ ៥៩-៦០ នៃក្បួនខ្នាត Gospel Teaching and Learningរបស់អ្នក។ នៅពេលអ្នកអាន សូមគូសចំណាំពាក្យ ឬឃ្លាដែលជួយអ្នកយល់អំពីរបៀបសួរសំណួរដែលលើកទឹកចិត្តដល់សិស្សឲ្យស្វែងរកព័ត៌មាន ដែលអាចជួយពួកគេឲ្យរកឃើញបរិបទ និងមាតិកានៃបណ្ដុំបទគម្ពីរ ។
សូមមើលវីដេអូ« Asking Questions: Searching for Information »(១:៣៦) មាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនថ្នាក់សិក្ខាសាលាម្នាក់ បង្កើតសំណួរដែលនឹងជួយសិស្សរបស់គាត់ស្វែងរកព័ត៌មានសំខាន់អំពីមាតិកា និងបរិបទនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ១:១-៤។
សំណួរដែលជួយសិស្សវិភាគបរិបទ និងមាតិកា
បន្ទាប់ពីសិស្សបានស្គាល់ព័ត៌មានលម្អិតជាមូលដ្ឋានអំពីវគ្គបទគម្ពីរ សូមសួរសំណួរដែលអញ្ជើញពួកគេឲ្យវិភាគព័ត៌មានលម្អិតអំពីខ្សែរឿង មនុស្ស និងស្ថានភាពរបស់ពួកគេជាដើម ។
ឧទាហរណ៍ នៅពេលកំពុងសិក្សាលូកា ៥:១-១១សិស្សនឹងរៀនថា ពេត្រុសបាននេសាទត្រីពេញមួយយប់ដោយគ្មានជោគជ័យ ។ ដើម្បីជួយសិស្សវិភាគវគ្គបទគម្ពីរឲ្យកាន់តែស៊ីជម្រៅ អ្នកអាចនឹងសួរសំណួរដូចតទៅនេះ ៖
-
ហេតុអ្វីអ្នកគិតថា ពេត្រុសស្ទាក់ស្ទើរដើម្បីចាប់ផ្ដើមនេសាទត្រីម្ដងទៀត ?
-
ហេតុអ្វីអ្នកគិតថា ព្រះអង្គសង្គ្រោះដាក់សំណើរនេះដល់ពេត្រុស ?
ចូរសិក្សាកថាកណ្ឌក្រោមចំណងជើងថា«ការជួយសិស្សយល់ដឹងបរិបទ និងមាតិកាបទគម្ពីរកាន់តែប្រសើរ»នៅក្នុងវគ្គ ៥.១.២ នៅទំព័រ ៦០ នៃក្បួនខ្នាតGospel Teaching and Learning។ សូមគូសចំណាំពាក្យ ឬឃ្លាដែលជួយអ្នកយល់អំពីរបៀបសួរសំណួរដែលជួយសិស្សវិភាគអំពីបរិបទ និងមាតិកា ដែលនឹងជួយធ្វើឲ្យការយល់ដឹងអំពីបទគម្ពីររបស់ពួកគេមានកាន់តែជ្រៅជ្រះ ហើយចម្រើនឡើង ។
សូមមើលវីដេអូ«Asking Questions: Analyzing Context and Content»(១:៤៥) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនថ្នាក់សិក្ខាសាលាម្នាក់ សួរសំណួរដែលនឹងលើកទឹកចិត្តឲ្យវិភាគអំពីមាតិកា និងបរិបទនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ១:១-៤។
ការសួរសំណួរដែលជួយសិស្សឲ្យស្គាល់គោលលទ្ធិ និង គោលការណ៍នានា
នៅពេលអ្នកសួរសំណួរដែលជួយសិស្សស្គាល់គោលលទ្ធិ និងគោលការណ៍នានា នោះអ្នកអញ្ជើញពួកគេឲ្យរកឃើញ និងថ្លែងអំពីសារៈសំខាន់នៃសេចក្ដីពិតដែលពួកគេបានរៀនដោយច្បាស់លាស់ ។
ឧទាហរណ៍ បន្ទាប់ពីការសិក្សារឿងរបស់នីហ្វៃទៅយកផ្ទាំងលង្ហិន អ្នកអាចសួរថា « តើគោលការណ៍អ្វីខ្លះត្រូវបានបង្ហាញដោយភាពជោគជ័យរបស់នីហ្វៃក្នុងការទៅយកផ្ទាំងលង្ហិន ដោយមិនគិតពីភាពលំបាកដ៏ខ្លាំងនោះ ? » រឿងនេះលើកទឹកចិត្តដល់សិស្សឲ្យស្គាល់ ហើយថ្លែងពីគោលលទ្ធិ ឬគោលការណ៍តាមសម្ដីរបស់ពួកគេផ្ទាល់ ដូចជាខ្ញុំអាចសម្រេចនូវរឿងដ៏អស្ចារ្យនៅពេលខ្ញុំធ្វើនូវអ្វីដែលព្រះអម្ចាស់សុំឲ្យខ្ញុំធ្វើ ។
