កណ្ឌទី ៥៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអាលកើណុន ស៊ីឌនី គិលបឺត នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ខែមិថុនា ឆ្នាំ១៨៣១ (History of the Church, ១:១៧៩–១៨០)។ តាមសំណូមពររបស់ស៊ីឌនី គិលបឺត នោះព្យាការីបានសូមដល់ព្រះអម្ចាស់ អំពីកិច្ចការ និងភារកិច្ចរបស់បងប្រុស គិលបឺត នៅក្នុងសាសនាចក្រ។
១–៣, ការហៅ និងការរើសតាំងរបស់ស៊ីឌនី គិលបឺត នៅក្នុងសាសនាចក្រ គឺត្រូវតែងតាំងជាអែលឌើរ; ៤–៧, គាត់ត្រូវបម្រើជាភ្នាក់ងាររបស់ប៊ីស្សព។
១មើលចុះ ស៊ីឌនី គិលបឺត ជាអ្នកបម្រើរបស់យើងអើយ យើងប្រាប់អ្នកថា យើងបានឮពាក្យអធិស្ឋានរបស់អ្នកហើយ ហើយអ្នកបានអំពាវនាវដល់យើង សូមឲ្យព្រះអម្ចាស់របស់អ្នកធ្វើឲ្យអ្នកដឹងអំពីការហៅ និងការរើសរបស់អ្នកនៅក្នុងសាសនាចក្រ ដែលយើងជាព្រះអម្ចាស់បានតាំងឡើងនៅគ្រាចុងក្រោយបង្អស់ទាំងនេះ។
២មើលចុះ យើងជាព្រះអម្ចាស់ ដែលត្រូវគេឆ្កាងជំនួសអំពើបាបនៃមនុស្សលោក ប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកត្រូវលះបង់ចោលលោកិយ។
៣ចូរដាក់លើខ្លួននូវការតែងតាំងរបស់យើង គឺជាការតែងតាំងនៃអែលឌើរ ដើម្បីទៅផ្សាយពីសេចក្ដីជំនឿ និងការប្រែចិត្ត និងការផ្ដាច់បាប តាមព្រះបន្ទូលរបស់យើង និងពីការទទួលយកព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ
៤ហើយឲ្យធ្វើជាភ្នាក់ងារចំពោះសាសនាចក្រនេះ ក្នុងកន្លែងដែលត្រូវបានចាត់តាំងឡើងដោយប៊ីស្សព តាមព្រះបញ្ញត្តិទាំងឡាយដែលត្រូវប្រទានឲ្យបន្ទាប់ពីនេះទៅ។
៥ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា អ្នកត្រូវចេញដំណើរទៅជាមួយ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និងស៊ីឌនី រិកដុន ជាពួកអ្នកបម្រើរបស់យើង។
៦មើលចុះ ការណ៍ទាំងនេះគឺជាពិធីបរិសុទ្ធដំបូងទាំងឡាយ ដែលអ្នកត្រូវបានទទួល ហើយដែលនៅសល់ទាំងប៉ុន្មាន នោះនឹងត្រូវបានធ្វើឲ្យដឹងនៅពេលខាងមុខ តាមកិច្ចការរបស់អ្នក នៅក្នុងចម្ការទំពាំងបាយជូររបស់យើង។
៧ហើយជាថ្មីទៀត យើងចង់ឲ្យអ្នករៀនដឹងថា អ្នកណាដែលបានសង្គ្រោះ គឺជាអ្នកដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតប៉ុណ្ណោះ។ គឺដូច្នោះមែន។ អាម៉ែន៕