ឆ្នាំ ២០២៣
ជោរជន់​ដោយ​សេចក្ដី​ស្រឡាញ់
ខែ ឧសភា ឆ្នាំ ២០២៣


« ជោរជន់​ដោយ​សេចក្ដី​ស្រឡាញ់ » ប្រិយមិត្ត ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ២៦–២៧ ។

ជោរជន់​ដោយ​សេចក្ដី​ស្រឡាញ់

« តើ​យើង​អាច​ជួយ​គ្រួសារ​របស់ហូសេ បាន​ដែរ​ទេ ? » ម៉ារីយូស បាន​សួរ ។

ដំណើររឿង​នេះ​បាន​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ។

ក្មេងៗ​គ្រវី​ដៃ

នៅពេល​ដែល ម៉ារីយូស ដើរ​ទៅ​ផ្ទះ​របស់​គាត់ គាត់​អាច​ស្តាប់​ឮ​មនុស្ស​និយាយ​គ្នា​នៅ​ខាងក្នុង ។ គាត់​បាន​មើល​តាម​មាត់​បង្អួច ។

គាត់​បាន​គិត​ថា តើ​នរណា​នៅ​ទីនេះ ។ ម្តាយ​របស់​គាត់​ធ្វើការ​នៅ​ប្រទេស​ក្រៅ ដូច្នេះ​ជាទូទៅ​វា​មានតែ​គាត់ និង លោកយាយឡូឡា ( ដែលជាជីដូន ) នៅ​ផ្ទះ ។

គាត់​បាន​បើកទ្វារ ។ មិត្តភក្តិ​របស់​គាត់​ទាំងអស់​នៅ​ទីនោះ !

គាត់​បាន​និយាយ​ថា « ភ្ញាក់ផ្អើល​ណាស់ ! »

ហូសេ ដែល​ជា​មិត្ត​ល្អ​បំផុត​របស់ ម៉ារីយូស បាន​និយាយ​ថា « ពួក​យើង​មក​អបអរ​ដល់​ឯង និង​មេដាយ​ដែល​ឯង​ទទួលបាន​ក្នុង​ការប្រកួត​កីឡា​តៃក្វាន់ដូ​របស់​ឯង​នោះ » ។

« ខ្ញុំ​មាន​មោទនភាព​ចំពោះ​ឯង​ណាស់ » ។ លោកយាយឡូឡា ឱបរឹត ម៉ារីយូស យ៉ាង​ខ្លាំង ។ « ម្តាយ​របស់​ឯង​ចាំ​ជួប​តាម​ទូរសព្ទ ! យាយ​ជឿជាក់​ថាម៉ាក់ចៅ​នឹង​ចង់​ស្តាប់​អំពីរឿង​មេដាយ​របស់​ចៅ » ។

បន្ទាប់ពី ម៉ារីយូស បាន​និយាយ​ជា​មួយ​ម៉ាក់​របស់​គាត់​ចប់ គាត់ និង​មិត្តភក្តិ​សប្បាយ​រីករាយ​នឹង​ពិធី​ជប់លៀង ។ ពួកគេ​សប្បាយ​រីករាយ​នឹង​ការនិយាយ​គ្នា​លេង និង ហូប​ម្ហូប​ដ៏ឆ្ងាញ់របស់ លោកយាយឡូឡា​ធ្វើ ។

« ចង់​ទៅ​បោះ​បូលីង ​ជាមួយ​ខ្ញុំ​នៅ​ថ្ងៃ​ស្អែក​ទេ ? » ហូសេ បាន​សួរ​ពីមុន​គាត់​ចេញ​ទៅ ។

« បាទ ! » ម៉ារីយូស បាន​និយាយ ។

មុន​ចូល​គេង​នៅ​យប់​នោះ ម៉ារីយូស បាន​ពោលពាក្យ​អធិស្ឋាន ។ « ព្រះវរបិតាសួគ៌ សូម​អរ​ព្រះគុណ​ដែល​ប្រទាន​មិត្តភក្តិ និង​គ្រួសារ​ដ៏​ល្អៗ​បែប​នោះ ។ សូម​ប្រទានពរ​ដល់​ម្តាយ​របស់​ខ្ញុំ​កាល​ដែល​គាត់​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ហើយ​សូម​ជួយ​ទូលបង្គំ​បាន​សប្បាយ​រីករាយ​នៅពេល​ទៅ​លេង​បោះ​បូលីង​នៅ​ថ្ងៃ​ស្អែកជាមួយ ហូសេ » ។

ប៉ុន្តែ​នៅ​ថ្ងៃ​ស្អែក​នោះ ម៉ារីយូស ពុំ​បាន​ទៅ​លេង​បោះបូលីង​នោះទេ ។ មាន​ព្យុះ​ដ៏​ធំ​មួយ​បាន​កើតឡើង ហើយ​មនុស្ស​ទាំងអស់​ត្រូវ​នៅ​ក្នុង​ផ្ទះ ។ ម៉ារីយូស អង្គុយ​នៅក្នុង​ផ្ទះ ស្តាប់​សំឡេង​ទឹក​ភ្លៀង​ស្រក់​ពី​លើ​ដំបូល​ផ្ទះ ។ គាត់​ចង់​ជួប​នឹង​ហូសេ ណាស់ ។

ភ្លៀង​បន្ត​ធ្លាក់​អស់​រយៈពេល​បី​ថ្ងៃ​ហើយ ។ ទឹក​ជំនន់​ជោរជន់​ពេញ​លើ​ផ្លូវ ។ ផ្ទះ​មួយ​ចំនួន​នៅ​ជិតខាង​របស់​ម៉ារីយូស ក៏​បាន​ជន់លិច​ដែរ ។

