បទពិសោធន៍ការរៀនសូត្រទី ៣
ការបង្រៀន និង រៀនសូត្រដោយព្រះវិញ្ញាណ ។
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការយល់អំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការបង្រៀន និងការរៀនសូត្រ
-
ការបំពេញតម្រូវការរបស់សិស្សទាំងមើលឃើញ និងមើលមិនឃើញ
-
ការអញ្ជើញឲ្យមានឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
គោលគំនិតសំខាន់ៗ
តួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការបង្រៀន និងការរៀនសូត្រ
« ការបង្រៀន និង ការរៀនសូត្រដំណឹងល្អកើតមានតាមរយៈព្រះចេស្តានៃ ព្រះវិញ្ញាណបរិសុទ្ធ ។ … មានតែតាមរយៈការបង្រៀន និងការរៀនសូត្រដោយព្រះវិញ្ញាណប៉ុណ្ណោះ ដែលសិស្សនឹងបានយល់ដឹង ហើយពឹងផ្អែកទៅលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបមួយដែលពួកគេនឹងអាចមានគុណសម្បត្តិសក្តិសមចំពោះជីវិតអស់កល្បជានិច្ច » (Gospel Teaching and Learning: A Handbook for Teachers and Leaders in Seminaries and Institutes of Religion [ឆ្នាំ ២០១២] ទំព័រ ១០) ។
ហេតុអ្វីក៏ត្រូវបង្រៀន និង រៀនសូត្រដោយព្រះវិញ្ញាណដូច្នេះ ?
បងស្រី គ្រីស្ទីន ផាក បានបង្រៀនថ្នាក់សិក្ខាសាលាជាប្រចាំថ្ងៃនៅ រិដឌីង រដ្ឋកាលីហ្វូញ៉ា អស់រយៈពេលប្រាំឆ្នាំ ហើយបានព្យាយាមបំពេញតម្រូវការ និងស្ថានភាពពិសេសៗរបស់សិស្សគាត់ជាបន្ដបន្ទាប់ ។ សូមមើលវីដេអូ« Students’ Needs »(១:៣៥) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី ផាក បានចែកចាយក្ដីសង្ឃឹមរបស់គាត់ចំពោះសិស្ស និងអ្វីដែលមានក្នុងដួងចិត្ត និងគំនិតរបស់គាត់ នៅពេលគាត់ព្យាយាមជួយដល់សិស្សឲ្យមានបទពិសោធន៍ការផ្លាស់ប្រែចិត្តជឿកាន់តែខ្លាំងចំពោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
អ្នកនឹងមានសិស្ស ដូចជាសិស្សរបស់បងស្រី ផាក ដែលមានតម្រូវការ និងឧបសគ្គផ្សេងៗគ្នាផងដែរ ។ ឧទាហរណ៍ដូចខាងក្រោមតំណាងឲ្យស្ថានភាពរបស់សិស្សជាក់លាក់មួយចំនួន ។ ចូរគិតអំពីរបៀបដែលស្ថានភាពរបស់សិស្សអ្នក អាចជះឥទ្ធិពលលើរបៀបដែលព្រះវិញ្ញាណដឹកនាំការបង្រៀនរបស់អ្នក ។
-
« ពេលខ្លះខ្ញុំរវល់និងកិច្ចការសាលារៀនខ្លាំងណាស់ ។ ខ្ញុំមានអ្វីជាច្រើនត្រូវធ្វើនៅក្នុងថ្នាក់ផ្សេងៗទៀតរបស់ខ្ញុំ »។
-
« ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្ដោតអារម្មណ៍ក្នុងថ្នាក់នៅថ្ងៃនេះ ។ ខ្ញុំមិនចេះអានបានស្ទាត់ទេ ហើយខ្ញុំពិបាកនឹងយកចិត្តទុកដាក់ណាស់ » ។
-
« ខ្ញុំមានមនុស្សជាច្រើននៅជុំវិញខ្លួន ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ឯកោ »។
-
« ខ្ញុំចូលចិត្តមករៀនក្នុងថ្នាក់សិក្ខាសាលា--ទីបំផុតវាជាកន្លែងដែលខ្ញុំទទួលអារម្មណ៍ថាមានគេរាប់រក » ។
-
« ខ្ញុំមិនដឹងថាខ្ញុំគួរនៅទីនេះក្នុងថ្ងៃនេះដែរឬអត់ទេ។ ខ្ញុំបានធ្វើអ្វីមួយចំនួនដែលគួរខ្មាស់អៀន » ។
-
« ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំជាមនុស្សតែម្នាក់គត់ក្នុងគ្រួសារខ្ញុំ ដែលគ្មានទីបន្ទាល់ »។
