« សត្វទីទុយ និងសត្វអ័រកា » ប្រិយមិត្ត ខែ ឧសភា ២០២៣ ទំព័រ ៨–៩ ។
សត្វទីទុយ និងសត្វអ័រកា
តើរូបគំនូររបស់ ដាយធឺ ជួយអ្នកដទៃដោយរបៀបណា ?
រឿងនេះបានកើតឡើងនៅក្នុងប្រទេសកាណាដា ។
ដាយធឺ ចង់ស្តាប់សន្និសីទទូទៅ ។ គាត់ព្យាយាមអង្គុយស្ងៀម ។ គាត់ព្យាយាមស្តាប់សុន្ទរកថាទាំងឡាយ ។ ប៉ុន្តែជំងឺអូទីស្សឹមធ្វើឲ្យគាត់ពិបាកផ្តោតអារម្មណ៍ណាស់ ។ គាត់នៅមិនស្ងៀមនៅលើសាឡុងឡើយ ។ គាត់លេងប្រដាប់លេងរបស់គាត់ ។ គាត់រត់ចុះឡើង ។
បន្ទាប់មកគាត់មើលទៅប៉ា ។ ប៉ាអង្គុយយ៉ាងស្ងៀមស្ងាត់ ហើយស្តាប់អ្នកឡើងនិយាយ ។ ដាយធឺ ចង់ធ្វើដូចប៉ា ។ អ៊ីចឹង គាត់ក៏យកប្រដាប់ប្រដាគូររូបគាត់មក ។ ប្រហែលជាការផាត់ពណ៌រូបភាពធ្វើឲ្យគាត់អង្គុយស្ងៀមបាន ។
ខណៈពេលគាត់បានផាត់ពណ៌ ដាយធឺ បានស្តាប់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន មានប្រសាសន៍ ។ អែលឌើរ ហូឡិន បានប្រាប់ដំណើររឿងអំពីព្រះយេស៊ូវ ។ ព្រះយេស៊ូវបានបង្គាប់ឲ្យកំលោះអ្នកមានចែកប្រាក់របស់គាត់ទៅដល់ជនក្រីក្រ ។*
ដាយធឺ ក៏ចង់ជួយដល់ជនដែលគ្មានប្រាក់គ្រប់គ្រាន់ផងដែរ ។ ហើយគាត់មានគំនិតមួយ ។
ដាយធឺ បាននិយាយថា « ម៉ាក់ កូនចង់គូររូបសត្វទីទុយ » ។ « តើម៉ាក់គូរឲ្យកូនមួយបានទេ ? »
ម៉ាក់បានតបថា « បានតើកូន » ។ នាងបានគូររូបសត្វទីទុយមួយ ។
ដាយធឺ បានជ្រលក់ជក់របស់គាត់ទៅក្នុងទឹកថ្នាំ ។ គាត់បានគូរស្លាបរបស់សត្វទីទុយមុន ។ គាត់បានគូររោមពណ៌ត្នោតខ្លះៗ ហើយស្លាបខ្លះទៀតមានពណ៌ទឹកក្រូច ។ នៅពេលដែលគាត់គូររូប គាត់បានស្តាប់សុន្ទរកថាផ្សេងទៀត ។ ទោះជាសុន្ទរកថាទាំងអស់បានបញ្ចប់ហើយក៏ដោយក៏ដាយធឺ នៅតែបន្តគូររូបដែរ ។ គាត់ចង់ឲ្យសត្វទីទុយមើលទៅស្អាតឥតខ្ចោះ ។
នៅទីបំផុត ដាយធឺ បានគូររូបហើយ ។ គាត់បានបង្ហាញរូបទីទុយនោះទៅម៉ាក់របស់គាត់ ។
« វាស្អាតណាស់ ! » ម៉ាក់បាននិយាយ ។ « តើយើងគួរតែដាក់វាព្យួរទេ ? »
ដាយធឺ បានគ្រវីក្បាលថាទេ « កូនចង់យករូបនេះទៅលក់ ហើយយកលុយទៅជួយជនដែលខ្វះខាតលុយ ។ ដូចអ្វីដែលពួកលោកបាននិយាយនៅក្នុងសន្និសីទ » ។
ម៉ាក់ បានញញឹម ។ « ចាំមើល ថាតើយើងអាចធ្វើអ្វីបាន » ។
នាងបានចុះផ្សាយរូបគំនូររបស់ ដាយធឺ លក់នៅតាមអនឡាញ ។ ម៉ាក់បានសរសេរថា ដាយធឺ នឹងយកលុយនោះទៅបរិច្ចាគដល់អ្នកគ្មានផ្ទះសម្បែង ។
នៅថ្ងៃស្អែក ដាយធឺ និងម៉ាក់បានមើលការចុះផ្សាយនោះ ។ ដាយធឺ មិនចង់ជឿឡើយ ! មនុស្សជាច្រើនចង់ទិញរូបគំនូររបស់គាត់ ។ គាត់សប្បាយចិត្តដែលមានមនុស្សជាច្រើនចង់ជួយ ។
ភោជនីយដ្ឋានមួយនៅទីក្រុងរបស់ដាយធឺ បានសុំទិញរូបគំនូរនេះ ។ ពួកគេនិយាយថា ពួកគេឲ្យថ្លៃដល់ ១០ ដងពីតម្លៃដែល ដាយធឺ និងម៉ាក់របស់គាត់បានសុំ ! ហាងផ្សេងទៀតក៏បានសុំឲ្យគាត់គូររូបផងដែរ ។ ដាយធឺ បានមានការងារធ្វើច្រើន !
ម៉ាក់បានដានរូបសត្វជាច្រើនទៀត ហើយដាយធឺ បានយកប្រដាប់ផាត់ពណ៌របស់គាត់មក ។ គាត់បានផាត់ពណ៌ឆ្កែចចក តោ និង អ័រកា ។ គាត់ចូលចិត្តអ័រកាខ្លាំងណាស់ ។ គាត់បានដាក់ឈ្មោះឲ្យវាថា « អ័រកា អូទីស » ។ ហាងលក់គ្រឿងទេសនៅជិតផ្ទះគាត់បានទិញរូបគំនូរនេះ ។ នៅពេល ដាយធឺ បានទៅហាងនៅថ្ងៃបន្ទាប់ គាត់បានឃើញរូបគំនូរនោះដាក់តាំងនៅលើជញ្ជាំង ។
« ម៉ាក់ មើលហ្ន៍ ! » ដាយធឺ បានចង្អុលទៅរូបគំនូរ ។
« អស្ចារ្យណាស់ ! » ម៉ាក់បាននិយាយ ។ « ឥឡូវនេះនៅពេលយើងមក ទីនេះយើងអាចនឹកឃើញពីទេព្យកោសល្យរបស់កូនដែលបានជួយមនុស្សទូទៅ » ។
ដាយធឺ មានមោទនភាពដែលមានគេចូលចិត្តរូបគំនូររបស់គាត់ ។ ប៉ុន្តែគាត់កាន់តែសប្បាយចិត្តដែលគាត់អាចជួយអ្នកដទៃបាន ។ គាត់សប្បាយចិត្តដែលគាត់បានស្តាប់ក្នុងអំឡុងពេលសន្និសីទទូទៅ ។