អាមីហ្គូស ថ្មី
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ប្រ៊ីជីតមិនចេះភាសាអេស្ប៉ាញទេ ។ តើនាងអាចជួបមនុស្សម្នាដោយរបៀបណា ?
« យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង » ( ម៉ាថាយ ២៥:៣៥ )
ប្រ៊ីជីតសម្លឹងមើលតាមបង្អួចឡាននៅពេលគ្រួសាររបស់នាងបើកកាត់តាមផ្លូវតូចចង្អៀតនៃទីក្រុងការ៉ាសប្រទេសវេណេហ្សូអេឡា ។ មានផ្ទះដែលមានពណ៌ ស្រស់ឆើតឆាយ និងមានភ្នំពណ៏បៃតងធំៗ ។ វាជាកន្លែងដ៏ស្រស់ស្អាតមួយ ។ ម៉ាក់ និងប៉ាបាននិយាយថាការរស់នៅទីនេះគឺជាការផ្សងព្រេងថ្មីមួយ ។
ប៉ុន្តែប្រ៊ីជីតនៅតែមានអារម្មណ៏ព្រួយបារម្ភ ។ ថ្ងៃនេះជាលើកដំបូងរបស់ពួកគេដែលទៅព្រះវិហារនៅក្នុងប្រទេសថ្មីរបស់ពួកគេ ។
ម៉ាក់បានងាកទៅប្រ៊ីជីត ។ គាត់បានសួរថា « តើកូនមិនអីទេ ? » ។ « កូនមើលទៅដូចជាមិនសូវស្រួលក្នុងខ្លួនសោះ » ។
ប្រ៊ីជីតបានពត់ដៃរបស់នាង ។ « កូនខ្លាច ។ កូនមិនចេះនិយាយភាសាអេស្ប៉ាញទេ ។ តើកូនអាចបង្កើតមិត្តភក្តិដោយរបៀបណា ? »
ម៉ាក់បានលូកដៃទៅចាប់កាន់ដៃរបស់ប្រ៊ីជីត ។ « ម៉ាក់ដឹងថាកូនបារម្ភ ។ ប៉ុន្ដែវានឹងមិនអីទេ ។ កូនដកដង្ហើមឲ្យវែងៗ » ។
ប្រ៊ីជីតបានឈ្ងោកមុខមើលទៅដៃរបស់នាង ។ ដៃទាំងពីត្រជាក់ទោះបីក្នុងអាកាសធាតុក្តៅក្តី ។ បេះដូង នាង លោតញាប់ ជាងមុន ហើយមានអារម្មណ៍ភ័យអរ នៅពេលដែលរថយន្តបានបើកចូលចំណតព្រះវិហារ ។ តើព្រះវិហារនឹងមានសភាពបែបម៉េចទៅ ? តើនាងអាចយល់អ្វីខ្លះបានទេ ?
ពេលបោះជំហានចូលទៅក្នុងវិហារនោះ ប្រ៊ីជីត មានអារម្មណ៍ដូចជាមនុស្សចម្លែក ។ នាងបានមើលជុំវិញទៅគ្រួសារដទៃទៀត ទាំងអស់សុទ្ធតែនិយាយភាសាអេស្ប៉ាញ ។ បន្ទាប់មកនាងបានឃើញក្មេងស្រីពីរនាក់ដែលមើលទៅមានអាយុស្របាលនឹងនាងដែរ ។
នៅពេលដែលក្មេងស្រីនោះបានឃើញ ប្រ៊ីជីត ពួកគេប្រញាប់ប្រញាល់ទៅរកនាងភ្លាម ។ ភ្លាមៗ ពួកគេនិយាយទាំងរីករាយ និងមានស្នាមញញឹមផងដែរ ។
ប៉ុន្តែនាងពុំអាចយល់អ្វីដែលពួកគេបាននិយាយនោះទេ ។ នាងបានឆ្ងល់ថាតើពួកគេនឹងចេញទៅវិញទេនៅពេលពួកគេដឹងថាខ្ញុំមិនចេះនិយាយភាសាអេស្ប៉ាញនោះ ? ។
ប្រ៊ីជីតបានដកដង្ហើមធំ ។ នាងបាននិយាយដោយគ្រវីក្បាលរបស់នាងថា « មិនចេះនិយាយភាសាអេស្ប៉ាញទេ » ។ « ខ្ញុំឥតចេះនិយាយភាសាអេស្ប៉ាញទេ » ។ ទឹកភ្នែករបស់នាងក៏បានហូរចុះមក ។
