« ជំពូកទី ៩ ៖ ស្វែងរកមនុស្សដើម្បីបង្រៀន » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ៩ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ៩
ស្វែងរកមនុស្សដើម្បីបង្រៀន
ព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់ឡើងវិញបានប្រាប់ទៅពួកសិស្សរបស់ទ្រង់ថា « ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » ( ម៉ាថាយ ២៨:១៩; សូមមើលផងដែរ ម៉ាកុស ១៦:១៥ ) ។ ព្រះអម្ចាស់បានធ្វើមុខងារនេះឡើងវិញនៅជំនាន់របស់យើង ដោយមានព្រះបន្ទូល « ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកិយទាំងមូល [ និង ] ផ្សាយដំណឹងល្អ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:៨; សូមមើលផងដែរ ៥០:១៤ ) ។
កិច្ចការផ្សព្វផ្សាយសាសនាគឺស្វែងរកមនុស្ស បង្រៀនពួកគេ និងជួយពួកគេរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក ។ អ្នកនឹងបំពេញមុខងាររបស់ព្រះអម្ចាស់ក្នុងការបង្រៀនដំណឹងល្អរបស់ទ្រង់ ហើយធ្វើបុណ្យជ្រមុជទឹកដល់អ្នកប្រែចិត្តជឿដូចជាអ្នកដែរ « រកឃើញពួកអ្នកដែលនឹងទទួលអ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៨ ) ។ គ្មានអ្វីកើតឡើងចំពោះកិច្ចការផ្សព្វផ្សាយសាសនាឡើយ រហូតទាល់តែអ្នករកបាននរណាម្នាក់ដើម្បីបង្រៀន ។ ស្វែងរកឱកាសដើម្បីណែនាំពីដំណឹងល្អ ។ រៀនប្រើវិធីសាស្រ្តដែលមានប្រសិទ្ធភាពនៅក្នុងតំបន់របស់អ្នក ។
វាមានសារៈសំខាន់ជាពិសេសក្នុងការធ្វើការជាមួយសមាជិកក្នុងការស្វែងរក ។ ខិតខំប្រឹងប្រែងដើម្បីទទួលបានការទុកចិត្តពីពួកគេ ។ នៅពេលសមាជិកជឿទុកចិត្តលើពួកអ្នកផ្សព្វផ្សាយសាសនា ពួកគេទំនងជាអាចណែនាំមិត្តភក្តិ និងសមាជិកគ្រួសាររបស់ពួកគេឲ្យជួបជាមួយអ្នក ។ មនុស្សទាំងនេះទំនងជាត្រូវបានប្រែចិត្តជឿចំពោះព្រះអម្ចាស់ ទទួលបុណ្យជ្រមុជទឹក និងរីកចម្រើនលើផ្លូវនៃដំណឹងល្អ ។
ការស្វែងរកនឹងកើតឡើងស្របតាមការត្រៀមខ្លួនរបស់មនុស្សម្នាក់ក្នុងការស្តាប់ដំណឹងល្អ ។ ពេលវេលានឹងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ការស្វែងរកអាចកើតឡើងដោយសារទំនាក់ទំនងលើកដំបូង ឬទំនាក់ទំនងជាច្រើនដងក្នុងរយៈពេលបន្តបន្ទាប់ ។ មនុស្សជាច្រើនមានទំនាក់ទំនងច្រើនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ឬសមាជិកសាសនាចក្រ មុននឹងចាប់ផ្ដើមការសិក្សាដ៏ស៊ីជម្រៅអំពីដំណឹងល្អ ។ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងពួកគេម្តងទៀត ។
ការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការស្វែងរកអាចឲ្យផ្លែផ្កាបន្ទាប់ពីអ្នកត្រូវបានផ្ទេរចេញ ឬសូម្បីតែពេលខ្លះបន្ទាប់ពីអ្នកបានបញ្ចប់បេសកកម្មរបស់អ្នកផងដែរ ។ ទោះជាពេលវេលា ឬលទ្ធផលយ៉ាងណាក៏ដោយ ព្រះអម្ចាស់មានអំណរគុណចំពោះការខិតខំរបស់អ្នក ។
ជំពូកនេះរៀបរាប់អំពីគោលការណ៍ និងគំនិតដើម្បីជួយអ្នកស្វែងរក ។ គោលការណ៍ទាំងនេះគឺជាសាកល ។ ទោះយ៉ាងណាក៏ដោយ ពួកអ្នកផ្សព្វផ្សាយសាសនា និងអ្នកដឹកនាំបេសកកម្ម ប្រហែលជាត្រូវសម្របខ្លួនពួកគាត់ទៅនឹងកាលៈទេសៈរបស់ពួកគាត់ ។
អនុវត្តសេចក្តីជំនឿដើម្បីស្វែងរកមនុស្សបង្រៀន
មិនថាអ្នកបម្រើនៅទីណានោះទេ ព្រះអម្ចាស់បានហៅអ្នកឲ្យធ្វើការ « សម្រាប់សេចក្ដីសង្គ្រោះនៃព្រលឹងទាំងឡាយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០០:៤ ) ។ ដើម្បីធ្វើការណ៍នេះ អ្នកត្រូវអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ ដើម្បីស្វែងរកមនុស្សបង្រៀន ដើម្បីពួកគេអាចជ្រើសរើសធ្វើតាមទ្រង់ ហើយទទួលបុណ្យជ្រមុជទឹក ។
សេចក្តីជំនឿគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ សូមមានសេចក្តីជំនឿថា ព្រះអម្ចាស់កំពុងរៀបចំមនុស្សឲ្យទទួលបានដំណឹងល្អដែលបានស្ដារឡើងវិញ ។ សូមមានទំនុកចិត្តដោយអត់ធ្មត់ថាទ្រង់នឹងនាំអ្នកទៅរកពួកគេ ឬពួកគេមករកអ្នក ។ ធ្វើសកម្មភាពតាមរយៈសេចក្តីជំនឿរបស់អ្នកដោយការដាក់គោលដៅ បង្កើតផែនការ និងអនុវត្តតាមផែនការរបស់អ្នកដើម្បីស្វែងរកមនុស្សបង្រៀន ( សូមមើល ជំពូកទី ៨ ) ។
សូមអធិស្ឋានដោយសេចក្តីជំនឿ នៅពេលអ្នកស្វែងរកជំនួយពីព្រះ ដើម្បីស្វែងរកមនុស្សបង្រៀន ។ នៅពេលអាលម៉ាបានដឹកនាំបេសកកម្មមួយទៅកាន់ពួកសាសន៍សូរាំ លោកបានអធិស្ឋានថា ៖ « ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រទានដល់យើងខ្ញុំ ឲ្យយើងខ្ញុំមានជ័យជម្នះ ក្នុងការដឹកនាំពួកគេមករកព្រះអង្គនៅក្នុងព្រះគ្រីស្ទវិញចុះ ។ មើលចុះ ឱព្រះអម្ចាស់អើយ ព្រលឹងរបស់គេមានតម្លៃ…ហេតុដូច្នេះហើយ ឱព្រះអម្ចាស់អើយ សូមប្រទានដល់យើងខ្ញុំនូវអានុភាព និងប្រាជ្ញា ដើម្បីយើងខ្ញុំអាចនាំ [ ពួកគេ ] មករកព្រះអង្គវិញ » ( អាលម៉ា ៣១:៣៤–៣៥ ) ។
មនុស្សដែលអ្នកជួបជាញឹកញាប់មិនបានដឹងខ្លួនថាពួកគេកំពុងស្វែងរកដំណឹងល្អដែលបានស្ដារឡើងវិញនោះទេ រហូតដល់ពួកគេបានរកឃើញដំណឹងល្អ ។ ឧទាហរណ៍ អ្នកប្រែចិត្តជឿម្នាក់បាននិយាយថា « នៅពេលខ្ញុំបានឮអំពីដំណឹងល្អ វាបានបំពេញចន្លោះនៅក្នុងដួងចិត្តរបស់ខ្ញុំ ដែលខ្ញុំមិនបានដឹងខ្លួននោះទេ » ។ អ្នកផ្សេងទៀតនិយាយថា « ខ្ញុំបានបញ្ចប់ការស្រាវជ្រាវរបស់ខ្ញុំ ដែលខ្ញុំមិនបានដឹងថា ខ្ញុំបានស្រាវជ្រាវរកនោះទេ » ។ អ្នកផ្សេងទៀតកំពុងស្វែងរកសេចក្តីពិតយ៉ាងសកម្ម ប៉ុន្តែមិនដឹងថា ត្រូវរកវានៅឯណានោះទេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៣:១២ ) ។
សូមស្វែងរកការដឹកនាំនៃព្រះវិញ្ញាណ នៅពេលអ្នកស្វែងរកមនុស្សដើម្បីបង្រៀន ។ ការស្វែងរកដោយព្រះវិញ្ញាណគឺសំខាន់ដូចនឹងការបង្រៀនដោយព្រះវិញ្ញាណដែរ ។ សូមមានជំនឿថា អ្នកនឹងដឹងពីរបៀបស្វែងរកអ្នកដែលនឹងទទួលអ្នក ។
ពង្រីកចក្ខុវិស័យរបស់អ្នកក្នុងការដាក់ផែនការដើម្បីស្វែងរក
នៅពេលអ្នកស្វែងរកមនុស្សដើម្បីបង្រៀន សូមយកចិត្តទុកដាក់ចំពោះភាពខុសគ្នារវាង ការដាក់កាលវិភាគ និង ការដាក់ផែនការ ។ ការដាក់កាលវិភាគ គឺជាការបំពេញផែនការ និងថ្ងៃរបស់អ្នក ។ ការដាក់ផែនការ គឺជាការខិតខំប្រកបដោយការអធិស្ឋាន ប្រកបដោយគោលបំណង ដើម្បីផ្តោតលើមនុស្ស និងវិធីល្អបំផុតដើម្បីស្វែងរកពួកគេ ។
សកម្មភាពត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ និងទីតាំងត្រឹមត្រូវ អាចជួយអ្នកស្វែងរកមនុស្សបង្រៀនបាន ។ សូមសួរខ្លួនឯងនូវសំណួរខាងក្រោម ៖
-
តើយើងអាចជួបមនុស្សដែលព្រះអម្ចាស់កំពុងរៀបចំឲ្យនៅទីណា ?
-
តើកន្លែង និងប្រភេទសកម្មភាពល្អបំផុតអ្វីខ្លះ ដើម្បីស្វែងរកមនុស្សនៅពេលជាក់លាក់នៃថ្ងៃ ឬសប្តាហ៍នោះ ?
-
តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ បម្រើពួកគេ ឬផ្ដល់តម្លៃដល់ជីវិតរបស់ពួកគេឥឡូវនេះដោយរបៀបណា ?
-
តើយើងអាចប្រើកម្លាំង ជំនាញ និងទេពកោសល្យផ្ទាល់ខ្លួនដើម្បីលើកស្ទួយពួកគេដោយរបៀបណា ?
-
តើផែនការបម្រុងរបស់យើងមានអ្វីខ្លះ ប្រសិនបើអ្វីមួយមិនដំណើរការនោះ ?
សូមព្យាយាមស្គាល់នូវរបៀបដែលព្រះអម្ចាស់កំពុងរៀបចំមនុស្ស ។ តើពួកគេមានឆន្ទៈនិយាយជាមួយអ្នកដែរទេ ? តើពួកគេកំពុងស្វែងរកជំនួយ ឬការលួងលោមដែរឬទេ ?
សូមគិតអំពីការខិតខំប្រឹងប្រែងស្វែងរកដែលទទួលបានជោគជ័យ ។ តើទំនាក់ទំនងដំបូងនៅឯណា ? តើកិច្ចខិតខំប្រឹងប្រែងនេះរួមបញ្ចូលសមាជិកក្នុងមូលដ្ឋានដែរឬទេ ? តើមានបានប្រើបច្ចេកវិទ្យាដែរឬទេ ?