ប្រសិនបើយើងពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពផ្ទាល់ខ្លួនរបស់យើង នោះយើងនឹងមិនអាចស្គាល់នូវរាល់សេចក្ដីត្រូវការពិសេសៗរបស់សិស្សយើងទាំងអស់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងបានត្រៀមខ្លួន ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងត្រូវបានដឹកនាំឲ្យបង្រៀនតាមរបៀបមួយដែលនឹងធ្វើឲ្យការផ្លាស់ប្រែចិត្តជឿរបស់សិស្សយើងមានកាន់តែខ្លាំង ហើយជួយបំពេញនូវសេចក្ដីត្រូវការរបស់ពួកគេ ទាំងមើលឃើញ និងមើលមិនឃើញ ។
សូមមើលវីដេអូ« Teaching by the Spirit »(១:៣៩) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី ផាក ចែកចាយអំពីសារៈសំខាន់នៃការមានព្រះវិញ្ញាណដឹកនាំគាត់នៅពេលគាត់បង្រៀន ។
បន្ទាប់មក សូមមើលវីដេអូ« The Lord Knows Every Need »(០:៤៥) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អែលឌើរ រីឆាដ ជី ស្កត (ឆ្នាំ ១៩២៨-២០១៥) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពន្យល់អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំអ្នកឲ្យបំពេញសេចក្ដីត្រូវការរបស់សិស្ស ។
ការអញ្ជើញព្រះវិញ្ញាណដើម្បីបំពេញតួនាទីរបស់ទ្រង់
នៅពេលយើងយល់ដឹងអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការបង្រៀន និងការរៀនសូត្រដំណឹងល្អ នោះយើងនឹងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបានដើម្បីអញ្ជើញទ្រង់ឲ្យបំពេញតួនាទីរបស់ទ្រង់នៅក្នុងជីវិតរបស់យើង និងនៅក្នុងជីវិតរបស់សិស្សយើង ( សូមមើលការបង្រៀន និងការរៀនសូត្រដំណឹងល្អវគ្គ ២.១ [«បង្រៀន និងរៀនសូត្រដោយព្រះវិញ្ញាណ»] ទំព័រ ១១ ) ។
គ្រូបង្រៀនអាចធ្វើដូចខាងក្រោមដើម្បីអញ្ជើញព្រះវិញ្ញាណបំពេញតួនាទីរបស់ទ្រង់ ៖
-
ព្យាយាមមានភាពសក្ដិសមផ្ទាល់ខ្លួន ។
-
ធ្វើ « ការអធិស្ឋាននៃសេចក្ដីជំនឿ » (គ. និង ស. ៤២:១៤) ។
-
ព្យាយាមរៀនចំមេរៀននីមួយៗដោយហ្មត់ចត់ ។
-
ព្យាយាមផ្ដោតទៅលើបទពិសោធន៍ការរៀនសូត្ររបស់សិស្សពួកគេ ។
-
ស្វែងរកភាពសុខសាន្ដជាជាងមានអារម្មណ៍អាក់អន់ចិត្ត និងភិតភ័យអំពីរឿងផ្សេងៗ ។
-
មានការសូមឲ្យមាននូវវិញ្ញាណរាបសារ ។
-
លើកទឹកចិត្តដល់សិស្សឲ្យអញ្ជើញព្រះវិញ្ញាណបរិសុទ្ធនៅក្នុងបទពិសោធន៍នៃការរៀនសូត្ររបស់ពួកគេ ។
សូមមើលវីដេអូ«ការអញ្ជើញព្រះវិញ្ញាណ ៖ គ្រូបង្រៀន »(២:៤៧) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀនចែកចាយនូវអ្វីដែលពួកគេអាចធ្វើដើម្បីអញ្ជើញព្រះវិញ្ញាណចូលមកក្នុងដួងចិត្តរបស់ពួកគេ និងមកក្នុងថ្នាក់រៀន ។ នៅពេលអ្នកមើលវីដេអូ សូមកត់ចំណាំនៅក្នុងក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អរបស់អ្នកអំពីការអនុវត្តដ៏សំខាន់ដែលអ្នកចង់ចងចាំ ។
គ្រូបង្រៀន និងសិស្សអាចធ្វើដូចខាងក្រោមដើម្បីអញ្ជើញព្រះវិញ្ញាណបំពេញតួនាទីរបស់ទ្រង់ ៖
-
អាន និង បង្រៀនចេញមកពីព្រះគម្ពីរ និង ពាក្យសម្តីរបស់ព្យាការីទាំងឡាយ ។
-
ផ្ដោតឧទាហរណ៍ និង ការពិភាក្សាទាំងឡាយទៅលើព្រះអង្គសង្គ្រោះ និងការថ្លែងទីបន្ទាល់ពីទ្រង់ ។
-
ថ្លែងអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយនៃដំណឹងល្អដោយសាមញ្ញ និង ច្បាស់លាស់ ។
