កណ្ឌទី ៧៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែមករា ឆ្នាំ១៨៣២ (History of the Church, ១:២៤២)។ ព្យាការីសរសេរថា ៖ « កាលបានទទួលព្រះបន្ទូលនៃព្រះអម្ចាស់ដែលផុតមកហើយនេះ [គ. និង ស. ៧៣] ខ្ញុំបានចាប់ផ្ដើមការបកប្រែព្រះគម្ពីរ ហើយបានធ្វើការយ៉ាងព្យាយាម រហូតដល់ចំពេលសន្និសីទចាប់ផ្ដើម ដែលនឹងធ្វើឡើងនៅថ្ងៃ ទី២៥ ក្នុងខែមករា។ នៅពេលនេះ ខ្ញុំក៏បានទទួលវិវរណៈដែលមានដូចតទៅនេះ ទុកជាការពន្យល់ប្រាប់អំពីសំបុត្រទីមួយទៅដល់ពួកកូរិនថូស ជំពូកទី៧ ខ១៤ » (History of the Church, ១:២៤២)។
១–៥, ប៉ុលទូន្មានសាសនាចក្រនៅសម័យលោក កុំឲ្យកាន់តាមក្រឹត្យវិន័យនៃលោកម៉ូសេឡើយ; ៦–៧, កូនក្មេងតូចសុទ្ធតែបរិសុទ្ធ ហើយបានញែកចេញជាបរិសុទ្ធតាមរយៈដង្វាយធួនហើយ។
១ត្បិតប្ដីដែលមិនជឿ នោះបានញែកចេញជាបរិសុទ្ធដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿ នោះបានញែកចេញជាបរិសុទ្ធដោយសារប្ដីដែរ ពុំនោះកូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាបរិសុទ្ធហើយ។
២ឥឡូវនេះ នៅសម័យពួកសាវក នោះក្រឹត្យវិន័យនៃការកាត់ស្បែកត្រូវបានគោរពតាមនៅក្នុងចំណោមពួកសាសន៍យូដាទាំងអស់ ដែលមិនជឿដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។
៣ហើយហេតុការណ៍បានកើតឡើងថា មានការទាស់ទែងដ៏ធំមួយកើតឡើងក្នុងចំណោមប្រជាជនអំពីក្រឹត្យវិន័យនៃការកាត់ស្បែក ត្បិតប្ដីដែលមិនជឿមានបំណងចង់ឲ្យកូនចៅខ្លួនកាត់ស្បែក ហើយគោរពតាមក្រឹត្យវិន័យនៃលោកម៉ូសេ ជាក្រឹត្យវិន័យដែលបានបំពេញរួចហើយ។
៤ហើយហេតុការណ៍បានកើតឡើងថា កូនចៅដែលបានចិញ្ចឹមឡើងឲ្យនៅក្រោមក្រឹត្យវិន័យនៃលោកម៉ូសេ បានស្ដាប់តាមសណ្ដាប់ទាំងឡាយនៃពួកអយ្យកោរបស់ពួកគេ ហើយមិនជឿតាមដំណឹងល្អនៃព្រះគ្រីស្ទឡើយ ដោយហេតុនេះហើយ ទើបពួកគេត្រឡប់ជាឥតបរិសុទ្ធ។
៥ហេតុដូច្នោះហើយ ត្បិតដោយហេតុនេះ ទើបសាវកនេះបានសរសេរទៅសាសនាចក្រ ដោយឲ្យដល់ពួកគេនូវបញ្ញត្តិមួយ ពុំមែនមកពីព្រះអម្ចាស់ទេ តែមកពីខ្លួនលោក ថាអ្នកដែលជឿមិនគួរចូលរួមនឹងអ្នកដែលមិនជឿឡើយ លើកលែងតែក្រឹត្យវិន័យនៃលោកម៉ូសេ ត្រូវបានបោះបង់ចោលនៅក្នុងចំណោមពួកគេសិន។
៦ប្រយោជន៍ឲ្យកូនចៅរបស់ពួកគេអាចរស់នៅដោយគ្មានការកាត់ស្បែកឡើយ ហើយប្រយោជន៍ឲ្យសណ្ដាប់ដែលបានថាកូនក្មេងតូចឥតបរិសុទ្ធ នោះអាចត្រូវបានលុបចោល ត្បិតសណ្ដាប់នោះធ្លាប់មាននៅក្នុងចំណោមពួកសាសន៍យូដា
៧ប៉ុន្តែកូនក្មេងសុទ្ធតែបរិសុទ្ធ ពីព្រោះបានញែកចេញជាបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទហើយ ហើយនេះគឺជាអត្ថន័យនៃបទគម្ពីរ។