ចាប់ផ្តើមផែនការរបស់អ្នកដោយផ្តោតលើរបៀបដែលអ្នកអាចផ្តល់ពរដល់មនុស្ស ហើយបន្ទាប់មកកាលវិភាគរបស់អ្នកនឹងចេញជារូបរាងឡើង ។
ការសិក្សាជាមួយដៃគូ
ជាមួយដៃគូរបស់អ្នក សូមប្រើតារាងខាងក្រោមដើម្បីវាយតម្លៃការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការស្វែងរកមនុស្សដើម្បីបង្រៀន ។ ដាក់ផែនការដើម្បីសាកល្បងគំនិតមួយចំនួនដែលថ្មីសម្រាប់អ្នក ។
កិច្ចខិតខំស្វែងរក |
ពេលខ្លះ |
ជារឿយៗ |
ស្ទើរតែគ្រប់ពេល |
---|---|---|---|
យើងចាប់ផ្ដើមស្គាល់សមាជិក និងគាំទ្រពួកគេក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចែកចាយដំណឹងល្អ រួមទាំងសមាជិកថ្មី យុវវ័យ អ្នកដែលរៀបចំខ្លួនបម្រើបេសកកម្ម ពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញ ក្រុមគ្រួសារដែលមាននរណាម្នាក់ជាសមាជិក និងអ្នកត្រៀមខ្លួនធ្វើជាអែលឌើរ ។ | |||
យើងខិតខំដើម្បីទទួលបានទំនុកចិត្តពីសមាជិក ដើម្បីពួកគេនឹងមានភាពងាយស្រួលក្នុងការអញ្ជើញសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេមកជួបជាមួយយើង ។ | |||
យើងខិតខំជាមួយអ្នកដឹកនាំវួដក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្វែងរករបស់យើង និងស្វែងរកថាតើមានមនុស្សដែលយើងអាចទាក់ទងបានដែរឬទេ ។ | |||
យើងធ្វើការជាមួយមនុស្សដែលកំពុងរៀនបច្ចុប្បន្ន មនុស្សដែលបានរៀនពីមុន និងមនុស្សដែលត្រូវបានណែនាំតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីស្វែងរក ។ | |||
និយាយជាមួយមនុស្សឲ្យបានច្រើនបំផុតតាមដែលយើងអាចធ្វើបានរាល់ថ្ងៃ ។ | |||
យើងរៀបចំខ្លួនខាងវិញ្ញាណ និងអធិស្ឋានទូលសុំជំនួយរបស់ព្រះនៅពេលយើងដាក់ផែនការដើម្បីស្វែងរកមនុស្សបង្រៀន ។ | |||
យើងជឿថា ព្រះអម្ចាស់កំពុងរៀបចំមនុស្សឲ្យយើងបង្រៀន ។ | |||
យើងគិតពិចារណាពីរបៀបដើម្បីជួយអស់អ្នកដែលយើងជួបឲ្យទទួលអារម្មណ៍នៃឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ | |||
យើងដាក់គោលដៅជាក់លាក់ប្រចាំសប្តាហ៍ និងគោលដៅស្វែងរកប្រចាំថ្ងៃ ( សូមមើលជំពូកទី ៨ ) ។ | |||
យើងស្វែងរកមនុស្សដើម្បីបង្រៀនជានិច្ច ។ | |||
យើងមានភាពច្នៃប្រឌិត និងប្រើវិធីជាច្រើនដើម្បីស្វែងរកមនុស្ស ។ យើងព្យាយាមវិធីថ្មី និងចៀសវាងការជាប់គាំងក្នុងទម្លាប់មួយ ។ | |||
យើងមានគម្រោងស្វែងរកជាពិសេស ។ យើងដាក់ផែនការនៅពេលណា កន្លែងណា និងរបៀបណា ដែលយើងនឹងផ្តោតអារម្មណ៍លើ ។ | |||
យើងពិចារណាថាតើទីតាំង និងពេលវេលាល្អបំផុតសម្រាប់ថ្ងៃណាដែលអាចស្វែងរកមនុស្សដើម្បីបង្រៀន ។ | |||
យើងពិចារណាថាតើសកម្មភាពស្វែងរកអ្វីដែលមានប្រសិទ្ធភាពនាពេលកន្លងមក ។ | |||
យើងកែសម្រួលផែនការស្វែងរករបស់យើងតាមតម្រូវការ ហើយមានផែនការបម្រុង នៅពេលដែលព្រឹត្តិការណ៍ដែលបានដាក់ទទួលបរាជ័យ ។ | |||
យើងប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដើម្បីស្វែងរក ដាក់គោលដៅ និងដាក់ផែនការ ព្រមទាំងពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពកំណត់ត្រារបស់យើងជារៀងរាល់ថ្ងៃ ។ | |||
យើងប្រើប្រាស់ទេពកោសល្យ និងកម្លាំងផ្ទាល់ខ្លួនរបស់យើងដើម្បីជួយស្វែងរក ។ | |||
យើងដាក់ផែនការថានៅពេលណា និងរបៀបដែលយើងនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីស្វែងរកមនុស្សមកបង្រៀន ។ | |||
យើងប្រើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងការផ្តល់ជូនក្នុងមូលដ្ឋាន ដែលបំពេញចំណាប់អារម្មណ៍ និងតម្រូវការរបស់មនុស្សនៅក្នុងតំបន់របស់យើង ។ | |||
យើងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះសំណើ និងសារនៅលើអនឡាញពីមនុស្សដែលអាចចាប់អារម្មណ៍ ។ | |||
យើងរៀបចំផែនការចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើងជាមុន ហើយធ្វើការជាមួយសមាជិកដើម្បីស្វែងរកតាមអនឡាញ ។ |
សូមឧស្សាហ៍ព្យាយាមក្នុងការស្វែងរក
ធ្វើឲ្យការស្វែងរកគឺជាការខិតខំជាប្រចាំ
កាលពីជំនាន់មុនរបស់សាសនាចក្រដែលបានស្ដារឡើងវិញ ព្រះអម្ចាស់ណែនាំម្តងហើយម្តងទៀតដល់ក្រុមបងប្អូនប្រុសមួយចំនួន ឲ្យបង្រៀនដំណឹងល្អរបស់ទ្រង់ « តាមផ្លូវ » នៅពេលពួកលោកធ្វើដំណើរ ។ ទ្រង់ចង់ឲ្យពួកលោកប្រើគ្រប់ឱកាសដើម្បីចែកចាយដំណឹងល្អ ។ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥២:៩–១០, ២២–២៣, ២៥–២៧ ) ។
សូមអនុវត្តសេចក្តីណែនាំនេះនៅក្នុងការស្វែងរករបស់អ្នក ។ សូមប្រឹងប្រែងស្វែងរកដោយឧស្សាហ៍ព្យាយាមពេញមួយថ្ងៃ ។ រៀបចំផែនការកិច្ចខិតខំស្វែងរករបស់អ្នក—ហើយក៏ស្វែងរកឱកាសដែលមិនបានព្រៀងទុកផងដែរ ។ ការស្វែងរកមនុស្សថ្មីដើម្បីបង្រៀនគឺជាតម្រូវការជាប់ជានិច្ច ។
ស្វែងរកការបំផុសគំនិត ហើយមានឆន្ទៈក្នុងការប្រើប្រាស់វិធីផ្សេងៗទៀត ។ ផ្តោតលើវិធីដែលមានប្រសិទ្ធភាពបំផុតនៅក្នុងតំបន់របស់អ្នក ។
ដាក់ខ្សែសន្ទូចនៅក្នុងទឹក
ទាក់ទងនឹងកិច្ចការពួកអ្នកផ្សព្វផ្សាយសាសនា ប្រធាន ដាលីន អេច អូក បានមានប្រសាសន៍ថា ៖
« ពួកយើងមិនគួរគិតដូចជាអ្នកនេសាទត្រីម្នាក់ដែលគិតថា គាត់បាននេសាទត្រីពេញមួយថ្ងៃ ដែលជាក់ស្ដែងគាត់ចំណាយពេលភាគច្រើនរបស់គាត់ចុះ និងឡើងចេញពីទឹក បរិភោគអាហារថ្ងៃត្រង់ និងខ្វល់ខ្វាយតែពីឧបករណ៍របស់គាត់ ។ ភាពជោគជ័យនៃការនេសាទត្រីគឺទាក់ទងទៅនឹងរយៈពេលដែលអ្នកដាក់ខ្សែសន្ទូចរបស់អ្នកចូលទៅក្នុងទឹក មិនមែនរយៈពេលដែលអ្នកចេញក្រៅផ្ទះនោះទេ ។ អ្នកនេសាទខ្លះនៅឆ្ងាយពីផ្ទះដប់ពីរម៉ោង ហើយដាក់ខ្សែសន្ទូចរបស់ពួកគេនៅក្នុងទឹកតែរយៈពេលដប់ម៉ោងប៉ុណ្ណោះ ។ អ្នកនេសាទផ្សេងទៀតចេញពីផ្ទះរយៈពេលដប់ពីរម៉ោង ហើយដាក់ខ្សែសន្ទូចរបស់ពួកគេទៅក្នុងទឹកតែពីរម៉ោងប៉ុណ្ណោះ ។ ប្រភេទចុងក្រោយនេះអាចមានការងឿងឆ្ងល់ថាហេតុអ្វីបានជាពួកគេមិនទទួលបានជោគជ័យដូចអ្នកដទៃ ។
« គោលការណ៍ដូចគ្នានេះក៏អនុវត្តទៅនឹងពួកអ្នកផ្សព្វផ្សាយសាសនា ដែលលោកចៅហ្វាយបានហៅថា ‹ អ្នកនេសាទមនុស្ស › [ ម៉ាថាយ ៤:១៩ ] ។ ខ្សែសន្ទូចរបស់អ្នកផ្សព្វផ្សាយសាសនាគួរតែដាក់ចូលទៅក្នុងទឹកនៅវិនាទីដែលគាត់ ឬនាងចាកចេញពីផ្ទះ » ( សិក្ខាសាលាសម្រាប់ប្រធានបេសកកម្មថ្មី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០០០ ) ។
អែលឌើរ ឃ្វីនទីន អិល ឃុក បានពង្រីកការប្រៀបធៀបនេះ ។ ជាការបន្ថែមទៅលើការដាក់ « សន្ទូចត្រីរបស់អ្នកនៅក្នុងទឹក » ឲ្យបានយូរ លោកបានបង្រៀនថា ពួកអ្នកផ្សព្វផ្សាយសាសនាដែលស្វែងរកមនុស្សបង្រៀន « ត្រូវដាក់សន្ទូចត្រី ជាច្រើន នៅក្នុងទឹកឲ្យបានខ្ជាប់ខ្ជួន ។…
« ពួកគេស្វែងរក និងទំនាក់ទំនងដល់សមាជិកដែលមានក្រុមគ្រួសារមិនមែនជាសមាជិក ។
« ពួកគេស្វែងរកនៅលើ [ កម្មវិធីប្រកាសដំណឹងល្អរបស់យើង ] ចំពោះបុគ្គលដែលធ្លាប់ទទួលបានការបង្រៀនពីអតីតកាល ដើម្បីទាក់ទងទៅតាមទូរសព្ទ និងជាការផ្ញើសារ ។
« ពួកគេផ្ដល់ការបម្រើដល់សមាជិក ដល់មនុស្សដែលធ្លាប់ទទួលការបង្រៀនពីអតីតកាល ដល់មនុស្សដែលពួកគេកំពុងបង្រៀននាពេលបច្ចុប្បន្ន និងសហគមន៍ទាំងមូល ។…