-
ចំណាយពេលគិតពិចារណាដោយហ្មត់ចត់ក្នុងពេលដែលបានបំផុសគំនិតដោយស្ងៀមស្ងាត់ ។
-
ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលសមរម្យ ហើយថ្លែងទីបន្ទាល់ពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
-
បង្ហាញសេចក្តីស្រឡាញ់ និង អំណរគុណចំពោះគ្នាទៅវិញទៅមក និង ចំពោះព្រះអម្ចាស់ ។
សូមមើលវីដេអូ«ការអញ្ជើញព្រះវិញ្ញាណ ៖ គ្រូបង្រៀន និងសិស្ស »(២:២៣) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀន និងសិស្សចែកចាយនូវអ្វីដែលពួកគេអាចធ្វើដើម្បីអញ្ជើញព្រះវិញ្ញាណចូលមកក្នុងដួងចិត្តរបស់ពួកគេ និងមកក្នុងថ្នាក់រៀន ។ នៅពេលអ្នកមើលវីដេអូ សូមកត់ចំណាំនៅក្នុងក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អរបស់អ្នកអំពីការអនុវត្តដ៏សំខាន់ដែលអ្នកចង់ចងចាំ ។
នៅក្នុងកំណត់ហេតុផ្ទាល់ខ្លួន ចូរកត់ត្រាចំណាប់អារម្មណ៍ ឬចំនុចសកម្មភាពមួយចំនួន ដែលមានក្នុងគំនិតរបស់អ្នក ពេលអ្នកពិចារណាអំពីរបៀបដែលអ្នក និងសិស្សរបស់អ្នកអាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីរបស់ទ្រង់នៅក្នុងការបង្រៀន និងការរៀនសូត្រដំណឹងល្អនោះ ។
សូមមើលសេចក្ដីបន្ថែមក្នុងសៀវភៅសិក្សានេះ សម្រាប់ឯកសារចែកចាយដែលមានចំណងជើងថា «ការអញ្ជើញព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីរបស់ទ្រង់នៅក្នុងការបង្រៀន និងការរៀនសូត្រដំណឹងល្អ »ដែលមានរៀបរាប់អំពីរបៀបដែលគ្រូបង្រៀន និងសិស្សអាចអញ្ជើញព្រះវិញ្ញាណបំពេញតួនាទីរបស់ទ្រង់ ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
« ការបង្រៀន និង ការរៀនសូត្រដោយព្រះវិញ្ញាណ កើតមាន នៅពេលព្រះវិញ្ញាណបរិសុទ្ធ កំពុងដើរតួនាទី ឬ មុខងាររបស់ទ្រង់ជាមួយគ្រូបង្រៀន ជាមួយសិស្ស ឬ ទាំងពីរ » (ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ទំព័រ ១០)។
-
នៅពេលអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះការបំផុសគំនិតពីព្រះវិញ្ញាណដោយស្ងាត់ស្ងៀមនោះ នោះអ្នកអាចត្រូវបានដឹកនាំឲ្យជួយបំពេញនូវសេចក្ដីត្រូវការរបស់សិស្ស ទាំងមើលឃើញ និងមើលមិនឃើញ ។
-
នៅពេលអ្នក និងសិស្សរបស់អ្នកយល់ពីតួនាទីចាំបាច់របស់ព្រះវិញ្ញណបរិសុទ្ធ ដើរតួនៅក្នុងការរៀនសូត្រខាងវិញ្ញាណ នោះអ្នកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអញ្ជើញព្រះវិញ្ញាណឲ្យបំពេញមុខងារទាំងនោះ ។
« គ្មានការរៀនសូត្រដ៏អស់កល្បជានិច្ចណា អាចត្រូវធ្វើឡើងដោយគ្មាននូវការប្រោសពីព្រះវិញ្ញាណមកពីស្ថានសួគ៌នោះទេ ។ … ដោយមូលហេតុនេះ អ្នកត្រូវបង្រៀនដំណឹងល្អ ‹ ដោយសារព្រះវិញ្ញាណ គឺ ព្រះដ៏ជាជំនួយ ដែលបានចាត់ឲ្យចេញទៅបង្រៀនពីសេចក្ដីពិត› [គ និង ស ៥០:១៤] » (ឌៀថើរ អេស្វ អុជដូហ្វ « A Teacher of God’s Children » [evening with President Dieter F. Uchtdorf, ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១១] ទំព័រ ៧, si.churchofjesuschrist.org)។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។