ឆ្នាំ​២០២១
អូលហ្គា ស្នេឌើហ្វើរ
ខែ កញ្ញា​ឆ្នាំ​២០២១


អ្នកត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ដែនដី

អូលហ្គា ស្នេឌើហ្វើរ

អ្នកផ្គត់ផ្គង់​ព្រះវិហារបរិសុទ្ធ​ដំបូង​គេ​មកពី​ប្រទេសឆេកូស្លូវ៉ាគី

អូលហ្គា​ដឹងថា​គាត់​នឹង​ទៅ​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃ​ណា​មួយ ។

woman sitting on chair looking at temple pictures

អូលហ្គា​បាន​សម្លឹង​មើល​រូបភាព​ព្រះវិហារបរិសុទ្ធ​ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​គាត់ ។ គាត់​បាន​ដក​ដង្ហើម​ធំ ។ ប្រសិន​បើ​គ្រួសារ​របស់​គាត់​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​មិន​ដឹង​ជា​អស្ចារ្យ​ប៉ុណ្ណា​ទេ ! ប៉ុន្តែ មិន​មាន ព្រះវិហារបរិសុទ្ធ នៅ​ក្បែរ​នោះ​ទេ​ហើយ​វា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការចេញ​ទៅ​ក្រៅ​ប្រទេស​ពី​ប្រទេស​របស់​គាត់ ។

អូលហ្គា បាន​ជ្រមុជទឹក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ប៉ុន្ដែ​នៅ​ពេល​នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ ។ សមាជិក​នៃ​សាសនាចក្រ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ព្រះវិហារ​ទៀត​ទេ ។ ពួក​គេ​មិន​អាច​និយាយ​ជា​មួយ​អ្នកដទៃ​អំពី​ជំនឿ​របស់​ពួកគេ​បាន​ទៀត​ផង ។

អូលហ្គា​នៅ​តែ​បន្ត​រស់នៅ​តាម​ព្រះសិក្ខាបទ ។ ហើយ​លោក ជៀរី ជា​ស្វាមី​របស់​គាត់ ក៏​ធ្វើ​ដូច្នោះ​ដែរ ។ ពួកគាត់​បាន​អធិស្ឋាន និង​អាន​ព្រះគម្ពីរ ។ ពួក​គាត់​ធ្វើ​រាត្រីក្រុមគ្រួសារ និង​បាន​បង្រៀន​កូនៗ​របស់​ពួកគាត់ ។ នៅ​រៀងរាល់​ថ្ងៃអាទិត្យ​ពួកគេ​ទាំងអស់គ្នា​មាន​ការ​ប្រជុំសាក្រាម៉ង់​នៅ​ក្នុង​ផ្ទះ​តូច​របស់​ពួកគេ ។ ពួកគាត់​បាន​ព្យួរ​រូបភាព​ព្រះវិហារបរិសុទ្ធ​ជា​ច្រើន ។

ហើយ​នៅ​ពេល​អូលហ្គា និង​គ្រួសារ​របស់គាត់​មាន​អារម្មណ៍​ឯកោ​ពួកគាត់​បាន​រម្លឹក​ខ្លួនឯង​ថា ពួកគាត់​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ពួក​គាត់​មាន​សមាជិក​សាសនាចក្រ​រាប់ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។

នៅ​ថ្ងៃ​មួយ​មាន​រឿង​គួរ​ឲ្យ​រំភើប​បាន​កើត​ឡើង ។ ប្រធាន រ័សុល អិម ណិលសុន​កាលនោះជា​ប្រធាន​ទូទៅសាលា​ថ្ងៃអាទិត្យ​បានមក​ទស្សនកិច្ច​នៅ​ប្រទេស​របស់ពួកគាត់ ។ អូលហ្គា​ញញឹម​នៅពេល​គាត់បាន​ចាប់ដៃ​របស់ប្រធាន​ណិលសុន ។ បន្ទាប់មក​លោកបាន​សន្យាជា​ពិសេសមួយ​ជាមួយគាត់ ។ « ប្អូនស្រី​នៅថ្ងៃណាមួយ​ប្អូននឹង​បានទៅកាន់​ព្រះវិហារបរិសុទ្ធ » ។

អូលហ្គា​បានមាន​អារម្មណ៍​កក់ក្ដៅ ។ គាត់បាន​និយាយខ្សឹបថា​« អរគុណ » ។

ជាច្រើន​ខែបាន​កន្លងផុតទៅ ។ បន្ទាប់មក​ជា​ច្រើន​ឆ្នាំ​កន្លង​ផុតទៅ ។ អូលហ្គា​បាន​សម្លឹង​មើលរូបភាព​ព្រះវិហារបរិសុទ្ធ​ដែលព្យួរ​នៅលើ​ជញ្ជាំងផ្ទះ​របស់នាង​ដោយ​មាន​សេចក្តីប្រាថ្នា​ចង់ទៅ​ព្រះវិហារបរិសុទ្ធ ។ ការទៅ​ព្រះវិហារបរិសុទ្ធ​ហាក់បី​ដូចជា​មិនអាច​ទៅរួចទេ !