ក្រោយមក ម៉ារីយូស បាន​ឃើញ លោកយាយឡូឡា នៅផ្ទះ​បាយ ។ គាត់​កំពុង​ធ្វើ​ម្ហូប​ដែល​មាន​ក្លិន​ដ៏​ឈ្ងុយឆ្ងាញ់ ។

គាត់​បាន​សួរ​ថា « តើ​លោក​យាយ​កំពុង​ធ្វើ​អ្វី​ហ្នឹង ? »

គាត់​បាន​ឆ្លើយ​ថា « យាយ​កំពុង​ធ្វើ​ម្ហូប​ឲ្យ​ក្រុមគ្រួសារ​ខ្លះ​នៅក្នុង​វួដ​របស់​យើង » ។ « ផ្ទះ​របស់​ពួកគេ​លិច​ទឹក​អស់​ហើយ អ៊ីចឹងហើយ ប៊ីស្សព​បាន​សុំ​ឲ្យ​យាយ​ជួយ » ។

ម៉ារីយូស បាន​គិត​អំពី ហូសេ ។ « តើ​យើង​អាច​ធ្វើ​ម្ហូប​ឲ្យ​គ្រួសារ ហូសេ ផង​បាន​ទេ​លោកយាយ ? ពួកគាត់​ក៏​ប្រហែល​ជា​ត្រូវការ​ម្ហូប​ផងដែរ » ។

លោកយាយឡូឡា​បាន​តប​ថា « នោះ​ជាគំនិត​ល្អ​ណាស់ » ។

ម៉ារីយូស បាន​ធ្វើ​បាយ និង​ចៀន​ពងទា​ឲ្យ​គ្រួសារ ហូសេ ។ បន្ទាប់មក គាត់​បាន​ជួយ​លោកយាយឡូឡា វេចខ្ចប់​ម្ហូប​នោះ ។

នៅ​ទីបំផុត ភ្លៀង​ក៏​បាន​ឈប់ ។ ម៉ារីយូស និង​លោកយាយឡូឡា បាន​ដើរ​ទៅ​ផ្លូវ​ដើម្បី​ចែក​អាហារ ។ ទឹក​លិច​ដល់​ជង្គង់​របស់ ម៉ារីយូស !

ក្មេង​ប្រុស និង​ជីដូន​របស់​គាត់​កំពុង​ដើរ​កាត់​ផ្លូវ​ដែល​លិច​ទឹក

ពួកគេ​បាន​ឃើញ ហូសេ និង​គ្រួសារ​របស់​គាត់​កំពុង​ឈរ​នៅ​ក្រៅ​ផ្ទះ​របស់​ពួកគេ ។ ហូសេ កំពុង​យំ ។

ម៉ារីយូស បាន​ឱប​មិត្ត​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ផ្ទះ​របស់​ឯង​ត្រូវ​លិចទឹក » ។ « ព្រះយេស៊ូវ​ស្រឡាញ់​ឯង ។ ហើយ​ពួកយើង​ក៏​ស្រឡាញ់​ឯង​ដែរ » ។

ទាំង​ម៉ារីយូស និង​ហូសេ បាន​ជួយ​សម្អាត​របស់​កខ្វក់​នៅក្នុង​ផ្ទះ​របស់​ហូសេ ។ ម៉ារីយូស បាន​ច្រៀង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » កាល​ដែល​ពួកគេ​បាន​ធ្វើការ ។ នៅពេល​ពួកគេ​សម្រាក ម៉ារីយូស បាន​ឲ្យ​អាហារ​ដែល​គាត់​ធ្វើ​ទៅ​ហូសេ ។

ហូសេ បាន​និយាយ​ថា « អរគុណ​ដែល​បាន​ជួយ​គ្រួសារ​ខ្ញុំ » ។ « ហើយ​អរគុណ​សម្រាប់​អាហារ​នេះ ! វា​ឆ្ងាញ់​ណាស់ » ។

ម៉ារីយូស បាន​និយាយ​ថា « មិន​អី​ទេ » ។

ហូសេ បាន​សួរ​ថា « តើ​ឯង​គិតថា ឯង​អាច​ប្រាប់​ខ្ញុំ​បន្ថែម​អំពី​ព្រះ​យេស៊ូវ​បាន​ទេ ? និង​បទ​ចម្រៀង​ដែល​ឯង​បាន​ច្រៀង​នោះ ? »

« ប្រាកដ​ជា​បាន ! » ម៉ារីយូស បាន​និយាយ ។ « តើ​ឯង​ចង់​ទៅ​ព្រះវិហារ​ជាមួយ​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ ? នោះ​ជា​កន្លែង​ដែល​ខ្ញុំ​រៀន​អំពី​ព្រះ​យេស៊ូវ ។ ហើយ​យើង​ក៏​អាច​ច្រៀង​ជាមួយ​គ្នា​ដែរ » ។

ហូសេ បាន​ឆ្លើយថា « យល់ព្រម » ។

ម៉ារីយូស មាន​អារម្មណ៍​កក់ក្តៅ​នៅក្នុង​ចិត្ត ។ គាត់​ត្រេកអរ​ណាស់​ដែល​គាត់​អាច​ជួយ ហូសេ និង​គ្រួសារ​របស់​គាត់ ។ ហើយ​គាត់​សប្បាយ​ចិត្ត​ដែល​គាត់​អាច​ចែកចាយ​ដំណឹងល្អ​ផងដែរ ។

ដំណើររឿងជា PDF

រូបភាព​រចនា​ដោយ ចេស្មីន បាហ្សា