« ពួកគេជួយសមាជិកបង្កើតសារពីដំណឹងល្អដើម្បីចែកចាយនៅលើ…វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ។
« ពួកគេទទួលបានអ្នករៀនថ្មីពីមនុស្សដែលពួកគេណាត់ជួប និងបង្រៀន » ( « Be Spiritual Pathfinders and Influencers » ការប្រជុំធម្មនិដ្ឋានអ្នកផ្សព្វផ្សាយសាសនានាថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ បានបន្ថែមការបញ្ជាក់ ) ។
និយាយនឹងមនុស្សគ្រប់គ្នា
អភិវឌ្ឍបំណងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីនាំព្រលឹងជាច្រើនមកកាន់ព្រះគ្រីស្ទ ( សូមមើល ម៉ូសាយ ២៨:៣ ) ។ នៅពេលអ្នកមានបំណងប្រាថ្នានេះ នោះសេចក្តីស្រឡាញ់ និងកង្វល់របស់អ្នកនឹងឆ្លុះបញ្ចាំងនៅលើកិច្ចខិតខំរបស់អ្នកដើម្បីស្វែងរក ។ សេចក្តីស្រឡាញ់របស់អ្នកក៏នឹងឆ្លុះបញ្ចាំងនៅលើការប្រែចិត្តជឿរបស់អ្នកដែរ ។
និយាយជាមួយមនុស្សឲ្យបានច្រើនរាល់ថ្ងៃ ។ និយាយជាមួយមនុស្សនៅគ្រប់ទីកន្លែងដែលអ្នកទៅ ។ នៅពេលដែលសមរម្យ សូមចេញពីផ្ទះមួយទៅផ្ទះមួយ ។ ព្រះអម្ចាស់បានណែនាំដល់ពួកអែលឌើរនៅសម័យមុននៃសាសនាចក្រមួយចំនួនថា « បើកមាត់របស់អ្នក ដើម្បីប្រកាសប្រាប់ពីដំណឹងល្អរបស់យើង » ។ បន្ទាប់មក ទ្រង់បានសន្យាថា មាត់របស់ពួកគេនឹង « បានពោរពេញ » ជាមួយអ្វីដែលត្រូវបង្រៀន ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣០:៥; សូមមើលផងដែរ ៣៣:៧–១០ ) ។
ស្រដៀងគ្នានេះដែរ ព្រះអម្ចាស់បានប្រាប់យ៉ូសែប ស្ម៊ីធ និងស៊ីឌនី រិកដុន « ចូរបន្លឺសំឡេងរបស់អ្នកឡើងដល់ប្រជាជននេះចុះចូរប្រាប់គំនិតទាំងឡាយដែលយើងនឹងដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាចុះ » ។ បន្ទាប់មកទ្រង់បានសន្យាថា « នោះនឹងបានប្រទានដល់អ្នកនៅម៉ោងនោះ គឺនៅវេលានោះឯង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០០:៥–៦ ) ។
ពេលអ្នកជួបមនុស្សជាញឹកញាប់ អ្នកនឹងមានអារម្មណ៍ថាព្រះវិញ្ញាណជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវនិយាយ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមានអារម្មណ៍ថា មានការបំផុសគំនិតទេ គ្រាន់តែចាប់ផ្តើមនៅកន្លែងណាមួយ—ប្រហែលជាដោយការសួរសំណួរ និងស្តាប់ចម្លើយរបស់ពួកគេ ( សូមមើល « ស្វែងរកស្ថានភាពរបស់មនុស្ស » នៅក្នុងជំពូកនេះ ) ។ ឬប្រហែលជានិយាយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឬអំពីការហៅរបស់យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីរបស់ព្រះ ។
គំនិតខាងក្រោមអាចជួយបាននៅពេលអ្នកនិយាយជាមនុស្សទាំងឡាយដែលអ្នកជួប ៖
-
ចូរមានភាពកក់ក្តៅ ពិតប្រាកដ និងរួសរាយ ។ សូមរកមើលរបៀបដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលនោះ ហើយចាប់ផ្តើមការសន្ទនា ។
-
សូមស្តាប់ដោយស្មោះអស់ពីចិត្តចំពោះអ្វីដែលមនុស្សនិយាយ ។ សូមខិតខំស្វែងយល់ពីតម្រូវការ និងចំណាប់អារម្មណ៍របស់បុគ្គលម្នាក់ៗ ។ ផ្តល់ជំនួយផ្ទាល់ខ្លួនតាមការសមរម្យ ។
-
សូមពិចារណាពីរបៀបដែលដំណឹងល្អអាចជួយបំពេញតម្រូវការរបស់ពួកគេ ។ បន្ទាប់មកបង្រៀនមូលដ្ឋានគ្រឹះសេចក្ដីពិតនៃដំណឹងល្អ ហើយអញ្ជើញពួកគេឲ្យរៀនបន្ថែម ។ សូមចែកចាយពីរបៀបដែលដំណឹងល្អដែលបានស្ដារឡើងវិញអាចនាំមកនូវសេចក្ដីសង្ឃឹម និងអត្ថន័យមកក្នុងជីវិតរបស់ពួកគេកាន់តែខ្លាំង ។
-
សូមសួរអំពីក្រុមគ្រួសាររបស់ពួកគេ ។ សូមជួយពួកគេយល់ពីរបៀបដែលដំណឹងល្អដែលបានស្ដារឡើងវិញអាចផ្ដល់ពរដល់ក្រុមគ្រួសាររបស់ពួកគេ ។ សូមផ្ដល់ជំនួយដើម្បីជួយពួកគេស្វែងរកឈ្មោះបុព្វការីជនដែលបានស្លាប់ទៅរបស់ពួកគេ ។
-
សូមអញ្ជើញពួកគេឲ្យមកចូលរួមប្រជុំសាក្រាម៉ង់ ។
-
ផ្តល់ជូនកូនសៀវភៅ ឬឯកសាររបស់សាសនាចក្រផ្សេងៗទៀត ទាំងឯកសារបោះពុម្ព និងជាឌីជីថល ។
-
សូមចែកចាយគោលបំណងជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នកជាមួយពួកគេ និងមូលហេតុដែលអ្នកសម្រេចចិត្តបម្រើបេសកកម្ម ។
គោលការណ៍ទាំងនេះក៏អនុវត្តចំពោះការជួបដំបូងរបស់អ្នកជាមួយសមាជិកផងដែរ ។
វាជារឿងធម្មជាតិទេដែលមានការភ័យខ្លាចបន្តិចក្នុងការនិយាយជាមួយមនុស្សនោះ ។ សូមអធិស្ឋានទូលសុំសេចក្ដីជំនឿ និងភាពក្លាហានដើម្បីបង្រៀនដំណឹងល្អដែលបានស្ដារឡើងវិញ ។ មនុស្សគ្រប់គ្នាដែលអ្នកជួបគឺជាបងប្អូនរបស់អ្នកក្នុងគ្រួសាររបស់ព្រះ ។ សូមចងចាំថា « ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី… មនុស្សទាំងអស់ ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ក៏ដូចគ្នានៅចំពោះព្រះដែរ » ( នីហ្វៃទី២ ២៦:៣៣ ) ។
រួបរួមជាមួយសមាជិក
« ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ គឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង » ( ក្បួនខ្នាតទូទៅ ២៣.០ ) ។ ធ្វើការជាមួយសមាជិកនៃសាសនាចក្រដើម្បីស្វែងរកមនុស្សបង្រៀន ។ នៅពេលសមាជិកណែនាំនរណាម្នាក់មកឲ្យអ្នក ហើយបន្ទាប់មកចូលរួមក្នុងមេរៀន នោះអ្នករៀនទំនងជានឹងទទួលបុណ្យជ្រមុជទឹក ហើយនៅតែសកម្មក្នុងសាសនាចក្រ ។
បង្កើតទំនាក់ទំនងរឹងមាំជាមួយអ្នកដឹកនាំក្នុងតំបន់មូលដ្ឋាន
បង្កើតទំនាក់ទំនងរឹងមាំជាមួយគណៈប៊ីស្សព និងអ្នកដឹកនាំវួដផ្សេងទៀត ។ អ្នកដឹកនាំបេសកកម្មវួដ ( ប្រសិនបើមាន ) និងគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ គឺជាចំណុចសំខាន់នៃទំនាក់ទំនងរបស់អ្នក ។ សូមស្វែងរកការណែនាំរបស់ពួកគាត់ ហើយគាំទ្រពួកគាត់នៅក្នុងការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ ( សូមមើល ជំពូកទី ១៣ ) ។
ក្នុងអំឡុងពេលការប្រជុំសម្របសម្រួលប្រចាំសប្តាហ៍ សូមធ្វើការជាមួយជំនួយការកូរ៉ុមសង្ឃ និងប្រធានថ្នាក់យុវនារីសម្រាប់ថ្នាក់ដែលមានអាយុច្រើនជាង ។ យុវវ័យទាំងនេះមានតួនាទីសំខាន់ក្នុងការចែកចាយដំណឹងល្អ ។ ជួយពួកគេលើកទឹកចិត្តសមាជិកកូរ៉ុម និងសមាជិកក្នុងថ្នាក់ឲ្យចែកចាយដំណឹងល្អ ។ របៀបមួយគឺសម្រាប់យុវវ័យដើម្បីអញ្ជើញមិត្តភក្តិឲ្យចូលរួមសកម្មភាព ។
សូមសួរខ្លួនឯងជាទៀងទាត់ថា « តើខ្ញុំគឺជាពរជ័យមួយចំពោះថ្នាក់ដឹកនាំក្នុងមូលដ្ឋានដែរឬទេ ? » អភិវឌ្ឍអាកប្បកិរិយា« តើខ្ញុំអាចជួយដោយរបៀបណា » ? ដូចជាអាំម៉ូននៅក្នុងព្រះគម្ពីរមរមនដែរ សូមទៅរកអ្នកដឹកនាំក្នុងមូលដ្ឋានដោយអាកប្បកិរិយានៃការបម្រើ ( សូមមើល អាលម៉ា ១៧:២៣–២៥ ) ។
ចំពោះអ្នកដឹកនាំបេសកកម្ម ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖ « ខ្ញុំសង្ឃឹមថា អ្នកនឹងរៀនស្រឡាញ់អ្នកដឹកនាំ និងសមាជិកក្នុងមូលដ្ឋាន ។ សូមលើកទឹកចិត្តពួកគាត់ និងបំផុសគំនិតពួកគាត់ ។ សមត្ថភាពរបស់បងប្អូនក្នុងការភ្ជាប់ភាពក្លៀវក្លារបស់អ្នកផ្សាយសាសនាជាមួយនឹងស្ថេរភាព និងដែលពេញដោយក្តីស្រឡាញ់ និងកិច្ចខិតខំដ៏មានប្រយោជន៍របស់សមាជិក មិនអាចសង្កត់ធ្ងន់ពេកនោះទេ ។ ជោគជ័យរបស់អ្នកនឹងឡើងទ្វេគុណ ( « Hopes of My Heart » seminar for new mission leaders ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ) ។
