បទពិសោធន៍ការរៀនសូត្រទី ៤
បង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ ការគោរព និង គោលបំណង ។
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
ការយល់ដឹងអំពីឥទ្ធិពលនៃក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ
-
ការបង្កើតបរិយាកាសនៃក្ដីស្រឡាញ់ និងការគោរព
-
ការបង្កើតនូវការយល់ពីគោលបំណងនៅក្នុងថ្នាក់រៀន
គោលគំនិតសំខាន់ៗ
« នៅពេលគ្រូបង្រៀន និងសិស្សទាំងឡាយស្រឡាញ់ ហើយគោរពព្រះអម្ចាស់ និងគ្នាទៅវិញទៅមក និង ព្រះបន្ទូលរបស់ព្រះ នោះការរៀនសូត្រត្រូវបានចម្រើនឡើង ។ ការយល់ពីគោលបំណងដែលបានចែកចាយ ផ្ដោតការខិតខំ និងការរំពឹងទុក ហើយផ្ដល់នូវការដឹកនាំឲ្យមានបទពិសោធន៍ក្នុងថ្នាក់រៀន » (Gospel Teaching and Learning: A Handbook for Teacher and Leaders in Seminaries and Institudes of Religion[២០១២] ទំព័រ ១៣) ។
សេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ៖ ឥទ្ធិពលសម្រាប់សេចក្ដីល្អ
ជីវិតរបស់យើងត្រូវបានធ្វើឲ្យកាន់តែបរិបូរ និងពេញលេញ ដោយឥទ្ធិពលនៃភាពដូចជាព្រះគ្រីស្ទរៀងៗខ្លួន ។ នៅពេលយើងនឹកគិតពីជីវិតរបស់យើង នោះយើងម្នាក់ៗអាចប្រាប់ពីទង្វើរនៃការយកចិត្តទុកដាក់របស់មនុស្សដែលបានមានឥទ្ធិពលសម្រាប់សេចក្ដីល្អមកលើយើង ។
ចូរគិតអំពីគ្រូបង្រៀន អ្នកដឹកនាំ ឬមនុស្សផ្សេង ដែលបង្ហាញនូវសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ហើយធ្វើឲ្យមាននូវការខុសប្លែកគ្នាមួយនៅក្នុងជីវិតអ្នក ។ តើគាត់ ឬនាងបានជួយអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច ហើយហេតុអ្វី ? សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
ក៏ដូចជាមនុស្សម្នាក់ដែលអ្នកបាននឹកគិតថាមានឥទ្ធិពលវិជ្ជមានចំពោះអ្នក ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន យើងអាចធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិតនៃសិស្សរបស់យើងផងដែរ ។ យើងធ្វើដូចនេះដើម្បីបង្កើតបរិយាកាសដែលមានសេចក្ដីស្រឡាញ់ និងការគោរពដូចព្រះគ្រីស្ទនៅក្នុងថ្នាក់រៀន ។
ការបង្កើតបរិយាកាសនៃសេចក្ដីស្រឡាញ់ និងការគោរព ៖ ហេតុអ្វី និងដោយរបៀបណា
វីដេអូនៅខាងក្រោមនេះ បង្ហាញអំពីគោលការណ៍ និងការអនុវត្តជាច្រើន ដែលប្រាប់នៅក្នុងវគ្គ ២.២.១ («សេចក្ដីស្រឡាញ់ និងការគោរព») នៃក្បួនខ្នាតការបង្រៀន និងការរៀនសូត្រដំណឹងល្អ។ សូមមើលវីដេអូទាំងនេះ ហើយពិចារណាអំពីចម្លើយរបស់អ្នកចំពោះសំណួរទាំងឡាយ ដែលមាននៅក្នុងការពិពណ៌នាក្នុងវីដេអូខាងក្រោមនេះ ។
សូមមើលវីដេអូ« Teach with Charity »(១:៤៤) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រកាសថា វាសំខាន់ណាស់ ដែលគ្រូបង្រៀនមានពេញដោយសេចក្ដីស្រឡាញ់ដ៏សុទ្ធសាតរបស់ព្រះគ្រីស្ទ ។ នៅពេលអ្នកមើល សូមរកមើលពីរបៀបដែលព្រះអម្ចាស់បង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកទាំងឡាយដែលទ្រង់បង្រៀន ។
បន្ទាប់ពីអ្នកបានមើលវីដេអូរួចហើយ សូមសរសេរនៅក្នុងកំណត់ហេតុការសិក្សារបស់អ្នកនូវចម្លើយខ្លីៗចំពោះសំណួរដូចខាងក្រោម ៖
-
តើព្រះអង្គសង្គ្រោះបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកទាំងឡាយដែលទ្រង់បានបង្រៀនយ៉ាងដូចម្ដេច ?
