បទពិសោធន៍ការរៀនសូត្រទី ៥
លំនាំបទពិសោធន៍ការរៀនសូត្រ
សេចក្តីសង្ខេប
បទពិសោធន៍ការរៀនសូត្រនេះមាននូវគោលគំនិតដូចខាងក្រោម ៖
-
សេចក្តីផ្តើមអំពីលំនាំការរៀនសូត្រ
-
ការដាក់ដំណឹងល្អចូលក្នុងដួងចិត្តរបស់សិស្ស
-
ការយល់ដឹងអំពីលំនាំការរៀនសូត្រ
-
ការអនុវត្តលំនាំនៃការរៀនសូត្រនៅក្នុងការសិក្សាដំណឹងល្អ
គោលគំនិតសំខាន់ៗ
ពួកព្យាការី និងពួកសាវកថ្ងៃចុងក្រោយ បានផ្ដល់ការទទួលខុសត្រូវដល់គ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាដោយការបង្រៀនសិស្សឲ្យស្គាល់ យល់ ហើយអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដែលបានរកឃើញនៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ។ ទាក់ទងនឹងការទទួលខុសត្រូវនេះ ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ (ឆ្នាំ ១៨៧១-១៩៦១) នៃគណៈប្រធានទីមួយ បានបង្រៀនថា ៖
« អ្នកត្រូវបង្រៀនដំណឹងល្អនេះ ដោយប្រើជាប្រភព និង សិទ្ធិអំណាច នូវព្រះគម្ពីរបរមាណីរបស់សាសនាចក្រ និងពាក្យសម្ដីរបស់អស់អ្នកទាំងឡាយណា ដែលព្រះបានហៅឲ្យដឹកនាំរាស្ត្ររបស់ទ្រង់នៅថ្ងៃចុងក្រោយទាំងនេះ » (The Charted Course of the Church in Education, បោះពុម្ពកំណែថ្មី [ឆ្នាំ ១៩៩៤] ទំព័រទី ១០)។
សេចក្តីផ្តើមអំពីលំនាំការរៀនសូត្រ
នៅពេលសិស្សរៀនសូត្រដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដូចមាននៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី វាសំខាន់ដែលគោលលទ្ធិ និងគោលការណ៍ដំណឹងល្អចាក់ឬសចូលទៅក្នុងដួងចិត្តរបស់ពួកគេ ។ ដើម្បីជួយឲ្យមានដំណើរការនេះ ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គូសបញ្ជាក់អំពីលំនាំការរៀនសូត្រមូលដ្ឋានគ្រឹះដែលអនុញ្ញាតឲ្យគ្រូបង្រៀន និងសិស្សរកឃើញ យល់ និងអនុវត្តសេចក្ដីពិតដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។ លំនាំនេះមាននូវមូលដ្ឋានគ្រឹះដូចខាងក្រោម ៖
-
យល់ដឹងអំពីបរិបទ និង មាតិកា ។
-
ស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
-
យល់ដឹងអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
-
ទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
-
អនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។
កាលណាអ្នកកាន់តែយល់ ហើយប្រើមូលដ្ឋានគ្រឹះទាំងនេះនៅក្នុងការសិក្សាដំណឹងល្អរបស់អ្នកផ្ទាល់ នោះអ្នកនឹងអាចជួយសិស្សរបស់អ្នកអនុវត្តវាបានកាន់តែល្អប្រសើរ ។
គោលបំណងនៃបទពិសោធន៍ការរៀនសូត្រនេះ គឺត្រូវផ្ដល់ជាសេចក្ដីសង្ខេបអំពីមូលដ្ឋានគ្រឹះចំនួនប្រាំនៃលំនាំការរៀនសូត្រ ។ មូលដ្ឋានគ្រឹះនីមួយៗ នឹងត្រូវប្រាប់កាន់តែលម្អិតនៅក្នុងបទពិសោធន៍ការរៀនសូត្រ ៦-៨ ។
សូមមើលវីដេអូ« The Parable of Gems »(៦:៤៧) មាននៅchurchofjesuschrist.org។ នៅពេលអ្នកមើលវីដេអូ ចូរសួរខ្លួនអ្នក « តើការស្រាវជ្រាវ និងការស្វែងរកត្បូងនៅក្នុងខ្សាច់ ប្រៀបធៀបទៅនឹងការសិក្សា និងការរៀនសូត្រមកពីបទគម្ពីរយ៉ាងដូចម្ដេច ? »
បន្ទាប់ពីអ្នកមើលវីដេអូរួចហើយ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយ ឬកន្លែងផ្សេងទៀត ដែលអ្នកអាចយកវាមកមើល ហើយចែកចាយជាមួយនឹងអ្នកដឹកនាំ ឬក្រុមវគ្គបំពាក់បំប៉នគ្រូបង្រៀន ។
