កណ្ឌទី ៧
វិវរណៈដែលបានប្រទានដល់យ៉ូសែប ស៊្មីធ ជាព្យាការី និងដល់អូលីវើរ ខៅឌើរី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែមេសា ឆ្នាំ១៨២៩ ក្នុងកាលពួកគេបានសុំ តាមរយៈយូរីម និងធូមីម អំពីយ៉ូហាន ជាសិស្សដ៏ជាទីស្រឡាញ់នោះ ថាតើបានរស់នៅក្នុងសាច់ឈាម ឬក៏ស្លាប់ទៅហើយ។ វិវរណៈនេះជាការបកប្រែពីបញ្ជីដែលយ៉ូហានបានសរសេរទុកនៅលើរមូរក្រដាស ហើយបានលាក់ទុកដោយខ្លួនលោកផ្ទាល់ (History of the Church, ១:៣៥–៣៦)។
១–៣, យ៉ូហានដ៏ជាទីស្រឡាញ់ នឹងរស់នៅទាល់តែព្រះអម្ចាស់ទ្រង់យាងមក; ៤–៨, ពេត្រុស យ៉ាកុប និងយ៉ូហានកាន់កូនសោនៃដំណឹងល្អ។
១ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ យ៉ូហានដ៏ជាទីស្រឡាញ់របស់យើងអើយ តើអ្នកប្រាថ្នាអ្វី? ត្បិតបើសិនជាអ្នកនឹងសុំតាមបំណងរបស់អ្នក នោះនឹងបានប្រទានដល់អ្នកហើយ។
២ហើយខ្ញុំបានទូលទ្រង់ថា ៖ ព្រះអម្ចាស់អើយ សូមប្រទានដល់ទូលបង្គំនូវអំណាចលើសេចក្ដីស្លាប់ ដើម្បីឲ្យទូលបង្គំអាចនៅរស់ ហើយនាំព្រលឹងទាំងឡាយមករកព្រះអង្គ។
៣ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ពីព្រោះអ្នកចង់បានការណ៍នេះ នោះអ្នកនឹងនៅទាល់តែយើងមក នៅក្នុងសិរីល្អរបស់យើង ហើយនឹងព្យាករនៅចំពោះសាសន៍ ពូជមនុស្ស ភាសា និងប្រជាជន។
៤ហើយមកពីករណីនេះ បានជាព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅពេត្រុសថា ៖ បើសិនជាយើងចង់ឲ្យអ្នកនោះនៅទាល់តែយើងមក នោះតើអំពល់អ្វីដល់អ្នក? ត្បិតគាត់បានប្រាថ្នាការណ៍នោះពីយើង ដើម្បីឲ្យគាត់អាចនាំមនុស្សទាំងឡាយមករកយើង ប៉ុន្តែអ្នកបានប្រាថ្នាសុំឲ្យអ្នកអាចបានមកឯយើង នៅឯនគរយើងយ៉ាងឆាប់រហ័សវិញ។
៥យើងប្រាប់អ្នកថា ពេត្រុសអើយ នេះជាសំណូមពរដ៏ល្អមួយ ប៉ុន្តែអ្នកដ៏ជាទីស្រឡាញ់របស់យើង គាត់បានប្រាថ្នាសុំឲ្យគាត់ធ្វើលើសទៅទៀត ឬក៏កិច្ចការលើសទៅទៀតនៅក្នុងចំណោមមនុស្ស ជាងអ្វីដែលគាត់ធ្លាប់បានធ្វើពីមុនមក។
៦មែនហើយ គាត់បានចាប់ផ្ដើមធ្វើកិច្ចការលើសលែងទៅទៀត ហេតុដូច្នេះហើយ យើងនឹងធ្វើឲ្យគាត់ទៅដូចជាអណ្ដាតភ្លើង និងជាទេវតាបម្រើ គាត់នឹងបម្រើដល់អស់អ្នកណាដែលនឹងគ្រងសេចក្ដីសង្គ្រោះទុកជាមរតក ដែលអាស្រ័យនៅលើផែនដី។
៧ហើយយើងនឹងធ្វើឲ្យអ្នកជាអ្នកបម្រើដល់គាត់ និងដល់យ៉ាកុបជាបងប្អូនរបស់អ្នក រីឯអ្នកទាំងបីវិញ យើងនឹងឲ្យអំណាចនេះ និងកូនសោទាំងឡាយនៃការងារបម្រើនេះ ទាល់តែយើងមក។
៨ប្រាកដមែនយើងប្រាប់អ្នករាល់គ្នាថា អ្នកទាំងពីរនឹងបានតាមសេចក្ដីប្រាថ្នារបស់អ្នក ត្បិតអ្នកទាំងពីរមានសេចក្ដីត្រេកអរនឹងអ្វីដែលអ្នកបានប្រាថ្នានោះ៕