ក្មេងស្រីៗនោះគ្រាន់តែញាក់ស្មា ហើយញញឹមកាន់តែខ្លាំងឡើង ។ ក្មេងស្រីម្នាក់បានចង្អុលខ្លួនឯងហើយនិយាយថា « ដាយ៉ាណា » ។ បន្ទាប់មកនាងបានចង្អុលទៅក្មេងស្រីម្នាក់ទៀតហើយនិយាយថា « អាន់ឌ្រៀ » ។
ការព្រួយបារម្ភរបស់ប្រ៊ីជីតបានចាប់ផ្តើមរលាយបាត់ទៅ ។ នាងបានញញឹមដាក់ក្មេងស្រីៗនោះ ហើយចង្អុលមកខ្លួនឯង ។ « ប្រ៊ីជីត » ។
ដាយ៉ាណា និងអាន់ឌ្រៀបានអង្គុយនៅក្បែរប្រ៊ីជីត ។ ពួកគេបានបង្រៀននាងឲ្យចេះនិយាយពាក្យ « ព្រះគម្ពីរ » ជាភាសាអេស្ប៉ាញ និងពាក្យពីរបីទៀត ។ នៅពេលការប្រជុំសាក្រាម៉ង់បានចាប់ផ្តើមនោះដួងចិត្តរបស់ ប្រ៊ីជីត មានអារម្មណ៍កក់ក្តៅ និងសន្តិភាព ។
ក្រោយពីថ្នាក់អង្គការបឋមសិក្សាប្រ៊ីជីត និងមិត្តភក្តិថ្មីរបស់នាងបានអង្គុយនៅលើស្មៅនៅខាងក្រៅព្រះវិហារខណៈពេលដែលឪពុកម្តាយរបស់ពួកគេនិយាយគ្នា ។ ដាយ៉ាណា និងអាន់ឌ្រៀបានបង្រៀនពាក្យអេស្ប៉ាញខ្លះបន្ថែមទៀតដល់ប្រ៊ីជីត ។ បន្ទាប់មកដាយ៉ាណាបានចង្អុលទៅដើមឈើមួយដើម ហើយសួរថា « ¿Inglés ( ភាសាអង់គ្លេស ) ? »
ប្រ៊ីជីតញញឹមហើយបានចង្អុលទៅដើមឈើផងដែរ ។ នាងបាននិយាយថា « Tree » ។ នាងមានមុខស្រស់ស្រាយ ហើយចង្អុលទៅរបស់ផ្សេងទៀតដោយនិយាយពាក្យជាភាសាអង់គ្លេស ។ ដាយ៉ាណា និងអាន់ឌ្រៀបានថាតាមពាក្យទាំងនោះជាភាសាអង់គ្លេស ។ បន្ទាប់មកពួកគេបានបង្រៀនប្រ៊ីជីតឲ្យនិយាយជាភាសាអេស្ប៉ាញ ។ ប្រ៊ីជីតបានរៀនពាក្យមានប្រយោជន៍គ្រប់ប្រភេទដូចជា libro ( សៀវភៅ ) casa ( ផ្ទះ ) និង coche( ឡាន ) ។ អ្វីដែលល្អបំផុតនោះពួកគេបង្រៀននាងឲ្យចេះនិយាយពាក្យ amigos ( មិត្តភក្តិ ) ។
មិនយូរប៉ុន្មានក៏ដល់ ពេលទៅផ្ទះវិញ ។ ប្រ៊ីជីតលើកដៃលាដាយ៉ាណា និងអាន់ឌ្រៀ ។
« តើថ្ងៃដំបូងរបស់កូននៅព្រះវិហារនៅ វេណេស៊ុយអេឡាយ៉ាងដូចម្តេចដែរ ? » ប៉ាបានសួរ ។
ប្រ៊ីជីត បានញញឹម ។ « វាអស្ចារ្យណាស់ ! ខ្ញុំ បាន រាប់អាន មិត្តភក្តិថ្មី ។ ហើយពួកគេបង្រៀនខ្ញុំភាសាអេស្ប៉ាញ ! »
« ពិតជាអស្ចារ្យមែន ! ម៉ាក់សប្បាយចិត្តណាស់ដែលកូនមានថ្ងៃល្អ ។ »
ប្រ៊ីជីត បានគិតអំពីរបៀបដែលដាយ៉ាណា និងអាន់ឌ្រៀបានស្វាគមន៍នាង ។ នាងមិនមានអារម្មណ៍ថាដូចជាមនុស្សចម្លែកទៀតទេ ។ នាងបានដឹងថា ព្រះវរបិតាសួគ៌បានជួយនាងរាប់អានមិត្តភក្តិ ។ ហើយនាងរង់ចាំមើលថាពេលវេលាដែលនៅសេសសល់របស់នាងនៅការ៉ាកាសនឹងមានអ្វីខ្លះកើតឡើងទៀត !