គាំទ្រសមាជិកក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីចែកចាយដំណឹងល្អ
មានរបៀបជាច្រើនដើម្បីគាំទ្រ និងលើកទឹកចិត្តសមាជិកក្នុងការចែកចាយដំណឹងល្អ ។ សូមជួយពួកគេជញ្ជឹងគិតអំពីរបៀបដែលដំណឹងល្អបានផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យ « លើកពន្លឺរបស់ [ ពួកគេ ] ឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក » (នីហ្វៃទី៣ ១៨:២៤ ) ។
សូមជួយសមាជិកអនុវត្តគោលការណ៍នៃ ស្រឡាញ់ ចែកចាយ និងអញ្ជើញ ។ សូមផ្តល់ឧទាហរណ៍នៃរបៀបសាមញ្ញ និងធម្មតា ដែលពួកគេអាចអនុវត្តតាមគោលការណ៍ទាំងនេះ ។
ស្រឡាញ់ ។ របៀបមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ គឺតាមរយៈការស្រឡាញ់ និងការបម្រើបុត្រាបុត្រីរបស់ទ្រង់ ។ សូមលើកទឹកចិត្តសមាជិកឲ្យឈោងទៅជួយដោយក្តីស្រឡាញ់ចំពោះសមាជិកគ្រួសារ មិត្តភក្តិ អ្នកជិតខាង និងអ្នកដទៃ ។ ការប្រឹងប្រែងណាមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ គឺជាវិធីដ៏សំខាន់មួយដើម្បីរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើជាមួយព្រះ ( សូមមើល ម៉ូសាយ ១៨:៩–១០ ) ។
ចែកចាយ ។ ដោយសារសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់ នោះសមាជិកចង់ចែកចាយពរជ័យដែលទ្រង់ប្រទានដល់ពួកគេយ៉ាងសាមញ្ញ ( សូមមើល យ៉ូហាន ១៣:៣៤–៣៥ ) ។ សូមលើកទឹកចិត្តសមាជិកឲ្យប្រាប់អ្នកដទៃអំពីរបៀបដែលដំណឹងល្អផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយអំពីព្រះអង្គសង្គ្រោះ និងឥទ្ធិពលរបស់ទ្រង់ ។ សូមជួយពួកគេឲ្យទទួលអារម្មណ៍នៃអំណរនៃការចែកចាយសេចក្តីស្រឡាញ់ ពេលវេលា និងព្រឹត្តិការណ៍នានាក្នុងជីវិតរបស់ពួកគេ ។ សូមជួយពួកគេរៀនពីវិធីចែកចាយតាមរបៀបដ៏សាមញ្ញ និងធម្មតា—គ្រាន់តែជាផ្នែកមួយនៃអ្វីដែលពួកគេកំពុងធ្វើនៅក្នុងជីវិតរបស់ពួកគេ ។
« យើងទាំងអស់គ្នាចែកចាយអ្វីៗជាមួយមនុស្សផ្សេងទៀត ។ យើងធ្វើវាជាញឹកញាប់ ។ យើងចែកចាយពីរឿងកុន និងអាហារដែលយើងចូលចិត្ត រឿងសប្បាយៗដែលយើងឃើញ កន្លែងដែលយើងទៅលេង រូបសិល្បៈដែលយើងពេញចិត្ត ការដកស្រង់ដែលបំផុសគំនិតយើង ។
« តើយើងអាចបន្ថែមសេចក្តីស្រឡាញ់របស់យើងចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទចូលទៅក្នុងបញ្ជីដែលយើងមានដើម្បីចែកចាយនោះបានយ៉ាងដូចម្តេច ? … តាមរយៈការចែកចាយបទពិសោធន៍វិជ្ជមានរបស់យើងនៅក្នុងដំណឹងល្អនេះជាមួយមនុស្សផ្សេងទៀត យើងចូលរួមចំណែកនៅក្នុងការបំពេញតាមបញ្ជាដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះហើយ » ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៦ ) ។
អញ្ជើញ ។ ព្រះអង្គសង្គ្រោះអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ និងរៀបចំខ្លួនសម្រាប់ជីវិតដ៏អស់កល្បជានិច្ច ( សូមមើល អាលម៉ា ៥:៣៣–៣៤ ) ។ ដូចគ្នានឹងការចែកចាយដែរ ការអញ្ជើញតែងតែជាបញ្ហាដែលរួមបញ្ចូលនូវក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងនៅក្នុងអ្វីដែលសមាជិកបានធ្វើរួចហើយ ។ សូមលើកទឹកចិត្តសមាជិកឲ្យអធិស្ឋានអំពីការអញ្ជើញមនុស្សតាមវិធីដូចខាងក្រោម ៖
-
មក ហើយមើល ។ សូមអញ្ជើញមនុស្សឲ្យ « មក ហើយមើល » នូវពរជ័យដែលពួកគេអាចទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់ ។
1:17 -
មក ហើយបម្រើ ។ សូមអញ្ជើញមនុស្សឲ្យ « មក ហើយបម្រើ » អ្នកដទៃដែលខ្វះខាត ។
-
មក ហើយចូលជាសមាជិក ។ សូមអញ្ជើញមនុស្សឲ្យ « មកហើយចូលជាសមាជិក » ជាសមាជិកនៃសាសនាចក្រដែលបានស្តារឡើងវិញ ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានមានប្រសាសន៍ថា ៖ « មានការអញ្ជើញរាប់រយ ដែលយើងអាចអញ្ជើញទៅអ្នកដទៃទៀតបាន ។ យើងអាចអញ្ជើញមនុស្សផ្សេងទៀតឲ្យ ‹ មក ហើយមើល › ពិធីសាក្រាម៉ង់ សកម្មភាពវួដ វីដេអូតាមអនឡាញ ដែលពន្យល់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ‹ មក ហើយមើល › អាចជាការអញ្ជើញឲ្យអានព្រះគម្ពីរមរមន ឬមកមើលព្រះវិហារបរិសុទ្ធ អំឡុងពេលពិធីសម្ពោធ ពីមុនពិធីឧទ្ទិសឆ្លង ។ ជួនកាល ការអញ្ជើញនោះជាអ្វីមួយដែលយើងអញ្ជើញនៅខាងក្នុង—ជាការអញ្ជើញដល់ខ្លួនយើង ដែលផ្ដល់ការយល់ដឹង និងទស្សនវិស័យដល់ខ្លួនយើង អំពីឱកាសទាំងឡាយដែលនៅជុំវិញខ្លួនយើង ដើម្បីធ្វើសកម្មភាពតាម » ( « ស្រឡាញ់ ចែកចាយ អញ្ជើញ » ទំព័រ ៨៦ ) ។
ត្រូវប្រាកដថាជួយយុវវ័យឲ្យស្រឡាញ់ ចែកចាយ និងអញ្ជើញ ។ យុវវ័យមានអំណោយទានជាពិសេសក្នុងការស្រឡាញ់មិត្តភក្តិរបស់ពួកគេ ចែកចាយអ្វីដែលមានក្នុងចិត្តរបស់ពួកគេ និងការអញ្ជើញពួកគេឲ្យចូលរួមសកម្មភាព ។
សូមជួយសមាជិកឲ្យយល់ថា ការខិតខំដើម្បីរស់នៅតាមគោលការណ៍នៃ ស្រឡាញ់ ចែកចាយ និងអញ្ជើញណាមួយក៏វិជ្ជមានដែរ ទោះជាមនុស្សម្នាក់ជួបឬមិនជួបជាមួយអ្នកផ្សព្វផ្សាយសាសនា ចូលរួមឬមិនចូលរួមក្នុងសាសនាចក្រក៏ដោយ ។
សូមជួយសមាជិកទាញយកភាពខ្លាំងរបស់ពួកគេក្នុងការចែកចាយដំណឹងល្អ ។ អ្នកខ្លះពូកែស្វែងរកមនុស្សមកបង្រៀន ហើយអ្នកខ្លះទៀតជាគ្រូដ៏ពូកែ ។ អ្នកខ្លះមានសមត្ថភាពពីធម្មជាតិក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ខណៈអ្នកខ្លះទៀតចូលចិត្តអធិស្ឋានឲ្យមិត្តភក្តិរបស់ពួកគេ ។ សូមជួយពួកគេឲ្យឃើញថាមានវិធីសម្រាប់អ្នករាល់គ្នាក្នុងការចូលរួម ។
នៅពេលអ្នកទៅសួរសុខទុក្ខសមាជិក សូមធ្វើដូច្នេះដោយមានគោលបំណងណាមួយ ។ សូមបង្ហាញថា អ្នកមានចិត្តអន្ទះសារចង់ចូលរួមនៅក្នុងកិច្ចការស្វែងរក និងបង្រៀន ។ សូមគោរពដល់ពេលវេលា និងកាលវិភាគរបស់ពួកគេ ។
សមាជិកខ្លះអាចស្វាគមន៍ពេលដែលអ្នកបង្រៀនសារលិខិតពីមេរៀនមួយ ។ សេចក្តីពិតនៃដំណឹងល្អគឺជាការផ្លាស់ប្តូរជីវិត ។ ការពង្រឹងការយល់ដឹងរបស់សមាជិកអំពីដំណឹងល្អនឹងបង្កើនការទុកចិត្តរបស់ពួកគេលើអ្នក និងបង្កើនការរំភើបចិត្តរបស់ពួកគេក្នុងការចែកចាយវា ។ សូមជួយពួកគេឲ្យស្គាល់ព្រះវិញ្ញាណ ហើយធ្វើសកម្មភាពតាមការបំផុសគំនិត ។
សូមស្វែងរកមនុស្សដើម្បីបង្រៀនតាមរយៈក្រុមគ្រួសារដែលជាសមាជិកតែម្នាក់ អ្នកត្រៀមខ្លួនធ្វើជាអែលឌើរ សមាជិកដែលត្រឡប់មកសកម្មឡើងវិញ និងសមាជិកថ្មី ។ ពួកគេទំនងជាមានសមាជិកគ្រួសារ និងមិត្តភក្តិដែលមានជំនឿផ្សេងៗជាច្រើន ។
គ្រប់អ្វីៗដែលអ្នកធ្វើជាមួយសមាជិក ចូរធ្វើតាមព្រះវិញ្ញាណ ហើយខិតខំស្ថាបនាសេចក្តីជំនឿរបស់ពួកគេលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់គំនិត និងធនធានបន្ថែមទៀតអំពីរបៀបដែលអ្នកអាចគាំទ្រសមាជិកក្នុងការចែកចាយដំណឹងល្អ សូមមើល ៖
-
« ការចែកចាយដំណឹងល្អ » នៅក្នុងបណ្ណាល័យដំណឹងល្អ ។
-
ប្រកាសដំណឹងល្អរបស់យើង ជំពូកទី ១៣ ។
-
ក្បួនខ្នាតទូទៅ ជំពូកទី ២៣ ។
ពរជ័យដែលបានសន្យាសម្រាប់ការចែកចាយដំណឹងល្អ