សូមសិក្សាកថាកណ្ឌក្រោមចំណងជើងថា«ការជួយសិស្សស្គាល់គោលការណ៍ និងគោលលទ្ធិដំណឹងល្អ »នៅទំព័រ ៦០-៦១ នៃក្បួនខ្នាតGospel Teaching and Learningរបស់អ្នក ។ សូមគូសចំណាំពាក្យ ឬឃ្លាដែលជួយបញ្ជាក់អំពីសារៈសំខាន់នៃការសួរសំណួរដែលលើកទឹកចិត្តដល់សិស្សឲ្យស្គាល់គោលលទ្ធិ និងគោលការណ៍នានា ។
សូមមើលវីដេអូ« Asking Questions: Identifying Doctrine and Principles »(០:៤២) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ ថ្នាក់រៀនពិភាក្សាអំពីនិក្ខមនំ ១៧ដែលមានដំណើររឿងរបស់ម៉ូសេ លើកដៃឡើងដើម្បីឲ្យកងទ័ពអ៊ីស្រាអែលអាចយកឈ្នះនៅក្នុងសមរភូមិ ។ នៅពេលអ្នកមើលវីដេអូ សូមរកមើលរបៀបដែលគ្រូបង្រៀនសុំដល់សិស្សក្នុងថ្នាក់ឲ្យប្រាប់គោលការណ៍មួយចេញមកពីរឿងនោះ ។
ការសួរសំណួរដែលជួយសិស្សយល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ
នៅពេលសិស្សបានស្គាល់គោលលទ្ធិ ឬគោលការណ៍ហើយ ចូរសួរសំណួរដែលជួយសិស្សយល់ (១) អត្ថន័យនៃគោលលទ្ធិ ឬគោលការណ៍ និង (២) របៀបដែលគោលលទ្ធិ ឬគោលការណ៍អាចទាក់ទងមកសព្វថ្ងៃនេះ ។ ឧទាហរណ៍ បន្ទាប់ពីសិស្សបានស្គាល់គោលការណ៍ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ(លូកា ១:៣៧) អ្នកអាចសួរសំណួរដូចជា « តើអ្នកគិតថាពាក្យគ្មានសោះឡើយមានន័យយាងណា ? » និង « ហេតុអ្វីអ្នកគិតថាយើងចាំបាច់ត្រូវយល់អំពីគោលការណ៍នេះនាសព្វថ្ងៃនេះ ? »
សូមសិក្សាកថាកណ្ឌក្រោមចំណងជើងថា«ការជួយសិស្សអភិវឌ្ឍការយល់ដឹងអំពីគោលការណ៍ និងគោលលទ្ធិកាន់តែជ្រៅជ្រះ »នៅទំព័រ ៦១ នៃក្បួនខ្នាតGospel Teaching and Learningរបស់អ្នក ។ សូមគូសចំណាំពាក្យ ឬឃ្លាដែលបញ្ជាក់អំពីសារៈសំខាន់នៃការសួរសំណួរដែលលើកទឹកចិត្តដល់សិស្សឲ្យយល់គោលលទ្ធិ និងគោលការណ៍នានា ។
សូមមើលវីដេអូ« Asking Questions: Understanding Doctrine and Principles »(០:៤១) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនថ្នាក់វិទ្យាស្ថានម្នាក់បានណែនាំអំពីគោលការណ៍មួយទៅដល់សិស្សរបស់គាត់ ហើយសួរសំណួរមួយដែលជួយពួកគេឲ្យយល់អំពីគោលការណ៍នោះកាន់តែជ្រៅជ្រះ ។
ការសួរសំណួរដែលជួយសិស្សទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយ
អ្នកអាចជួយសិស្សឲ្យទទួលអារម្មណ៍ដឹងអំពីសេចក្ដីពិត និងសារៈសំខាន់នៃគោលការណ៍មួយដោយផ្ទាល់ខ្លួនគេ តាមរយៈការសួរសំណួរដែលអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ និងទីបន្ទាល់ ។ សិស្សក៏អាចទទួលយកយ៉ាងងាយផងដែរចំពោះគោលការណ៍មួយ បន្ទាប់ពីសិស្សដទៃទៀតបានថ្លែងទីបន្ទាល់អំពីឥទ្ធិពលរបស់វាមាននៅក្នុងជីវិតរបស់ពួកគេ ។
ឧទាហរណ៍ បន្ទាប់ពីថ្នាក់របស់អ្នកបានយល់អំពីគោលការណ៍ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយបានជ្រៅជ្រះហើយ (លូកា ១:៣៧) អ្នកអាចសួរសំណួរដូចតទៅនេះ ៖ « ចូរគិតអំពីគ្រាមួយ ដែលព្រះបានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យធ្វើអ្វីមួយដែលហាក់ដូចជាពុំអាចធ្វើទៅបាន ។ តើបទពិសោធន៍នោះបានជួយពង្រឹងដល់ទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដារបស់ព្រះយ៉ាងដូចម្ដេច ? »
សូមសិក្សា វគ្គ ៥.១.៣ នៅទំព័រ ៦១-៦២ នៃក្បួនខ្នាត Gospel Teaching and Learningរបស់អ្នក។ សូមគូសចំណាំពាក្យ ឬឃ្លាដែលបញ្ជាក់អំពីសារៈសំខាន់នៃការសួរសំណួរដែលជួយដល់សិស្សទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍នានា ។
សូមមើលវីដេអូ« Asking Questions: Inviting Feelings and Testimony »(០:៤៨) មាននៅក្នុងគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ ថ្នាក់ពិភាក្សាអំពីគោលការណ៍មួយមកពីអាលម៉ា ៧។ សូមកត់ចំណាំអំពីរបៀបដែលគ្រូបង្រៀនសួរសំណួរមួយ ដែលនឹងជួយសិស្សទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់របស់គោលការណ៍នោះ ។
ការសួរសំណួរដែលជួយសិស្សអនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ
ទោះជានៅពេលសិស្សយល់ ហើយទទួលអារម្មណ៍ដឹងពីសេចក្ដីពិត និងសារៈសំខាន់នៃគោលការណ៍មួយហើយក្ដី ក៏ពួកគេនៅតែត្រូវជ្រើសរើសអនុវត្តវានៅក្នុងជីវិតពួកគេផងដែរ ។ តួនាទីរបស់អ្នកក្នុងនាមជាគ្រូបង្រៀន គឺត្រូវសួរសំណួរដែលជួយសិស្សពិចារណាអំពីរបៀបដើម្បីអនុវត្តគោលការណ៍ដំណឹងល្អនៅក្នុងស្ថានភាពបច្ចុប្បន្ន និងស្ថានភាពអនាគតរបស់ពួកគេ ។ ឧទាហរណ៍ បន្ទាប់ពីថ្នាក់ពិភាក្សាអំពីគោលការណ៍ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ(លូកា ១:៣៧) អ្នកអាចសួរថា « តើអ្នកយល់ព្រមដាក់ទីទុកចិត្តទៅលើព្រះ នៅពេលអ្នកប្រឈមមុខនឹងស្ថានភាពដែលហាក់ដូចជាពុំអាចធ្វើទៅបានឬទេ ? »
ដោយសារតែចម្លើយរបស់សិស្សមួយចំនួនអាចនឹងផ្ទាល់ខ្លួន ឬដែលងាយនឹងស្រពន់ចិត្តខ្លាំងពេក នោះអ្នកអាចនឹងចង់ឲ្យសិស្សកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរប្រភេទនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេជំនួសឲ្យការឲ្យពួកគេចែកចាយចម្លើយជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមសិក្សា វគ្គ ៥.១.៤ នៅទំព័រ ៦២ នៃក្បួនខ្នាត Gospel Teaching and Learningរបស់អ្នក។ សូមគូសចំណាំពាក្យ ឬឃ្លាដែលជួយបញ្ជាក់អំពីសារៈសំខាន់នៃការសួរសំណួរដែលលើកទឹកចិត្តដល់សិស្សឲ្យអនុវត្តគោលលទ្ធិ និងគោលការណ៍នានានៅក្នុងជីវិតរបស់ពួកគេ ។
