ភ្ញៀវសំខាន់
អ្នកនិពន្ធរស់នៅដាអេសសាឡាមប្រទេសតង់ហ្សានី និង រដ្ឋយូថាហ៍ ស.រ.អា. ។
តើអាំម៉ូនអាចជួយគ្រួសាររបស់គាត់ស្វាគមន៍ភ្ញៀវដ៏សំខាន់របស់ពួកគេបានយ៉ាងដូចម្តេច ?
« ហើយចូរតាំងគេហដ្ឋានមួយឡើង … គេហដ្ឋាននៃរបៀបរៀបរយ គេហដ្ឋាននៃព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩ ) ។
វាជារសៀលថ្ងៃសៅរ៍ ។ អាំម៉ូន ចង់មានភាពសប្បាយមួយចំនួន ។
គាត់បាននិយាយថា « ម៉ាម៉ា » « តើកូនអាចទៅលេងខាងក្រៅបានទេ ? » ។
ម៉ាម៉ាបាននិយាយថា « ដំបូងកូនត្រូវរៀបចំបន្ទប់របស់កូនឲ្យ បានស្អាតជាមុនសិន » ។
អាំម៉ូននិយាយថា « ប៉ុន្តែម៉ាម៉ា ចាំបន្តិចទៀតចាំរៀបបានទេ ? »
« យើងចង់អញ្ជើញនរណាម្នាក់ដែលសំខាន់ដើម្បីធ្វើជាភ្ញៀវរបស់យើង ។ ហេតុដូច្នោះហើយ យើងចង់ឲ្យផ្ទះរបស់យើងមានភាពស្អាតស្អំ និងរៀបរយ » ។
« ភ្ញៀវដ៏សំខាន់មែនទេ ? » អាំម៉ូនបន្តនិយាយ ។ « នៅផ្ទះរបស់យើង ? »
ម៉ាម៉ាបាននិយាយថា « មែនហើយ ហើយកូនអាចជួយអញ្ជើញគាត់បានផងដែរ » ។ « ដូច្នេះសូមទៅរៀបចំបន្ទប់របស់កូនឲ្យបានស្អាតទៅ ។ »
អាំម៉ូនរំភើបខ្លាំងណាស់ ។ គាត់ចូលចិត្តមានភ្ញៀវមកលេង ។ គាត់ឆ្ងល់ថា តើភ្ញៀវម្នាក់នោះជាអ្នកណាណាស់ ។ អភិបាលក្រុង មែនទេ ? នាយកសាលាមកពីសាលារៀន មែនទេ ? ប្រហែលជាប៊ីស្សពហើយ !
អាំម៉ូន បានទៅបន្ទប់របស់គាត់ ។ ដំបូងគាត់រើសស្រោមជើងប្រឡាក់របស់គាត់នៅលើឥដ្ឋ ។ គាត់បានដាក់វានៅក្នុងកន្ត្រកបោកគក់ ។ បន្ទាប់មក អាំម៉ូន រៀបសៀវភៅសាលាដាក់លើតុរបស់គាត់ ។ គាត់ចង់ឲ្យភ្ញៀវដឹងថាគាត់ចូលចិត្តរៀនអ្វីដែលថ្មី ។
បងស្រីធំ អេនចល របស់ អាំម៉ូន បានចូលក្នុងបន្ទប់របស់គាត់ ។ នាងបានសួរថា « តើឯងកំពុងធ្វើអីហ្នឹង ? »
អាំម៉ូន បាននិយាយថា « ម៉ាម៉ាប្រាប់ថាយើងនឹងមានភ្ញៀវដ៏សំខាន់មកលេង » « គាត់ឲ្យខ្ញុំជួយរៀបចំដើម្បីទទួលភ្ញៀវនោះ ។ »
ពួកគេទាំងពីរក្រឡេកមើលទៅឃើញម៉ាម៉ានៅឯមាត់ទ្វារ ។
តើយើងត្រូវធ្វើអ្វីទៀតដើម្បីត្រៀមខ្លួន ? អាំម៉ូនបន្តនិយាយ ។ « យើងចង់ឲ្យភ្ញៀវដ៏សំខាន់របស់យើងមានអារម្មណ៏ថា ស្វាគមន៏ ។ »
តើកូនមានគំនិតអ្វីខ្លះ ? ម៉ាក់សួរ ។
« យើងអាចនិយាយថា karibu » អាំម៉ូនបានតប ។ នៅក្នុងភាសាស្វាហ៊ីលីមានន័យថា « សូមស្វាគមន៍ការមកលេងផ្ទះរបស់យើង ។ សូមស្វាគមន៍សម្រាប់ប្រសាសន៍្ររបស់លោក ។ »
« យើងអាចស្តាប់ » អេនជិលបានតប ។ ការស្តាប់គឺជារឿងសំខាន់ ។ »
ម៉ាម៉ាតបវិញថា « ទាំងនោះគឺជាគំនិតល្អណាស់ » ។ « ចាំមើល Baba ( ប៉ា ) និយាយថាយ៉ាងដូចម្តេចពេលគាត់មកដល់ផ្ទះ ។ »
ប្រហែលមួយម៉ោងក្រោយមក បាបា បានមកដល់ ។
អាំម៉ូន កំពុងរង់ចាំ ។ « ម៉ាម៉ានិយាយថា យើងអញ្ជើញភ្ញៀវដ៏សំខាន់ម្នាក់មកផ្ទះរបស់យើង ។ យើងបានកំពុងត្រៀមរៀបចំ ។ »
បាបា បានញញឹម ។ « ប៉ារី ករាយណាស់ ។ មក ។ អង្គុយចុះ ។ តោះនិយាយគ្នា ។ អេនជិលចូលមកដែរមកកូន ។ »
នៅពេលពួកគេនៅជាមួយគ្នា បាបា បាននិយាយថា « ម៉ាម៉ា និងប៉ាបាននិយាយអំពីភ្ញៀវដ៏ពិសេសរបស់យើង និងអ្វីដែលយើងអាចធ្វើបានដើម្បីធ្វើឲ្យគាត់មានអារម្មណ៏ទទួលបាននូវការស្វាគមន៍ ។ ដំបូងប៉ាប្រាប់កូនថា ភ្ញៀវរបស់យើងជានរណា ។ ទ្រង់គឺជាព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់គឺជាភ្ញៀវដ៏សំខាន់បំផុតម្នាក់ » ។
អាំម៉ូន និងអេនចល បានសម្លឹងមើលមុខគ្នាទៅវិញទៅមក ។ នោះមិនមែនជាអ្នកដែលអាំម៉ូនបានរំពឹងទុកទេ !