អនុវត្តរឿងប្រៀបធៀបទៅនឹងលំនាំការរៀនសូត្រ
រឿងប្រៀបធៀបអំពីត្បូងជួយយើងយល់អំពីមូលដ្ឋានគ្រឹះនៃលំនាំការរៀនសូត្រ ។ សូមអានការពិពណ៌នាដូចខាងក្រោមដើម្បីរៀនបន្ថែមអំពីមូលដ្ឋានគ្រឹះនីមួយៗ ។
-
យល់ដឹងអំពីបរិបទ និង មាតិកា ៖យុវនារីម្នាក់កំពុងស្វែងរកត្បូងនៅក្នុងខ្សាច់ ដែលតំណាងឲ្យអ្នករៀនម្នាក់កំពុងស្វែងរកសេចក្ដីពិតដ៏អស់កល្បជានិច្ចនៅក្នុងបទគម្ពីរ និងនៅក្នុងការបង្រៀនរបស់ពួកព្យាការី ។ ខ្សាច់តំណាងឲ្យសេចក្ដីលម្អិតនៃបទគម្ពីរ ឬការបង្រៀន--ខ្សែរឿង មនុស្ស ទីកន្លែង កាលបរិច្ឆេទ ជាដើម ។ យុវនារីជ្រាវដៃរ៉ែងនៅក្នុងខ្សាច់រកត្បូង គឺដូចជាអ្នករៀនម្នាក់កំពុងរុករកសេចក្ដីលម្អិតនៅក្នុងបទគម្ពីរដោយស្រាវជ្រាវរកគោលលទ្ធិ គោលការណ៍ និងសេចក្ដីពិតជាមូលដ្ឋានដទៃផ្សេងទៀត ។ ដំណើរការនេះគឺសំដៅទៅលើការយល់អំពីបរិបទ និងមាតិកា ។
-
ស្គាល់គោលលទ្ធិ និង គោលការណ៍ទាំងឡាយ ។ការដែលយុវនារីរកឃើញត្បូងនៅលើខ្សាច់ ជាតំណាងឲ្យដំណើរការនៃការស្គាល់គោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុងបទគម្ពីរ និងនៅក្នុងពាក្យសម្ដីរបស់ពួកព្យាការី ។ ក៏ដូចជាត្បូងខ្លះវាថិតនៅខាងលើផ្ទៃខ្សាច់ ហើយត្បូងដទៃទៀតនៅកប់ជ្រៅក្នុងខ្សាច់ដែរ សេចក្ដីពិតដ៏អស់កល្បជានិច្ចមួយចំនួនក្នុងបទគម្ពីរ គឺងាយស្រួលស្គាល់ ខណៈដែលសេចក្ដីពិតដទៃទៀតតម្រូវឲ្យមានការខិតខំរុករក ។
-
យល់ដឹងអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ៖យុវនារីបានពិនិត្យដោយយកចិត្តទុកដាក់ទៅលើត្បូងនីមួយៗ ដែលតំណាងឲ្យអ្នករៀនម្នាក់កំពុងសិក្សាដោយឧស្សាហ៍ព្យាយាមដើម្បីយល់អំពីគោលលទ្ធិ និងគោលការណ៍កាន់តែជ្រៅ ។
-
ទទួលអារម្មណ៍ដឹងពីសេចក្តីពិត និង សារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ៖យុវនារីមានអំណរគុណចំពោះភាពពិសេស និងសារៈសំខាន់នៃត្បូងនីមួយៗ អាចប្រៀបធៀបទៅនឹងអ្នករៀនម្នាក់បានទទួលអារម្មណ៍នៃសេចក្ដីពិត និងសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍នានា ដែលរកឃើញនៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ។
-
អនុវត្តគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ៖ក៏ដូចជាគំនិតរបស់យុវនារីបានគិតទៅតាមរបៀបជាក់លាក់ ដែលនាងអាចប្រើត្បូងនីមួយៗដែរ អ្នករៀនគួរតែពិចារណាអំពីរបៀបដើម្បីដាក់មកខ្លួនឯង ហើយអនុវត្តគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដូចដែលព្រះវិញ្ញាណបានប្រទានការដឹកនាំផ្ទាល់ខ្លួនមកដល់គំនិត និងដួងចិត្តរបស់ពួកគេ ។
ការអនុវត្តលំនាំនៃការរៀនសូត្រនៅក្នុងការសិក្សាដំណឹងល្អ
សេចក្ដីថ្លែងការណ៍ដូចខាងក្រោម គឺជាឧទាហរណ៍អំពីរបៀបដែលលំនាំការរៀនសូត្រនេះគឺជាការជួយសិស្សជាក់ស្ដែងឲ្យប្រើបទគម្ពីរដើម្បីរុករក យល់ និងអនុវត្តសេចក្ដីពិតដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ៖
-
« ខ្ញុំយល់បទគម្ពីរបានកាន់តែល្អប្រសើរ ។ ខ្ញុំចេះរបៀបសួរសំណួរ និងរបៀបស្វែងរកចម្លើយ ។ ឥឡូវខ្ញុំអានដើម្បីស្វែងរកសេចក្ដីពិត និងដើម្បីយល់អំពីរបៀបដែលខ្ញុំគួរតែប្រព្រឹត្តឲ្យបានកាន់តែល្អប្រសើរ ។
-
