« ព្រះយេស៊ូវគ្រីស្ទប្រទានដល់យើងនូវសេចក្ដីសង្ឃឹម » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
ព្រះយេស៊ូវគ្រីស្ទប្រទានដល់យើងនូវ សេចក្ដីសង្ឃឹម
នៅពេលយើងបម្រើអ្នកដទៃ នោះព្រះយេស៊ូវគ្រីស្ទប្រទានដល់យើងនូវសេចក្ដីសង្ឃឹម ដែលថាអ្វីៗនឹងដោះស្រាយបាននៅក្នុងជីវិតរបស់យើងផ្ទាល់ ។
ជីវិតនេះគឺពោរពេញទៅដោយឧបសគ្គជាច្រើន ។ ប្អូនៗប្រហែលជាជួបបទពិសោធន៍ខ្លះរួចទៅហើយ ។ មានឧបសគ្គជាច្រើនបណ្ដាលឲ្យមានភាពតានតឹង និងកង្វល់ ភាពភ័យខ្លាច និងការថប់បារម្ភ ។ នៅពេលយើងជួបបទពិសោធន៍ទាំងនេះ វាហាក់ដូចជាទំនោរឲ្យយើងក្រឡេកមើលខ្លួនឯង—ដើម្បីមើលថែខ្លួនឯង និងសេចក្ដីត្រូវការរបស់ខ្លួនឯង ជាងអ្វីៗផ្សេងទៀតទាំងអស់ ។ យើងគិតថា ប្រសិនបើយើងចំណាយពេលវេលា និងកម្លាំងរបស់យើងព្យាយាមដើម្បី « ដោះស្រាយ » បញ្ហារបស់យើងវិញ នោះយើងអាចដោះស្រាយបញ្ហារបស់យើងដោយខ្លួនឯងបាន ។
ប៉ុន្ដែ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញមធ្យោបាយដ៏ប្រសើរមួយដល់យើង ។ ទ្រង់បានបង្រៀនថា « អ្នកណាដែលរកចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ » ( លូកា ១៧:៣៣ ) ។ របៀបដ៏រហ័សបំផុតដើម្បីរកឃើញសេចក្ដីសង្ឃឹមនៅក្នុងឧបសគ្គរបស់ប្អូនៗ គឺត្រូវបង្វែរដួងចិត្តរបស់ប្អូនៗមកឯព្រះអង្គសង្គ្រោះ ហើយធ្វើតាមគំរូរបស់ទ្រង់ និងបម្រើអ្នកដទៃទៀត ។
ព្រះជន្មរបស់ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ឥតខ្ចោះនៃសេចក្ដីស្រឡាញ់ និងព្រះទ័យដ៏ល្អចំពោះមនុស្សលោក ។ ទ្រង់តែងតែបំភ្លេចព្រះអង្គទ្រង់ដើម្បីអ្នកដទៃ ។ ទង្វើមិនអាត្មានិយមរបស់ទ្រង់បានបង្ហាញនៅក្នុងគ្រប់កិច្ចការទាំងអស់ ដែលទ្រង់បានធ្វើជារៀងរាល់ថ្ងៃក្នុងព្រះជន្មរបស់ទ្រង់ ហើយពុំកំណត់តាមរដូវកាលជាក់លាក់ណាមួយនោះទេ ។
នៅពេលយើងបង្វែរដួងចិត្តរបស់យើងឲ្យដូចព្រះអង្គសង្គ្រោះបានធ្វើ ខ្ញុំអាចអះអាងនឹងប្អូនៗថា យើងនឹងរកឃើញនូវឱកាសរាប់មិនអស់ ដើម្បីបម្រើដល់អ្នកដទៃដោយស្ងាត់ស្ងៀម និងដោយចិត្តសប្បុរសចំពោះមនុស្សដែលត្រូវការយើង ។