ម៉ាម៉ាបាននិយាយថា « ហើយទ្រង់គឺជាភ្ញៀវដែលយើងអាចអញ្ជើញឲ្យគង់នៅជាមួយយើងគ្រប់ពេលវេលាទាំងអស់ » ។ « អេនចលបន្ទាប់ពីកូនបានទទួលពិធីបុណ្យជ្រមុជទឹកកូនត្រូវបានទទួលពិធីបញ្ជាក់ ។ ហើយកូនត្រូវបានទទួលអំណោយទានមួយ ។ តើកូនចាំអ្វីដែលបាបា បាននិយាយនៅក្នុងពរជ័យនោះដែរឬទេ ? »
« គាត់បានប្រាប់ខ្ញុំឲ្យទទួលយកព្រះវិញ្ញាណបរិសុទ្ធចុះ » ។
ម៉ាម៉ា បាននិយាយថា « ត្រឹមត្រូវហើយ ។ » « កូនត្រូវបានអញ្ជើញឲ្យទទួលព្រះវិញ្ញាណបរិសុទ្ធ ។ ដូច្នោះអាំម៉ូនពេលម៉ាក់និយាយថាកូនអាចជួយអញ្ជើញទ្រង់តើម៉ាក់ចង់មានន័យថាយ៉ាងម៉េច ? »
អាំម៉ូនគិត ។ គាត់បានគ្រោងធ្វើប័ណ្ណដើម្បីអញ្ជើញភ្ញៀវរបស់ពួកគេ ។ ប៉ុន្តែតើគាត់អាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងដូចម្តេច ? អាំម៉ូនបាននិយាយថា « ខ្ញុំគិតថាតាមរយៈការធ្វើអ្វីដើម្បីធ្វើឲ្យទ្រង់មានអារម្មណ៍ស្វាគមន៏នោះខ្ញុំកំពុងអញ្ជើញទ្រង់ហើយ » ។
« ត្រឹមត្រូវហើយ ! » បាបា ឆ្លើយតប ។ « វិធីមួយដែលយើងអាចអញ្ជើញទ្រង់ចូលក្នុងគេហដ្ឋានរបស់យើងគឺធ្វើឲ្យផ្ទះមានរបៀបរៀបរយ និងស្អាត ។
« តើនោះជាមូលហេតុដែលម៉ាម៉ាចង់ឲ្យ យើងរៀបចំបន្ទប់របស់យើងឲ្យល្អមែនទេ ? អាំម៉ូនសួរ ។
« មែនហើយកូន ! » ម៉ាម៉ាតប ។ « តើមានអ្វីខ្លះទៀតដែលយើងអាចធ្វើបាន ដើម្បីអញ្ជើញទ្រង់ឲ្យគង់នៅជាមួយនឹងយើង ?
អាំម៉ូនតបថា « យើងអាចអធិស្ឋាន » ។ « និងអានព្រះគម្ពីរ » ។
« យើងអាចស្តាប់តន្រ្តីដែលល្អ »អេនជិលបានតប ។ « យើងអាចច្រៀងទំនុកតម្កើងជាមួយគ្នា » ។
អាំម៉ូនបាននិយាយថា« យើងអាចធ្វើល្អ និងមិនឈ្លោះគ្នា » ។
បាបា បាននិយាយថា « ត្រឹមត្រូវហើយ » ។ « នៅពេលយើងព្យាយាមធ្វើតាមអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀននោះយើងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅជាមួយនឹងយើង ។ ហើយទ្រង់នឹងជួយផ្ទះរបស់យើងឲ្យក្លាយជាកន្លែងដែលយើងអាចមានអារម្មណ៍នូវសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ។
អាំម៉ូនបានគិតមួយសន្ទុះ ។ « និយាយត្រូវហើយ បាបា ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជា ភ្ញៀវដ៏សំខាន់បំផុតម្នាក់ ! »