បទពិសោធន៍ការរៀនសូត្រទី ១១
ការសម្រេចចិត្តពីរបៀបដើម្បីបង្រៀន ៖ ការជួយដល់សិស្សបំពេញតាមតួនាទីរបស់ខ្លួន
សេចក្ដីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការសម្រេចចិត្តដើម្បី បង្រៀន
-
ការយល់អំពីតួនាទីក្នុងការរៀនសូត្ររបស់សិស្ស
-
ការជួយសិស្សឲ្យបំពេញតួនាទីរបស់ពួកគេ
គោលគំនិតសំខាន់ៗ
នៅពេលអ្នករៀបចំមេរៀន វាសំខាន់ណាស់ដើម្បីធ្វើឲ្យការតាំងចិត្តអំពីអ្វីដែលត្រូវបង្រៀន និងរបៀបដើម្បីបង្រៀនមានតុល្យភាព ។
នៅក្នុងបទពិសោធន៍រៀនសូត្រទី ១០ អ្នកបានរៀនអំពីរបៀបដើម្បីប្រើកម្មវិធីសិក្សានៅពេលសម្រេចចិត្តពីអ្វីត្រូវបង្រៀននៅក្នុងបណ្ដុំបទគម្ពីរ ។ ឥឡូវអ្នកត្រៀមខ្លួនដើម្បីកំណត់អំពីរបៀបដើម្បីបង្រៀនសិស្សរបស់អ្នក ។
តួនាទីរបស់សិស្សនៅក្នុងដំណើរការនៃការរៀនសូត្រ
ប្រសិនបើសិស្សត្រូវទទួលបទពិសោធន៍ការរីកចម្រើនខាងវិញ្ញាណ នោះអ្នកនឹងចាំបាច់ត្រូវយល់ពីតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ ហើយរៀបចំសកម្មភាពការរៀនសូត្រដែលនឹងជួយពួកគេបំពេញតួនាទីរបស់ពួកគេដោយសកម្ម ។
នៅក្នុងបទពិសោធន៍ការរៀនសូត្រនេះ សូមកត់ត្រាការបំផុសគំនិត ឬគំនិតយោបល់នានាដែលអ្នកទទួលដើម្បីជួយសិស្សរបស់អ្នកបំពេញតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ ។
ដំបូន្មានរបស់ព្យាការីអំពីតួនាទីរបស់សិស្ស
ពួកអ្នកមានសិទ្ធិអំណាចទូទៅជាច្រើនរូបបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជួយសិស្សបំពេញតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ ។
សូមមើលវីដេអូ« Prophetic Teaching about the Student’s Role in Learning »(៤:១៤) មាននៅគេហទំព័រchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អ្នកដឹកនាំសាសនាចក្រជាច្រើនរូបបានថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃតួនាទីរបស់សិស្សនៅក្នុងដំណើរការនៃការរៀនសូត្រ ។
ការនឹកគិតផ្ទាល់ខ្លួន
ចូរគិតអំពីគ្រាមួយដែលគ្រូបង្រៀនក្នុងថ្នាក់ដែលអ្នកចូលរួម បានរៀបចំសកម្មភាពដែលធ្វើឲ្យអ្នកចូលរួមនៅក្នុងដំណើរការនៃការរៀនសូត្រ ។ ឥឡូវចូរគិតអំពីគ្រាមួយពេលដែលគ្រូបង្រៀនពុំឲ្យសមាជិកក្នុងថ្នាក់ចូលរួមចំណែកដោយរស់រវើក ។ ចូរប្រៀបធៀប ហើយដាក់បញ្ច្រាសបទពិសោធន៍ចំនួនពីរ។
-
តើមានភាពខុសគ្នាអ្វីខ្លះ នៅពេលអ្នក និងអ្នកដទៃត្រូវបានអញ្ជើញឲ្យចូលរួមក្នុងដំណើរការនៃការរៀនសូត្រ ?
-
តើគ្រូបង្រៀនធ្វើអ្វីខ្លះដើម្បីជួយអ្នកបំពេញតាមតួនាទីជាអ្នករៀនសូត្ររបស់អ្នក ?
សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
ការជួយសិស្សឲ្យបំពេញតួនាទីរបស់ពួកគេ
សិស្សអាចបំពេញតួនាទីរបស់ពួកគេនៅក្នុងការរៀនសូត្រដំណឹងល្អ នៅពេលអ្នកអញ្ជើញពួកគេឲ្យពន្យល់ ចែកចាយនិងថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ដំណឹងល្អ ។ ចូរពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ដំណឹងល្អ ដែលជួយបញ្ជាក់អំពីការយល់ដឹងរបស់សិស្ស កែលម្អសមត្ថភាពបង្រៀនដំណឹងល្អដល់អ្នកដទៃ ហើយពង្រឹងទីបន្ទាល់អំពីអ្វីៗដែលពួកគេកំពុងបង្ហាញ ។ ( សូមមើលGospel Teaching and Learning, វគ្គ ២.៦ [ទំព័រ ៣១-៣៣]) ។
-
សិស្សអាចពន្យល់វគ្គបទគម្ពីរមួយ ឬគោលការណ៍មួយតាមសម្ដីពួកគេផ្ទាល់។ អ្នកអាចអញ្ជើញសិស្សឲ្យពន្យល់ដល់ដៃគូ ដល់ក្រុមតូចៗ ជាមួយសិស្សក្នុងថ្នាក់ទាំងមូល តាមរយៈការសម្ដែង ឬការសរសេរ ។
-
សិស្សអាចចែកចាយគំនិតយោបល់ បទពិសោធន៍ ឬអារម្មណ៍ដែលទាក់ទងនឹងបទគម្ពីរ ឬគោលការណ៍មួយ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ ឬបទពិសោធន៍ផ្ទាល់ខ្លួនដែលសមរម្យអំពីគោលលទ្ធិ ឬគោលការណ៍មួយ ។ ពួកគេក៏អាចចែកចាយពីបទពិសោធន៍ ដែលពួកគេបានឃើញនៅក្នុងជីវិតរបស់អ្នកដទៃផងដែរ ។ ការណ៍នេះអាចត្រូវបានធ្វើឡើងតាមពាក្យសម្ដី ឬតាមការសរសេរ ។
-
សិស្សអាចថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលពួកគេដឹងថាជាការពិត ។ អ្នកអាចអញ្ជើញពួកគេឲ្យថ្លែងទីបន្ទាល់អំពីអ្វីដែលពួកគេទទួលអារម្មណ៍ និងដឹងថាជាការពិត និងភាពខុសប្លែកដែលមាននៅក្នុងជីវិតរបស់ពួកគេ ។ សិស្សពុំចាំបាច់ត្រូវចាប់ផ្ដើមដោយនិយាយថា « ខ្ញុំចង់ថ្លែងទីបន្ទាល់របស់ខ្ញុំ » ឬ « ខ្ញុំដឹង » នោះទេ ។ ការធ្វើសេចក្ដីថ្លែងការណ៍ណាមួយអំពីការជឿស៊ប់ ឬសាក្សីផ្ទាល់ខ្លួនអំពីសេចក្ដីពិត បង្កើតជាការថ្លែងទីបន្ទាល់ ។
ការចូលរួមពង្រីកដល់ការរៀនសូត្រ
សូមមើលវីដេអូ« Explain, Share and Testify: Students’ Testimonies »(២:២៨) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ សិស្សនិយាយអំពីការបំពេញតាមតួនាទីរបស់ពួកគេ នៅពេលពួកគេពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់នៅក្នុងថ្នាក់សិក្ខាសាលា ។
ថ្នាក់រៀនដែលផ្ដោតទៅលើសិស្ស
សូមមើលវីដេអូ « A Student-Centered Classroom: An Example » (៦:៥១), មាននៅគេហទំព័រ churchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី វែលើរ ជួយសិស្សបំពេញតួនាទីរបស់ពួកគេនៅក្នុងការរៀនសូត្រមកពីបទគម្ពីរ ។ សូមរកមើលរបៀបដែលគាត់សម្រេចគោលបំណងនេះ ។
សូមមើលវីដេអូ « A Student-Centered Classroom: A Teacher’s Reflections » (៣:០១), មាននៅគេហទំព័រ churchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី វែលើរ ពិភាក្សាអំពីសារៈសំខាន់នៃការជួយសិស្សឲ្យចូលរួមនៅក្នុងដំណើរការនៃការរៀនសូត្រ ។