ការណ៍នេះនឹងជួយយើងឲ្យស្គាល់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ ហើយរកឃើញភាពសុខសាន្តសម្រាប់ខ្លួនយើងនៅលើផែនដីនេះ ហើយយើងនឹងមានសេចក្ដីសប្បុរសកាន់តែច្រើនចំពោះអ្នកដទៃផងដែរ ។ នៅពេលប្អូនៗ « បាត់ជីវិតរបស់ខ្លួន » ក្នុងការជួយអ្នកដទៃ ដោយការធ្វើតាមគំរូនៃព្រះអង្គសង្រ្គោះ នោះទ្រង់នឹងជួយដល់ប្អូនៗ ។
ពួកទេវតាប្រចាំថ្ងៃ
ជាញឹកញាប់ ព្រះអង្គសង្គ្រោះនឹងដឹកនាំអ្នកដទៃឲ្យចូលមកក្នុងជីវិតរបស់យើង ដើម្បីជួយនាំសេចក្ដីសុខសាន្ដ និងការលួងលោម ដែលយើងត្រូវការនៅក្នុងគ្រានៃការសាកល្បង ។ មនុស្សដែលមានពរទាំងនេះ ហាក់ដូចជាពួកទេវតាចំពោះយើង ដែលត្រូវបានបញ្ជូនមកពីស្ថានសួគ៌អ៊ីចឹង ប្រាកដណាស់ពួកគេគឺជាពួកទេវតាពិតមែន ។
គ្រួសារខ្ញុំ និងខ្ញុំបានឆ្លងកាត់អារម្មណ៍លួងលោមចិត្ត និងភាពសុខសាន្ដជាច្រើនដងច្រើនសា ដែលពួកទេវតាសម័យទំនើបបានផ្ដល់ឲ្យ ។ ខ្ញុំចង់រំឭកពីស្ថានភាពមួយនៃស្ថានភាពទាំងនោះ ។ នៅក្នុងឆ្នាំ ២០០៣ យើងបានផ្លាស់ពីប្រទេសកំណើតរបស់យើងនៅប្រទេសប្រេស៊ីល មកកាន់រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ។
នៅរដូវរងានោះ យើងបានជួបនឹងព្យុះព្រិលដ៏ធំបំផុតមួយដែលរដ្ឋយូថាហ៍ពុំធ្លាប់មានជាច្រើនឆ្នាំមកហើយ ។ យើងមិនដែលបានឃើញអ្វីដូចនោះទេនៅក្នុងជីវិតយើង ដោយសារយើងបានធំដឹងក្ដីនៅមាត់សមុទ្រដែលមានដើមត្នោត និងខ្សាច់ ។ ផ្ទះរបស់យើងនៅកាច់ជ្រុងនៅលើទួលមួយ ដែលមានផ្លូវដើរយ៉ាងវែង ។
នៅពេលព្រិលចាប់ផ្ដើមធ្លាក់ ភរិយារបស់ខ្ញុំបានចាប់ផ្ដើមប្រើម៉ាស៊ីនផ្លុំព្រិលចេញពីផ្លូវចូលផ្ទះ និងផ្លូវដើរយ៉ាងក្លាហាន ។ ខ្ញុំមិនអាចជួយគាត់បានទេ ដោយសារខ្ញុំបានរអិលដួលនៅលើទឹកកក ហើយបាក់កដៃកាលពីពីរបីថ្ងៃមុន ។ គ្រោះថ្នាក់នោះបានបណ្ដាលឲ្យខ្ញុំត្រូវធ្វើការវះកាត់ និងមានរុំបង់ដ៏ធំមួយនៅលើដៃរបស់ខ្ញុំ ។
នៅពេលគាត់បានចាប់ផ្ដើមផ្លុំព្រិលជាលើកទីមួយនៅក្នុងជីវិតរបស់គាត់ នោះភរិយាជាទីស្រឡាញ់របស់ខ្ញុំពុំបានដឹងសោះថា គាត់ត្រូវប្ដូរទិសដៅនៃបំពង់ផ្លុំ បន្ទាប់ពីសម្អាតផ្លូវចូលផ្ទះមួយចំហៀងហើយនោះ ។ ដូច្នេះ ពេលគាត់ទៅសម្អាតម្ខាងទៀត ពេលនោះបំពង់ផ្លុំបានបាញ់ព្រិលទៅកន្លែងដែលគាត់បានសម្អាតរួចហើយ ។ គាត់ផ្លុំទៅវិញទៅមក តែគ្មានបានផលអ្វីទាល់តែសោះ ។ វារញ៉េរញៃណាស់ !