« ខ្ញុំពុំដែលអង្គុយចុះអានគម្ពីរដោយខ្លួនឯងទេ ប៉ុន្តែឥឡូវខ្ញុំបានបង្កើតទម្លាប់ធ្វើវានៅរាល់យប់ ។ ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ដើម្បីរកឃើញ និងយល់សេចក្ដីពិត ដែលប៉ះដល់អារម្មណ៍របស់អ្នក ហើយចាក់ទៅក្នុងបេះដូងរបស់អ្នកដោយផ្ទាល់ភ្លាមៗនោះ » ។
-
« ខ្ញុំពុំធ្លាប់អានបទគម្ពីរញឹកញាប់ទេ ដោយសារខ្ញុំមិនយល់វា ។ ប៉ុន្តែឥឡូវខ្ញុំដឹងថា វាមានពេញដោយគោលការណ៍ ហើយខ្ញុំអាចស្រាវជ្រាវរកចម្លើយនានា ។ ឆ្នាំនេះ ខ្ញុំបានធ្វើដូច្នោះច្រើនជាងខ្ញុំធ្លាប់ធ្វើនៅក្នុងមួយជីវិតរបស់ខ្ញុំ » ។
-
« រឿងមួយដែលថ្នាក់សិក្ខាសាលាបានជួយខ្ញុំលើសជាងអ្វីៗទាំងអស់ផ្សេងទៀត គឺការពង្រីកនូវសេចក្ដីស្រឡាញ់ និងការយល់ដឹងអំពីបទគម្ពីរនានា ។ ខ្ញុំទទួលបានចម្លើយចំពោះការអធិស្ឋានជាច្រើន ។ ខ្ញុំក៏ត្រូវបានពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះអង្គសង្គ្រោះរបស់ខ្ញុំផងដែរ ហើយខ្ញុំមានអំណរគុណចំពោះរឿងនោះណាស់ ។ តើខ្ញុំបានសូមអ្វីច្រើនជាងនោះយ៉ាងដូចម្ដេច ?
-
« ខ្ញុំពិតជាបានរៀនច្រើនអំពីរបៀបសិក្សាចេញមកពីបទគម្ពីរ ហើយឥឡូវវាហាក់ដូចជាពុំរំខានដល់ខ្ញុំទៀតទេ ។ តាមពិតទៅ ខ្ញុំចង់សិក្សាបទគម្ពីរ ហើយពិចារណាអំពីរបៀបដែលខ្ញុំគប្បីរស់នៅដើម្បីត្រឡប់ទៅកាន់ព្រះបិតាសួគ៌របស់ខ្ញុំវិញ » ។
-
« ពេលខ្លះនៅក្នុងពេលអាននោះ វាហាក់ដូចជាខ្ញុំមិនគ្រាន់តែមានអារម្មណ៍លើសលប់ដោយក្ដីស្រឡាញ់ និងភាពកក់ក្ដៅប៉ុណ្ណោះទេ ប៉ុន្តែទំព័រ និងការចងក្រងនានា គឺមានពេញទៅដោយចំណេះដឹងជាច្រើន » ។
សេចក្ដីសង្ខេប និងការអនុវត្ត
គោលការណ៍ដើម្បីចងចាំ
-
ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន អ្នកត្រូវទទួលខុសត្រូវចំពោះការបង្រៀនសិស្សអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដូចមាននៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ។
-
គ្រូបង្រៀន និងសិស្សត្រូវតែរៀនអំពីរបៀបដើម្បីទទួលបានដំណឹងល្អមកពីទំព័របទគម្ពីរទាំងឡាយ និងពាក្យសម្ដីរបស់ពួកព្យាការីចាក់ជ្រៅទៅក្នុងដួងចិត្តរបស់ពួកគេ ។
-
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គូសបញ្ជាក់អំពីលំនាំការរៀនសូត្រមូលដ្ឋានគ្រឹះដែលអញ្ជើញឲ្យគ្រូបង្រៀន និងសិស្សរកឃើញ យល់ និងអនុវត្តសេចក្ដីពិតដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេ ។
-
កាលណាអ្នកកាន់តែយល់ ហើយកាន់តែប្រើមូលដ្ឋានគ្រឹះនៃលំនាំការរៀនសូត្រនៅក្នុងការសិក្សាដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកនឹងអាចជួយដល់សិស្សរបស់អ្នកអនុវត្តវាបានកាន់តែល្អប្រសើរផងដែរ ។
« វាផ្ទុយពីស្ថាប័ននានាក្នុងលោកិយនេះ ដែលបង្រៀនយើងឲ្យចេះអ្វីមួយ ប៉ុន្តែដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសំណូមពរដល់យើងឲ្យប្រែក្លាយជាអ្វីមួយវិញ » (ដាល្លិន អេក អូក«The Challenge to Become,» Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២)។
« ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? »
ដើម្បីបញ្ចប់បទពិសោធន៍ការរៀនសូត្រនេះ ចូរសរសេរនូវរឿងមួយចំនួនដែលអ្នកនឹងធ្វើ ផ្អែកទៅលើគោលការណ៍នានាដែលអ្នកបានរៀននៅថ្ងៃនេះ ។