សូមជួយសមាជិកយល់ពីពរជ័យដ៏អស្ចារ្យដែលបានមកពីការចែកចាយដំណឹងល្អ ។ ទាំងនេះរួមមាន ៖
-
សេចក្តីអំណរ និងសេចក្តីសុខសាន្ត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០–១៦; អាលម៉ា ២៦:១១, ១៣, ២៥; អាលម៉ា ៣៦:២៤–២៨ ) ។
-
ទទួលអានុភាពមកពីព្រះ ( សូមមើល ម៉ូសាយ ១៨:៨–១៣; យ៉ូហាន ១៥:៤–៥ ) ។
-
ការការពារពីការល្បួង ( សូមមើល នីហ្វៃទី៣ ១៨:២៤–២៥ ) ។
-
អភ័យទោសពីអំពើបាប ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦២:៣ ) ។
ស្វែងរកក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង
កម្មវិធីប្រកាសដំណឹងល្អរបស់យើង គឺជាធនធានដ៏ល្អសម្រាប់ការស្វែងរកមនុស្សដើម្បីបង្រៀន ។ ពួកអ្នកផ្សព្វផ្សាយសាសនាដែលប្រើប្រាស់មុខងារនៅក្នុងកម្មវិធីនេះជាប្រចាំទទួលបានជោគជ័យក្នុងការស្វែងរកកាន់តែច្រើន ។ ដើម្បីស្គាល់លក្ខណៈពិសេសទាំងនេះ សូមមើលការបំពាក់បំប៉នដែលបានផ្តល់នៅក្នុងកម្មវិធីនេះ ។ សូមយកចិត្តទុកដាក់ចំពោះការបំផុសគំនិតខាងវិញ្ញាណ ដែលអ្នកអាចទទួលបាននៅពេលអ្នកពិនិត្យមើលឈ្មោះអ្នករៀន ។
កម្មវិធីនេះរួមបញ្ចូលព័ត៌មានអំពីមនុស្សដែលត្រូវបានណែនាំ ទាក់ទង ឬបង្រៀនពីមុនៗ ។ មនុស្សទាំងនេះខ្លះប្រហែលជាចង់ជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនាម្តងទៀត ។ ពួកគេក៏ប្រហែលជាស្គាល់អ្នកផ្សេងទៀត ដែលប្រហែលជាចាប់អារម្មណ៍ក្នុងការរៀនអំពីដំណឹងល្អ ។
នៅក្នុងផែនការរបស់អ្នក សូមប្រើផែនទី និងតម្រងនៅក្នុងកម្មវិធីនេះ ដើម្បីដាក់អាទិភាពថាតើមនុស្សណាដែលត្រូវទៅជួប ។ សូមរកមើលព័ត៌មានរបស់ពួកគេ ហើយស្វែងយល់ពីរបៀបដែលបានរកឃើញពួកគេ ។ សូមមើលថាតើមានកំណត់ត្រាអំពីសមាជិកដែលបានជួយពួកគេដែរឬទេ ។ សូមប្រើព័ត៌មាននេះដើម្បីកំណត់ពីរបៀបល្អបំផុតក្នុងការទាក់ទងទៅពួកគេម្តងទៀត ។
សូមប្រើមុខងារតម្រងនៅក្នុងកម្មវិធីនេះដើម្បីស្វែងយល់ពីអ្នករៀនទាំងនោះដែល ៖
-
បានដាក់កាលបរិច្ឆេទទទួលបុណ្យជ្រមុជទឹកដែលបានកំណត់ពីមុន ប៉ុន្តែមិនបានទទួលបុណ្យជ្រមុជទឹកនៅឡើយទេ ។
-
បានចូលរួមការប្រជុំសាក្រាម៉ង់យ៉ាងហោចណាស់ម្តង ប៉ុន្តែមិនបានទទួលបុណ្យជ្រមុជទឹកទេ ។
-
បានរៀនលើសពីបីមេរៀនពីអ្នកផ្សព្វផ្សាយសាសនា ។
-
មិនមានគេទាក់ទងទៅទេនាពេលថ្មីៗនេះទេ ។
ប្រសិនបើមនុស្សដែលអ្នកទាក់ទងមិនចាប់អារម្មណ៍រៀន ឬជ្រើសរើសឈប់ទទួលការណាត់ជួប សូមកត់ត្រាព័ត៌មាននោះនៅក្នុងកម្មវិធីនេះ ។ សូមកត់ត្រាពីរបៀបដែលអ្នកនឹងរក្សាទំនាក់ទំនងជាមួយពួកគេ ហើយបីបាច់ពួកគេរហូតដល់ពួកគេត្រៀមខ្លួនដើម្បីរៀនបន្ថែមទៀត ។ ឧទាហរណ៍ សូមពិចារណាអញ្ជើញពួកគេឲ្យចុះឈ្មោះទទួលបានបណ្ដុំអ៊ីម៉ែល ដើម្បីទទួលបានសារលិខិតអំពីព្រះយេស៊ូវគ្រីស្ទ ឬប្រធានបទនៃដំណឹងល្អផ្សេងទៀត ។ អ្នកក៏អាចភ្ជាប់ទំនាក់ទំនងឲ្យពួកគេជាមួយសមាជិកដែលអាចឆ្លើយសំណួរ និងបីបាច់ចំណាប់អារម្មណ៍ និងមិត្តភាពរបស់ពួកគេ ។ សូមកំណត់ការរំឭកនៅក្នុងកម្មវិធីនេះ ដើម្បីតាមដានជាមួយពួកគេ ។ សូមសួរពួកគេថា តើមានស្គាល់នរណាផ្សេងទៀតដែលអាចចាប់អារម្មណ៍ក្នុងការរៀនដែរឬទេ ។
អ្នកក៏អាចស្វែងរកមនុស្សដើម្បីបង្រៀនតាមរយៈកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដោយការប្រើតម្រង ឬក្រុមដើម្បីផ្ញើសារជាក្រុមផងដែរ ។ ការណ៍នេះអាចជាវិធីដ៏ល្អមួយដើម្បីឲ្យមនុស្សដឹងអំពីព្រឹត្តិការណ៍ដូចជាសកម្មភាពវួដ និងកម្មវិធីបុណ្យជ្រមុជទឹកជាដើម ។ សូមតាមដានជាមួយនឹងការអញ្ជើញផ្ទាល់ខ្លួនទៅនឹងព្រឹត្តិការណ៍ទាំងនេះ ។
ស្វែងរកតាមរយៈការបម្រើ
សូមផ្តល់ឱកាសឲ្យមនុស្សមក ហើយបម្រើ
មនុស្សអាចមានបទពិសោធន៍វិជ្ជមាន ហើយភ្ជាប់ទំនាក់ទំនងជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកក្នុងមូលដ្ឋាននៅក្នុងសកម្មភាពបម្រើ ។ មនុស្សជាច្រើនរីករាយក្នុងការចែកចាយទេពកោសល្យ ជំនាញ ឬកម្មវិធីរបស់ពួកគេ ហើយគ្រាន់តែត្រូវការឲ្យគេអញ្ជើញប៉ុណ្ណោះ ។
អញ្ជើញមនុស្សឲ្យចូលរួមក្នុងសកម្មភាពបម្រើដែលវួដជាអ្នករៀបចំ ។ អ្នកក៏អាចភ្ជាប់ទំនាក់ទំនងមនុស្សជាមួយនឹងឱកាសបម្រើ ដូចជាមាននៅលើគេហទំព័រ JustServe.org ផងដែ ។ នៅពេលអ្នកបម្រើជាមួយអ្នកដទៃ នោះអ្នកនឹងមកជាមួយគ្នាតាមរបៀបដ៏មានអានុភាពមួយ ។
ផ្ដល់ជូនការបម្រើ
ដូចជាព្រះអង្គសង្រ្គោះ « [ ទៅ ] ចុះឡើងធ្វើការល្អ » ( កិច្ចការ ១០:៣៨; សូមមើលផងដែរ « យាងចុះឡើងធ្វើការល្អ » នៅក្នុងជំពូកទី ១ ) ។ សូមអធិស្ឋានដើម្បីដឹងពីឱកាសដើម្បីធ្វើអំពើល្អពេញមួយថ្ងៃ ។ ពេលខ្លះការបម្រើរបស់អ្នកបានគ្រោងទុកជាមុន ប៉ុន្តែជារឿយៗវានឹងមិនបានគ្រោងទុកទេ ។ សូមស្វែងរកវិធីសាមញ្ញ និងភ្លាមៗដើម្បីបម្រើ ជួយ និងលើកស្ទួយដល់មនុស្ស ។ សូមចងចាំថា ព្រះអម្ចាស់បានទតមើលឱកាសដែលមិនបានគ្រោងទុកដើម្បីឈោងទៅជួយ និងប្រទានពរដល់អ្នកដទៃ ។
បម្រើដោយមានគោលបំណងដ៏ស្មោះត្រង់ដើម្បីជួយមនុស្ស ។ ប្រសិនបើការបម្រើនាំទៅរកឱកាសបង្រៀន សូមមានអំណរគុណ ។ បើមិនដូច្នោះទេ សូមមានអំណរគុណដែលបានធ្វើល្អសម្រាប់អ្នកណាម្នាក់ ។ ឆ្លើយសំណួរប្រសិនបើមនុស្សសួរពួកគេ ។ ប្រសិនបើនរណាម្នាក់បង្ហាញចំណាប់អារម្មណ៍ សូមឆ្លើយដោយខ្លីៗ និងរៀបចំការណាត់ជួបនៅពេលផ្សេងដើម្បីចែកចាយសារលិខិត ។
សូមប្រាកដថាធ្វើតាមការណែនាំសម្រាប់ការបម្រើនៅក្នុង បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ២.៧ និង ៧.២ ។
ស្វែងយល់ពីស្ថានភាពរបស់ពួកគេ
ការស្វែងយល់ពីស្ថានភាពរបស់ពួកគេគឺចាប់ផ្ដើមជាមួយនឹងការព្យាយាមមើលឃើញពួកគេដូចជាទ្រង់បានទតឃើញ ។ សូមសន្មតថាអ្នកប្រហែលជាត្រូវបានដឹកនាំឲ្យនិយាយជាមួយបុគ្គលនេះ ឬគាត់ ឬនាង ប្រហែលជាត្រូវបានដឹកនាំឲ្យមករកអ្នក ។ សូមស្វែងរកការយល់ដឹងអំពីតម្រូវការ និងបំណងប្រាថ្នាខាងវិញ្ញាណរបស់មនុស្ស ។ សូមស្វែងយល់ថាតើអ្វីដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ ជាពិសេសនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយគ្រួសារ និងព្រះ ។ អ្នកអាចនឹងសួរសំណួរដូចខាងក្រោម—ហើយបន្ទាប់មកស្តាប់ដោយស្មោះត្រង់ ៖
-
តើអ្នកឲ្យតម្លៃទៅលើអ្វីខ្លាំងបំផុត ?
-
តើអ្វីដែលផ្ដល់អំណរដល់អ្នក ?
-
តើអ្នកចង់បានអ្វីសម្រាប់អនាគតរបស់អ្នក និងសម្រាប់មនុស្សដែលអ្នកស្រឡាញ់ ?
-
តើអ្នកប្រឈមមុខនឹងឧបសគ្គអ្វីខ្លះក្នុងការឈោងទៅរកក្តីសង្ឃឹម និងក្តីសុបិនរបស់អ្នក ?
-
តើអ្នកចង់កែលម្អទិដ្ឋភាពអ្វីខ្លះក្នុងជីវិតរបស់អ្នក ?
សូមស្វែងរកការបំផុសគំនិត នៅពេលអ្នកជញ្ជឹងគិតអំពីអ្វីដែលអ្នករៀនអំពីក្តីសង្ឃឹម និងបំណងប្រាថ្នារបស់បុគ្គលនោះ ។ តើសេចក្ដីពិតនៃដំណឹងល្អអ្វីដែលទាក់ទងតាមធម្មជាតិនឹងអ្វីដែលគាត់ ឬនាងចង់បាន ?
សូមពិចារណាវិធីសាស្រ្តរបស់អ្នកតាមទស្សនៈរបស់បុគ្គលនោះ ។ តើគាត់ ឬនាងដឹងអ្វីខ្លះអំពីអ្នក ? តើអ្នកអាចផ្តល់អ្វីខ្លះដែលអាចមានអត្ថប្រយោជន៍ ? តើមនុស្សមានអារម្មណ៍ថាការប្រាស្រ័យទាក់ទងជាមួយអ្នកនឹងមានអត្ថប្រយោជន៍ឬទេ ?