ដោយសារតែគាត់នៅក្នុងអាកាសធាតុត្រជាក់យូរពេក នោះគាត់បានឈឺត្រចៀកទាំងសងខាង ហើយស្ទើរតែថ្លង់អស់រយៈពេលពីរខែ ។ នៅពេលជាមួយគ្នានោះដែរ កូនប្រុសអាយុ ១៦ ឆ្នាំរបស់ខ្ញុំបានរងរបួសនៅខ្នងរបស់គាត់ពេលជិះស្គីលើទឹកកក ហើយត្រូវគេងលើគ្រែ ដើម្បីឲ្យរបួសគាត់បានជា ។ ដូច្នេះយើងបានស្ថិតនៅក្នុងស្ថានភាពមួយ ដែលម្នាក់គេងនៅលើគ្រែ ម្នាក់ថ្លង់ ម្នាក់ជាប់បង់រុំ ហើយទាំងអស់គ្នារងាខ្លាំងណាស់ ។
ខ្ញុំប្រាកដណាស់ថា អ្នកជិតខាងមើលមកពួកយើងគួរឲ្យចាប់អារម្មណ៍ណាស់ ។ នៅព្រឹកព្រលឹមដ៏ត្រជាក់មួយ នៅប្រហែលម៉ោង ៥ ព្រឹក ខ្ញុំបានភ្ញាក់ដោយសារឮសំឡេងម៉ាស៊ីនផ្លុំព្រិលនៅខាងក្រៅបង្អួចរបស់ខ្ញុំ ។ ខ្ញុំមើលទៅក្រៅតាមបង្អួច ឃើញអ្នកជិតខាងខ្ញុំ គឺបងប្រុស ប្លេន វិល្លាម ។ គាត់មានអាយុជិតចិតសិបឆ្នាំហើយ គាត់បានចេញពីផ្ទះដ៏កក់ក្ដៅដ៏មានផាសុកភាពរបស់គាត់ ហើយបានមកដោយស្ងាត់ស្ងៀម ហើយបានសម្អាតព្រិលចេញពីផ្លូវចូលផ្ទះ និងផ្លូវដើររបស់យើង ដោយដឹងថា យើងពុំអាចធ្វើវាបានដោយខ្លួនឯង ។
នោះមិត្តម្នាក់ទៀត បងប្រុស ដានីយ៉ែល អាលមីដា បានមកផ្ទះយើង ដើម្បីបើកឡានជូនខ្ញុំទៅធ្វើការនៅទីក្រុងសលត៍ លេក ដោយសារខ្ញុំពុំអាចបើកបរជាមួយនឹងបង់រុំដ៏ទទឹងទទែងរបស់ខ្ញុំបាន ។ ពួកគាត់បានជួយខ្ញុំជារៀងរាល់ព្រឹក ហើយបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគាត់ តាមរយៈទង្វើល្អដ៏សាមញ្ញ រហូតដល់គ្រួសារខ្ញុំបានជា ហើយអាចធ្វើអ្វីៗដោយខ្លួនឯងបាន ។
អំឡុងរដូវរងាឆ្នាំ ២០០៣ នោះ បងប្រុសទេវតាទាំងនេះត្រូវបានបញ្ជូនឲ្យមកជួយយើង ។ បងប្រុសទាំងពីរនាក់នេះបានធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយបានគិតពីសេចក្ដីត្រូវការរបស់យើង ពីមុនពួកគាត់គិតពីខ្លួនឯង ។
ព្រះអង្គសង្គ្រោះប្រទានសេចក្ដីសុខសាន្ដ
ការបម្រើអ្នកដទៃផ្ដល់ឲ្យយើងនូវទស្សនវិស័យមួយ ដែលខ្ពង់ខ្ពស់ជាង និងបរិសុទ្ធជាង ។ នៅពេលយើងបម្រើអ្នកដទៃ នោះព្រះយេស៊ូវគ្រីស្ទប្រទានដល់យើងនូវសេចក្ដីសង្ឃឹម ដែលថាអ្វីៗនឹងដោះស្រាយបាននៅក្នុងជីវិតរបស់យើងផ្ទាល់ ។