-
តើខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់ និងការគោរពដល់អ្នកទាំងឡាយដែលខ្ញុំបង្រៀនយ៉ាងដូចម្ដេច ?
សូមមើលវីដេអូ« Sister Egan’s Class »(២:១៧) មាននៅchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ បងស្រី អ៊ីហ្គាន ត្រូវបានហៅជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា បង្ហាញអំពីរបៀបបង្កើតបរិយាកាសនៃសេចក្ដីស្រឡាញ់ ការគោរព និងគោលបំណងប្រកបដោយប្រសិទ្ធភាព ។ សូមមើលអំពីរបៀបដែលគាត់ និងសិស្សរបស់គាត់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយបង្កើតបរិយាកាសមួយដូច្នោះ ។
បន្ទាប់ពីអ្នកបានមើលវីដេអូរួចហើយ សូមសរសេរនៅក្នុងកំណត់ហេតុការសិក្សារបស់អ្នកនូវចម្លើយខ្លីៗចំពោះសំណួរដូចខាងក្រោម ៖
-
តើបងស្រី អ៊ីហ្គាន និងសិស្សរបស់គាត់ធ្វើអ្វីខ្លះ ដើម្បីបង្កើតបរិយាកាសនៃក្ដីស្រឡាញ់ និងការគោរព ?
-
តើខ្ញុំអាចធ្វើយ៉ាងណាបង្កើតបរិយាកាសនៃការរៀនសូត្រមួយដោយក្ដីស្រឡាញ់ និងការគោរពនៅក្នុងថ្នាក់រៀនរបស់ខ្ញុំ ?
ការឈោងទៅជួយសិស្សទាំងអស់
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« បើសិនជា [សិស្ស] ទាំងនោះ នៅព្រងើយកន្តើយ ប្រហែលជាអ្នកមិនអាចបង្រៀនពួកគេនៅឡើយទេ ប៉ុន្តែអ្នកអាចស្រឡាញ់ពួកគេ ។ ហើយប្រសិនបើអ្នកស្រឡាញ់ពួកគេនៅថ្ងៃនេះ ប្រហែលជាអ្នកអាចបង្រៀនពួកគេនៅថ្ងៃស្អែក » (« Teaching and Learning in the Church » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ១០២) ។
សិស្សអាចនឹងជួបនឹងឧបសគ្គផ្សេងៗ ៖ ភាពស្មុគស្មាញក្នុងគ្រួសារ ជំងឺ ការអសមត្ថភាពក្នុងការរៀនសូត្រ ពិការភាព ជាដើម ។ សូមប្រុងប្រយ័ត្នចំពោះស្ថានភាព និងតម្រូវការរបស់បុគ្គលម្នាក់ៗ ។ ពុំមែនគ្រប់សិស្សទាំងអស់នឹងឆ្លើយតបដោយឆាប់រហ័សចំពោះការខិតខំរបស់អ្នកដើម្បីបង្កើតបរិយាកាសនៃសេចក្ដីស្រឡាញ់ និងការគោរពនោះទេ ។ វីដេអូដូចខាងក្រោមបង្ហាញអំពីរបៀបដែលសិស្សអាចឈោងទៅជួយដើម្បីមានឥទ្ធិពលទៅលើសិស្សដែលជួនកាលហាក់ដូចជាមិនឆ្លើយតបនៅក្នុងថ្នាក់ ។
សូមមើលវីដេអូ« Reaching the Individual »(១:២៨) មាននៅchurchofjesuschrist.org។ នៅពេលអ្នកមើលវីដេអូនេះ សូមរកមើលរបៀបដែលសេចក្ដីស្រឡាញ់ និងសណ្ដានចិត្តល្អដូចព្រះគ្រីស្ទរបស់គ្រូបង្រៀនម្នាក់បានអញ្ជើញឲ្យមានការផ្លាស់ប្រែដួងចិត្តរបស់សិស្ស ។