សូមពិចារណាអំពីហេតុផលផ្សេងៗដែលមនុស្សអាចនឹងចង់ស្គាល់អ្នក សមាជិកផ្សេងទៀត ឬសាសនាចក្រ ។ ឧទាហរណ៍មួយចំនួននៃអ្វីដែលអ្នកអាចផ្តល់ឲ្យត្រូវបានរៀបរាប់ខាងក្រោម ។
ផ្តល់បទពិសោធន៍ ឬព័ត៌មានដែលពួកគេនឹងឲ្យតម្លៃ
សូមប្រើធនធានរបស់សាសនាចក្រ និងទេពកោសល្យ និងភាពខ្លាំងរបស់អ្នកផ្ទាល់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងចំណាប់អារម្មណ៍របស់នរណាម្នាក់ ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ក្នុងការផ្តល់ព័ត៌មាន ឬបទពិសោធន៍ដែលបុគ្គលនោះនឹងឲ្យតម្លៃ ។
សូមបើកចំហចំពោះការបំផុសគំនិត និងមានភាពច្នៃប្រឌិតនៅពេលអ្នកគិតអំពីបទពិសោធន៍ ឬព័ត៌មានផ្សេងៗដែលអ្នកអាចផ្តល់ឲ្យ ។ គំនិតមួយចំនួនត្រូវបានរាយខាងក្រោម ។
-
សូមចែកចាយតំណភ្ជាប់ទៅកាន់ធនធានសាសនាចក្រដែលផ្តល់ព័ត៌មានអំពីអ្វីមួយដែលពួកគេចាប់អារម្មណ៍ ។
-
រៀបចំព្រឹត្តិការណ៍ដូចជាការប្រជុំធម្មនិដ្ឋាន ( ដោយផ្ទាល់ ឬផ្សាយផ្ទាល់ ) ។
-
ផ្ដល់អ្វីមួយនៅក្នុងការជួបជុំ ឬព្រឹត្តិការណ៍ក្នុងមូលដ្ឋាន ( ឧទាហរណ៍ បង្កើតដើមឈើពង្សប្រវត្តិដោយឥតគិតថ្លៃនៅទីផ្សារក្នុងមូលដ្ឋានមួយ ) ។
-
ផ្តល់ជូនការបង្រៀនថ្នាក់មួយ ។
-
បង្កើតថ្នាក់សិក្សាបទគម្ពីរ ឬផ្តល់ជូនដើម្បីអានព្រះគម្ពីរប៊ីប និងបទគម្ពីរផ្សេងទៀតជាមួយពួកគេ ។
-
បង្រៀនភាសាអង់គ្លេសជាភាសាទីពីរ ។
-
ផ្សព្វផ្សាយសកម្មភាពសាសនាចក្រក្នុងមូលដ្ឋាន ដូចជាពិធីជប់លៀងនៅថ្ងៃសម្រាក ឬថ្នាក់រៀនខ្លួនទីពឹងខ្លួន ។ ប្រើខិត្តប័ណ្ណ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
អញ្ជើញពួកគេទៅចូលរួមពិធីបុណ្យជ្រមុជទឹក ។
-
ផ្តល់ជូនពួកគេនូវទស្សនកិច្ចទៅកាន់សាលាប្រជុំក្នុងតំបន់ ។
បទពិសោធន៍ដ៏មានតម្លៃបំផុតមួយដែលអ្នកអាចជួយមនុស្សឲ្យមានគឺការចូលរួមក្នុងកម្មវិធីរបស់សាសនាចក្រ ។ សូមអញ្ជើញពួកគេ ហើយពន្យល់អ្វីដែលនឹងប្រព្រឹត្តទៅនៅក្នុងកម្មវិធី ។ សូមប្រាប់ពួកគេពីរបៀបដែលការចូលរួមការប្រជុំសាក្រាម៉ង់នឹងផ្ដល់ពរដល់ជីវិតរបស់ពួកគេ ។
សម្របសម្រួលទំនាក់ទំនងពិតប្រាកដ
មនុស្សជាច្រើនចង់ជួបជាមួយអ្នកដទៃនៅក្នុងសហគមន៍របស់ពួកគេ ឬស្គាល់ពួកគេឲ្យកាន់តែច្បាស់ ។ មនុស្សខ្លះឯកោ ។ គំនិតមួយចំនួនសម្រាប់ជួយសម្រួលដល់ទំនាក់ទំនងពិតប្រាកដត្រូវបានរាយបញ្ជីខាងក្រោម ។
-
សួរសុខទុក្ខអ្នកដែលបានផ្លាស់លំនៅមកក្នុងតំបន់ថ្មីៗដើម្បីស្វាគមន៍ពួកគេ ។
-
ណែនាំមនុស្សនៅក្នុងសហគមន៍ឲ្យស្គាល់សមាជិកដែលមានចំណាប់អារម្មណ៍ដូចគ្នា ។
-
អញ្ជើញមនុស្សឲ្យចូលរួមក្នុងការប្រជុំ សកម្មភាព និងការបើកសម្ពោធនានា ។
-
ផ្តល់ជូនដើម្បីជួយពួកគេភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ដែលអាចជួយពួកគេរៀនបន្ថែមអំពីសមាជិកគ្រួសារដែលបានស្លាប់ទៅរបស់ពួកគេ ។
-
ផ្តល់ជូនដើម្បីបង្រៀនមនុស្សពីរបៀបធ្វើរាត្រីជួបជុំក្រុមគ្រួសារ ឬអានព្រះគម្ពីរជាក្រុមគ្រួសារ ។ ( សូមមើល ក្បួនខ្នាតទូទៅ ២.២.៤ សម្រាប់គោលការណ៍ដែលមានប្រយោជន៍ ដែលអាចសម្របតាមកាលៈទេសៈរបស់មនុស្ស ) ។
-
អញ្ជើញមនុស្សដែលមានអាយុគ្រប់គ្រាន់ឲ្យចូលរៀនថ្នាក់សិក្ខាសាលា ចូលរៀនថ្នាក់វិទ្យាស្ថាន ឬចូលរៀនកម្មវិធី BYU–Pathway Worldwide ។
មានរបៀបដែលគួរឲ្យគោរពជាច្រើនដើម្បីស្វែងរកអ្នកដែលត្រូវបានរៀបចំឲ្យទទួលដំណឹងល្អដែលបានស្ដារឡើងវិញ ។ ធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីស្គាល់អ្នករៀនដែលបានរៀបចំឲ្យ ។
ទាក់ទងមនុស្សដែលបានណែនាំមកឲ្យអ្នក
មនុស្សដែលបានណែនាំមកអ្នក ប្រហែលជាបានត្រៀមខ្លួនជាស្រេចដើម្បីទទួលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ សាសនាគន់ការីដែលបានណែនាំមកពីសមាជិកសាសនាចក្រ មកពីពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត មកពីទីស្នាក់ការរបស់សាសនាចក្រ និងការខិតខំប្រឹងប្រែងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងមូលដ្ឋាន ។
ឈោងទៅជួយភ្លាមៗ
នៅពេលដែលមនុស្សម្នាក់ត្រូវបានបញ្ជូនមកកាន់អ្នកតាមរយៈទីស្នាក់ការកណ្តាល ឬប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងមូលដ្ឋាន សូមពិនិត្យមើលព័ត៌មាននៅក្នុងកម្មវិធីប្រកាសដំណឹងល្អរបស់យើង អំពីចំណាប់អារម្មណ៍របស់ពួកគេ ។ ព្យាយាមទាក់ទងទៅកាន់ពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
សូមប្រើគោលការណ៍ណែនាំខាងក្រោមនៅពេលធ្វើការជាមួយមនុស្សដែលបានណែនាំមកកាន់អ្នក ៖
-
ប្រសិនបើបុគ្គលនោះសមាជិកបានណែនាំមក ឬពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានណែនាំមក សូមទាក់ទងបុគ្គលដែលបានណែនាំមកនោះដើម្បីរៀនបន្ថែម ។ ប្រសិនបើពួកអ្នកផ្សព្វផ្សាយសាសនាបានណែនាំបុគ្គលនោះ ពួកគេអាចនឹងបង្រៀនជាមួយអ្នកពីចម្ងាយប្រសិនបើអ្នកដឹកនាំបេសកកម្មរបស់ពួកគេអនុម័ត ។ សមាជិកអាចចូលរួមជាមួយអ្នកដោយផ្ទាល់ ឬចូលរួមបង្រៀនពីចម្ងាយ ។
-
សូមព្យាយាមទាក់ទងបុគ្គលនោះភ្លាមៗ តាមរយៈការទៅជួប ការហៅទូរសព្ទ ផ្ញើសារ អ៊ីមែល ឬក្នុងទម្រង់ទំនាក់ទំនងផ្សេងទៀត ។ ប្រសិនបើបុគ្គលនោះមិនឆ្លើយតបទេ សូមព្យាយាមទាក់ទងគាត់ ឬនាងនៅម៉ោងផ្សេងនៃថ្ងៃនោះ ។
-
ប្រសិនបើទំនាក់ទំនងដំបូងរបស់អ្នកគឺតាមរយៈការហៅទូរសព្ទ ផ្ញើសារ ឬអ៊ីមែល សូមរៀបចំពេលវេលាដើម្បីជួបដោយផ្ទាល់ ឬតាមរយៈបច្ចេកវិទ្យា ។
-
ក្នុងនាមជាដៃគូ សូមពិនិត្យមើលសំណើរបស់បុគ្គលនោះ ហើយស្វែងយល់ពីតម្រូវការ និងចំណាប់អារម្មណ៍របស់គាត់ឬនាង ។ សូមកំណត់ពីរបៀបដែលដំណឹងល្អអាចជួយបំពេញតម្រូវការទាំងនោះ ។
-
ពេលអ្នកជួប សូមយកវត្ថុដែលបានស្នើសុំ ដូចជាព្រះគម្ពីរមរមន ។ សូមចែកចាយសេចក្ដីពិតនៃដំណឹងល្អពីមេរៀនអ្នកផ្សព្វផ្សាយសាសនា ដែលបំពេញចំណាប់អារម្មណ៍ ឬតម្រូវការរបស់បុគ្គលនោះ ។
ពេលខ្លះមនុស្សដែលបានណែនាំមក អាចដឹកនាំអ្នកទៅរកអ្នកដទៃទៀតដែលព្រះបានរៀបចំ ។ ប្រសិនបើបុគ្គលដែលអ្នកទាក់ទងមិនចាប់អារម្មណ៍ទេ សូមសួរថាតើពួកគេស្គាល់អ្នកផ្សេងទៀតដែលអាចចាប់អារម្មណ៍ ឬដែលត្រូវការក្តីសង្ឃឹមក្នុងជីវិតរបស់ពួកគេដែរឬទេ ។ ប្រហែលជាអ្នកត្រូវបានដឹកនាំឲ្យស្គាល់បុគ្គលម្នាក់នេះ ដោយសារអ្នកផ្សេងទៀតនៅក្នុងផ្ទះ ឬអ្នកជិតខាងបានត្រៀមខ្លួនជាស្រេចដើម្បីទទួលដំណឹងល្អ ។
ប្រសិនបើការណាត់ជួបជាមួយនរណាម្នាក់ខកខានមិនសម្រេច សូមពិចារណាពីរបៀបដែលអ្នកអាចធ្វើកិច្ចការផ្សព្វផ្សាយសាសនាតាមវិធីផ្សេងទៀតនៅក្នុងតំបន់នោះ ។ កម្មវិធីប្រកាសដំណឹងល្អរបស់យើង អាចជួយអ្នករកឃើញមនុស្សនៅក្បែរនោះ ដែលបានទាក់ទង ឬបង្រៀនពីមុន ។
សូមណែនាំមនុស្សទាំងនេះទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនានៅតំបន់ផ្សេងទៀត ។
នៅពេលអ្នកជួបមនុស្សដែលចាប់អារម្មណ៍រៀនបន្ថែមអំពីដំណឹងល្អ ប៉ុន្តែរស់នៅក្រៅតំបន់ដែលអ្នកបានចាត់តាំង សូមណែនាំពួកគេឲ្យស្គាល់ដំណឹងល្អ ។ បន្ទាប់មកជួយពួកគេរៀបចំខ្លួនដើម្បីជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកនៅកន្លែងដែលពួកគេរស់នៅ ។
ដោយមានការអនុម័តពីប្រធានបេសកកម្មរបស់អ្នក អ្នកអាចបន្តគាំទ្រមនុស្សទាំងនេះដើម្បីជួយពួកគេឲ្យទទួលបានដំណឹងល្អ ( សូមមើល បទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ៧.៥.៤ ) ។
ការប្រើប្រាស់បច្ចេកវិទ្យា
មានរបៀបជាច្រើនដែលអ្នកអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកមនុស្សបង្រៀន ។ ឧទាហរណ៍មួយចំនួនត្រូវបានរាយក្នុងបញ្ជីខាងក្រោម ៖
-
ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើការជាមួយសមាជិកដើម្បីស្វែងរកអ្នករៀន ។
-
បង្កើតទំនាក់ទំនងដោយឈោងទៅតាមរយៈអ៊ីមែល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
ចែកចាយបទគម្ពីរ សម្រង់សម្តី និងសារលិខិតនៃដំណឹងល្អដ៏លើកតម្កើង ។
-
ជួយមនុស្សប្រើប្រាស់ FamilySearch.org ដើម្បីរៀនបន្ថែមអំពីសមាជិកគ្រួសារដែលបានស្លាប់ទៅរបស់ពួកគេ ។
-
ផ្តល់ជូនថ្នាក់បង្រៀនជំនាញតាមអនឡាញ ។
-
បង្កើតការតភ្ជាប់ទំនាក់ទំនងសមរម្យ តាមរយៈការចែកចាយចំណាប់អារម្មណ៍ក្រុមនៅលើអនឡាញ ។
-
បង្កើតការចុះផ្សាយដែលប្រាប់អំពីព្រឹត្តិការណ៍វួដនាពេលខាងមុខ ។
ការប្រើប្រាស់បច្ចេកវិទ្យាគឺជារបៀបដ៏សំខាន់មួយដើម្បី « ដាក់សន្ទូចជាច្រើននៅក្នុងទឹក » ពេញមួយថ្ងៃ ។ ជាការបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងស្វែងរកផ្សេងទៀតរបស់អ្នក សូមដាក់បណ្ដាញអ៊ីនធឺណិតនៅក្នុងទឹកឲ្យបានច្រើន ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា ៖ « បច្ចេកវិទ្យាផ្ដល់នូវបណ្តាញដ៏មានឥទ្ធិពលជាច្រើន ដែលតាមរយៈនោះយើងអាចប្រកាសថា ‹ ព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង › និង ‹ ផ្សាយប្រាប់ពីការប្រែចិត្តដល់ប្រជាជន › [ កូរិនថូស ទី១ ២:២; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៤:៣ ] ។ ជំនាន់ដែលកំពុងពេញវ័យត្រូវបានរៀបចំយ៉ាងល្អដើម្បីស្ដាប់ និងរៀនអំពីដំណឹងល្អដែលបានស្ដារឡើងវិញតាមរយៈមធ្យោបាយនៃការប្រាស្រ័យទាក់ទងទាំងនេះ » ( « They Should Proclaim These Things unto the World » seminar for new mission presidents ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦ ) ។
