ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 33


កណ្ឌ​ទី ៣៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អែសរ៉ា ធេយ័រ និង ណូរត្រុព ស៊្វីត នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​តុលា ឆ្នាំ​១៨៣០ (History of the Church, ១:១២៦–១២៧)។ ក្នុង​ការ​កត់​វិវរណៈ​នេះ ព្យាការី​បាន​បញ្ជាក់​ថា ៖ « … ព្រះ​អម្ចាស់​ទ្រង់​ប្រុងប្រៀប​ជានិច្ច ដើម្បី​បង្គាប់​ដល់​អស់​អ្នក​ណា​ដែល​ព្យាយាម​ស្វែងរក​ដោយ​នូវ​សេចក្ដី​ជំនឿ » (History of the Church, ១:១២៦)។

១–៤, ពួក​អ្នក​ធ្វើ​ការ​ត្រូវ​បាន​ហៅ​ឲ្យ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ នៅ​ម៉ោង​ទី​១១; ៥–៦, សាសនាចក្រ​ត្រូវ​បាន​តាំង​ឡើង ហើយ​ពួក​ដែល​បាន​រើស​តាំង ត្រូវ​បាន​ប្រមូល​គ្នា; ៧–១០, ចូរ​ប្រែ​ចិត្ត​ចុះ ត្បិត​នគរ​ស្ថាន​សួគ៌​នៅ​ជិត​ដៃ​បង្កើយ; ១១–១៥, សាសនាចក្រ​ត្រូវ​បាន​សាង​ឡើង​នៅ​លើ​ថ្មដា​នៃ​ដំណឹង​ល្អ; ១៦–១៨, ចូរ​ប្រុងប្រៀប​ចាំ​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី​ចុះ។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា អែសរ៉ា និង ណូរត្រុព ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ ចូរ​បើក​ត្រចៀក ហើយ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​ចុះ ឯ​ព្រះ​បន្ទូល​របស់​ទ្រង់​នោះ​នៅ​រស់ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​មាន​មុខ​ពីរ ដើម្បី​កាត់​សន្លាក់ និង​ខួរឆ្អឹង ព្រលឹង និង​វិញ្ញាណ​ដាច់​ពី​គ្នា ហើយ​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សម្រេច​ដែរ។

ត្បិត​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ ឲ្យ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង ហាក់​ដូច​ជា​ដោយ​សំឡេង​ត្រែ ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង​ដល់​តំណ​មនុស្ស​វៀច និង​ខិលខូច។

ត្បិត​មើល​ចុះ ស្រែ​បាន​ស​សំព្រុស​ល្មម​ច្រូត​ហើយ ហើយ​ត្រូវ​ជា​ម៉ោង​ទី​១១​ហើយ ហើយ​ជា​ពេល​ក្រោយ​បង្អស់ ដែល​យើង​នឹង​ហៅ​ពួក​អ្នក​ធ្វើ​ការ​ឲ្យ​ចូល​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង។

ហើយ​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​បាន​ក្លាយ​ទៅ​ជា​ពុករលួយ គ្រប់​ទាំង​កន្លែង​តូច​តាច​ផង ហើយ​គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ លើក​លែងតែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​ពួក​គេ​ធ្វើ​ខុស​ក្នុង​គ្រា​ជា​ច្រើន ពី​ព្រោះ​មក​ពី​ឧបាយកល​ផ្នែក​សង្ឃ គឺជា​ពួក​អស់​អ្នក​ដែល​មាន​គំនិត​ពុករលួយ។

ហើយ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា សាសនាចក្រ​នេះ យើង​បាន​តាំង​ឡើង ហើយ​បាន​ហៅ​ឲ្យ​ចេញ​មក​ពី​ទី​រហោស្ថាន។

ហើយ​ទើប​យើង​ប្រមូល​ពួក​ដែល​យើង​រើស​តាំង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី បែប​ដូច្នោះ​ហើយ គឺ​អស់​មនុស្ស​ជា​ច្រើន​ណា​ដែល​នឹង​ជឿ​ដល់​យើង ហើយ​ស្ដាប់​តាម​សំឡេង​របស់​យើង។