ការបង្កើតនូវការយល់ដឹងអំពីគោលបំណងមួយ
« ការយល់ដឹងអំពីគោលបំណងមួយ ដែលបានចែកចាយដោយគ្រូបង្រៀន និង សិស្ស អាចបង្កើនសេចក្តីជំនឿ និងផ្តល់ការណែនាំ ហើយមានអត្ថន័យចំពោះបទពិសោធន៍ថ្នាក់រៀន ។ សិស្សទាំងឡាយគួរតែដឹងថា ពួកគេកំពុងតែចូលរួមក្នុងថ្នាក់ ដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវ គ្រីស្ទ និង ដើម្បី អភិវឌ្ឍន៍ឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈការសិក្សាអំពី ព្រះគម្ពីរ និង ពាក្យសម្ដីរបស់ព្យាការីទាំងឡាយ » (Gospel Teaching and Learningទំព័រ ១៥) ។
នៅក្នុងថ្នាក់រៀន វាសំខាន់សម្រាប់គ្រូបង្កើតនូវការយល់ដឹងអំពីគោលបំណង ក៏ដូចជាសំខាន់ចំពោះពួកគេដើម្បីបង្កើតបរិយាកាសនៃសេចក្ដីស្រឡាញ់ និងការគោរពផងដែរ ។
ការអនុវត្តនានាដែលជួយបង្កើតការយល់ដឹងអំពីគោលបំណងមួយ
សូមមើលវីដេអូ« A Sense of Purpose»(៨:៣២) មាននៅក្នុងchurchofjesuschrist.org។ នៅក្នុងវីដេអូនេះ គ្រូបង្រៀន និងសិស្សជាច្រើន ចែកចាយការអនុវត្តដែលជួយបង្កើតនូវការយល់ដឹងអំពីគោលបំណងនៅក្នុងថ្នាក់រៀនរបស់ពួកគេ ។ នៅពេលអ្នកមើលវីដេអូនេះ សូមរកមើលរបៀបដើម្បីបង្កើតនូវការយល់ដឹងអំពីគោលបំណងមួយនៅក្នុងថ្នាក់រៀនរបស់អ្នក ។
សំណួរដើម្បីជួយសិស្សបង្កើតបរិយាកាសនៃសេចក្ដីស្រឡាញ់ ការគោរព និងគោលបំណង
ការនឹកគិតអំពីសំណួរដូចខាងក្រោមឲ្យបានញឹកញាប់នៅពេលអ្នកបង្រៀនសិស្សរបស់អ្នក នឹងជួយអ្នកបង្កើតបរិយាកាសនៃសេចក្ដីស្រឡាញ់ ការគោរព និងគោលបំណង ៖
-
តើសិស្សរបស់ខ្ញុំដឹងថាខ្ញុំស្រឡាញ់ពួកគេឬទេ ?
-
នៅពេលខ្ញុំឃើញថាវាពិបាកដើម្បីយកចិត្តទុកដាក់ តើខ្ញុំបានអធិស្ឋានដើម្បីសូមឲ្យមាននូវសេចក្ដីសប្បុរស សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទដែរឬទេ ( សូមមើលមរ៉ូណៃ ៧:៤៧-៤៨) ?
-
តើការបង្រៀន និងគំរូរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលទៅលើរបៀបដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងសិស្សរបស់ខ្ញុំ និងរបៀបដែលពួកគេប្រាស្រ័យទាក់ទងនឹងគ្នាតាមរបៀបណា ?