ក្រោយពី​បួន​ឆ្នាំកន្លង​ផុតទៅ​អូលហ្គា និងជៀរី​ត្រូវបាន​គេអញ្ជើញ​ឲ្យទៅ​ចូលរួម​សន្និសីទទូទៅ​នៅទីក្រុង​សលត៍លេក​រដ្ឋយូថាហ៍ ស.រ.អា. ។ អូលហ្គា​មានការ​ព្រួយបារម្ភថា​ពួកគាត់​មិនអាច​ទៅបានទេ ។ ស្ថានភាព​នៅក្នុង​ប្រទេស​របស់ពួកគាត់​នៅមាន​ការពិបាក​នៅឡើយ ។ ការធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ទាមទារ​ឲ្យ​មាន​ឯកសារ​ជាច្រើន ។ ប៉ុន្តែ​អ្វីៗគ្រប់​យ៉ាងបាន​ដំណើរការ​បាន​យ៉ាង​ល្អ ។ អូលហ្គា​បានមាន​អារម្មណ៍ថា​ភើត​ពោះ នៅពេល​ដែល​យន្តហោះ​របស់ពួកគាត់​បានហោះឡើង​ចេញទៅ​សហរដ្ឋអាមេរិក ។ វាជា​អព្ភូតហេតុមួយ​ដ៏អស្ចារ្យ​ណាស់ ។

អូលហ្គា និង​ជៀរី​បានទៅ​ចូលរួម​សន្និសីទ​ហើយដើម្បី​ស្តាប់ព្យាការី ។ ពួកគាត់​បានទៅ​មើល​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ និងទៅ​មជ្ឈមណ្ឌល​ភ្ញៀវ​ទេសចរ ។ ប៉ុន្តែ​ផ្នែក​ដ៏សំខាន់​បំផុត​គឺការ​ចូលទៅ​ក្នុងព្រះវិហារ បរិសុទ្ធ !

ពាក់​រ៉ូប​ពណ៌ស​អូលហ្គាមាន​អារម្មណ៍ថា​គាត់បាន​កំពុងនៅ​ស្ថានសួគ៌​នៅពេល​ដែលគាត់​បានធ្វើ​ការសន្យា​ពិសេសជា​មួយព្រះ ។ គាត់​ថែមទាំង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ជៀរី​ទៀតផង ។ ការ​សន្យា​របស់​ប្រធាន ណិលសុន​បានក្លាយ​ទៅជា​ការពិត ។

អូលហ្គា និង​ជៀរី​បានត្រឡប់​មកផ្ទះវិញ ។ កាលពេលវេលា​បាន​កន្លងផុតទៅ​អ្វីៗ​នៅក្នុង​ប្រទេសរបស់​ពួកគាត់​បាន​ប្រសើរឡើង ។ ទីបំផុត​ពួកគាត់​អាចទៅ​ព្រះវិហារ​ហើយ​អ្នកផ្សព្វផ្សាយ​សាសនាអាច​ចាប់ផ្តើម​បង្រៀន​ម្តងទៀតបាន ។

នៅថ្ងៃ​មួយ​សំឡេង​ទូរសព្ទ​បាន​រោទិ៍​ឡើង ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ទូរសព្ទ​មក ។ លោក​បានហៅ​អូលហ្គា​ឲ្យធ្វើការបម្រើ​មុខងារ​ជាអ្នកផ្គត់ផ្គង់​ព្រះវិហារបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ហ្វាយប៊ើក ប្រទេស​អាឡឺម៉ង់ ។ ដោយ​ស្វាមី​របស់​គាត់ ជៀរី​នឹង​ត្រូវ​បាន​ហៅបម្រើ​ជា​ប្រធាន​ព្រះវិហារបរិសុទ្ធ ។

អូលហ្គា​ពាក់​រ៉ូប​ពណ៌ស​វែង​របស់​គាត់​ឈរ​ញញឹម​នៅខាងក្នុង​ព្រះវិហារបរិសុទ្ធ ហ្វាយប៊ើក ។ ពី​មុន ព្រះវិហារបរិសុទ្ធ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ណាស់ ។ តែ​ឥឡូវ​គាត់​អាច​ទៅ​បាន​រៀង​រាល់ថ្ងៃ ! វាជា​សុបិនដ៏​អស្ចារ្យ​ដែល​ក្លាយជា​ការពិត ។

នៅ​តំបន់ ដែល​អូលហ្គា រស់នៅ​ក្រោយមក​បានក្លាយជា​ផ្នែកមួយ​នៃសាធារណរដ្ឋ​ឆែក ។

នៅ​សាធារណរដ្ឋ​ឆែក​មាន​ប្រាសាទថ្ម​រាប់រយ ។

អ្នកផ្គត់ផ្តង់​ព្រះវិហារបរិសុទ្ធ​គឺ​ជា​អ្នកដឹកនាំ​ភេទ​ស្រី​នៅ​ក្នុង ព្រះវិហារបរិសុទ្ធ ។

អូលហ្គា​មាន​រូបថត​ព្រះវិហារបរិសុទ្ធ​ជាង ២០ កន្លែង​នៅក្នុង​ផ្ទះ​របស់​គាត់ ។

គាត់ និង​ជៀរី​មាន​កូនប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ ។

គាត់​បាន​រក្សាទុក​សៀវភៅ​រូបថត​ដែល​មាន​រូបថត​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​បង្រៀន​គាត់​ផងដែរ ។

Friend Magazine, 2021/09-10 Sep/Oct Tier 2

រូបភាព​ដោយ​ ឆ័រណា ជេ ស៊ី ធេននី