ការបង្វែរដួងចិត្តរបស់យើងឲ្យដូចព្រះអង្គសង្គ្រោះបានធ្វើ នឹងប្រទានឱកាសរាប់មិនអស់ដើម្បីឲ្យយើងបម្រើដល់អ្នកដទៃដោយស្ងាត់ស្ងៀម និងដោយចិត្តសប្បុរសចំពោះមនុស្សដែលត្រូវការយើង ។ ការរស់នៅដូចដែលព្រះអង្គសង្គ្រោះបានធ្វើ ក៏ជួយយើងឲ្យមានលក្ខណៈសប្បុរសចំពោះមនុស្សដទៃដូចជាព្រះគ្រីស្ទកាន់តែខ្លាំងឡើងផងដែរ ។ ការណ៍នេះជួយយើងឲ្យរកឃើញនូវសេចក្ដីស្រឡាញ់ ភាពសុខសាន្ដ ពន្លឺ និងបានបំពេញកម្លាំងជាថ្មីកាន់តែច្រើនជាងមុនផងដែរ ។
ព្រះអង្គសង្រ្គោះអញ្ជើញយើងឲ្យស្វែងរកទ្រង់នៅក្នុងគ្រប់ទាំងគំនិត ហើយឲ្យយើងធ្វើតាមទ្រង់ ។ ការអញ្ជើញនេះផ្តល់សេចក្តីសន្យាដល់យើងថា យើងអាចដើរនៅក្នុងពន្លឺរបស់ទ្រង់បាន ហើយថា ការដឹកនាំរបស់ទ្រង់ការពារមិនឲ្យមានឥទ្ធិពលនៃភាពងងឹតនៅក្នុងជីវិតរបស់យើងឡើយ ។ នៅពេលប្អូនៗ « បាត់ » ជីវិតរបស់ប្អូននៅក្នុងទ្រង់ នោះទ្រង់នឹងជួយប្អូនឲ្យស្គាល់ខ្លួនឯងវិញ ។
ងាកទៅរកព្រះគ្រីស្ទជានិច្ច
ខ្ញុំសូមថ្លែងសាក្សីដ៏ឱឡារិករបស់ខ្ញុំថា ព្រះយេស៊ូវបានក្រោកពីសេចក្ដីស្លាប់ ហើយថាទ្រង់មានព្រះជន្មរស់នៅ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់ប្អូនៗថា តាមរយៈទ្រង់ និងដង្វាយធួនដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានប្រទានផ្លូវឲ្យយើងដើម្បីយកឈ្នះលើសេចក្ដីស្លាប់ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។
លើសពីនេះទៅទៀត ទ្រង់ក៏បានប្រទានដល់យើងនូវការលួងលោមចិត្ត និងការអះអាងក្នុងគ្រាលំបាកៗផងដែរ ។ ខ្ញុំសូមអះអាងដល់ប្អូនៗថា កាលយើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងពលិកម្មដ៏ធួនរបស់ទ្រង់ ដោយប្រកាន់ខ្ជាប់នឹងសេចក្ដីជំនឿរបស់យើងដរាបដល់ចុងបំផុត នោះយើងនឹងរីករាយចំពោះការសន្យានៃព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ជាអង្គដែលធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ទ្រង់ ដើម្បីជួយយើងឲ្យត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញនៅថ្ងៃណាមួយ ។