-
តើសកម្មភាពសាមញ្ញៗដែលខ្ញុំធ្វើដើម្បីបម្រើ ប្រទានពរ និងអធិស្ឋានសម្រាប់សិស្សរបស់ខ្ញុំជាទៀងទាត់មានអ្វីខ្លះ ?
-
តើសិស្សរបស់ខ្ញុំយល់ថា គោលបំណងនៃថ្នាក់រៀនរបស់យើង គឺត្រូវបំពេញតាមគោលដៅនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា--ដើម្បីជួយពួកគេយល់ និងពឹងផ្អែកទៅលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឬទេ ?
-
តើសកម្មភាពការរៀនសូត្រដែលខ្ញុំជ្រើសរើស ជួយបំពេញតាមគោលបំណងរបស់យើង ហើយមិនរំខានយើងក្នុងការសម្រេចគោលបំណងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាដែរឬទេ?
-
តើខ្ញុំបានចំណាយពេលសិក្សា និងយល់ដឹងអំពីបណ្ដុំបទគម្ពីរ ហើយមើលឃើញពីរបៀបដែលព្រះអង្គសង្គ្រោះជាចំណុចសំខាន់ក្នុងមេរៀនដែរឬទេ ?
-
តើខ្ញុំបានត្រៀមខ្លួនដើម្បីផ្ដល់នូវការផ្តោតយកចិត្តទុកដាក់ត្រឹមត្រូវចាប់ពីគ្រាដែលពួកគេមកដល់ រហូតដល់គ្រាដែលពួកគេចាកចេញពីថ្នាក់រៀនដែរឬទេ ?
-
តើខ្ញុំបំពាក់បំប៉ន និងអញ្ជើញសិស្សរបស់ខ្ញុំឲ្យបំពេញតួនាទីរបស់ពួកគេនៅក្នុងការរៀនសូត្រដោយទៀងទាត់ដោយរបៀបណា ?
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
នៅពេលអ្នក និងសិស្សទាំងឡាយរបស់អ្នកស្រឡាញ់ ហើយគោរពព្រះអម្ចាស់ និងគ្នាទៅវិញទៅមក និង ព្រះបន្ទូលរបស់ព្រះ នោះការរៀនសូត្រត្រូវបានចម្រើនឡើង ។
-
អ្នកអាចអភិវឌ្ឍនូវសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដចំពោះសិស្សរបស់អ្នកដោយការស្វែងរកអំណោយទាននៃសេចក្ដីសប្បុរស តាមរយៈការអធិស្ឋានដោយស្មោះ ដូចបានណែនាំដោយព្យាការីមរ៉ូណៃ ( សូមមើលមរ៉ូណៃ ៧:៤៧-៤៨) ។
-
ការយល់ដឹងអំពីគោលបំណងមួយដែលបានចែកចាយដោយអ្នក និង សិស្សរបស់អ្នក អាចបង្កើនសេចក្តីជំនឿ និងផ្តល់ការណែនាំ ហើយមានអត្ថន័យចំពោះបទពិសោធន៍ក្នុងថ្នាក់រៀន ។
-
ការយល់ដឹងអំពីគោលបំណងមួយ អាចត្រូវបានបង្កើតឡើង នៅពេលអ្នក និងសិស្សរបស់អ្នកយល់ថា ពួកគេកំពុងតែចូលរួមក្នុងថ្នាក់ ដើម្បីមកស្គាល់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវ គ្រីស្ទ និង ដើម្បីអភិវឌ្ឍន៍ឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈការសិក្សាអំពីព្រះគម្ពីរ និងពាក្យសម្ដីរបស់ព្យាការីទាំងឡាយ ។
« ចូរគិតអំពីសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធបំផុត ជាសេចក្ដីស្រឡាញ់ទាំងស្រុងដែលអ្នកអាចនឹកស្រមៃដល់ ។ ឥឡូវគុណសេចក្ដីស្រឡាញ់នោះដោយចំនួនអន្ដនមួយ--ដែលជារង្វាស់នៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក » ( ឌៀថើរ អេស្វ អុជដូហ្វ«The Love of God»Ensign ឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២២ ) ។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។