« ពិធីបើកសម្ពោធព្រះវិហារបរិសុទ្ធ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១៦–១៧
ពិធីបើកសម្ពោធព្រះវិហារបរិសុទ្ធ
ស្វេតាន មានចិត្តរំភើបណាស់ក្នុងការចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
ស្វេតាន មានអារម្មណ៍រំភើប ។ គ្រួសាររបស់គាត់បានផ្លាស់លំនៅមកពី អាហ្សង់ទីន មករស់នៅសហរដ្ឋ ។ ហើយឥឡូវនេះវាដល់ពេលឡើងយន្តហោះធំហើយ !
ស្វេតាន បានសម្លឹងមើលតាមមាត់បង្អួចកាលដែលយន្តហោះហោះឡើង ។ គាត់បានឆ្ងល់ថាតើផ្ទះថ្មីរបស់គាត់នឹងមានលក្ខណៈបែបណា ។ អ្វីៗគ្រប់យ៉ាងនឹងខុសប្លែកគ្នាហើយ ។ ផ្ទះថ្មី ។ បន្ទប់គេងថ្មី ។ អ្នកជិតខាងថ្មី ។ ហើយជួបមិត្តភក្តិថ្មី ! ស្វេតាន រំភើបខ្លាំងណាស់ ។
ស្វេតាន ក៏បានដឹងដែរថា ផ្ទះថ្មីរបស់គាត់នៅជិតព្រះវិហារមួយ ដែលទើបតែត្រូវបានសាងសង់ ។ នៅប្រទេស អាហ្សង់ទីន ព្រះវិហាររិសុទ្ធនៅឆ្ងាយណាស់ ។ គាត់គ្រាន់តែបានឃើញតាមរូបភាពប៉ុណ្ណោះ ។
ស្វេតាន បានងាកទៅរកម៉ាក់ ។ « តើម៉ាក់គិតថា យើងនឹងអាចមើលឃើញព្រះវិហារបរិសុទ្ធពីលើមេឃដែរឬទេ ? »
ម៉ាក់បានញញឹម ។ « ម៉ាក់គិតថា មើលមិនឃើញទេ ។ ប៉ុន្តែយើងនឹងបានឃើញព្រះវិហារបរិសុទ្ធឆាប់ៗនេះហើយ » ។
ស្វេតាន បានញញឹមដាក់វិញ ។ ម៉ាក់ និងប៉ា បានមានប្រសាសន៍ថា ព្រះវិហារបរិសុទ្ធមិនទាន់បើកនៅឡើយទេ ។ ប៉ុន្តែនឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះ ។ នោះមានន័យថា មនុស្សអាចចូលទៅខាងក្នុងដើម្បីមើលពីមុនព្រះវិហារបរិសុទ្ធឧទិ្ទសឆ្លង ។ ហើយគ្រួសាររបស់ស្វេតាន នឹងទៅចូលរួមការបើកសម្ភោធនេះ ! គាត់មិនអាចរង់ចាំ ដើម្បីចូលទៅមើលព្រះវិហារបរិសុទ្ធពិតៗដោយផ្ទាល់នោះទេ ។
ប៉ុន្មានម៉ោងក្រោយមក ស្វេតាន និងគ្រួសាររបស់គាត់បាននៅផ្ទះថ្មីរបស់ពួកគាត់ ។ មានអ្វីៗជាច្រើនដែលត្រូវធ្វើ ។ ស្វេតាន បានជួយរើឥវ៉ាន់ពីប្រអប់របស់ពួកគេ ហើយរៀបចំផ្ទះឲ្យស្អាតបាត ។
នៅមួយថ្ងៃមុនពេលបើកសម្ពោធ ពួកគាត់បានអង្គុយចុះនៅបន្ទប់ទទួលភ្ញៀវដើម្បីជជែកគ្នា ។
ម៉ាក់បានមានប្រសាសន៍ថា « ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះ » ។ « នៅពេលយើងនៅខាងក្នុង យើងត្រូវតែមានគារវភាព ។ តើកូនដឹងថា នោះមានន័យយ៉ាងណាទេ ? »
« ត្រូវនិយាយដោយតិចៗដើម្បីយើងអាចស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធមែនទេ ? » ស្វេតាន បានសួរ ។
ម៉ាក់បានឆ្លើយថា « ត្រូវហើយកូន » ។ « យើងអាចរៀនជាច្រើននៅពេលយើងនៅក្នុងព្រះវិហារបរិសុទ្ធ » ។
ស្វាតាន បានងក់ក្បាល ។ គាត់ចង់មានគារវភាពដើម្បីគាត់អាចទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។
នៅព្រឹកបន្ទាប់ ស្វេតាន បានក្រោកពីព្រលឹម ។ គាត់បានស្លៀកសម្លៀកបំពាក់ថ្ងៃអាទិត្យរបស់គាត់ ។ មិនយូរប៉ុន្មានក៏ដល់ម៉ោងទៅ ។
គ្រួសាររបស់ស្វេតាន បានទៅដល់ព្រះវិហារបរិសុទ្ធ ។ មនុស្សម្នាបានជួយពួកគេ ស្រោបស្បោងផ្លាស្ទិកនៅលើស្បែកជើងរបស់ពួកគាត់ ។
« ហេតុអ្វីបានជាពួកគាត់ដាក់ថង់នៅលើជើងរបស់ខ្ញុំ ម៉ាក់ ? » ស្វេតាន បានសួរ ។
« ព្រោះនៅក្នុងព្រះវិហារបរិសុទ្ធអ្វីៗគ្រប់យ៉ាងថ្មី ហើយស្អាត ។ យើងត្រូវតែជួយថែវា » ។
ស្រ្តីម្នាក់ស្វាគមន៍ពួកគាត់ ។ នាងបានអានពាក្យនៅលើទ្វារព្រះវិហារបរិសុទ្ធថា ៖ « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់—ដំណាក់នៃព្រះយេហូវ៉ា » ។
ស្វេតាន កាន់ដៃរបស់ម៉ាក់ ។ ពួកគាត់ដើរចូលក្នុង ។ អ្វីៗគ្រប់យ៉ាងស្អាត ខ្លាំងណាស់ ! ប្រហែលជាស្ថានសួគ៌មានលក្ខណៈបែបនេះដែរហើយ ។
« មើលន៏ ! » ស្វេតាន និយាយខ្សឹបៗ ។ គាត់បានចង្អុលទៅផ្ទាំងគំនូរ ។ « នោះជារូបព្រះយេស៊ូវ ! »
ពេលពួកគាត់មើលហើយ ស្វេតាន មានអារម្មណ៍សប្បាយចិត្តណាស់ ។ គាត់មានអំណរគុណដែលគាត់អាចចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធ ។ គាត់ចង់ចូលទៅខាងក្នុងម្តងទៀត នៅពេលគាត់ធំឡើង ។