មែន​ហើយ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ស្រែ​បាន​ស​សំព្រុស​ល្មម​ច្រូត​ហើយ ហេតុ​ដូច្នោះ​ហើយ ចូរ​លូក​កណ្ដៀវ​របស់​អ្នក ហើយ​ច្រូត​ដោយ​អស់​ពី​ពលំ អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក​ចុះ។

ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរ​ពេញ ហើយ​អ្នក​នឹង​បាន​ក្លាយ​ទៅ​ដូច​ជា​នីហ្វៃ​ពី​បុរាណ ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​រហោស្ថាន ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម។

មែន​ហើយ ចូរ​បើក​មាត់​របស់​អ្នក​ចុះ ហើយ​ចូរ​កុំ​សំចៃ​ឡើយ ហើយ​អ្នក​នឹង​បាន​ផ្ទុក​កណ្ដាប់​ស្រូវ​ពីលើ​ខ្នង​របស់​អ្នក ត្បិត​មើល​ន៏ យើង​នៅ​ជាមួយ​នឹង​អ្នក។

១០មែន​ហើយ ចូរ​បើក​មាត់​របស់​អ្នក​ចុះ ហើយ​មាត់​នឹង​បាន​ពោរ​ពេញ ដោយ​និយាយ​ថា ៖ ចូរ​ប្រែ​ចិត្ត​ចុះ ចូរ​ប្រែ​ចិត្ត​ចុះ ហើយ​ចូរ​អ្នក​រាល់​គ្នា​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ហើយ​តម្រង់​ផ្លូវ​ថ្វាយ​ទ្រង់​ចុះ ត្បិត​នគរ​ស្ថាន​សួគ៌​នៅ​ជិត​ដៃ​បង្កើយ

១១មែន​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា សម្រាប់​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក មែន​ហើយ ចូរ​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​បន្ទាប់​មក នឹង​មាន​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

១២មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នេះ​ជា​ដំណឹង​ល្អ​របស់​យើង ហើយ​ចូរ​ចងចាំ​ចុះ​ថា ពួក​គេ​នឹង​ត្រូវ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ

១៣ហើយ​នៅ​លើ​ថ្មដា​នេះ យើង​នឹង​ស្ថាបនា​សាសនាចក្រ​របស់​យើង មែន​ហើយ នៅ​លើ​ថ្មដា​នេះ អ្នក​រាល់​គ្នា​ត្រូវ​បាន​ស្ថាបនា​ឡើង ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នៅ​ខ្ជាប់​ខ្ជួន នោះ​ទ្វារ​នៃ​ស្ថាន​នរក នឹង​ពុំ​ដែល​ឈ្នះ​លើ​អ្នក​បាន​ឡើយ។

១៤ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ចាំ​ពី​មាត្រា និង​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​សាសនាចក្រ ដើម្បី​កាន់​តាម​របស់​ទាំង​នោះ។

១៥ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​នឹង​ត្រូវ​បញ្ជាក់​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ដោយ​សារ​ការ​ដាក់​ដៃ​លើ ហើយ​យើង​នឹង​ប្រទាន​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​លើ​ពួក​គេ។

១៦ហើយ​ព្រះ​គម្ពីរ​មរមន និង​ព្រះ​គម្ពីរ​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​មក​ពី​យើង សម្រាប់​ការ​បង្គាប់​ដល់​អ្នក ហើយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង​នឹង​ប្រោស​ឲ្យ​របស់​របរ​ទាំង​អស់​មា​ន​ជីវិត​ចម្រើន​ឡើង​វិញ។

១៧ហេតុ​ដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់ ដោយ​អធិស្ឋាន​ជានិច្ច ដោយ​មាន​ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅ​ជាមួយ​អ្នក​ផង ដើម្បី​ឲ្យ​អ្នក​អាច​បាន​ប្រុងប្រៀប​ជាស្រេច ក្នុង​កាល​ការ​យាង​មក​នៃ​ប្ដី​ថ្មោង​ថ្មី —

១៨ត្បិត​មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​មក​យ៉ាង​ឆាប់​រហ័ស។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