ប្រើពង្សប្រវត្តិ
ពង្សប្រវត្តិគឺជាវិធីផ្សេងទៀតដែលអ្នកអាចស្វែងរកមនុស្សដើម្បីបង្រៀន ។ នៅទូទាំងពិភពលោក ព្រះវិញ្ញាណកំពុងមានឥទ្ធិពលលើមនុស្សរាប់លាននាក់ដើម្បីស្វែងរកបុព្វការីជនដែលបានស្លាប់ទៅ ។ មនុស្សជាច្រើនចង់បានទំនាក់ទំនងកាន់តែរឹងមាំជាមួយនឹងសាច់ញាតិរបស់ពួកគេ ។ ការណ៍នេះអាចនាំឲ្យមានបំណងចង់ស្វែងរកទំនាក់ទំនង និងអត្តសញ្ញាណជាផ្នែកនៃគ្រួសាររបស់ព្រះ ។
អ្វីដែលពេលខ្លះយើងហៅថាជាវិញ្ញាណរបស់អេលីយ៉ា គឺជាឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធទាក់ទាញមនុស្សឲ្យស្វែងរក ចងក្រងឯកសារ និងស្រឡាញ់សមាជិកគ្រួសាររបស់ពួកគេ—ទាំងអតីតកាល និងបច្ចុប្បន្ន ( សូមមើល ម៉ាឡាគី ៤:៥–៦ ) ។
នៅក្នុងការស្វែងរករបស់អ្នក អ្នកអាចណែនាំមនុស្សទៅកាន់គេហទំព័រ FamilySearch.org ឬអញ្ជើញពួកគេឲ្យទាញយកកម្មវិធីមែកធាងគ្រួសារ ឬកម្មវិធីកម្រងអនុស្សាវរីយ៍នៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ អ្នកក៏អាចផ្តល់កូនសៀវភៅដល់ពួកគេផងដែរ ក្រុមគ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា ។ ធនធានទាំងនេះជួយមនុស្សឲ្យរកឃើញសាច់ញាតិ និងបុព្វការីជន ហើយប្រមូលផ្ដុំដំណើររឿងរបស់ពួកគាត់ ។
សូមកំណត់ថាតើធនធានពង្សប្រវត្តិណាដែលមាននៅក្នុងតំបន់របស់អ្នក និងរបៀបដែលវាអាចជួយមនុស្សដែលអ្នកទាក់ទង ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដអាចជួយមនុស្សស្វែងរកបុព្វការីជនដែលបានស្លាប់ទៅរបស់ពួកគេ ។
សូមអញ្ជើញមនុស្សឲ្យចែកចាយអនុស្សាវរីយ៍នៃមនុស្សជាទីស្រឡាញ់របស់ពួកគេជាមួយអ្នក ។ នៅពេលពួកគេចែកចាយហើយ ពួកគេអាចទទួលអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ដល់ពួកគេអំពីសារៈសំខាន់នៃគ្រួសារនៅក្នុងផែនការរបស់ព្រះ ។ គ្រាទាំងនេះអាចនាំទៅរកការសន្ទនាដោយឯកឯងអំពីគោលបំណងនៃជីវិត ផែនការនៃសុភមង្គលរបស់ព្រះ និងតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការនោះ ។
នៅពេលដែលសមរម្យ សូមបង្រៀនមនុស្សនូវគោលលទ្ធិអំពីមូលហេតុដែលសមាជិកសាសនាចក្រធ្វើកិច្ចការពង្សប្រវត្តិ និងពីរបៀបដែលវាទាក់ទងនឹងព្រះវិហារបរិសុទ្ធ ។
សូមអធិស្ឋានដើម្បីដឹងពីឱកាសក្នុងការប្រើពង្សប្រវត្តិក្នុងការខិតខំស្វែងរករបស់អ្នក ។ ចូរមានភាពច្នៃប្រឌិត និងស្គាល់ធនធានដែលមាន ។
ស្វែងរកពេលអ្នកបង្រៀន
ការស្វែងរក និងការបង្រៀន គឺជាសកម្មភាពដែលទាក់ទងគ្នា ។ មនុស្សដែលអ្នកបង្រៀនច្រើនតែមានមិត្តភក្តិ ឬសាច់ញាតិដែលត្រៀមខ្លួនដើម្បីទទួលដំណឹងល្អដែលបានស្ដារឡើងវិញ ។ នៅពេលមនុស្សដែលអ្នកបង្រៀនទទួលបទពិសោធន៍ពីពរជ័យនៃដំណឹងល្អ នោះបំណងប្រាថ្នារបស់ពួកគេក្នុងការចែកចាយវានឹងកើនឡើង ( សូមមើល នីហ្វៃទី១ ៨:១២ ) ។ នៅគ្រប់ស្ថានភាពទាំងអស់—ដូចជា ការស្វែងរក ការបង្រៀន និងធ្វើការជាមួយសមាជិក—សួរថា « តើអ្នកស្គាល់នរណា ដែលនឹងទទួលបានអត្ថប្រយោជន៍ពីសារលិខិតនេះដែរឬទេ ? »
នៅពេលមនុស្សដែលអ្នកបង្រៀនកំពុងរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹករបស់ពួកគេ សូមសួរពួកគេអំពីគ្រួសារ និងមិត្តភក្តិដែលពួកគេចង់អញ្ជើញទៅចូលរួមពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ សូមរៀបចំផែនការដើម្បីអញ្ជើញ និងលើកទឹកចិត្តមនុស្សទាំងអស់ឲ្យមកចូលរួម ។ អំឡុងពេលនៃពិធីបុណ្យជ្រមុជទឹក មនុស្សអាចទទួលបានអារម្មណ៍នៃព្រះវិញ្ញាណយ៉ាងខ្លាំង ។
បង្រៀននៅពេលអ្នកស្វែងរក
នៅពេលអ្នកជួបមនុស្ស ហើយស្វែងយល់ពីចំណាប់អារម្មណ៍ និងតម្រូវការរបស់ពួកគេ សូមបង្កើតទម្លាប់នៃការចាប់ផ្តើមបង្រៀន និងចែកចាយទីបន្ទាល់របស់អ្នក ។ អ្នកនឹងរកបានមនុស្សច្រើនទៀតដើម្បីបង្រៀន នៅពេលអ្នកថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ហើយអនុញ្ញាតឲ្យពួកគេទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមពិចារណាអំពីការបង្រៀនអំពីប្រធានបទដូចជា សុភមង្គល ទុក្ខលំបាក គោលបំណងនៃជីវិត ឬសេចក្តីស្លាប់ ។ មិនថា វិធីសាស្រ្តដំបូងរបស់អ្នកយ៉ាងណានោះទេ សូមងាកទៅរកព្រះអង្គសង្រ្គោះ ដំណឹងល្អរបស់ទ្រង់ និងការហៅរបស់ទ្រង់ទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងរហ័ស និងសាមញ្ញ ។ នេះគឺជាសារលិខិតដ៏ពិសេសរបស់យើងទៅកាន់ពិភពលោក ។
ផ្នែកខាងក្រោមផ្តល់នូវឧទាហរណ៍អំពីរបៀបដែលអ្នកអាចបង្រៀនដោយសង្ខេបៗអំពីការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងសារៈសំខាន់នៃគ្រួសារ ។
សូមបង្រៀន ហើយធ្វើទីបន្ទាល់អំពីស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
សូមថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនសេចក្ដីសង្ខេបខ្លីៗអំពីសេចក្ដីពិតដែលបានស្ដារឡើងវិញ ។ ឧទាហរណ៍ អ្នកអាចថ្លែងទីបន្ទាល់អំពីដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ត្រឹមតែពីរ ឬបីប្រយោគប៉ុណ្ណោះ ។
បន្ទាប់ពីបាត់បង់អស់ជាច្រើនសតវត្សមក សេចក្ដីពិតត្រូវបានស្ដារឡើងវិញដោយព្រះដែលពេញដោយក្តីស្រឡាញ់ និងព្យាការីដែលនៅរស់ ។ យើងមានភស្តុតាងនៃការណ៍នេះដែលអ្នកអាចកាន់ក្នុងដៃអ្នក អាន និងជញ្ជឹងគិតក្នុងចិត្តរបស់អ្នក ។ យើងសូមអញ្ជើញអ្នកឲ្យអាន ហើយអធិស្ឋានដើម្បីរៀនពីសេចក្ដីពិតរបស់វាសម្រាប់ខ្លួនអ្នកផ្ទាល់ ។ តើអ្នកនឹងអនុញ្ញាតឲ្យពួកខ្ញុំ …
ប្រសិនបើអ្នកមានពេលបន្តិចទៀត អ្នកអាចនិយាយបន្ថែមទៀត ៖
សារលិខិតរបស់យើងគឺសាមញ្ញ ។ ព្រះជាព្រះវរបិតារបស់យើង ។ យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ។ យើងគឺជាផ្នែកមួយនៃគ្រួសាររបស់ទ្រង់ ។ ទ្រង់ស្គាល់យើងម្នាក់ៗ ហើយស្រឡាញ់យើង ។ ទ្រង់ចង់ឲ្យយើងដកពិសោធន៍សេចក្ដីអំណរ ។ តាំងពីដើមដំបូងនៃពិភពលោកមក ទ្រង់បានធ្វើតាមគំរូនៃការឈោងទៅជួយដោយសេចក្តីស្រឡាញ់ ដើម្បីបើកសម្តែងពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យបុត្រាបុត្រីរបស់ទ្រង់អាចដឹងពីរបៀបត្រឡប់ទៅរកទ្រង់វិញ ។ ទ្រង់បានបើកសម្ដែងដំណឹងល្អដល់ព្យាការីដូចជា អ័ដាម ណូអេ អ័ប្រាហាំ និងម៉ូសេ ។ ប៉ុន្តែមនុស្សជាច្រើនបានជ្រើសរើសបដិសេធដំណឹងល្អ និងព្យាការីដែលបានបង្រៀនពីសេចក្តីពិតម្តងហើយម្តងទៀត ។ ពីរពាន់ឆ្នាំមុន ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់បានបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ប្រជាជនថែមទាំងបដិសេធព្រះយេស៊ូវផងដែរ ។ បន្ទាប់ពីការស្លាប់របស់ពួកសាវករបស់ព្រះយេស៊ូវ មនុស្សបានបំភ្លៃគោលលទ្ធិពិត ដូចជាអំពីក្រុមព្រះជាដើម ។ ពួកគេក៏បានផ្លាស់ប្ដូរពិធីបរិសុទ្ធផងដែរ ដូចជាពិធីបុណ្យជ្រមុជទឹក ។
ការអញ្ជើញរបស់យើងចំពោះអ្នកគឺដើម្បីបន្ថែមទៅលើសេចក្តីពិតដែលអ្នកបានថែរក្សារួចទៅហើយ ។ សូមពិចារណាអំពីភស្តុតាងដែលថា ព្រះវរបិតាសួគ៌របស់យើងបានឈោងទៅជួយបុត្រាបុត្រីរបស់ទ្រង់ម្ដងទៀតដោយសេចក្ដីស្រឡាញ់ ហើយបានបើកសម្ដែងគោលលទ្ធិ និងពិធីបរិសុទ្ធពិតដល់ព្យាការីម្នាក់ ។ ឈ្មោះរបស់ព្យាការីរូបនេះគឺ យ៉ូសែប ស៊្មីធ ។ ភស្ដុតាងនៃសេចក្ដីពិតនេះមាននៅក្នុងគម្ពីរ—ព្រះគម្ពីរមរមន ។ អ្នកអាចកាន់វានៅក្នុងដៃរបស់អ្នក អានវា ហើយពិចារណាពីសេចក្តីពិតរបស់ព្រះគម្ពីរនេះនៅក្នុងគំនិត និងដួងចិត្តរបស់អ្នក ។ យើងសូមអញ្ជើញអ្នកឲ្យចូលរួមព្រះវិហារ ដើម្បីស្វែងយល់បន្ថែម ។
បង្រៀន និងថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃគ្រួសារ
ការលើកឡើងពីសារៈសំខាន់នៃក្រុមគ្រួសារនឹងជួយអ្នកស្វែងរកមនុស្សដើម្បីបង្រៀន មិនថាពួកគេមានប្រវត្តិជាពួកគ្រីស្ទាន ឬមិនមែនជាពួកគ្រីស្ទាននោះទេ ។ អ្នកអាចប្រៀបធៀបយ៉ាងឆាប់រហ័សនូវអ្វីដែលមនុស្សភាគច្រើនដឹងអំពីគ្រួសារទៅនឹងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ អ្នកអាចនិយាយអ្វីមួយដូចនេះ ៖
គ្រួសាររបស់យើងអាចជាឥទ្ធិពលដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់យើង ។ គ្រួសាររបស់យើងចងភ្ជាប់យើងទៅវិញទៅមក ហើយអាចជួយយើងឲ្យទទួលអារម្មណ៍ថា ត្រូវការ និងទទួលបានក្តីស្រឡាញ់ ។
ការមានគ្រួសារដ៏រឹងមាំ និងសប្បាយរីករាយគឺជាអាទិភាពខ្ពស់បំផុតសម្រាប់មនុស្សជាច្រើន ។ ការមានអាពាហ៍ពិពាហ៍ដ៏រឹងមាំ និងការចិញ្ចឹមបីបាច់កូននៅក្នុងពិភពលោកសព្វថ្ងៃនេះអាចជាការលំបាកខ្លាំងណាស់ ។
បន្ទាប់មក អ្នកអាចធ្វើការផ្លាស់ប្តូរទៅកាន់សារលិខិតនៃការស្ដារឡើងវិញ ៖
អ្នកជាផ្នែកនៃក្រុមគ្រួសាររបស់ព្រះតាំងពីមុនពេលអ្នកកើតមក ។ ទ្រង់ជាបិតារបស់យើងទាំងអស់គ្នា ។ ព្រះវរបិតាសួគ៌ចង់ឲ្យយើងត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ អ្នកគឺជាបុត្ររបស់ទ្រង់ ហើយទ្រង់ស្រឡាញ់អ្នក ។ ទ្រង់មានផែនការមួយដើម្បីជួយអ្នកត្រឡប់ទៅកាន់ទ្រង់វិញ ។
សេចក្តីពិតទាំងនេះ និងសេចក្តីពិតផ្សេងទៀតត្រូវបានស្ដារឡើងវិញដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង តាមរយៈព្យាការីដែលនៅរស់ ។ សេចក្តីពិតទាំងនេះជួយយើងឲ្យយល់អំពីកន្លែងរបស់យើងនៅក្នុងក្រុមគ្រួសាររបស់ព្រះ ។ តើពួកខ្ញុំអាចបង្រៀនអ្នកបន្ថែមទៀតអំពីសេចក្តីពិតទាំងនេះបានទេ ? តើអ្នកនឹងចូលរួមព្រះវិហារដើម្បីអ្នកអាចរៀនបន្ថែមទៀតទេ ?