សូមមើលវីដេអូ« Asking Questions: Encouraging Application »(០:៥០) មាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ ថ្នាក់ពិភាក្សាអំពីគោលការណ៍មួយមកពីលូកា ៥:១២-២៦។ សូមកត់ចំណាំអំពីរបៀបដែលគ្រូបង្រៀនសួរសំណួរដែលជួយសិស្សពិចារណាអំពីរបៀបដែលពួកគេអាចអនុវត្តគោលការណ៍នៅក្នុងជីវិតពួកគេ ។
ការប្រើសំណួរមកពីសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនរបស់អ្នក
ធនធានដ៏ធំបំផុតមួយដែលអ្នកមាន ឧទាហរណ៍អំពីសំណួរដែលប្រកបដោយប្រសិទ្ធភាព គឺសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនរបស់អ្នក ។ មេរៀននីមួយៗ មាននូវសំណួរជាយោបល់ ដែលអ្នកគួរតែពិចារណាធ្វើការប្រើប្រាស់នៅក្នុងមេរៀនរបស់អ្នក ។ សំណួរជាច្រើននៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនរបស់អ្នក គឺជាមធ្យោបាយដើម្បីជួយសិស្សអនុវត្តធាតុទាំងឡាយនៃលំនាំនៃការរៀនសូត្រ ។
នៅពេលអ្នកព្យាយាមកែលម្អជំនាញការសរសេរសំណួររបស់អ្នក អ្នកអាចស្វែងរកឃើញថាវាមានប្រយោជន៍ដើម្បីរំឭកសំណួរនៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនរបស់អ្នកដើម្បីយល់កាន់តែប្រសើរអំពីលក្ខណៈសំណួរដែលពង្រាងយ៉ាងល្អ ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
ការសួរសំណួរ និង ការឆ្លើយសំណួរ គឺជាផ្នែកសំខាន់បំផុតនៃការរៀនសូត្រ និង ការបង្រៀនទាំងអស់ ។
-
ការសួរសំណួរដ៏មានប្រសិទ្ធភាពគឺជាជំនាញសំខាន់បំផុតមួយ ដែលអ្នកអាចអភិវឌ្ឍក្នុងនាមជាគ្រូបង្រៀនម្នាក់ ។
-
ការប្រើសំណួរដែលបានពង្រាងយ៉ាងយកចិត្តទុកដាក់ អាចជួយអ្នក និងសិស្សរបស់អ្នកសម្រេចបានលទ្ធផលជាក់លាក់ និងជាទីគាប់ចិត្ត ។
-
ការរៀនពង្រាងសំណួរល្អៗដោយយកចិត្តទុកដាក់ ត្រូវការពេលវេលា កិច្ចខិតខំ និងការអនុវត្ត ។
« ចូរសួរសំណួរដែលបានតែងដោយយកចិត្តទុកដាក់ ដើម្បីដាស់គំនិត ។ ទោះជាចម្លើយពុំបានល្អឥតខ្ចោះក្ដី ក៏វានឹងបង្កើននូវលទ្ធភាពដែលថាមេរៀនសំខាន់នឹងត្រូវបានរៀនផងដែរ » ( រីឆាដ ជី ស្កត«To Understand and Live Truth»[ល្ងាចមួយជាមួយអែលឌើរ រីឆាត ជី ស្កត ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០០៥] ទំព័រ ៣si.churchofjesuschrist.org)។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។