ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 53


កណ្ឌ​ទី ៥៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អាលកើណុន ស៊ីឌនី គិលបឺត នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​មិថុនា ឆ្នាំ​១៨៣១ (History of the Church, ១:១៧៩–១៨០)។ តាម​សំណូមពរ​របស់​ស៊ីឌនី គិលបឺត នោះ​ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ អំពី​កិច្ចការ និង​ភារកិច្ច​របស់​បង​ប្រុស គិលបឺត នៅ​ក្នុង​សាសនាចក្រ។

១–៣, ការ​ហៅ និង​ការ​រើស​តាំង​របស់​ស៊ីឌនី គិលបឺត នៅ​ក្នុង​សាសនាចក្រ គឺ​ត្រូវ​តែងតាំង​ជា​អែលឌើរ; ៤–៧, គាត់​ត្រូវ​បម្រើ​ជា​ភ្នាក់​ងារ​របស់​ប៊ីស្សព។

មើល​ចុះ ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ថា យើង​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ហើយ ហើយ​អ្នក​បាន​អំពាវ​នាវ​ដល់​យើង សូម​ឲ្យ​ព្រះ​អម្ចាស់​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ដឹង​អំពី​ការ​ហៅ និង​ការ​រើស​របស់​អ្នក​នៅ​ក្នុង​សាសនាចក្រ ដែល​យើង​ជា​ព្រះ​អម្ចាស់​បាន​តាំង​ឡើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ទាំង​នេះ។

មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ ដែល​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​នៃ​មនុស្ស​លោក ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​លះបង់​ចោល​លោកិយ។

ចូរ​ដាក់​លើ​ខ្លួន​នូវ​ការ​តែងតាំង​របស់​យើង គឺជា​ការ​តែងតាំង​នៃ​អែលឌើរ ដើម្បី​ទៅ​ផ្សាយ​ពី​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត និង​ការ​ផ្ដាច់​បាប តាម​ព្រះ​បន្ទូល​របស់​យើង និង​ពី​ការ​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ

ហើយ​ឲ្យ​ធ្វើ​ជា​ភ្នាក់​ងារ​ចំពោះ​សាសនាចក្រ​នេះ ក្នុង​កន្លែង​ដែល​ត្រូវ​បាន​ចាត់តាំង​ឡើង​ដោយ​ប៊ីស្សព តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​ត្រូវ​ប្រទាន​ឲ្យ​បន្ទាប់​ពី​នេះ​ទៅ។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ត្រូវ​ចេញ​ដំណើរ​ទៅ​ជា​មួយ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង។

មើល​ចុះ ការណ៍​ទាំង​នេះ​គឺជា​ពិធី​បរិសុទ្ធ​ដំបូង​ទាំង​ឡាយ ដែល​អ្នក​ត្រូវ​បាន​ទទួល ហើយ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង​នៅ​ពេល​ខាង​មុខ តាម​កិច្ចការ​របស់​អ្នក នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង។

ហើយ​ជា​ថ្មី​ទៀត យើង​ចង់​ឲ្យ​អ្នក​រៀន​ដឹង​ថា អ្នក​ណា​ដែល​បាន​សង្គ្រោះ គឺជា​អ្នក​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ប៉ុណ្ណោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