គ្មានការខិតខំណាអត់ប្រយោជន៍នោះទេ
នៅពេលមនុស្សជ្រើសរើសមិនរៀនបន្ថែមអំពីដំណឹងល្អដែលបានស្ដារឡើងវិញ នោះការខិតខំរបស់អ្នកមិនអត់ប្រយោជន៍នោះទេ ។ ប្រហែលជាអ្នកបានដាំគ្រាប់ពូជដែលនឹងដុះនៅពេលផ្សេងទៀត ។ មិនថាវាកើតឡើង ឬអត់ទេ ការបម្រើ និងការបង្ហាញពីសេចក្តីស្រឡាញ់ពិតប្រាកដរបស់អ្នកនឹងផ្តល់ពរដល់អ្នក និងពួកគេផងដែរ ។
ប្រសិនបើមនុស្សមិនទាន់ត្រៀមខ្លួនទទួលដំណឹងល្អទេ សូមរកមើលវិធីផ្សេងទៀតដែលអ្នកអាចធ្វើដើម្បីពង្រឹងដល់ជីវិតរបស់ពួកគេ ។ ទំនាក់ទំនងដែលអ្នកអភិវឌ្ឍគឺនៅតែមានន័យ និងមានតម្លៃ ។ សូមបន្តធ្វើជាមិត្ត ។
មនុស្សពេលខ្លះត្រូវការពេលវេលាដើម្បីពិចារណាលើការផ្លាស់ប្តូរដែលបានស្នើសុំដល់ពួកគេ ។ សូមជួយពួកគេឲ្យទទួលសារលិខិតតាមរយៈអ៊ីមែល ឬគេហទំព័ររបស់សាសនាចក្រ ។ សារលិខិតទាំងនេះអាចជួយរៀបចំមនុស្សឲ្យទទួលយកការអញ្ជើញនាពេលអនាគតដើម្បីស្វែងយល់បន្ថែម ។
នៅពេលមនុស្សម្នាក់មិនទទួលយកដំណឹងល្អ វាជារឿងធម្មតាដែលត្រូវខកចិត្តនោះ ។ ទោះជាយ៉ាងណា នៅពេលអ្នកងាកទៅរកព្រះអម្ចាស់នៅគ្រានោះ ទ្រង់បានសន្យាថា « អញនឹងចម្រើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ » ( អេសាយ ៤១:១០ ) ។
តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ អ្នកអាចស្វែងរកសេចក្តីសុខសាន្ត និងការធានាឡើងវិញអំពីការខិតខំរបស់អ្នក ។ សូមរក្សាចក្ខុវិស័យមួយថាអ្នកជានរណា ហើយហេតុអ្វីបានជាអ្នកកំពុងបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ សេចក្តីជំនឿនឹងជួយអ្នកឲ្យឈានទៅមុខ ហើយបន្តក្នុងបំណងប្រាថ្នាដ៏សុចរិត ។
គំនិតសម្រាប់ការសិក្សា និងការអនុវត្ត
ការសិក្សាផ្ទាល់ខ្លួន
-
សូមអាន យ៉ូហាន ១៥:១២, យ៉ូហាន ២១:១៥–១៧, ថែស្សាឡូនីច ទី១ ២ និង ម៉ូសាយ ១៨:៨–១០ ។ តើអ្នកបំពេញការទទួលខុសត្រូវរបស់អ្នកក្នុងការស្រឡាញ់ និងបម្រើអ្នកដទៃបានល្អប៉ុនណា ? តើអ្នកអាចកែលម្អដោយរបៀបណា ? សូមសរសេរការឆ្លើយតបរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
សូមអាន នីហ្វៃទី៣ ១៨:៣១–៣២, អាលម៉ា ២៤:៧–៨ និង អាលម៉ា ៣២:៤១ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីការធ្វើការជាមួយមនុស្សដែលបានបង្រៀនពីមុន ? សូមកត់ត្រាអ្វីដែលអ្នករៀននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមបង្រៀនវាដល់ដៃគូរបស់អ្នក ។
ការសិក្សាជាមួយដៃគូ និងការផ្លាស់ប្តូរដៃគូ
-
សូមដាក់ផែនការជួបជាមួយសមាជិកថ្មីនៅក្នុងតំបន់របស់អ្នក ។ ប្រសិនបើចាំបាច់ សូមប្រើកម្មវិធីប្រកាសដំណឹងល្អរបស់យើង ដើម្បីស្វែងរកពួកគេ ។ សូមសំណួរដូចនេះ ៖
-
តើអ្នកបានរៀបចំខ្លួនសម្រាប់ដំណឹងល្អដោយរបៀបណា ?
-
តើអ្នកស្គាល់សាសនាចក្រដំបូងនៅពេលណា និងដោយរបៀបណា ?
-
តើការបំផុសគំនិតអ្វីដែលអ្នកមានពេលជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ?
-
តើយើងអាចបន្តគាំទ្រការរីកចម្រើនរបស់អ្នកដោយរបៀបណា ?
ចេញពីការប្រជុំទាំងនេះ តើអ្នកបានរៀនអ្វីខ្លះអំពីការស្វែងរកមនុស្សដែលរីកចម្រើនឆ្ពោះទៅរកពិធីបុណ្យជ្រមុជទឹក ? សូមរៀបចំផែនការដើម្បីអនុវត្តអ្វីដែលអ្នកបានរៀននៅសប្តាហ៍នេះ ។
-
-
សូមពិនិត្យមើលប្រធានបទដូចខាងក្រោមនេះ ។ ការប្រើប្រាស់មេរៀននៅក្នុង ជំពូកទី ៣ រៀបចំវិធីសាស្រ្តស្វែងរកសាមញ្ញៗ ។ អនុវត្តការបង្រៀនក្នុងបរិយាកាសស្វែងរក ។
-
មានអារម្មណ៍ថាត្រូវការទិសដៅ និងគោលបំណងបន្ថែមទៀតក្នុងជីវិត
-
ខ្ញុំចង់មានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះ
-
ត្រូវការជំនួយក្នុងការសម្រេចចិត្តសំខាន់ៗ
-
ក្រុមប្រឹក្សាមណ្ឌល សន្និសីទហ្សូន និងក្រុមប្រឹក្សាថ្នាក់ដឹកនាំបេសកកម្ម
-
សូមអាន និងពិភាក្សាផ្នែក « ពង្រីកចក្ខុវិស័យរបស់អ្នកក្នុងការដាក់ផែនការដើម្បីស្វែងរក » ។ ឲ្យដៃគូម្នាក់ៗបំពេញការវាយតម្លៃ ។
-
ពិភាក្សាអំពីរបៀបដែលគំនិតទាំងនេះបានជួយពួកអ្នកផ្សព្វផ្សាយសាសនាស្វែងរកមនុស្សដើម្បីបង្រៀន ។
-
រាយបញ្ជីគំនិតផ្សេងទៀតសម្រាប់ការស្វែងរកមនុស្សបង្រៀន ។ អញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យបង្ហាញពីគំនិតរបស់ពួកគេ ។
-
អញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យដាក់គោលដៅផ្ទាល់ខ្លួនសម្រាប់ការកែលម្អការខិតខំស្វែងរករបស់ពួកគេ ។
-
-
បង្កើតបញ្ជីនៃឱកាសស្វែងរកជាច្រើន ។
-
ចាត់តាំងឱកាសមួយទៅអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗ ។ ផ្តល់ពេលឲ្យអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗប្រាំនាទីដើម្បីរៀបចំពីរបៀបដែលគាត់ ឬនាងនឹងបង្រៀនផ្នែកនៃមេរៀននេះនៅក្នុងស្ថានភាពដែលបានចាត់តាំងឲ្យ ។
-
សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរក្សាប្រវែងនៃសារលិខិតដែលសមរម្យសម្រាប់ការបង្រៀននេះ ។
-
អញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើននាក់ឲ្យបង្រៀនមេរៀនដែលពួកគេបានដាក់ផែនការនៅក្នុងស្ថានភាព ដែលបានចាត់ឲ្យដល់ពួកគេ ។
-
-
អញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យអនុវត្តការចែកចាយសារលិខិតនៃដំណឹងល្អមួយនាទីជាមួយគ្នាទៅវិញទៅមក ។ អ្នកប្រហែលជាចង់រៀបចំបរិយាកាសស្វែងរកផ្សេងៗគ្នា ដូចជា ការបង្រៀននៅក្នុងផ្ទះរបស់សមាជិក ការបង្រៀននៅមាត់ទ្វារ ការបង្រៀននៅលើចិញ្ចើមផ្លូវ ឬការទាក់ទងរកអ្នករៀន ។ សូមឲ្យអ្នកពួកផ្សព្វផ្សាយសាសនាអនុវត្តការបង្រៀននៅក្នុងបរិយាកាសនីមួយៗទាំងនេះ ។
ថ្នាក់ដឹកនាំបេសកកម្ម និងទីប្រឹក្សាបេសកកម្ម
-
សូមរៀបចំឧទាហរណ៍មួយដែលសមាជិកធ្វើកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងគ្រួសាររបស់អ្នក ។ ចែកចាយបទពិសោធន៍របស់អ្នកជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិក ។
-
ប្រឹក្សាជាមួយបព្វជិតភាពក្នុងមូលដ្ឋាន និងអ្នកដឹកនាំអង្គការអំពីវិធីល្អបំផុតសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីស្វែងរកមនុស្សដើម្បីបង្រៀននៅក្នុងបេសកកម្មរបស់អ្នក ។
-
រៀបចំការប្រជុំធម្មនិដ្ឋានរបស់អ្នកផ្សព្វផ្សាយសាសនា ដែលអ្នកអាចនិយាយទៅកាន់មនុស្សដែលកំពុងរៀននៅក្នុងបេសកកម្មរបស់អ្នក ។ សម្របសម្រួលជាមួយអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ដើម្បីឲ្យសមាជិកអាចនាំមិត្តភក្ដិរបស់ពួកគេមក ។ អញ្ជើញសមាជិកថ្មីឲ្យចែកចាយទីបន្ទាល់របស់ពួកគេ ហើយប្រាប់ដំណើររឿងប្រែចិត្តរបស់ពួកគេ មុនពេលអ្នកនិយាយ ។
-
ម្តងម្កាលទៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីជួយពួកគេស្វែងរកមនុស្សដើម្បីបង្រៀន ។