ការបង្រៀនសិស្សអំពីតួនាទីរបស់ពួកគេ
សិស្សនឹងចូលរួមកាន់តែពេញលេញ នៅពេលពួកគេយល់អំពីតួនាទីរបស់ពួកគេនៅក្នុងការរៀនសូត្រដំណឹងល្អ ។ មេរៀនមួយនៃមេរៀនដំបូងៗនៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ផ្ដល់ព័ត៌មានអំពីការបង្រៀនសិស្សអំពីតួនាទីរបស់ពួកគេ ។ សូមរំឭកមេរៀនទី ១ ដោយសង្ខេបអំពី« តួនាទីរបស់អ្នករៀនសូត្រ »នៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនអំពីព្រះគម្ពីរមរមន ហើយពិចារណាអំពីរបៀបដែលអ្នកអាចនឹងប្រើគោលការណ៍នានាចេញមកពីមេរៀន នៅពេលអ្នកបង្រៀនសិស្សអំពីតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រ ។
សូមមើលវីដេអូ« Teaching Students Their Role »(៦:២៧) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងប្រុស ហូវែល បង្រៀនដល់សិស្សរបស់គាត់អំពីតួនាទីរបស់ពួកគេនៅពេលចាប់ផ្ដើមឆ្នាំសិក្សា ។
សូមកត់ត្រាគំនិតមួយចំនួនដែលអ្នកអាចនឹងចង់ប្រើ នៅពេលអ្នកបង្រៀនសិស្សរបស់អ្នកអំពីតួនាទីរបស់ពួកគេនៅពេលចាប់ផ្ដើម និងនៅពេញទូទាំងឆ្នាំសិក្សា ។ សូមកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
អ្នកអាចជួយសិស្សរបស់អ្នកឲ្យយល់ ព្រមទទួលយក និងបំពេញតួនាទីរបស់ពួកគេនៅក្នុងការរៀនសូត្រពីដំណឹងល្អ ។
-
វាសំខាន់ណាស់ដែលអ្នកត្រូវង្រៀនសិស្សរបស់អ្នកអំពីតួនាទីរបស់ពួកគេនៅក្នុងការរៀសូត្រដំណឹងល្អនៅពេលចាប់ផ្ដើម និងនៅពេញទូទាំងឆ្នាំសិក្សា ។
-
អ្នកអាចជួយសិស្សបំពេញតួនាទីរបស់ពួកគេនៅក្នុងដំណើរការនៃការរៀនសូត្រដំណឹងល្អ ដោយការអញ្ជើញពួកគេឲ្យពន្យល់ ចែកចាយ និងថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ដំណឹងល្អទាំងឡាយ ។
-
សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនអាចជួយអ្នករៀបចំសកម្មភាពដែលនឹងដាក់សិស្សរបស់អ្នកឲ្យចូលរួមនៅក្នុងដំណើរការនៃការរៀនសូត្រ ។
« ការសម្រេចចិត្ត [របស់សិស្សទាំងឡាយ] ដើម្បីចូលរួមគឺជាការអនុវត្តនូវសិទ្ធិជ្រើសរើសដែលអនុញ្ញតដល់ព្រះវិញ្ញាណបរិសុទ្ធឲ្យទាក់ទងសារលិខិតផ្ទាល់ខ្លួនមួយដែលត្រូវនឹងសេចក្តីត្រូវការផ្ទាល់ខ្លួនរបស់ពួកគេ ។ ការបង្កើតបរិយាកាសនៃការចូលរួមមួយ បង្កើននូវឱកាសដែលព្រះវិញ្ញាណនឹងបង្រៀនមេរៀនសំខាន់បន្ថែមទៀតជាជាងអ្នកអាចទាក់ទង ។
« ការចូលរួមនោះនឹងនាំមកនូវការដឹកនាំនៃវិញ្ញាណក្នុងជីវិតរបស់ពួកគេ » ( រីឆាត ជី ស្កត«To Learn and toTeach more Effectively »ការប្រជុំធម្មនិដ្ឋានប្រចាំសប្ដាហ៍ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧], ទំព័រ ៤–៥, speeches.byu.edu) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។